Loading...

ចោរ​​​លួច​រថយន្ត​អស់​លក្ខណ៍​ ជាប់​អន្ទាក់​ប៉ូលិស​ក្រុង​តាខ្មៅ​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 9:10 am

ខេត្ដកណ្តាល៖ ជនសង្ស័យម្នាក់ជាចោរដើរលួចរថយន្តនៅពេលយប់ត្រូវបានម្ចាស់រថយន្ត សហការជាមួយសមត្ថកិច្ចប៉ូលិសក្រុងតាខ្មៅធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពអក្រាតកាយចូលលួចរថយន្តឡិចស៊ីស៤៧០មួយគ្រឿង កាលពីវេលាម៉ោង០១ និង១០នាទីទាបភ្លឺថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ ឡាំ ឈុយ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ ។ ចំណែកឯជនរងគ្រោះឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាម្ចាស់រថយន្តឡិចស៊ីស៤៧០ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2K-0049 ។

សមត្ថកិច្ចបង្ហាញមុខជនសង្ស័យលួចរថយន្ដ នៅក្រុងតាខ្មៅ
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យលួចរថយន្ដ នៅក្រុងតាខ្មៅ

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តខាងលើនេះ មកលេងផ្ទះ  មិត្តភក្តិនៅក្រុងតាខ្មៅ ។ ពេលមកដល់ជនរងគ្រោះបានចតរថយន្តទុកនៅខាងមុខផ្ទះដោយបានចាក់សោរទ្វាររថយន្តត្រឹមត្រូវទើបចូលទៅដេក ។ លុះដល់វេលាទាបភ្លឺជនរងគ្រោះបានឮសម្លេងតេឡេរថយន្តស្រែក ហើយជនរងគ្រោះក៏បានចេញមកក្រៅមើលឃើញជនសង្ស័យម្នាក់នៅក្នុងរថយន្តដោយពុំមានសម្លៀកបំពាក់ ។

ឃើញដូច្នេះជនរងគ្រោះ បានស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង សហការជាមួយសមត្ថកិច្ចនគរបាលក្រុងតាខ្មៅដេញតាមចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងខ្សែភ្លើង ពណ៌លឿង ប្រវែង១៣២សង់ទីម៉ែត្រ, សោរខ្សៀលេខ៨ ពណ៌ទឹកប្រាក់ចំនួន០១ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

សិលា

រថយន្ដដែលចោរប្រុងលួចយក តែមិនបានសម្រេច
រថយន្ដដែលចោរប្រុងលួចយក តែមិនបានសម្រេច