Loading...

បញ្ជូន​ខ្លួន​បុរស​ម្នាក់ ទៅ​តុលា​ការ ពី​បទ​ហិង្សា​ដោយ​ចេតនា​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 11:18 am

កណ្តាល៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កណ្តាល សម្រេចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ពីបទ “ហិង្សា ដោយចេតនា” ដើម្បីចាត់ការតាមច្បាប់ ។

បុរសរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកល្វាឯមចាប់ខ្លួន នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីបុរសរូបនេះធ្វើសកម្មភាពវាយ យុវជនម្នាក់ដោយដំបង បណ្តាលឲ្យរងរបួសក្បាល កាលពីវេលា២៣ និង៣០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខវត្តបន្ទាយម្លូ ហៅវត្តជ្រោយជ្រែ ស្ថិតក្នុងភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ ហួត ភារៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ។ ចំណែកឯជនរងគ្រោះឈ្មោះ ជុំ បូរី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករទូកដរ មានទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះនិងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាជិះម៉ូតូទៅឈប់អង្គុយលេងនៅខាងមុខវត្តបន្ទាយម្លូ ហៅវត្ត ជ្រោយជ្រែ ក៏បានជួបគ្នាជាមួយជនសង្ស័យនិងបក្ខពួកកំពុងនៅទីនោះដែរ ខណៈនោះក្រុមជនរងគ្រោះ និងក្រុមជនសង្ស័យបានឈ្លោះប្រកែកពាក្យសំដីគ្នា ។ ភ្លាមៗនោះជនសង្ស័យបានទាញដំបង វាយជនរងគ្រោះ បណ្តាលឲ្យរងរបួសបែកក្បាលទើបនាំគ្នាគេចខ្លួនបាត់ទៅ ។

ក្រោយពីទៅព្យាបាលរបួសនៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ហើយសមត្ថកិច្ចក៏បានអន្តរាគមន៍រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

សិលា