Loading...

ប្រទះ​​​ឃើញ​​​​សព​​​បុរស​​​ម្នាក់ ​​ក្បែរ​​​មាត់​​​ទឹក​​ ​សង្ស័យ​ស្រវឹង​ជិះ​ធ្លាក់​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 7:05 am

ខេត្ដកណ្តាលៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតនៅក្បែរមាត់ទឹកអូរទន្ទឹម ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៤៥នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានដាក់ការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ មិនមានជាប់ពាក់ព័ន្ធបទល្មើសអ្វីផ្សេងឡើយ ។ នៅក្បែរសាកសពជនរងគ្រោះសមត្ថកិច្ចរកឃើញម៉ូតូមួយគ្រឿងធុនសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ដែលជាម៉ូតូរបស់ជនរងគ្រោះជិះ ។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀន សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ ចាំដីអោយគេ សព្វថ្ងៃស្នាក់នៅបណ្ដោះអាសន្នត្រង់ចំណុចអូទន្ទឹម ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង និងមានស្រុកកណើតនៅភូមិ ត្រពាំង ឃុំសំអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាមការបំភ្លឺពីសាក្សីបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ គេបានឃើញជនរងគ្រោះរូបនេះជិះម៉ូតូចេញពីកន្លែងស្នាក់នៅទៅផឹកស្រានៅខាងក្រៅ រហូតយប់ជ្រៅបន្តិចទើបជនរងគ្រោះជិះម៉ូតូត្រឡប់ទៅកន្លែងស្នាក់វិញ ។ លុះព្រឺកឡើងស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្បែរមាត់ទឹក ដែលជាផ្លូវជនរងគ្រោះជិះត្រឡប់ទៅផ្ទះវិញ ។

សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានដាក់ការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ មិនមានជាប់ពាក់ព័ន្ធបទល្មើសអ្វីផ្សេងឡើយ ។ នៅក្បែរសាកសពជនរងគ្រោះសមត្ថកិច្ចរកឃើញម៉ូតូមួយគ្រឿងធុនសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ដែលជាម៉ូតូរបស់ជនរងគ្រោះជិះ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

សិលា