Loading...

វាយ​មួយ​ស្នាប់​កាំ​ភ្លើង រួច​បាញ់​មួយ​គ្រាប់ ប្លន់​យក​ម៉ូតូ​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 9:06 am

ភ្នំពេញ៖ បុរស២នាក់ ទើបមកពីមើលក្មួយនៅមន្ទីរពេទ្យគន្ធបុប្ជាវិញត្រូវជនប្រដាប់អាវុធមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពស្ទាក់វាយនឹងស្នាប់កាំភ្លើងភ្ជង់រងរបួសហើយបាញ់គំរាមមួយគ្រាប់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី ១១ ខែកក្តដា នៅតាមផ្លូវបេតុងអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់ទាំងមានរបួសនិងវិលមុខថា ខ្លួនមានឈ្មោះ ធឹម អូត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកបារាយ ខេត្តកំពង់ធំ និងម្នាក់ទៀត ត្រូវបងប្អូនជីដូនមួយ មានឈ្មោះខី ពិសេស អាយុ២៦ ។  រីឯម៉ូតូដែលក្រុមចោរប្លន់បាននោះ ម៉ាកហុងដាឌ្រីម ស៊េរី០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1H-2542 ។

cgbfgjhvms
សមត្ថកិច្ចកំពុងសាកសួរជនរងគ្រោះពីដំណើររឿង

ជនរងគ្រោះបានឲ្យដឹងទៀតថា មុនពេលកើតហេតុរូបគេរួមនិងបងប្អូនទើបមកពីមើលក្មួយឈឺនៅពេទ្យគន្ធបុប្ផា ខណះពេលដែលជិះម៉ូតូត្រឡប់ទៅបន្ទប់ជួលវិញធ្វើដំណើរតាមផ្លូវបេតុងអង្គតាមិញ មកចំណុចកើតហេតុជាកន្លែងស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ និងម៉ាកស្កុកពី ពណ៍ស មួយគ្រឿងទៀត បានជិះមកស្ទាក់ពីមុខ រួចហើយជនសង្ស័យពីរនាក់ចុះពីម៉ូតូមកវាយរូបគេនឹងស្នាប់កាំភ្លើង បណ្តាលអោយរងរបួស៣កន្លែង ត្រង់កស្មា និងខ្នងរួចអោយចុះពីម៉ូតូព្រមទាំងបាញ់គំរាមមួយគ្រាប់ ទើបយកម៉ូតូរបស់គេជិះចេញទៅបាត់ទៅ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទូរស័ព្ទទៅសុំការអន្តរាគមន៍ពីកំលាំងសមត្ថកិច្ច ភ្លាមៗសមត្ថកិច្ចជាច្រើននាក់បានចេញអន្តរាគមន៍ក្បែរកន្លែងកើតហេតុនិងគ្រប់គោលដៅសំខាន់ៗ តែមិនឃើញមានអ្វីសង្ស័យ ក៏នាំជនរងគ្រោះទៅបង្ហាញកន្លែងកើតហេតុ និងបាននាំជនរងគ្រោះទៅក្លីនិកដើម្បីព្យាបាលរបួស ទើបនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលចោមចៅ ដើម្បីកំណត់មុខសញ្ញាយកមកដាក់ទោសទៅតាមច្បាប់ ៕

ថោង ធីម