Loading...

កម្ពុជា ជាប់បំណុលបរទេស៨ពាន់លានដុល្លារ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 5:05 am

យោងតាមព្រឹត្តិបត្រស្តីពី “ស្ថិតិបំណុល សាធារណៈកម្ពុជា” ដែលចេញផ្សាយដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅដើមខែកក្កដា ឆ្នាំ២០១៦ នេះបានឱ្យដឹងថា ចំនួនទឹកប្រាក់សរុប ដែលកម្ពុជា បានខ្ចីពីក្រៅប្រទេស សម្រាប់យកមក អភិវឌ្ឍន៍វិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាព ផ្សេងៗមួយចំនួនទៀត នៅក្នុងប្រទេស គិតចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៥កន្លងទៅនេះ គឺមានចំនួនសរុប ៧.៦៥៤,៤០លានដុល្លារអាមេរិក នេះបើគេមិន រាប់បញ្ចូលនូវចំនួនទឹកប្រាក់នៃការខ្ចីថ្មី បន្ថែមសម្រាប់ឆ្នាំ ២០១៦ ដែលត្រូវបានព្យាករណ៍ឃើញថា អាចមានចំនួន ប្រមាណជា៩៧៥,៦៨លានដុល្លារអាមេរិក។
ផ្អែកតាមព្រឹត្តិបត្រ ខាងលើនេះ គិតត្រឹមឆ្នាំ២០១៥ ការខ្ចីសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវដែក កំពង់ផែ អាកាសយានដ្ឋាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត និងស្ថានីយសម្អាតទឹកកខ្វក់ជាដើម គឺមានចំនួនសរុប៦.៧៣១,៥១លានដុល្លារអាមេរិក ស្មើនឹង ៨៧,៩៤ភាគរយ និងការខ្ចីសម្រាប់វិស័យអាទិភាពផ្សេងៗទៀត រួមមាន សេដ្ឋកិច្ច ហិរញ្ញវត្ថុ ទេសចរណ៍ អប់រំ សេវាសាធារណៈ សុខាភិបាល និងដីធ្លីជាដើម មានចំនួនសរុប៩២២,៩០ លានដុល្លារអាមេរិក ស្មើនឹង១២,០៦ភាគរយ។
ជាមួយនឹងការ បង្ហាញពីចំនួនទឹកប្រាក់ នៃការខ្ចីតាមវិស័យ ទាំងពីរខាងលើ ព្រឹត្តិបត្រដែលបាន បោះពុម្ភផ្សាយ ជាលើកដំបូងនេះ ក៏បានប្រាប់ឱ្យដឹងពី ប្រភពដែលកម្ពុជា បានខ្ចីបុលនោះ ផងដែរ ក្នុងនោះរួមមាន ដូចជាការខ្ចីទ្វេភាគី ពីសមាជិកក្លឹបប៉ារីស និងមិនមែនសមាជិកក្លឹបប៉ារីស ដែលមានប្រទេស ជាសមាជិកចំនួន២០ ព្រមទាំងការខ្ចីពហុភាគី ដែលរួមមានដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម មូលនិធិអភិវឌ្ឍន៍ន័រឌីក មូលនិធិអូប៉ិចសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ជាដើម។
តាមតួលេខដែល បានបោះពុម្ពផ្សាយ ការខ្ចីទ្វេភាគីគិតត្រឹមឆ្នាំ២០១៥ មានចំនួនសរុប៤.៩១៨,១៨លានដុល្លារអាមេរិក ស្មើនឹង៦៤,២៥ ភាគរយ នៃចំនួនទឹកប្រាក់ខ្ចី ទាំងអស់ ហើយការខ្ចីពីពហុភាគី មានចំនួនសរុប២.៧៣៦,២២ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៣៥,៧៥ភាគរយ។
លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងបំណុលសាធារណៈ បានសរសេរ នៅក្នុងអារម្ភកថា នៃទំព័រដើមក្នុង ព្រឹត្តិបត្រខាងលើថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តធ្វើការចេញផ្សាយ នូវព្រឹត្តិបត្រស្តីពីស្ថិតិបំណុល សាធារណៈនេះ ក្នុងមួយឆមាសម្តង ដើម្បីផ្តល់នូវការយល់ដឹងកាន់តែ ប្រសើរឡើង ទៅដល់សាធារណជន និងតួអង្គពាក់ព័ន្ធទាំងឡាយ ស្តីពីស្ថានភាពបំណុល ជាក់ស្តែងរបស់ប្រទេសកម្ពុជា។
លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា “ខ្ញុំជឿជាក់ថា ព្រឹត្តិបត្រស្ថិតិបំណុល សាធារណៈនេះ ពិតជាអាចបង្កើន ការយល់ដឹងបន្ថែម ជូន សាធារណជន ក៏ដូចជាតួអង្គពាក់ព័ន្ធ ទាំងឡាយឱ្យជ្រួតជ្រាប កាន់តែច្បាស់ពីស្ថានភាពបំណុល ជាក់ស្តែងរបស់កម្ពុជា”។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការខ្ចីបុលពីក្រៅប្រទេស ហើយនិងលទ្ធភាពនៃការសងត្រឡប់វិញនៃកម្ចីទាំងនោះ មិនធ្លាប់ត្រូវបានរាជរដ្ឋាភិបាលធ្វើការផ្សព្វផ្សាយឱ្យដឹងជាសាធារណៈទេ ហើយដោយសារតែ កត្តានេះ វាបានបង្កឱ្យមានការ សង្ស័យជាច្រើនទៅលើសុចរិតភាពនៃការចាយវាយ ប្រាក់ទាំងនោះយ៉ាងជ្រាលជ្រៅពីសំណាក់សាធារណជនទូទៅ។ មានបុគ្គល និងអង្គការសង្គមស៊ីវិលមួយចំនួនបាននិយាយថា កម្ពុជា អាចនឹងជំពាក់គេវ័ណ្ឌករ នៅក្រោមកម្ចីនេះ ខណៈដែលកម្ចីជាច្រើនត្រូវ បានគេសង្ស័យថា បានប្រើប្រាស់ខុសគោលដៅ និងពុករលួយ។
យោងតាមការព្យាករណ៍ ស្តីពីសន្និធិបំណុលដែលបង្ហាញដោយព្រឹត្តិបត្រខាងលើ បានឱ្យដឹងថា នៅឆ្នាំ២០១៦នេះ កម្ពុជានឹងមានសន្និធិបំណុលសរុប ចំនួនប្រមាណ៦.២៩៧,៤០លានដុល្លារអាមេរិក ហើយនៅឆ្នាំ២០២០ តួលេខនេះនឹង កើនឡើងខ្ពស់ថែម ទៀតរហូតដល់ទៅចំនួនប្រមាណជា៩.៤០៤,៥៤លានដុល្លារអាមេរិក។
ដោយឡែក ចំពោះការព្យាករណ៍ ទៅលើការទូទាត់សេវា បំណុលវិញ គឺនៅឆ្នាំ២០១៦ អាចមានចំនួន១៨៧,៣៧លានដុល្លារអាមេរិក ហើយនៅឆ្នាំ២០២០ តួលេខនេះនឹងអាចកើនឡើងដល់ទៅចំនួនប្រមាណជា៣៤១,៤១លានដុល្លារអាមេរិក ច្រើនជាង ជិតទ្វេដង បើប្រៀបធៀបជាមួយនឹងការទូទាត់នៅក្នុងឆ្នាំ២០១៦។
ការកើនឡើងនៃប្រាក់បំណុលនេះ បានធ្វើឱ្យទាំងគណបក្សប្រឆាំង និងសង្គមស៊ីវិល លើកយកមក និយាយជាញឹកញាប់ នៅក្នុងវេទិកាសាធារណៈនានា ដើម្បីបំផុសពីគំនិត នៃការព្រួយបារម្ភទៅលើ ស្ថានភាពសេដ្ឋកិច្ចជាតិសម្រាប់ ពេលខាងមុខ។ កាលពីពេលមុននេះ ទាំងគណបក្សប្រឆាំង និងទាំងសង្គមស៊ីវិល សុទ្ធតែបានសម្តែងការព្រួយបារម្ភដូចៗគ្នាថា បំណុលដលកម្ពុជា មាននាពេលបច្ចុប្បន្ន អាចធ្វើឱ្យប្រទេសក្រីក្រមួយនេះ វ័ណ្ឌករកាន់តែជ្រៅទៅៗ ក្នុងវិបត្តិបំណុល ហើយមិនយូរមិនឆាប់នឹងជះឥទ្ធិពល អាក្រក់មកលើសេដ្ឋកិច្ច និងសង្គម ផ្តល់នូវផលវិបាក សម្រាប់អ្នកបន្តវេន ក្នុងការដឹកនាំប្រទេស នាថ្ងៃអនាគត។
កាលពីឆ្នាំមុន លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន ធ្លាប់បានមាន ប្រសាសន៍ប្រាប់រដ្ឋសភាជាតិថា ផ្អែកលើលទ្ធផល នៃការសិក្សា និងការវាយតម្លៃជាបច្ចេកទេស ទាំងដោយ កម្ពុជាខ្លួនឯង និងទាំងដោយ ស្ថាប័នអន្តរជាតិ រួមមានដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម គឺកម្ពុជា មានសមត្ថភាពក្នុងការខ្ចីប្រាក់ថ្មីបន្ថែមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ក្នុងរង្វង់ពី៧០០លាន រហូតទៅដល់៨០០លានអេសដេអ៊ែរ ក្នុងមួយឆ្នាំ។
លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ ឱ្យដឹងបន្តទៀតថា ទោះបីការខ្ចីថ្មីបន្ថែមនេះ អាចនឹងធ្វើ ឱ្យទំហំសន្និធិបំណុលជាទឹកប្រាក់កើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំក្តី ក៏ប៉ុន្តែស្ថានភាពបំណុលសាធារណៈ កម្ពុជានៅតែ មានចីរភាព និងហានិភ័យ កម្រិតទាប ដដែល ហើយកម្ពុជា ក៏នឹងមិនជួប ប្រទះនូវបញ្ហា បំណុលវ័ណ្ឌក រដូចការព្រួយបារម្ភនោះដែរ”៕ជុន សុផល

08

04

03

05