Loading...

សម្ដេច​ហ៊ុន ​សែន ៖ ​សូម​កុំ​យក​ករណី​ឃាត​កម្ម​លើ​​លោក ​កែម​​ ឡី ​ធ្វើ​ជា​រឿង​នយោបាយ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 1:55 am

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យអ្នកនយោបាយទាំងអស់ កុំឲ្យយកករណីឃាតកម្មលើលោក កែម ឡី អ្នកវិភាគ និងស្រាវជ្រាវសង្គម ធ្វើជារឿងនយោបាយ ។

ប្រសាសន៍របស់សម្តេច ខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ ខណៈដែលសម្តេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសេនាធិការដ្ឋាន និងសមិទ្ធផលនានារបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកឧកញ៉ា លោក លោកស្រី ភ្លៀវកិត្តយសជាតិ និងអន្តរជាតិជាច្រើនរូប ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថ ប្រមាណជាង២០០០នាក់ បានចូលរួមផងដែរ ។

សម្តេច ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា ករណីបាញ់សម្លាប់លោក កែម ឡី ខាងលើនេះ វាប៉ះពាល់មុខមាត់ធ្ងន់ធ្ងរដល់របស់រាជរដ្ឋាភិបាល ព្រោះវាបានបង្ហាញពីការអសមត្ថភាព នៃការការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលតែងតែនិយាយអួតសរសើរថា ប្រទេសកម្ពុជាកំពុងមានសន្ដិភាព ។

សម្ដេចក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ រក្សាភាពស្ងៀមស្ងាត់ ទុកពេលឲ្យកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ ដោយល្អិតល្អន់ ដោយជៀសវាងបង្វែបញ្ហាសោកដនាកម្មមួយនេះ ទៅជាបញ្ហាអ្វីផ្សេងទៀត ដែលនាំឲ្យល្អក់កក់ដល់សភាពការណ៍នៅកម្ពុជាបច្ចុប្បន្ន ។

ជាមួយគ្នានោះផងដែរ សម្ដេច ហ៊ុន សែន ក៏បានថ្លែងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី និងប្រកាសថ្កោលទោសដាច់ណាត់ជាថ្មីម្ដងទៀត ចំពោះអំពើឃោរឃៅនេះ និងអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ បន្ដស្រាវជ្រាវករណីនេះឲ្យស៊ីជ្រៅ និងឈានទៅកំណត់ឃាតករ និងអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមច្បាប់ ឲ្យខានតែបាន ៕