Loading...

តុលាការ​សម្រេច​ចោទ​ប្រកាន់​ខ្មាន់​កាំភ្លើង បាញ់​សម្លាប់​លោក​កែម ឡី

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:39 am

ភ្នំពេញ ៖ ក្រោយបញ្ចប់ការសាកសួរជនសង្ស័យជាខ្មាន់កាំភ្លើងដែលបានធ្វើសកម្មភាព បាញ់សម្លាប់លោកបណ្ឌិតកែម ឡី រួចមក តំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅ ព្រឹកថ្ងៃទី13 ខែកក្កដា ឆ្នាំ2016 )នាសម្រេច ចោទប្រកាន់ជនដៃដល់ ចំនួន2ករណី ដែលប្រឈម នឹងការជាប់ពន្ធនាគារអស់មួយជីវិត។

លោកលី សុផាន់ណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា តំណាងអយ្យការបានសម្រេច ធ្វើការចោទប្រកាន់ជនដៃដល់ ដែលបានបាញ់ ប្រហារសម្លាប់លោកកែម ឡី ចំនួន2ករណី គឺបទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់ អាវុធគ្មានការអនុញ្ញាត។

លោកព្រះរាជអាជ្ញារង បានថ្លែងថា ក្រោយ ពីការសួរចម្លើយ ការពិនិត្យឯកសារ និងភ័ស្តុតាង នៅក្នុងសំណុំរឿងឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនល្មើសពីបទឃាតកម្មគិតទុកជាមុន  និងបទកាន់កាប់អាវុធគ្មានការអនុញ្ញាត តាម មាត្រា200 និង490 នៃក្រមព្រហ្មទណ្ឌ និង ចោទប្រកាន់លើបុគ្គល ដែលបានលក់អាវុធឱ្យ ជនល្មើស ពីបទលក់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា20 នៃច្បាប់ស្តីពីការគ្រប់គ្រង គ្រឿងផ្ទុះ និងគ្រាប់រំសេវ

យោងតាមមាត្រា200 នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ឃាតកម្ម គិតទុកមុន គឺអំពើសម្លាប់មនុស្សដោយគិតទុក  ជាមុន ឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ការពួន ស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ក្នុងរយះពេលមួយរយះ ដើម្បីប្រព្រឹត្តអំពើបៀតបៀន ទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្ម គិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់ មួយជីវិត

ក្រោយបញ្ចប់នីតិវិធីរបស់អយ្យការអមសាលាដំបូងរួចមក តំណាងអយ្យការ បានធ្វើការ បញ្ជូនជនដៃដល់ទៅកាន់ចៅក្រមស៊ើបសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាម នីតិវិធី។

គួររំព្ញកថា លោកបណ្ឌិតកែម ឡី អ្នកវិភាគឯករាជ្យដ៏ល្បីឈ្មោះ ត្រូវបានខ្មាន់កាំភ្លើង ដៃឆៅម្នាក់បាញ់ប្រហារ បណ្តាលឱ្យស្លាប់យ៉ាង អាណោចអាធ័មក្នុងថ្លុកឈាម កាលពីវេលា ម៉ោង9និង10នាទីព្រឹក ថ្ងៃទី10 ខែកក្កដា ឆ្នាំ2016 នៅក្នុងស្តារម៉ាតស្ថានីយប្រេងឥន្ធន³កាល់តិច តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងមហាវិថីម៉ៅសេទុង ស្ថិតក្រុម76 ភូមិ13 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណ³ដែលលោកកំពុងអង្គុយទទួលទានកាហ្វេ។ លោកបណ្ឌិតកែម ឡី ត្រូវបានជនសង្ស័យបាញ់ ប្រហារចំនួន2គ្រាប់ ដោយមួយគ្រាប់បាញ់ចំ ក្បាល និងមួយគ្រាប់ទៀត បាញ់ចំដើមដៃធ្លាយ មកក្រោមដោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ក្នុងថ្លុកឈាម។ ចំណែកជនដៃដល់ ក្រោយធ្វើ សកម្មភាពរួច បានរត់ចេញមកក្រៅបំណងឡើង ជិះម៉ូតូបក្ខពួករត់គេចខ្លួន ប៉ុន្តែបក្ខពួករបស់ ជនសង្ស័យបានជិះម៉ូតូរត់គេចអស់ ទើបជនសង្ស័យបានព្យាយាមរត់ដោយថ្មើរជើង រហូត មកដល់មុខវត្តស្វាយពពែ ផ្សារទំនើបអ៊ីអន តាម ផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ និងកម្លាំងអន្តរាគមន៍ខណ្ឌចំការមន ឃាត់ខ្លួនបាន និងដកហូតកាំភ្លើងខ្លីម៉ាកឡុក 19 ផលិតនៅប្រទេសចិន 1ដើម ពណ៌ខ្មៅ និង បង់ចំនួន2 យកទៅសាកសួរនៅប៉ុស្តិ៍នគរបាល ទន្លេបាសាក់។

ក្រោយឃាត់ខ្លួនភ្លាម² ជនសង្ស័យជា ឃាតករបានអះអាងថា ខ្លួនមានឈ្មោះជួប សម្លាប់ អាយុ32ឆ្នាំ មុខរបរកម្មករបាញ់ថ្នាំសត្វល្អិត នៅស្រុកស្រះកែវ ប្រទេសថៃ និងមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ហើយការ បាញ់សម្លាប់លោកកែម ឡី ដោយសារតែជនរងគ្រោះជំពាក់លុយចំនួន4ពាន់ដុល្លារ អស់ រយ³ពេល1ឆ្នាំហើយ មិនព្រមសង។ បន្ទាប់មក ទៀត បើទោះជាមានការអះអាងថា សាវតារ ជាតិរបស់ជនសង្ស័យមានឈ្មោះពិតថា អឿត អាង អាយុ44ឆ្នាំ មានស្រុកកំណើតនៅភូមិ ទន្លេសរ ឃុំនគរភាស ស្រុកអង្គរជុំ យ៉ាងណា ក៏ជនសង្ស័យជាខ្មាន់កាំភ្លើងរូបនេះ នៅតែរក្សា ចម្លើយសារភាពដដែលថា ខ្លួនមានឈ្មោះជួប សម្លាប់ និងបាញ់សម្លាប់លោកកែម ឡី ព្រោះ ខឹងជំពាក់ប្រាក់មិនសង។

សូមបញ្ជាក់ថា ក្រោយកើតហេតុ សពលោក បណ្ឌិតកែម ឡី ត្រូវបានហែទៅតម្កល់នៅវត្ត ពោធិយារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដើម្បីធ្វើបុណ្យ តាមប្រពៃណី និងបើកឱ្យប្រជាពលរដ្ឋមកពីគ្រប់ មជ្ឈដ្ឋានចូលទៅគោរពវិញ្ញាណក្ខន្ធលោក។ យោងតាមលិខិតបញ្ជាក់ពីកម្មវិធីបុណ្យដែល ផ្សព្វផ្សាយ កាលពីថ្ងៃទី12 ខែកក្កដា ឆ្នាំ2016 សព លោកបណ្ឌិតកែម ឡី នឹងត្រូវបូជានៅ វេលាម៉ោង5ល្ងាច ថ្ងៃទី18 ខែកក្កដា ឆ្នាំ 2016 នៅបរិវេណវត្តចាស់ ដែលជាទីកំពុង តម្កល់សព ប៉ុន្តែសាច់ញាតិសពបានអះអាងថា កម្មវិធីអាចប្រែប្រួល ហើយមិនទាន់ច្បាស់នៅ ឡើយថា សពលោកបណ្ឌិតកែម ឡី នឹងត្រូវ បូជា ឬបញ្ចុះ ខណ³ក្រុមគ្រួសារចង់ហែទៅ បញ្ចុះទៅស្រុកកំណើតរបស់លោកនៅស្រុកត្រាំកក់ ខេត្តតាកែវ ច្រើនជាង៕

13619791_303370073345557_7079066584279940936_n