Loading...

ធុំក្លិន​ឈាម ឈ្លើង​ទាម​កាន់​តែ​ខ្លាំង

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦​ | ព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 6:49 am

ឃាតកម្មដ៏ឃោរឃៅទៅលើរូបលោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ថែមទាំងរញ្ជួយដល់បរទេសឯណោះទៀត។ មរណភាពដ៏គួរឱ្យរន្ធត់នេះ មិនអាចបន្ទច់បង្អាក់ សេរីភាពនៃការបញ្ចោញមតិបានឡើយ ជាក់ស្តែង យើងឃើញសំណេរក្នុងហ្វេសប៊ុកពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការសន្ទនាតាម កន្លែងសាធារណៈ ថ្កោលទោសអំពើព្រៃផ្សៃនេះ មិនខុសពី “ធុំក្លិនឈាម ឈ្លើងទាមកាន់តែខ្លាំង” ដែល “នគរធំ” សូមលើក រឿងឈ្លើងទាម មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

មានអ្នកនេសាទម្នាក់ បានយកសន្ទូចរនងទៅចងតាមមាត់បឹងមួយដែលសម្បូរត្រី នៅរដូវទឹកស្រក ធ្លាក់ខ្យល់រងា។ បឹងនោះក៏សម្បូរឈ្លើងណាស់ដែរ វាតែងប្រមូលគ្នាហែលរវីមរវាមពេញទឹក ដេញទាមជញ្ជក់ឈាមអ្នកចងសន្ទូចគ្មានប្រណី។ ប្រឈមនឹងបញ្ហានេះ បុរសនេសាទបានសំលៀងកូនកាំបិតមួយ កាន់ជាប់នឹងដៃ ដោយបិទនុយសន្ទូចបណ្តើរ ចាប់ទាញឈ្លើង ដែលទាមជើងគាត់កាត់ជាពីរកំណាត់បោះចោលបណ្តើរ។ ខ្លួនឈ្លើងដែលត្រូវកាំបិតកាត់ផ្តាច់ជាពីរកំណាត់នោះ ក៏ចេញឈាម ធ្លាក់ទៅក្នុងទឹក បណ្តាលឱ្យឈ្លើងឯទៀតធុំក្លិនឈាម ក៏ហែលរវីមរវាមកាន់តែច្រើនទៅៗ រំខានដល់បុរសចងសន្ទូចនោះ រហូតដល់ស្ទុះឡើងទៅលើគោក។

យ៉ាងណាមិញ អ្នកណាក៏ដឹងដែរថា លោកបណ្ឌិតកែម ឡី ជាអ្នកវិភាគសង្គមដ៏ល្បីម្នាក់ ឃើញយ៉ាងណា ថាយ៉ាងនោះ ប៉ុន្តែលោកមិនបានចូលជាសមាជិកគណបក្សណាមួយឡើយ ទោះបីជាការវិភាគនោះហាក់មាននិន្នាការទៅខាងបក្សប្រឆាំង។ លោកជាបញ្ញវន្ត ស្រឡាញ់សិទ្ធិសេរីភាព ប្រជាធិបតេយ្យពិតៗ និងមានភាពក្លាហាន ហ៊ានរិះគន់កែលម្អសង្គម ប៉ុន្តែ ធម្មតា “ពាក្យពិតរែងស្លែង” បណ្តាលឱ្យបុគ្គលដែលរងការរិះគន់នោះមិនសប្បាយចិត្ត។

បើគិតតាំងពីការបោះឆ្នោតអាណត្តិទី១ នាឆ្នាំ១៩៩៣ រហូតមកទល់ពេលនេះ អ្នកក្លាហានដែលហ៊ានបញ្ចោញមតិរិះគន់ កែលម្អសង្គម វែកមុខបុគ្គលពុករលួយ បានរងនូវការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើងអនាមិកជាច្រើននាក់មកហើយ។ ក្នុង នោះ ក៏មានអ្នកកាសែត១០នាក់ រួមមាន ៖

-លោកធូ ឆោមមង្គល (កាសែតអន្តរាគមន៍) ត្រូវគេសម្លាប់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៤

-លោកនន្ទ ច័ន្ទ (កាសែតសំឡេងយុវជនខ្មែរ) ត្រូវបានបាញ់សម្លាប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៩៤

-លោកចាន់ តារា (កាសែតកោះសន្តិភាព) សម្លាប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៩៤

-លោកធន ប៊ុនលី (កាសែតឧត្តមគតិខ្មែរ) សម្លាប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៩៦

-លោកជេត ដួងតារាវុធ (កាសែតអ្នកប្រយុទ្ធ) សម្លាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧

-លោកជូ ជេដ្ឋាប្ញទ្ធិ (កាសែតតាព្រហ្ម) សម្លាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៣

-លោកខឹម សម្បូរ (កាសែតមនសិការខ្មែរ) សម្លាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៨

-លោកហង្ស សេរីឧត្តម (កាសែតវីរជនខ្មែរ) សម្លាប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២

-លោកពេជ្រ អែម (អ្នកយកព័ត៌មានទូរទស្សន៍) សម្លាប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ១៩៩៧

-លោកអ៊ូ សារឿន (កាសែតសំឡេងរាស្ត្រខ្មែរ) សម្លាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៩៧

-លោកសួន ចាន់ (កាសែតមាគ៌ាកម្ពុជា) សម្លាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៤

-លោកតាំង ទ្រី (អ្នកយកព័ត៌មានសេរី) សម្លាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤

ជាចុងក្រោយ លោកបណ្ឌិតកែម ឡី (អ្នកវិភាគសង្គម) ត្រូវបានបាញ់សម្លាប់នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅកណ្តាលរាជធានីភ្នំពេញ។

ឈ្មោះសពខាងលើនេះ បានប្រើចុងប៊ិកក្នុងនាមជាអ្នកសារព័ត៌មាន អ្នកវិភាគឯករាជ្យ រិះគន់មិនសំចៃចំពោះបុគ្គល ពុករលួយ កាប់បំផ្លាញព្រៃឈើ កិបកេងទ្រព្យសម្បត្តិសាធារណៈ ជាដើម ដោយយើងមិនបានស្រង់ឈ្មោះសកម្មជនការពារ ព្រៃឈើ សហជីពមកបញ្ចូលទេ ដែលអ្នកស្លាប់ទាំងនោះ ប្រជាពលរដ្ឋបានជ្រាបជាទូទៅ។ ពួកលោកត្រូវរងនូវការបាញ់- ប្រហារជាបន្តបន្ទាប់ ដែលមិនខុសពី “ឈ្លើងដែលអ្នកចងសន្ទូច កាត់បោះចោលទៅក្នុងទឹក លុះធុំក្លិនឈាម ឈ្លើងហែល មកកាន់តែច្រើនទៅៗ”។ យ៉ាងណាមិញ ករណីបាញ់ប្រហារលោកបណ្ឌិតកែម ឡី យើងឃើញប្រជាពលរដ្ឋរាប់ពាន់នាក់ រួមទាំងព្រះសង្ឃផង បានសម្តែងមនោសញ្ចោតនាក្តុកក្តួល អាឡោះអាល័យ លាយឡំដោយការខឹងសម្បា ទាមទារឱ្យសមត្ថ- កិច្ចរាជរដ្ឋាភិបាល ស៊ើបករណីនេះឱ្យបានហ្មត់ចត់។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា លោកសម រង្ស៊ី លោកកឹម សុខា មេបក្សប្រឆាំង រួមទាំងបក្សនយោបាយផ្សេងៗទៀត ក៏បានចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នា ថ្កោលទោសអំពើឃោរ- ឃៅនេះ ពោលគឺ គ្មានអ្នកនយោបាយណាគាំទ្រអំពើសាហាវយង់ឃ្នងត្រួសត្រាយផ្លូវទៅឋាននរកនោះទេ។ ទោះបីជាសា- ធារណជនមានមតិខុសគ្នា ដែលខ្លះថា ពាក់ព័ន្ធនឹងនយោបាយ ឯខ្លះទៀតថា ជារឿងគំនុំជំពាក់លុយមិនសង ក៏លទ្ធផលពិត- ប្រាកដមិនទាន់ដឹង ព្រោះការស៊ើបអង្កេតនៅលើដៃសមត្ថកិច្ចរាជរដ្ឋាភិបាល ខណៈជនដៃដល់ជាខ្មាន់កាំភ្លើងត្រូវបានចាប់ ខ្លួន។

ទោះយ៉ាងណាក៏ដោយ ការធ្វើឃាតអ្នកវិភាគសង្គមដ៏ល្បីល្បាញនេះ ពុំបានបន្ទច់បង្អាក់សេរីភាពនៃការបញ្ចោញមតិ បានឡើយ ពោលគឺ “ធុំក្លិនឈាម ឈ្លើងទាមកាន់តែខ្លាំង” ទោះជាអ្នកចងសន្ទូចកាត់ឈ្លើងបោះចោលយ៉ាងណា ក៏ឈ្លើង ហែលមកកាន់តែច្រើនទៅៗ ដោយសារវាធុំក្លិនឈាមគ្នាវា។ កងទ័ពដ៏ក្លាហានអង់អាច ពេលចូលសមរភូមិ កាលបើឃើញ យុទ្ធមិត្តរបស់ខ្លួនត្រូវដាវ លំពែង ព្រួញ ឬធ្លាក់រណ្តៅចម្រូងស្លាប់ ក៏ផ្ទុះកំហឹងក្តៅក្តួលចំពោះខ្មាំងសត្រូវ នៅពេលឃើញ លោហិតយុទ្ធមិត្តហូរស្រោចស្រពប្រឹថពី។ យុទ្ធជនទាំងនោះ នឹងកាន់ដាវ លំពែង បោលសម្រុកទៅលើបច្ចាមិត្រ មិនគិត ស្តាយជីវិតខ្លួនឡើយ ដែលភាពក្លាហាននេះ បណ្តាលឱ្យបច្ចាមិត្រចុះចាញ់បាក់ទ័ព ដែលមិនខុសពីបុរសចងសន្ទូច ពេលបង្ក្រាប ឈ្លើងមិនឈ្នះ ក៏ស្ទុះឡើងលើគោក។

ការសងសឹកគ្នា ដោយគ្រាន់តែមន្ទិលសង្ស័យ ក៏មិនល្អដែរ គួរតែទុកភារកិច្ចនេះជូនសមត្ថកិច្ចស៊ើបអង្កេត ប៉ុន្តែសាធារណជន គួរតែជួយផ្តល់យោបល់ដោយសន្តិវិធី។ សមត្ថកិច្ច ក៏គួរពិចារណាដែរថា តាំងពីឆ្នាំ១៩៩៤ មក មានអ្នកកាសែត ដែលត្រូវបានបាញ់សម្លាប់ជាង១០នាក់ទៅហើយ ព្រោះតែអ្នកកាសែត ហ៊ានសរសេររិះគន់បុគ្គលមិនសំចៃមាត់ ប៉ុន្តែ ពេល ចាប់បានឃាតករ បែរជាសារភាពមិនពាក់ព័ន្ធដល់ការរិះគន់នោះទេ។ ការជំពាក់លុយ ឈានដល់ការបាញ់ប្រហារ មុនពេល ប្តឹងផ្តល់ទៅតុលាការ ហាក់ដូចជាមិនទំនង ដែលករណីនេះ គួរតែស៊ើបអង្កេតឱ្យល្អិតល្អន់ សូម្បីតែឈ្មោះឃាតករ “ជួប សម្លាប់” ក៏ប្លែកដែរ បណ្តាលឱ្យអ្នកតាមដានងឿងឆ្ងល់ ដោយសង្ឃឹមថា សមត្ថកិច្ចនឹងផ្តល់ចម្លើយច្បាស់ពីករណីនេះ។

វត្តមានប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ នាំគ្នាថ្កោលទោសអំពើឃោរឃៅ ដែលខ្លះទៀត ហ៊ានបញ្ចោញមតិចោទប្រ-កាន់ ថា ជារឿងនយោបាយនោះ ស្តែងឱ្យឃើញថា ទោះជាបាត់បង់លោកបណ្ឌិត កែម ឡី ក៏នៅមានអ្នកវិភាគសង្គមក្មេងៗស្រករ ក្រោយ ចេញមុខជាបន្តបន្ទាប់។ ហេតុនេះ គួរតែអ្នកនយោបាយគ្រប់និន្នាការ ដោះស្រាយយ៉ាងណាឱ្យមានឯកភាពជាតិ បញ្ចៀសឱ្យបាននូវការយកគ្នាជាគូសត្រូវរវាងខ្មែរនិងខ្មែរ ឬកេងចំណេញនយោបាយ ព្រោះតែមរណភាពរបស់អ្នកវិភាគ សង្គមដ៏ល្បីម្នាក់។

សរុបទៅ “ធុំក្លិនឈាម ឈ្លើងទាមកាន់តែខ្លាំង” សំដៅដល់ការផ្តាច់ជីវិតលោកបណ្ឌិត កែម ឡី លុះអ្នកគាំទ្រសកម្ម ភាព របស់លោកបានឃើញឈាម ក៏ពុះកញ្ជ្រោលឡើង។ ក្នុងន័យនេះ “នគរធំ” មានក្តីបារម្ភណាស់ ដោយមានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ មេត្តាអត់ធ្មត់ទប់កំហឹង កុំទាន់ទម្លាក់កំហុសទៅលើអ្នកនយោបាយថា នៅពីក្រោយឃាតករ ដោយទុក ភារកិច្ចនេះឱ្យអ្នកអនុវត្តច្បាប់សិន។ “នគរធំ” ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមក្លាយជាយានជំនិះដ៏ប្រសើរ ជួយសណ្តោងនាំយកដួងវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី ដ៏អភ័ព្វ ឱ្យបានទៅយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀង- ឃ្លាតឡើយ“៕