Loading...

ពូកែ​គ្រប់​គ្រង​ឋាន​នរក ល្អជាង​បម្រើ​ឋាន​សួគ៌

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 7:45 am

ព្រះភិក្ខុធម្មបាលខៀវ ជុំ សមណសាស្ត្រាចារ្យដ៏ល្បីល្បាញ កាលពីសម័យសង្គមរាស្ត្រនិយម បានប្រមូលចងក្រងសុភាសិតជាច្រើន មករៀបរៀងជាសៀវភៅ ដែលក្នុងនោះមានសុភាសិតមួយថាអ្នកពូកែគ្រប់គ្រងឋាននរក ល្អជាងអ្នកបម្រើ ឋានសួគ៌ មានអត្ថន័យជ្រាលជ្រៅណាស់ សម្រាប់អ្នកនយោបាយយកទៅអនុវត្តក្នុងការដឹកនាំបក្ស ឬដឹកនាំប្រទេសឱ្យមាន សុខសន្តិភាព។ ខណៈដែលឃាតកម្ម ចោរកម្ម នៅតែកើតឡើងស្ទើរតែរាល់ថ្ងៃបែបនេះ លុះត្រាតែអាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រងឋាននរកលោកិយ ឱ្យម៉ឺងម៉ាត់ ប្រសើរជាង បម្រើឋានសួគ៌លោកិយ ដែលនគរធំសូមលើកមកធ្វើប្រធានបទ បរិយាយថ្ងៃនេះ

បើនិយាយពី ឋាននរក មនុស្សយើងមើលមិនឃើញទេ វាមានចែងតែក្នុងគម្ពីរសាសនាប៉ុណ្ណោះ ជាពិសេសគម្ពីរព្រះត្រៃបិដក។ ឋាននរកនោះនៅឆ្ងាយណាស់ ប៉ុន្តែ សត្វលោកដែលមានបាបកម្ម ឱ្យតែដាច់ខ្យល់ប៉ិត ដួងព្រលឹងក៏ត្រូវយមបាល មកនាំទៅដល់ឋាននរកភ្លាម។ ឋាននរកមានជាន់ថ្នាក់ សម្រាប់ដាក់ទណ្ឌកម្មសត្វលោកមានបាបកម្ម ពីស្រាលទៅធ្ងន់ ដូចជា លោហកុម្ភីនរក ឧស្សុទនរក, គូថនរក, នរករកាដែក និងអវីចីនរក ដែលមាន៨រណ្តៅធំៗ មានអណ្តាតភ្លើងឆេះជាប្រចាំ។ ព្រះបាទយមរាជ គឺជាស្តេចគ្រប់គ្រងឋាននរក ដោយមានយមបាលភ្នែកទិព្វ ត្រចៀកទិព្វ៤រូប ជាជំនួយការ តែងហោះហើរ ជ្រែកទឹកជ្រែកដី ចាំកត់ត្រាកំហុសសត្វលោក បញ្ជូនទៅកាត់ទោស។

ដោយឡែក ឋានសួគ៌ ក៏មនុស្សមើលមិនឃើញដែរ វាមានចែងតែក្នុងគម្ពីរសាសនា ទោះជាព្រហ្មញ្ញសាសនា គ្រិស្តសាសនា អ៊ិស្លាមសាសនា ក៏សុទ្ធតែមានឋានសួគ៌ដូចគ្នា។ ក្នុងគម្ពីរព្រះត្រៃបិដក នៃព្រះពុទ្ធសាសនា ចារទុកថា ឋានសួគ៌ មាន ៦ជាន់ ប៉ុន្តែ សំខាន់ជាងគេ គឺឋានត្រៃត្រិង្ស ដែលគ្រប់គ្រងដោយព្រះឥន្ទ្រាធិរាជ។ អ្នកសាងបុណ្យកុសល រមែងបានទៅកើត ឋានសួគ៌ សោយទិព្វសម្បត្តិ ដោយមិនចាំបាច់ព្រះឥន្ទ្រ តាមដាននោះឡើយ ប៉ុន្តែ កាលបើទេវតានោះសោយបរមសុខរហូត ដល់អស់ចំហាយបុណ្យ ក៏ច្យុតបាត់រូបពីឋានទេវលោកមួយរំពេច។ បានសេចក្តីថា ព្រះបាទយមរាជ ដែលគ្រប់គ្រងឋាននរក យ៉ាប់ណាស់ មានការធ្វើទាំងយប់ទាំងថ្ងៃ ប៉ុន្តែ ព្រះឥន្ទ្រាធិរាជ មិននឿយអ្វីទេ ព្រោះឋានសួគ៌គ្មានការកាត់ទោសសត្វលោក ដូចឋាននរក។

បើយកទិដ្ឋភាពនេះមកឆ្លុះមើលតថភាពសង្គម យើងអាចប្រៀបធៀបឋាននរកនិងឋានសួគ៌ក្នុងគម្ពីរសាសនា ជា ឋាននរកលោកិយ និងជា ឋានសួគ៌លោកិយ ដែលកំពុងកើតមានក្នុងសង្គម។ ឋាននរកលោកិយ សំដៅដល់ឃាតកម្ម ចោរកម្ម ការកាប់បំផ្លាញព្រៃឈើ ជួញថ្នាំញៀន បនពេស្យាចារ ជាដើម។ រីឯឋានសួគ៌លោកិយ សំដៅដល់ការជឿនលឿនទៅតាម វប្បធម៌សាកលភាវូបនីយកម្ម មានផ្ទះល្វែង ខុនដូ ផ្សារទំនើប រង្គសាល ក្លឹបរាត្រី រថយន្តទំនើប បង្ហាញភាពស៊ីវិល័យនេះឯង។

មូលហេតុអ្វីបានជាមានសុភាសិតថាអ្នកពូកែគ្រប់គ្រងឋាននរក ល្អជាងអ្នកបម្រើឋានសួគ៌? គឺសំដៅដល់អ្នកដឹកនាំ ប្រទេស ដឹកនាំបក្សដែលពូកែគ្រប់គ្រងឋាននរកលោកិយនេះឯង។ កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យពង្រឹងសន្តិសុខ ក្រោយមានការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី។ សម្តេច ក៏បានចេញបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកចាប់ខ្លួនជនដៃដល់ និងអ្នកឃុបឃិតមកផ្តន្ទាទោសតាមច្បាប់។ ទន្ទឹមនឹងមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក៏មានហ្វេសប៊ុករាប់រយ បានបញ្ចោញសំណេរមានន័យទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល សូម្បីលោកសួន សេរីរដ្ឋា ក៏បានសរសេរថាវាគ្មានហេតុផលអ្វីដែលគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ទៅរៀបចំផែនការសម្លាប់លោក កែម ឡី ក្នុងពេលខ្លួនកំពុងរងសម្ពាធគាបសង្កត់ពីអន្តរជាតិនោះទេតែទោះយ៉ាងណាក៏ដោយ ក៏នៅតែរដ្ឋាភិបាលរបស់ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច គឺជាអ្នកទទួលខុសត្រូវ ដែលត្រូវរកឃាតករពិត អ្នកនៅពីក្រោយខ្នង ចាប់ មកកាត់ទោសឱ្យបាន

ដូច្នេះយើងឃើញថា ប្រមុខរាជរដ្ឋាភិបាល ទទួលស្គាល់ថា ឃាតកម្មលើរូបលោកបណ្ឌិតកែម ឡី ធ្វើឱ្យខូចមុខមាត់រាជរដ្ឋាភិបាល ខណៈដែលអ្នកគាំទ្របក្សប្រឆាំង ទាមទារឱ្យរកយុត្តិធម៌ជូនជនរងគ្រោះ។ ក្នុងកាលៈទេសៈដ៏លំបាកនេះ គឺជា បន្ទុកដ៏ធ្ងន់សម្រាប់រាជរដ្ឋាភិបាល រែកពុន ពោលគឺ គ្រប់គ្រងឋាននរកឱ្យមានប្រសិទ្ធភាព នេះឯង។ ជាការពិត អនាធិបតេយ្យដែលកើតឡើងទន្ទឹមនឹងប្រជាធិបតេយ្យនេះ ជាតួនាទីរបស់ម្ចាស់ផ្ទះរ៉ាប់រងទាំងស្រុង ពោលគឺបើគ្រប់គ្រងឋាននរក លោកិយមិនបានល្អ អាចធ្វើឱ្យសង្គមច្របូកច្របល់។ នៅក្នុងអក្សរសិល្ប៍ខ្មែរ រឿង ចៅកាំបិតបន្ទោះ បានតំណាលពីព្រះមហាក្សត្រនគរមួយ ចង់ដឹងគំនិតមារយាទនាហ្មឺនមន្ត្រីដែលចេះរក្សាទឹកដី ទើបព្រះអង្គធ្វើការពិសោធ ដោយដាក់វេនឱ្យ នាហ្មឺនឡើងទៅដេកចាំព្រះដំណាក់ ដែលមានរៀបព្រះទែន គ្រែពូក ព្រែព្រំ ដាក់ចំណីអាហារឆ្ងាញ់ៗ នាហ្មឺនទាំងនោះមិន យល់ល្បិចរបស់ស្តេច ក៏ឡើងដេកលើគ្រែស្តេច និងស៊ីផឹកម្ហូបអាហារ ស្រាឆ្ងាញ់ ដេកលក់ទៅ លុះព្រឹកឡើង ស្តេចក៏ត្រាស់ បង្គាប់ពេជ្ឈឃាត ឱ្យចាប់នាហ្មឺនទាំងនោះទៅសម្លាប់។ ស្តេច ធ្វើការពិសោធនេះ បណ្តាលឱ្យនាហ្មឺនធំៗស្លាប់អស់ ក៏ដល់វេនមហាសេដ្ឋីដែលជាឪពុកធម៌របស់ចៅកាំបិតបន្ទោះ ឯកូនធម៌នោះ ក៏សុំទៅយាមជំនួសសេដ្ឋី។ ចៅកាំបិតបន្ទោះ ចូលទៅដល់ ព្រះដំណាក់ ឃើញចំណីអាហារឆ្ងាញ់ មានទាំងគ្រែពូកខ្នល់ខ្នើយដ៏វិចិត្រ ក៏គិតថា ! ស្តេចនេះសព្វព្រះទ័យរើសរកនាហ្មឺន ណាមានគំនិតរក្សាទឹកដីទេតើ បានជាទ្រង់ធ្វើពិសោធន៍យ៉ាងនេះ គិតស្រេច មាណពនោះមិនដេក មិនស៊ី ប្រឹងតែអង្គុយយាម យ៉ាងមធ្យ័ត លុះដល់កណ្តាលអធ្រាត្រ ព្រះមហាក្សត្រ ក៏ក្លែងព្រះអង្គទៅលបមើលអ្នកយាមនោះ តើវាដេកស៊ីដូចអ្នកយាម មុនៗនោះឬយ៉ាងណា? ឯចៅកាំបិតបន្ទោះ ដែលឃ្លាំមើលនោះដឹងថា ប្រាកដជាស្តេចមកលបមើលហើយ ក៏ទាញកាំបិតដ៏មុត ដេញកាប់ ប៉ុន្តែ ធ្វើជាកាប់ត្រូវសសរព្រះដំណាក់ ធ្វើឱ្យស្តេចរត់រួចទៅ។ ទីបំផុត ស្តេច ក៏ជ្រើសបានចៅកាំបិតបន្ទោះ ថាមាន សមត្ថភាពចេះរក្សាទឹកដី ដោយមានព្រះបន្ទូលថាអ្នកនេះទើបពេញជាមនុស្សចេះរក្សាទឹកដី រក្សាព្រះនគរបាន ឯនាហ្មឺន ដែលស្លាប់នោះទីកន្លែងអញវាហ៊ានដេក ចំណីអញវាហ៊ានស៊ី បើសិនជាអញមិននៅ ច្បាស់ជាវាហ៊ានដេកនឹងប្រពន្ធអញ កូនអញមិនលែងឡើយ ទើបអញប្រើឱ្យសម្លាប់នោះ

ការលើកវណ្ណកម្មអក្សរសិល្ប៍បុរាណ មកបញ្ជាក់នេះ ចង់បង្ហាញថា អ្នកដឹកនាំប្រទេសដែលពូកែ គឺចេះគ្រប់គ្រងឋាននរកលោកិយនេះឯង ដែលសំដៅដល់ការថែរក្សាទឹកដីឱ្យបានសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ សព្វថ្ងៃយើងឃើញ ថា អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាមេក្រសួងខ្លះ កំពុងស្រមើស្រមៃដល់ស្ពានអាកាស ផ្លូវហាយវ៉េ ផ្លូវល្បឿនលឿន ផ្លូវក្រោមដី ខណៈដែលផ្លូវលំ ផ្លូវជាតិខ្លះក្រហេងក្រហូង ខ្វះការជួសជុល។ សមត្ថកិច្ចប្រដាប់អាវុធខ្លះ បានយកតួនាទីរបស់ខ្លួន ទៅកាងឈើឱ្យឈ្មួញទុច្ចរិត ខ្លះទៀតទៅយាមការពាររង្គសាល ក្លឹបរាត្រី មិនគិតគូរក្នុងការទប់ស្កាត់អំពើចោរកម្ម ឃាតកម្ម ការជួញដូរគ្រឿងញៀន ជាដើម។ ការដែលប្រមុខរាជរដ្ឋាភិបាល ដាក់បទបញ្ជាឱ្យពង្រឹងសន្តិសុខ ក្រោយមានការបាញ់ប្រហារ លោកបណ្ឌិតកែម ឡី ចាត់ទុកថានរកលោកិយ ជាមូលហេតុដ៏ធំ នាំឱ្យមានឃាតកម្មនេះ។

សរុបទៅ អ្នកពូកែគ្រប់គ្រងឋាននរក ល្អជាងបម្រើឋានសួគ៌ គឺវាមានន័យយ៉ាងនេះឯង។ ចាប់ពីពេលនេះតទៅ នគរធំសូមផ្ញើក្តីសង្ឃឹមលើរាជរដ្ឋាភិបាល ដែលជាម្ចាស់ផ្ទះ នឹងចាត់វិធានការគ្រប់គ្រងផ្ទៃក្រោមឱ្យបានម៉ឺងម៉ាត់ហ្មត់ចត់មិនខាន ព្រោះថា ការរីកចម្រើនកាស៊ីណូ ផ្សារទំនើប ក្លឹបរាត្រី ស្ពានអាកាស ខុនដូកប់ពពក គឺជាឋានសួគ៌ ទីប៉ងប្រាថ្នារបស់មនុស្ស ប៉ុន្តែ បើនៅតែមានចោរកម្ម ឃាតកម្ម កើតឡើងមិនឈប់ឈរ អាចដើរស្របនឹងបណ្តាំក្រមង៉ុយ ថា នគរថ្កើងប្លែក សប្បាយ តែភ្នែក ក្នុងចិត្តរងកម្ម…” មិនខានឡើយ“៕

ដោយ ៖ អាចារ្យថាំ