Loading...

សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក​ចាប់​ផ្តើម​ស្វាគមន៍​ភ្ញៀវ​ទេស​ចរណ៍

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 9:44 am

ភ្នំពេញ ៖ ចាកចេញពីផ្លូវជាតិលេខ៦ ប្រមាណ១៦គីឡូម៉ែត្រលើផ្លូវក្រួសក្រហម រដិបរដុប និងបន្តដំណើរដោយជិះទូក១៥នាទី យើងនៅទៅដល់សហគមន៍មួយដែលមានផ្ទះសង់ខ្ពស់ៗ ដោយប្រើប្រាស់សរសធ្វើពីឈើច្រូងច្រាង នាមាត់បឹងទន្លេសាប ទីកន្លែងដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនិមទៅទស្សនាកំសាន្ត។

ប្រជាសហគមន៍ដែលពឹងផ្អែកលើរបរនេសាទត្រី៨៥ភាគរយនេះ បានចាប់ផ្តើមបើកសេវាកម្មបំរើភ្ញៀវទេសចរណ៍ចាប់តាំងពីឆ្នាំ២០០៦ ដើម្បីទទួលភ្ញៀវទៅលេងកំសាន្ត តាមរយៈការជិះទូកតូចៗគយគន់ព្រៃលិចទឹកទំហំ៤៨ហិកតារ ដែលសហគមន៍នេះបានរក្សាទុកតាំងពីដើមមក។

លោកសាង គង់ប្រធានសហគមន៍អេកូទេសចរណ៍កំពង់ផ្លុកបានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញថា ប្រជាពលរដ្ឋសហគមន៍នេះចំនួន៧៧៥គ្រួសារ បានប្រកបរបរទាក់ទងនឹងភ្ញៀវទេសចរណ៍ ដោយពួកគេអាចរកចំណូលមួយថ្ងៃបានពីរដុល្លារឬច្រើនជាងនេះ អាស្រ័យតាមទំហំភ្ញៀវ និងការហុចប្រាក់កម្រៃលើកទឹកចិត្តពីភ្ញៀវ ដែលជិះទូករបស់ពួកគេ។លោកបន្តថា អ្នកចែវទូកដឹកភ្ញៀវទេសចរណ៍ទស្សនាដើមរាំង ដែលដុះក្នុងបឹងទន្លេសាបសុទ្ឋតែជាមនុស្សស្រី ដោយសារពួកគេមិនមានមុខរបរអ្វី ខណៈប្តីរបស់ពួកគេបានចេញទីនេសាទ និងខ្លះទៀតជាស្រីម៉េម៉ាយ។

FF

លោកបន្តថា “ទោះជាមិនមានជីវភាពធូរធារខ្លាំង ប៉ុន្តែប្រជាពលរដ្ឋក្នុងសហគមន៍នេះមានជីវភាពប្រសើរជាងមុន ដោយសារពួកគេបានទទួលចំណូលពីភ្ញៀវទេសចរណ៍”។លោកបន្តថា “សហគមន៍នេះមានភ្ញៀវទេសចរណ៍មកទស្សនាច្រើននៅក្នុងរដូវវស្សា ពេលរដូវទឹកឡើងគឺចាប់ពីខែកក្កដា ដល់ខែកុម្ភៈឬមិនាជារៀងរាល់ឆ្នាំ ព្រោះជាពេលដែលភ្ញៀវអាចជិះទូកកំសាន្តបាន”។

លោកសាង គង់បានបន្តថា ជាមធ្យមសហគមន៍នេះទទួលបានភ្ញៀវទេសចរណ៍ប្រមាណ៤០០នាក់ក្នុងមួយថ្ងៃៗ ដែលភ្ញៀវភាគច្រើនជាជនជាតិអឺរ៉ុប និងភ្ញៀវទេសចរណ៍ដទៃទៀត។ ចំណូលបានពីការជិះទូកចំនួន៥ដុល្លារបានទៅសហគមន៍ចំនួន១ដុល្លារ បានទៅអ្នកចែវទូក២ដុល្លារ និងពីរដុល្លារទៀតបានទៅកម្មករបើកទូកដឹកភ្ញៀវទេសចរណ៍ទៅមកក្នុងសហគមន៍នេះ។លោកបន្តថា ភ្ញៀវទេសចរណ៍ចូលមកទស្សនាសហគមន៍នេះ មានការកើនឡើង៧៥ភាគរយក្នុងមួយឆ្នាំ ហើយយើងរំពឹងថា នឹងមានកំណើនភ្ញៀវតទៅទៀតពីមួយឆ្នាំទៅមួយឆ្នាំ។

សហគមន៍កំពង់ភ្លុកស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីក្រុងសៀមរាប។

f

មេឃុំកំពង់ភ្លុក លោកនឹង នីបានថ្លែងថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ភ្លុក មានចំនួន៧៧៥គ្រួសារ និងមានប្រជាជនសរុបចំនួន៣៩២២នាក់ ក្នុងនោះ៨៥ភាគរយប្រកបរបរនេសាទ ១០ភាគរយប្រកបរបរទាក់ទងនឹងវិស័យទេសចរណ៍ និង៥ ភាគរយធ្វើជាកម្មករ និងបើកសេវាកម្មភោជនីយដ្ឋាន និងលក់ដូរ។លោកបន្តថា សេវាកម្មទេសចរណ៍នៅសហគមន៍កំពង់ភ្លុក បានចាប់ផ្តើមពីឆ្នាំ២០០៤មក ដែលសេវាថ្មីនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ កាន់តែច្រើនមកកាន់សហគមន៍នេះ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារជាងមុន។

លោកបន្តថា សេវាកម្មដឹកភ្ញៀវទេសចរណ៍ និងការចែកទូកដឹកភ្ញៀវបានធ្វើឲ្យសហគមន៍នេះកាន់តែអ៊ូរអរ ហើយជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុន ធៀបនឹងពេលមិនទាន់មានសេវាកម្មទេសចរណ៍។លោកបន្តថា ការពង្រឹងសន្តិសុខ សុវត្ថិភាពភ្ញៀវ គឺជាអ្វីដែលអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់បំផុត ដើម្បីឲ្យភ្ញៀវទេសចរណ៍មានអារម្មណ៍កក់ក្តៅ និងសុវត្ថិភាពខ្ពស់៕

ដោយ ៖ គង់ លាងហួរ