Loading...

មុខរបរ​លក់​ទីផ្សារ​ទៀន​វស្សា ឆ្នាំ​នេះ​បាត់​បង់​អតិថិ​ជន​ច្រើន

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 8:07 am

តាំងពីមុនចូលព្រះវស្សាមកដល់ គេកត់សម្គាល់ថាសកម្មភាពជាវទានវស្សាមិនសូវមានគគ្រឹកគគ្រេងដូចរាល់ៗឆ្នាំប៉ុន្មានទេ ដោយសូម្បីតែអ្នកលក់ក៏លើកឡើងថាលក់មិនសូវដាច់ច្រើនដូចមុន និងដាច់តែប្រភេទទានវស្សាតូចៗច្រើនជាង។ បរិបទនេះត្រូវគេទម្លាក់ថា ដោយសារតែរដូវទិញទានវស្សាឆ្នាំនេះ ត្រូវចំស្ថានភាពនយោបាយមានភាពច្របូកច្របល់ និងមកត្រូវចំស្ថានភាពរំជើបរំជួលរឿងបាញ់ប្រហារលោកបណ្ឌិត្យ កែម ឡី បន្ថែមទៀត ទើបតែរឹតតែធ្វើអោយស្ថានភាពចង់ធ្វើបុណ្យទានមានភាពប្រែប្រួល។

ផ្អែកតាមបរិបទនៅក្នុងសង្គមខ្មែរប្រមាណរយៈពេលមួយខែចុងក្រោយ គេកត់សម្គាល់ថាមានតម្រូវការទៀនវស្សាមានភាពគគ្រឹកគគ្រេងល្អជាងរដូវកាលផ្សេង បើទោះជាបរិបទនៃការរកចំណូលរបស់ប្រជាពលរដ្ឋមិនសូវសំបូរសប្បាយពេលដៃឡើងថ្លៃ ឬពេលទំនិញមិនទាន់ឡើងកប់ពពកស្រុះគ្នា។ នៅតាមបណ្ដាហាងតូចធំ គេឃើញអ្នកលក់ទៀនវស្សា និងលក់ក្រមួនទៀន សស្រាក់សស្រាំកាន់តែខ្លាំងក្នុងការលក់ដូរទៀនវស្សា និងក្រមួយសម្រាប់សិតទៀនវស្សា បើធៀបនឹងមុខទំនិញបម្រើឲ្យព្រះពុទ្ធសាសនាផ្សេងទៀត។ អាជីវករលក់ទៀនវស្សាភាគច្រើនសុទ្ធតែបានបង្ហាញឲ្យឃើញពីទីផ្សារស្ទុះឡើងនៃតម្រូវការទៀនវស្សានៅមុន និងក្នុងពេលចូលវស្សាមិនខុសគ្នាពីឆ្នាំមុនៗ ខណៈដែលក្រោយចូលវស្សាកាលពីថ្ងៃទី២០ កក្កដា ក្នុងឆ្នាំ២០១៦  ត្រូវនឹងថ្ងៃ១រោច ខែទុ.សាឍមុននេះ ក៏នៅតែមានតម្រូវការទៀនវស្សានៅឡើយ។ យ៉ាងក៏ដោយមានការបញ្ជាក់ថាស្ថានភាពតម្រូវការមិនច្រើនដូចមុននោះទេ ដោយសារតែម្នាក់ៗហាក់រយាលក្នុងការព្រួតដៃគ្នាធ្វើបុណ្យ ហើយបើមានសកម្មភាពធ្វើបុណ្យក៏មិនសូវមានការចំណាយខ្ពស់ណាស់ណាសម្រាប់ការជាវទៀនវស្សានោះឡើយ។

v_0774

អ្នកស្រីយន់ សំបូរ អាយុ៥៦ឆ្នាំ ជាម្ចាស់ហាងត្រៃមង្គលស្ថិតក្នុងសង្កាត់ទំនប់ទឹក ថ្លែងប្រាប់កាសែត«នគរធំ»ជាថ្មីថា ទីផ្សារលក់ចេញទៀនវស្សា និងក្រមួនសម្រាប់សិតទៀនវស្សាមានការកើនឡើងបើធៀបនឹងខែធម្មតា។ អតិថិជនខ្លះបានកុម្ម៉ង់ទិញទៀនវស្សាយកទៅលក់បន្តនៅតាមខេត្ត បន្ថែមពីលើតម្រូវការរបស់អ្នកជាវដ៏ច្រើនមុននឹងថ្ងៃចូលវស្សានេះទៀតផង។ យ៉ាងណាមិញ អ្នកស្រីប្រាប់ថា បរិមាណនៃការលក់ចេញមានកម្រិតទាបជាងឆ្នាំមុន បើធៀបនឹងតម្រូវការដែលធ្លាប់ឃើញមានជាជារៀងរាល់ឆ្នាំ។ អ្នកស្រីនិយាយថា«បើឲ្យធៀបគ្នាខ្ញុំថាឆ្នាំនេះរៀងពិបាកលក់បន្ដិច ដោយសារតែប៉ុន្មានថ្ងៃនេះ ស្រុកយើងរញ៉េៗ(រឿងនយោបាយ និងរឿងកែម ឡី) គេមិនសូវចង់ចាយលុយ!»។

ទៀនវស្សាដែលអតិថិជននិយមកជាវ គឺមានទំហ៊ំតូចធំអាស្រ័យទៅតាមចំណូលចិត្ត និងថវិកា ប៉ុន្តែទំហ៊ំដែលហាងភាគច្រើនលក់ដាច់ជាងគេគឺទំហំមួយតឹក២០ និងកម្ពស់១,២ម៉ែត្រ ខណៈដែលក្បូរក្បាច់នៅលើតួទៀន និងលើជើងទម្រ ក៏ជារឿងទាក់ទាញផងដែរ ដើម្បីឲ្យស្រូលលក់ចេញ។ ក្នុងនោះសូម្បីតែពណ៌ក៏ត្រូវកំណត់យកតែពណ៌លឿងមួយប្រភេទផងដែរ ដើម្បីឲ្យស្របនឹងជំនឿរបស់ពុទ្ធបរិស័ទខ្មែរ និងការនិយមតំណរតៗគ្នាក្នុងការសិតទៀនវស្សានេះ។ អ្នកស្រី យន់ សំបូរ បញ្ជាក់ថា ទៀនវស្សាដែលបានចរាចរលក់ បានរំលេចនូវក្បូរក្បាច់យ៉ាងប្រណីតណាស់ ដោយមិនគិតតែពីបញ្ហាគុណភាព និងទំហ៊ំតូចធំមួយមុខនោះទេ។ អ្នកស្រីថា អ្នកមានទម្លាប់ជាវក្រមួនដើម្បីទៅសិតទៀនវស្សាខ្លួនឯងក៏មានចំនួនថយចុះជាងមុនផងដែរ។ នេះបើយោងតាមអ្វីដែលអ្នកស្រីកត់សម្គាល់។ អ្នកស្រីថាកាលពីឆ្នាំមុន គ្រាន់តែគេកុម្ម៉ង់ពុម្ពចាក់ទៀនរហូតដល់រាប់រយពុម្ព ប៉ុន្តែឆ្នាំនេះមានការធ្លាក់ចុះជាងមុន ដោយសារតែពុម្ពដែលត្រូវបានទិញយកគឺមិនសូវច្រើន។ ប៉ុន្តែនោះក៏បណ្ដាលមកពីពុទ្ធបរិស័ទរាល់ថ្ងៃមិនសូវមានទម្លាប់សិតទៀនផ្ទាល់ខ្លួនដូចមុននោះផង ទើបធ្វើអោយការកុម្ម៉ង់ពុម្ពទៀននៅក្នុងឆ្នាំនេះប្រែប្រួល។  អ្នកស្រីថាការជាវទៀនវស្សាស្រាប់ៗបានក្លាយជាការពេញនិយមជាជាង ដោយសារវាមានលក្ខណៈចំណេញទាំងពេលវេលា និងទទួលបានទាំងសោភ័ណ្ឌភាពស្អាតតាមការចង់បាន។ ជាធម្មតា ទៀនវស្សាដែលបានលក់ចេញ គឺលក់ជាគូ និងលក់ទាំងជើងទម្រផង ប៉ុន្តែអតិថិជនអាចមិនយកជើងទម្រក៏បាន ប្រសិនមិនមានតម្រូវការ។ ក្នុងប៉ុន្មានថ្ងៃនេះ អ្នកស្រីប្រាប់ថា ទៀនវស្សាដែលត្រូវគេចាត់ទុកថាជាដង្វាយក្នុងព្រះពុទ្ធសាសនានៅតែមានការលក់ដាច់មួយៗបើទោះជាថ្ងៃចូលព្រះវស្សាត្រូវបានបញ្ចប់តាំងពីថ្ងៃទី២០ កក្កដា។ អ្នកស្រីរំពឹងថាកង្វះទៀនវស្សានៅក្នុងឆ្នាំនេះតាមវត្តអារ៉ាមនឹងអាចកើតមាន ដោយសារតែអ្វីដែលអ្នកស្រីសម្គាល់ឃើញគឺអ្នកទិញទៀនវស្សាយកទៅតម្កល់តាមវត្តនៅមុនចូលវស្សាគឺមិនសូវគគ្រឹកគគ្រេង។ អ្នកស្រីយល់ថាទៀនវស្សានឹងអាចត្រូវបានទិញបន្ថែមចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃចេញវស្សាដើម្បីបំពេញបន្ថែមក្រោយពីការជៀវយកទៅតម្កល់នៅវត្តមួយចំនួនមិនសូវមានច្រើន។ យ៉ាងណាក៏ដោយអ្នកស្រីថ្លែងថា ទីផ្សារទៀនវស្សាគឺមានតែមួយឆាវៗប៉ុណ្ណោះ ប្រសិនបើលក់មិនសូវដាច់ គឺមានតែចាំឆ្នាំក្រោយប៉ុណ្ណោះ ដោយមិនដូចទំនិញផ្សេងដែលអាចលក់បានខួបប្រាំងខួបវស្សានោះទេ។ អ្នកស្រីនិយាយថា «ឆ្នាំនឹងទៀនវស្សាលក់ខ្សោយ និយាយទៅគឺទើបតែដាច់ប៉ុន្មានថ្ងៃមុនចូលវស្សាមុននឹងទេ បើមុនៗនឹងគឺរៀងស្ងាត់ ដែលតាមខ្ញុំយល់មកពីមនុស្សគេឃើញរញ៉េរញ៉ៃចឹងគេមិនសូវហ៊ានចាយលុយ ប៉ុន្តែអ្នកធ្វើបុណ្យគេនៅតែធ្វើបុណ្យនឹង គ្រាន់តែមិនសូវគគ្រឹកគគ្រេងតែប៉ុណ្ណឹង!»។ ទៀនវស្សាដែលកុម្ម៉ង់សល់ អ្នកស្រីប្រាប់ថា ហាងដែលបោះទៀនវស្សានឹងទទួលយកវិញ ប៉ុន្តែប្រហែលស្ដុកទុកក្នុងហាងខ្លះ ដោយចាំ អ៊ុតមើលអំឡុងចូលវស្សានាពេលនេះសិន។

34b7bc44-aa4d-43af-b8c9-ded89c592487

មិនខុសគ្នាដែរ អាជីវករលក់ទៀនវស្សាធំមួយកន្លែងទៀតនៅម្ដុំផ្សារចាស់ អ្នកស្រីសុខហេង បានប្រាប់ដូចគ្នាពីការធ្លាក់ចុះចំណូលទៀនវស្សាសម្រាប់ឆ្នាំនេះ។ អ្នកស្រីថ្លែងថា ក្រមួនសម្រាប់ប្រើចាក់ជាទៀនវស្សាត្រូវគេអះអាងថានាំយកមកពីប្រទេសចិន និងវៀតណាម ប៉ុន្តែសម្រាប់ការចាក់ទៀនវស្សា គឺជាស្នាដៃកូនខ្មែរនោះទេ ទើបទៀនវស្សាដែលបានចរាចរនៅលើទីផ្សាររាល់ថ្ងៃមានរចនាបទបែបខ្មែរ ដូចជាក្បាច់ចំលាក់ប្រាសាទរបស់បន្ទាយស្រី ក្បាច់រូបនាគ និងរូបហង្សជាដើម។ ទោះជាតម្រូវការទៀនវស្សាមានទំហំដាច់ច្រើនខុសពីខែធម្មតា សម្រាប់អំឡុងបុណ្យចូលវស្សា ប៉ុន្តែអ្នកស្រីប្រាប់ថា អ្នកលក់គឺពិបាកលក់ជាងមុនដោយសារអ្នកទៀនឥឡូវឡើងថ្លៃជាងមុន ហើយអ្នកទិញក៏ មិនចង់ចាយលុយ។  អ្នកស្រីទទួលទៀនវស្សាមកលក់មិនច្រើនដូចឆ្នាំមុនទេ ដើម្បីការពារកុំអោយយកទៀនមកគរទុកហើយបណ្ដាលអោយពិបាកទុកដាក់ នាំឲ្យមានបញ្ហាបាក់បែកមិនអាចលក់ឆ្នាំក្រោយ។ ក្នុងករណីដែលមានបញ្ហាទៀនបាក់ដោយប្រការណាមួយ អ្នកស្រីថាក្រុមហ៊ុនដែលជាអ្នកបោះទៀនវស្សាភាគច្រើន ទទួលយកទៅរំលាយឲ្យដើម្បីចាក់ថ្មីឲ្យដូចដើមទេ គ្រាន់តែត្រូវបង់ថ្លៃសេវាចាក់ទៀនឲ្យសារថ្មី ដែលនាំឲ្យតម្លៃទៀនវស្សាសម្រាប់លក់ចេញកើនឡើងពិបាកប្រកួតប្រជែង។

IMG_7931

យោងតាមទំនៀមទម្លាប់ ការបូជាទៀនវស្សាគឺជាផ្នែកមួយនៃក្តីគោរពរបស់ពុទ្ធបរិស័ទ ក្នុងបំណងរំលឹកនឹកដល់គុណូបការៈនៃព្រះសម្មាសម្ពុទ្ធសមណគោតម ទើបនៅក្នុងជំនឿខ្មែរមានការបូជានូវគ្រឿងសក្ការៈ មានប្រទីប ទៀន ធូប និងផ្កាភ្ញីជាដើម ព្រមជាមួយនឹងជំនឿថាអ្នកធ្វើទាននេះ នឹងមានពន្លឺត្រចះច្រចង់នោះផង។ កាលពីបុរាណ ទៀនវស្សាគេធ្វើពីក្រមួនឃ្មុំ ដោយយកទៅស្ងោរហើយចាក់ចូលពុម្ពធ្វើជាទៀនវស្សា ដែលគេនិយមហៅថា«ពិធីសិតទៀនវស្សា»។ កាលពីសម័យនោះខ្នាតទៀនវស្សាក៏ត្រូវកំណត់យកទំហំ២ចាប់ ទៅ២ចាប់កន្លះ និងកម្ពស់២ហត្ថផងដែរ ដើម្បីអាចដុតបំភ្លីក្នុងទីអារ៉ាមសម្រាប់ព្រះសង្ឃរៀនធម៌ ដោយមិនភ័យរឿងរលត់ចាញ់ខ្យល់ និងអាចទប់ក្រមួនទៀនកុំឲ្យហូរខ្លាំងមកក្រោម។ ប៉ុន្តែសព្វថ្ងៃទំហំ និងកម្ពស់ ត្រូវគេធ្វើឲ្យសមនឹងក្បូរក្បាច់ និងកម្លាំងសទ្ធា ហើយបើទោះជាទីអារ៉ាមភាគច្រើនបានជំនួសដោយភ្លើងអគ្គីសនីព្រោងព្រាត ក៏ការដុតទៀនវស្សានៅតែស្ថិតក្នុងផ្នត់គំនិតខ្មែរ ដើម្បីធ្វើជាប្រទីបជ្វាលាបំភ្លឺពីមុខព្រះបដិមាក្នុងវិហារពេញរយៈពេល៣ខែ។ អ្នកខ្លះយល់ថា បើទៀនរលត់នោះការចូលវស្សារបស់ព្រះភិក្ខុសង្ឃនឹងដាច់ ប៉ុន្តែក្នុងគម្ពីរដីកាពុទ្ធសាសនា បានអះអាងថា ការដាច់វស្សារបស់ភិក្ខុសង្ឃ គឺអាស្រ័យដោយការប្រព្រឹត្តកន្លងវិន័យពុទ្ធបញ្ញត្តិប៉ុណ្ណោះ គ្មានអ្វីទាក់ទងនឹងការរក្សាភ្លើងទៀនវស្សានោះឡើយ។ ត្រង់ចំណុចនេះហើយទើបគេកត់សម្គាល់ថាបើទោះជាស្ថានភាពបណ្ដាលអោយមនុស្សរកប្រាក់មិនសូវបានកម្រិតណា ក៏ប្រពៃណីសិតទៀនវស្សា និងជាវទៀនវស្សាយកទៅតម្កល់តាមវត្តនៅតែមាន៕

ដោយ ៖ ប៉េងលី