Loading...

ទំនួញ​មាតា​លោក​កែម ឡី កូន​អើយ ក្រោក​ឡើង ម៉ែ​មក​ដល់​ហើយ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦​ | ព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:46 am

ភ្នំពេញ ៖ កូនអើយក្រោកឡើង ម៉ែមក ដល់ហើយ!” ជាទំនួញរបស់ស្ត្រីចំណាស់ ជាម្តាយ បង្កើតរបស់សពលោកបណ្ឌិតកែម ឡីដែល បានទួញយំស្រែកហៅកូនប្រុសដែលត្រូវបាន ខ្មាន់កាំភ្លើងចិត្តឃោរឃៅព្រៃផ្សៃប្រល័យជីវិត កូនប្រុសរបស់គាត់ឱ្យព្រាត់ពីរូបគាត់ជាម្តាយ ជារៀងរហូត និងធ្វើឱ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដែលចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡីនៅទីវត្តពោធិយារាម ហៅវត្តចាស់ ក្តុកក្តួលរំជួលចិត្ត បង្ហូរទឹកភ្នែកអាណិតស្រណោះ គ្រប់ៗគ្នា។

អ្នកម្តាយរបស់លោកបណ្ឌិតកែម ឡី ដែល ត្រូវឃាតករបាញ់ប្រហារនៅក្នុងស្តារម៉ាត នៃ ស្ថានីយប្រេងឥន្ធនកាល់តិចស្តុបបូកគោ កាល ពីព្រឹកថ្ងៃទី10 ខែកក្កដា ឆ្នាំ2016 )នាបង្ហាញ ខ្លួននៅក្នុងពិធីបុណ្យសពកូនប្រុស ដែលកំពុង តម្កល់នៅវត្តពោធិយារាម ហៅវត្តចាស់ នៅ ត្រើយខាងកើត ស្ថិតក្នុងខណ្ឌជ្រោយចង្វា។ ការបង្ហាញសកម្មភាពរបស់ស្ត្រីចំណាស់រូបនោះ បានធ្វើឱ្យមនុស្សនៅជុំវិញ ដែលបានទៅចូលរួម ពិធីនេះយ៉ាងកកកុញ បានផុសនូវក្តីសង្វេគអាណិត គាត់គ្រប់គ្នា ព្រោះគាត់មិននឹកស្មានថា កូនប្រុស របស់គាត់ដែលនៅមានសុខភាពល្អរឹងមាំ មាន គំនិតឈ្លាសវៃ ក្នុងការងារ និងការទទួលខុសត្រូវចំពោះក្រុមគ្រួសារ បែរជាត្រូវឃាតករមក បាញ់ប្រហារ ផ្តាច់ផ្តិលជីវិតកូនប្រុសគាត់ឱ្យស្លាប់ យ៉ាងទាន់ហន់ដូច្នេះទេ។ ជាពិសេស នៅពេល ដែលគាត់ដាក់កែវភ្នែក ដែលពោរពេញដោយ តំណក់ទឹកភ្នែក សម្លឹងមុខចំកូនប្រុសដែលដេក ស្តូកស្តឹង សល់តែរាងកាយ ឯព្រលឹងវិញ្ញាណ បានហោះហើរចេញទៅបាត់ទៅហើយ ក្រោយ ពេលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារផ្តាច់ជីវិតតែក្នុងមួយប៉ប្រិចភ្នែក។ ជាពិសេស ទំនួញវាចា របស់ស្ត្រីចំណាស់ជាមាតាដែលឱបសពកូនអង្រួន ដាស់កូនប្រុសថា កូនអើយ! ក្រោកឡើង ម៉ែ មកដល់ហើយ!” កុំថាឡើយបុថុជ្ជនធម្មតា សូម្បី បព្វជិតសង្ឃក៏ទប់ទឹកនេត្រាមិនបានដែរ ទោះបី មិនបានជាប់សាច់សាលោហិតជាមួយគ្នាក្តី។ ចំណែកភរិយាលោកកែម ឡីអ្នកស្រីប៊ូ រចនា ដែលកំពុងតែពពោះកូនប្រុសទី5ក្នុងផ្ទៃ រួម ទាំងកូនប្រុស4នាក់ យំឡើងខ្សោះទឹកភ្នែកអស់ ទៅហើយ ក្រោយពេលបាត់បង់ប្តីនិងឪពុកជាទីស្រលាញ់ ទាំងមិននឹកស្មានដល់។

មជ្ឈដ្ឋានតាមបណ្តាញសង្គម ក៏បានលើក ឡើងដែរថា ជាការពិត ការស្លាប់ គ្មានអ្នកណា ម្នាក់ចៀសរួចទេ ព្រោះវាជាច្បាប់របស់ធម្មជាតិ តែការស្លាប់របស់លោកកែម ឡី ហាក់ដូចជា លឿនរហ័សស្រស់²ពេក ទើបធ្វើឱ្យអ្នកម្តាយ របស់លោក រួមទាំងភរិយានិងកូន²មានការ រន្ធត់ស្លុត ស្តាយស្រណោះអាឡោះអាល័យខ្លាំង និងពិបាកទទួលយកបានភ្លាមៗ

គួរបញ្ជាក់ដែរថា សពរបស់លោកបណ្ឌិត កែម ឡី ក្រោយពេលត្រូវខ្មាន់កាំភ្លើងបាញ់ សម្លាប់នៅក្នុងស្តារម៉ាតកាល់តិច ត្រូវបានហែ តាមរថយន្តផ្ទាល់ខ្លួនរបស់លោក ម៉ាកឡិចស៊ីស RX300 ពណ៌ស មកតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តពោធិយារាម ហៅវត្តចាស់ ដោយ ត្រូវតម្កល់ចំនួន10ថ្ងៃ គិតចាប់ពីថ្ងៃស្លាប់ ដើម្បី ឱ្យប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន បានមក គោរពវិញ្ញាណក្ខន្ធលោក។ ក្នុងនោះ ចាប់ពីថ្ងៃ កើតហេតុ រហូតមកដល់ពេលនេះមានមហាជន មកពីគ្រប់មជ្ឈដ្ឋាន បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកកែម ឡី នៅទីតាំងតម្កល់សព នាបរិវេណវត្តពោធិយារាម ហៅវត្តចាស់ ជាបន្តបន្ទាប់ ទាំងប្រជាពលរដ្ឋទូទៅ អាជ្ញាធរ មន្ត្រី រដ្ឋាភិបាល អ្នកនយោបាយ និងក្រុមអង្គការសង្គមស៊ីវិល ជាដើម។

កាលពីព្រឹកថ្ងៃទី11 ខែកក្កដា ឆ្នាំ2016 លោកប៉ុល ហំម ប្រធានគណះកម្មាធិការនាយក គណបក្សសង្គ្រោះជាតិ បានដឹកនាំក្រុមតំណាងរាស្ត្រគណបក្សសង្ក្រោះជាតិ ទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិតកែម ឡី នៅទីតម្កល់សព នាវត្តចាស់។ លុះរសៀល ថ្ងៃដដែលនោះ លោកស្រី តែ ច័ន្ទមនោ ភរិយា លោកកឹម សុខា និងកូនស្រី កឹម មនោវិទ្យា ក៏បានទៅដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកកែម ឡី ដោយក្តីក្តុកក្តួលផងដែរ។

នៅថ្ងៃដដែលនោះដែរ លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ក៏បានដាក់កម្រង ផ្កា គោរពវិញ្ញាណក្ខន្ធសពលោកកែម ឡី ផង ដែរ។ ជាមួយគ្នានេះ លោកបានធានាចំពោះ មុខភរិយាលោកបណ្ឌិតកែម ឡី ថា នឹងជួយ ផ្គត់ផ្គង់កូនៗរបស់លោកកែម ឡី ឱ្យបន្តការ សិក្សារហូតដល់ចប់ថ្នាក់មហាវិទ្យាល័យ“៕

កុលបុត្រ 

IMG_0325 13661971_1013267862120747_3036304543467119978_o 13641252_1013269582120575_7603184460930800658_o 13631650_1038667992877698_1945297707414713315_n 13620980_554533878048850_3331244494832299040_n 13592575_1038668016211029_8957995991529708984_n 13612145_302884000060831_8642965560795765592_n 13613613_1013267315454135_2389083260917227272_o 13613613_1013267315454135_2389083260917227272111111_o