Loading...

ករណី​ដក​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង ប្រកាស​ចូល​រួម​ប្រជំុ​រដ្ឋ​សភា

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 2:17 am

ភ្នំពេញ ៖ សមាជិករដ្ឋសភានៃគណបក្ស សង្គ្រោះជាតិ ដែលបានធ្វើពហិកា មិនចូលប្រជុំ សភាមួយរយះខ្លីកន្លងមកនោះ នៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2016)នាប្រកាសចូលរួមប្រជុំ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បី ពិភាក្សាទាក់ទងនឹងរឿងលើកអភ័យឯកសិទ្ធិ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន2រូប នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ2016 ខាងមុខនេះ គឺចំថ្ងៃដែលគណបក្សសង្គ្រោះជាតិ ត្រូវប្រារឰ ខួប4ឆ្នាំ នៃការបង្កើតគណបក្ស។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យនៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា លោកឡេង ប៉េងឡុង បានឱ្យដឹងថា នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ 2016 ខាងមុខនេះ គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ដឹកនាំដោយសម្តេចហេង សំរិន ប្រធានរដ្ឋសភា នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យសំណើ របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលស្នើសុំលើក អភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត កណ្តាល លោកតុ វ៉ាន់ចាន់ និងតំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបង លោកពិន រតនា ដែល ជាប់សង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធ ការប្រព្រឹត្តអំពើសញ្ចារកម្មតាមការស្នើសុំរបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឡេង ប៉េងឡុង មានប្រសាសន៍ថា របៀបវារះនៃកិច្ចប្រជុំនោះ រួមមានពិភាក្សាពី ច្បាប់ចំនួន4 ដែលរដ្ឋាភិបាល បានដាក់ជូន លិខិតចោទសួររបស់គណបក្សសង្គ្រោះជាតិ ចំនួន2ច្បាប់ និងសំណើរបស់ក្រសួងយុត្តិធម៌ និងតុលាការ ករណីលើកអភ័យឯកសិទ្ធិសភា របស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ 2រូប។

លោកឡេង ប៉េងឡុង បញ្ជាក់ថា “មាន ច្បាប់4 ក្នុងហ្នឹងមានច្បាប់ទាក់ទងដល់សុខាភិបាល និងច្បាប់3ទៀត ជាកិច្ចព្រមព្រៀង ជាមួយអាស៊ាន។ ក្រៅពីហ្នឹងមានលិខិតសំណួរ របស់គណបក្សសង្គ្រោះជាតិ ចំនួន2 ទី1 គឺ ករណីឯកឧត្តមសម រង្ស៊ី ដែលកាលពីឆ្នាំ2013 ត្រូវតុលាការកាត់សេចក្តីហើយ ប៉ុន្តែ2014 នៅតែអាចធ្វើតំណាងរាស្ត្របាន។ សំណួរទី2 ថាតើរដ្ឋសភា ផ្អែកលើច្បាប់ណាដែលអនុញ្ញាតឱ្យតុលាការ បន្តនីតិវិធីចំពោះតំណាងរាស្ត្រ គាត់ដាក់មកថា ករណីឯកឧត្តមសម រង្ស៊ី កឹម សុខា និងអ៊ុំ សំអាន និងមានករណីលិខិតរបស់ តុលាការដែលសុំដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ2រូប”។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួង- យុត្តិធម៌ លោកអង្គវង្ស វឌ្ឍានា ចុះថ្ងៃទី30 ខែមិថុនា ឆ្នាំ2016 ដែលបានដាក់ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភានោះ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ បានទទួលលិខិតលេខ472 អ.យ.ឋ ចុះថ្ងៃទី29 ខែមិថុនា ឆ្នាំ2016 របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុស្នើសុំឱ្យក្រសួងយុត្តិធម៌ ចាត់ នីតិវិធីបន្តក្នុងការស្នើសុំលើកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រចំនួនពីររូប គឺលោកតុ វ៉ាន់ចាន់ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និង ពិន រតនា តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ដែលមានជាប់សង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ1280 ចុះថ្ងៃទី18 ខែមីនា ឆ្នាំ2016 ថា បានប្រព្រឹត្តអំពើសញ្ចារកម្ម ដែលជាបទល្មើស ព្រហ្មទណ្ឌ មានចែងនិងផ្តន្ទាទោសតាមមាត្រា 284 នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីមានសំណើរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយះក្រសួង យុត្តិធម៌នោះមក អ្នកនាំពាក្យរដ្ឋសភា ក៏បាន លើកឡើងថា បើទោះសភាពេញអង្គ សម្រាក ក៏ដោយ ក៏គណះកម្មាធិការអចិន្ត្រៃយ៍ អាច បើកកិច្ចប្រជុំពិភាក្សាលើករណីនេះបាន បើ ទោះបីមិនមានសមាជិកចំនួន5រូប មកពីគណបក្សសង្គ្រោះជាតិក៏ដោយ ក៏សមាជិកចំនួន7រូប នៃគណបក្សប្រជាជនកម្ពុជា អាចដំណើរការ កិច្ចប្រជុំនេះបាន។

គួរបញ្ជាក់ដែរថា សមាសភាពគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី5 មាន 13រូប រួមមាន ៖

1-សម្តេចហេង សំរិន ប្រធានរដ្ឋសភា

2-លោកកឹម សុខា អនុប្រធានទី1

3-លោកងួន ញ៉ិល អនុប្រធានទី2

4-លោកអេង ឆៃអ៊ាង សមាជិក

5-លោកបណ្ឌិតរដ្ឋ ជាម យៀប សមាជិក

6-លោកប៉ុល ហំម សមាជិក

7-លោកហ៊ុន ណេង សមាជិក

8-លោកឈាង វុន សមាជិក

9-លោកប៉ែន បញ្ញា សមាជិក

10-លោកយ៉ែម បុញ្ញប្ញទ្ធិ សមាជិក

11-លោកស្រីកែ សុវណ្ណរតន៍ សមាជិក

12-លោកស្រីនិន សាផុន សមាជិក

13-លោកហូរ វ៉ាន់ សមាជិក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីអំពី “ការវិវត្តនៃស្ថានភាពនយោបាយ” នៅទីស្នាក់ការកណ្តាលគណបក្ស កាលពីព្រឹកថ្ងៃទី15 ខែកក្កដា ឆ្នាំ2016 លោកយ៉ែម បុញ្ញប្ញទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាប្រធាន គណះកម្មការទី7នៃរដ្ឋសភា បានបញ្ជាក់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជា សមាជិក នឹងទៅចូលរួមប្រជុំគណះកម្មាធិការ អចិន្ត្រៃយ៍ ដើម្បីពិភាក្សាលើរឿងលើកអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ 2រូប នៅដើមសប្តាហ៍ក្រោយនេះ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែល ជាសមាជិកគណះកម្មាធិការអចិន្ត្រៃយ៍នោះ រួម មានលោកយ៉ែម បុញ្ញប្ញទ្ធិ តំណាងរាស្ត្រមណ្ឌល ខេត្តព្រៃវែង និងជាប្រធានគណះកម្មការទី7 នៃរដ្ឋសភា លោកអេង ឆៃអ៊ាង តំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល និងជាប្រធានគណះកម្មការទី1នៃរដ្ឋសភា លោកប៉ុល ហំម តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណះកម្មការទី3នៃរដ្ឋសភា លោកស្រីកែ សុវណ្ណរតន៍ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជា ប្រធានគណះកម្មការទី8នៃរដ្ឋសភា លោក ហូរ វ៉ាន់ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណះកម្មការទី10នៃរដ្ឋសភា។ ចំណែកលោកកឹម សុខា មិនអាចមានវត្តមាន នៅក្នុងគណះកម្មាធិការអចិន្ត្រៃយ៍នោះបានទេ ដោយសារត្រូវបានបោះឆ្នោតដកតំណែង អនុប្រធានទី1រដ្ឋសភា ទៅហើយ។

លោកយ៉ែម បុញ្ញប្ញទ្ធិ មានប្រសាសន៍ពី ការត្រៀមទៅចូលរួមប្រជុំគណ³កម្មាធិការអចិ- ន្ត្រៃយ៍រដ្ឋសភានោះថា“ថ្ងៃទី18 ខែកក្កដា នេះដែរ គណះកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា លោកបានកោះប្រជុំ ដើម្បីទៅលើរបៀបវារះ3 ហើយគណបក្សសង្គ្រោះជាតិ បានសម្រេចឱ្យ ប្រធានគណះកម្មការដែលមកពីខាងគណបក្ស សង្គ្រោះជាតិទាំង5រូប ទៅចូលរួមគណះកម្មការធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី18  ខែកក្កដា ឆ្នាំ2016ខាងមុខ ដើម្បីធ្វើការ តស៊ូមតិ ធ្វើការពន្យល់ទៅលើនីតិវិធីផ្សេងៗ ដែលពាក់ព័ន្ធនៅក្នុងរបៀបវារ³ដែលមានគ្រោង ទុក”។

ក្រៅពីលោកតុ វ៉ាន់ចាន់ និងលោកពិន រតនា ជាតំណាងរាស្ត្រដែលគណ³កម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា និងប្រជុំពិភាក្សាលើអភ័យឯកសិទ្ធិ សម្រាប់អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌល ខេត្តសៀមរាប និងលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ក៏នៅមានអភ័យឯកសិទ្ធិ ដែរ ប៉ុន្តែទាំងអ្នកនាំពាក្យរដ្ឋសភា អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ និងតុលាការ អះអាងថា ការ ដែលលោកអ៊ុំ សំអាន ត្រូវជាប់ឃុំ និងលោក កឹម សុខា ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីរហូតឈានដល់ការ ចេញដីកា សម្រេចដាក់ឱ្យស្ថិតនៅក្រោមការ ពិនិត្យតាមផ្លូវតុលាការការមិនអាចឱ្យគេចវេះ ចេញទៅក្រៅប្រទេស បានទាំងនៅមានអភ័យ ឯកសិទ្ធិនោះ ដោយសារបានប្រព្រឹត្តបទល្មើស ជាក់ស្តែង។

លោកយ៉ែម បុញ្ញប្ញទ្ធិ ក៏បានមានប្រសាសន៍ បន្ថែមពាក់ព័ន្ធនឹងករណីលោកកឹម សុខា ដែរថា “ពាក់ព័ន្ធរឿងឯកឧត្តមកឹម សុខា រឿងដីកាចេញ ជាហូរហែ យើងក្រុមតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ ក៏ដូចជាសកម្មជនភាគច្រើន នៅ តែយល់ថា នីតិវិធីនៃការអនុវត្តច្បាប់នៅប្រទេស យើងនៅមានបញ្ហា។ ដូច្នេះ យើងយល់ឃើញ ថា នៅតែមានការរំលោភទៅលើរដ្ឋធម្មនុញ្ញ មាត្រា80 ហើយដែលមានចែងយ៉ាងច្បាស់។ នេះក៏យើងចង់បញ្ជាក់ពីជំហរថា ឯកឧត្តមកឹម សុខា លោកមិនមានបំណងចេញទៅក្រៅប្រទេសទេ លោកនៅទីស្នាក់ការគណបក្ស សង្គ្រោះជាតិ នៅតស៊ូមតិនៅក្នុងប្រទេសកម្ពុជា បន្តតទៅទៀត”។

គួរបញ្ជាក់ដែរថា ជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់នៅថ្ងៃទី18 ខែកក្កដា ដែលសមាជិក តំណាងរាស្ត្រទាំង5រូប នៃគណបក្សសង្គ្រោះជាតិ នឹងត្រូវចូលរួមប្រជុំគណ³កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីតស៊ូមតិ លើការលើក អភ័យឯកសិទ្ធិតំណាងរាស្ត្រនោះ ក៏ជាថ្ងៃដែល គណបក្សប្រឆាំងមួយនេះ នឹងត្រូវប្រារឰពិធី អបអរសាទរខួបនៃការបង្កើតគណបក្សលើក ទី4 នៅទីស្នាក់ការកណ្តាលគណបក្ស ដែល មានការចូលរួមពីសមាជិកសមាជិកា ក្រុមប្រឹក្សា ឃុំ-សង្កាត់-ក្រុង-ស្រុក-ខណ្ឌ និង រាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់។

គណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើត ឡើងនៅថ្ងៃទី17 ខែកក្កដា ឆ្នាំ2012 នៅ ទីក្រុងម៉ានីល ប្រទេសហ៊្វីលីពីន។ ដូច្នេះបើគិត ទៅដល់ថ្ងៃទី17 ខែកក្កដា ឆ្នាំ2016 គឺជា គម្រប់4ឆ្នាំគត់ នៃការបង្កើតគណបក្សនេះ។ ប៉ុន្តែមូលហេតុដែលគណបក្សលើកទៅប្រារឰ ខួប នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ2016 ត្រូវ គណបក្សចេញសេចក្តីប្រកាសព័ត៌មាន ក៏ដូចជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញប្ញទ្ធិ បញ្ជាក់ថា ដោយសារនៅថ្ងៃទី 17 ខែកក្កដា ឆ្នាំ2016 នោះ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ គ្រប់លំដាប់ថ្នាក់ នឹង ចូលរួមពិធីដង្ហែសពលោកបណ្ឌិតកែម ឡី ទៅ បញ្ចុះនៅស្រុកកំណើតរបស់លោក ស្ថិតនៅភូមិ អង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ត តាកែវ”៕

ដោយ ៖ កុលបុត្រ