Loading...

ពេជ្រ ច័ន្ទបូរមី ទិញវីឡាថ្មី កន្លះលានដុល្លារ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦​ | តារាខ្មែរ | | 0 | ម៉ោង 3:07 am

ព័ត៌មានពីអ្នកជំនិតបំផុតរបស់ពេជ្រ ច័ន្ទបូរមី បានឱ្យ “អង្គរធំ” ដឹងនៅពាក់កណ្តាល ខែកក្កដា ឆ្នាំ ២០១៦ នេះថា អតីតតារាសម្តែងរាងខ្ពស់ស្រឡះ ច័ន្ទបូរមី ទើបបានផ្លាស់ទៅ រស់នៅផ្ទះថ្មី ដែលអ្នកនាង បានទិញក្នុងតម្លៃជាង៥០ម៉ឺនដុល្លារ និងបានចំណាយប្រាក់ រាប់ម៉ឺនដុល្លារទៀត ទៅលើការតែងលម្អ សោភណភាពទាំងខាងក្នុងនិងក្រៅផ្ទះ។ ផ្ទះនេះស្ថិតនៅបុរីប៉េង ហួត បឹងស្នោ។

ប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា បូរមី បានទិញផ្ទះវីឡាឃីង ដែលទំហំសាច់ផ្ទះ និងដី គុណនឹងបីនៃទំហំវីឡាភ្លោះ ឬស្មើនឹងជិត៤០០ម៉ែត្រការ៉េឯណោះ។ វីឡាភ្លោះធម្មតា មានទំហំប្រហែល១៦០ ម៉ែត្រការ៉េប៉ុណ្ណោះ។

អ្នកនាងបូរមី បានទិញវីឡាដ៏ស្កឹមស្កៃនេះ កាលពីចុងឆ្នាំ២០១៥ ហើយបានចំណាយ ពេលជិតកន្លះឆ្នាំ ដើម្បីតុបតែងកែកុន តម្រូវចិត្តរបស់ស្វាមី។ អ្នកនាងបានចូលរស់នៅផ្ទះថ្មី នៅអំឡុងចូលឆ្នាំប្រពៃណីខ្មែរ កាលពីខែមេសា ឆ្នាំ២០១៦។

ភូមិគ្រឹះថ្មីរបស់អតីតតារាសម្តែង ឈ្មោះល្បីរូបនេះ ត្រូវបានរាយការណ៍ថា មានការតែងយ៉ាងប្រណីត ដោយមានសួនច្បារធំ នៅក្នុងបរិវេណផ្ទះ សម្រាប់លំហែកាយ។ ចំណែកបរិវេណ ក្នុងផ្ទះវិញ ត្រូវរៀបចំឡើងវិញ ស្ទើរតែទាំងស្រុង និងបំពាក់ទៅដោយសម្ភារៈ លម្អបែបសម័យថ្មី យ៉ាងទំនើប និងមានតម្លៃខ្ពស់ រាប់ចាប់តាំងពីបន្ទប់ ទទួលភ្ញៀវ រហូតដល់បន្ទប់គេង។

ប្រភពដដែលឱ្យដឹងទៀតថា ស្វាមីរបស់បូរមី គឺលោកឧត្តមសេនីយ៍ឯក កែវ វ៉ាន់ថន បានយកចិត្តទុកដាក់ ក្នុងការទិញ និងរៀបចំភូមិគ្រឹះនេះ សម្រាប់ភរិយានិងកូនៗ របស់លោក ហើយថា នេះក៏ជាកាដូដ៏ពិសេសមួយ ដែលលោកឧត្តមសេនីយ៍ជូនទៅភរិយា ដែលកំពុងពពោះកូនទី៣។

អតីតតារាសម្តែងបូរមី ត្រូវគេដឹងថា កំពុងមានផ្ទៃពោះជិត៤ខែហើយ ហើយក្នុងផ្ទៃរបស់អ្នកនាង អាចជាកូនស្រី។ ដោយសារតែអ្នកនាងមាន កូនប្រុសពីរនាក់ ទៅហើយនោះ វត្តមានកូនស្រីពៅនេះ បានធ្វើឱ្យអ្នកនាង និងស្វាមី សប្បាយចិត្តខ្លាំងណាស់។

សូមរំលឹកថា បូរមី បានរួមរស់ជាប្តីប្រពន្ធ ជាមួយលោកប៉ូលិសផ្កាយបី កែវ វ៉ាន់ថន រយៈពេលប្រហែល១០ឆ្នាំហើយ។ មានព័ត៌មានថា អ្នកទាំងពីរជា ប្តីប្រពន្ធស្របច្បាប់ គ្រាន់តែមិនទាន់បានរៀបការ ឱ្យបានអធិកអធម ឱ្យគេឃើញប៉ុណ្ណោះ។

បូរមី បានដើរចេញពីវិថីសិល្បៈ ចាប់តាំងពីពេលនោះមក ក៏ប៉ុន្តែ ទស្សនិកជននៅតែចាំអ្នកនាងច្បាស់ថា ជាអតីតតារាសម្តែងល្បីម្នាក់ ជាពិសេស អ្នកនាងលេចធ្លោខ្លាំង ក្នុងឈុតសម្តែងរឿង “កូនពស់កេងកង”។ ម៉្លោះហើយ រហូតមកដល់ពេលនេះ អ្នកនាងតែងតែមានវត្តមាន លើទំព័រសារព័ត៌មានជារឿយៗ។

“អង្គរធំ” មិនទាន់អាចទាក់ទង សុំយោបល់របស់អ្នកនាងបូរមី ចំពោះ ការផ្លាស់ទៅរស់នៅ ផ្ទះថ្មីនេះនៅឡើយទេ គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នេះ។ អ្នកជំនិតរបស់អ្នកនាងប្រាប់ថា អតីតតារាស្រីរូបនេះ មិនចង់ផ្សារភ្ជាប់ ទំនាក់ទំនងជាមួយអ្នកសារព័ត៌មានទេ ហើយក៏មិនចាប់អារម្មណ៍ លើការចុះផ្សាយដែរ។

មនុស្សជាច្រើនស្ញប់ស្ញែង នឹងភ័ព្វសំណាងរបស់អ្នកនាង ព្រោះថា ចាប់តាំងពីដកខ្លួនពីវិស័យសិល្បៈមក អ្នកនាងតែងបង្ហាញខ្លួន ជាមួយនឹងភាពហុឺហា ដែលបញ្ជាក់ពីការរស់នៅស្រណុកស្រួល។ ជាក់ស្តែង ក្រៅពីផ្ទះទើបទិញនេះ អ្នកនាងនៅមានភូមិគ្រឹះ មួយកន្លែងទៀត នៅតាមបណ្តោយផ្លូវហាណូយ ក្នុងរាជធានីភ្នំពេញ។ ផ្ទះនោះត្រូវបានប៉ាន់ប្រមាណថា មានតម្លៃមិនក្រោម១លានដុល្លារឡើយ ហើយមានការតែង ដោយគ្រឿងឈើប្រណីត។

ប្រភពព័ត៌មានខាងលើថា បូរមី មិនបានលក់ផ្ទះចាស់ របស់អ្នកនាងទេ។ អ្នកនាងនៅមានដីជាច្រើន កន្លែងទៀត សម្រាប់លក់ បើត្រូវការប្រាក់បង្វិល។

ទោះបីយ៉ាងនេះក្តី អ្នកនាងពេជ្រ ច័ន្ទបូរមី ក៏ធ្លាប់ឆ្លងកាត់ព្យុះព័ត៌មាន បង្ហាញពីទុក្ខព្រួយ មួយចំនួនផងដែរ។ ថ្មីៗនេះ គេល្បីថា ស្វាមីរបស់អ្នកនាងមាននារីៗ ចោមរោមច្រើន ដោយក្នុងចំណោមនោះ ក៏មានសិល្បការិនី ស្រស់ក្មេងម្នាក់ផងដែរ ដែលធ្វើឱ្យអ្នកខ្លះបារម្ភជំនួសបូរមី។

យ៉ាងណាក៏ដោយ ព័ត៌មានពីការពពោះកូនទី៣ និងការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ ចំពោះបូរមី រួមទាំងការទិញផ្ទះវីឡាថ្មីផ្គាប់ចិត្តទៀតនេះ បញ្ជាក់ច្បាស់ថា ចំណងស្នេហ៍របស់អ្នកនាងនៅតែរឹងមាំ បើទោះជាពេលខ្លះមានបញ្ហាខ្លះក៏ដោយ…៕                                                                                                                               ប្រុសតូច

Borrmey1