Loading...

VJ អាណូ វិលរកឆ្នាំងចាស់

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦​ | តារាខ្មែរ | | 0 | ម៉ោង 2:46 am

មហាជនពិតជាមានការ ភ្ញាក់ផ្អើលមិនតិចទេ ព្រោះតែបាត់មុខ VJ អាណូ ពីរង្វង់សិល្បៈជិត ១០ឆ្នាំទៅហើយ តែពេលនេះ លេចឮថា អតីតពិធីការិនីលេចធ្លោ របស់ប៉ុស្តិ៍លេខ៣ ក្នុងកម្មវិធី “Boom Boom”, “Hello Hi Tech” រូបនេះ បានសម្រេចចិត្តវិលត្រឡប់មក រកឆ្នាំងចាស់វិញហើយ ដោយតាំងចិត្តថា នឹងប្រឡូកសិល្បៈឱ្យបានជោកជាំ។
ប្រភពបានឱ្យដឹងថា VJ អាណូ នឹងត្រៀម សម្តែង MV បទចម្រៀង១បទ របស់លោកអែនឌី ដែលធ្លាប់ល្បីល្បាញ នៅហង្សមាស ហើយថតខារ៉ាអូខេ ជាថ្មី គឺបទ “នឹកបង៥០%” ដោយ VJ អាណូ ត្រូវប៉ះជាមួយ នាងឌុច លីដា ទៀតផង។
អ្នកយកព័ត៌មានយើង បានជួប VJ អាណូ ផ្ទាល់ កាលពីរាត្រីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ហើយអតីតតួឯក ក្នុងរឿង “អង្គរក្សជើងរន្ទះអេភូថង” រូបនេះ ដែល កំពុងតែថតរូបកៀកកើយ ជាមួយបុរសសាច់សខ្ចី លោកអែនឌី នោះ បានប្រាប់ថា នាងពិតជាកំពុង ត្រៀមវិលត្រឡប់មក ចូលសិល្បៈជាថ្មីប្រាកដមែន ហើយជាដំបូង គឺត្រូវថតចម្រៀង MV ជាមួយលោកអែនឌី ទៀតផង។
VJ អាណូ រៀបរាប់ថា “ខ្ញុំមកវិញមែនតើបង! ហើយខ្ញុំនឹងប្រឡូកសិល្បៈ ឱ្យដូចមុនអ៊ីចឹង គ្រាន់តែថាចាំមើលតើបងប្អូននៅតែគាំទ្រខ្ញុំដូច មុនទៀតឬយ៉ាងណា ព្រោះខ្ញុំបាត់មុខយូរដែរ។ ឥឡូវមិនទាន់មាន ប៉ុស្តិ៍ណាដឹងថា ខ្ញុំចូលសិល្បៈវិញទេ អ៊ីចឹងខ្ញុំរង់ចាំមើលសិនថា បើមានការទាក់ទងនោះ តើគេមានលក្ខខណ្ឌបែបណា ហើយបើយើងមា នការយល់ព្រមទាំងសងខាង ខ្ញុំនឹងធ្វើការងារ ពិធីករ អីឡើងវិញ តែខ្ញុំអត់ដឹងទេថា ទៅប៉ុស្តិ៍ណានោះ។ ចំណែកពេល ឆាប់ៗខាងមុខនេះ ខ្ញុំក៏ត្រៀមថត MV ជាមួយលោកអែនឌី ផងដែរ”។
ដោយឡែក លោកអែនឌី ដែលបាននាំ VJ អាណូ ទៅថតរូបឱបចង្កេះគ្នា យ៉ាងស្អិត សាជាថ្មីនោះ បានបន្ថែមថា លោកពិតជាកំពុង ត្រៀមថត MV បទ “នឹកបង៥០%” ឡើងវិញ ដោយជ្រើសរើស តួឯកស្រី VJ អាណូ និង ឌុច លីដា លេងរួមគ្នាមែន។
លោកអែនឌី និយាយថា “ខ្ញុំនិងអាណូ រាប់អានគ្នា ជាច្រើនឆ្នាំហើយ តែរយៈពេលដែលអាណូ ផ្អាកសិល្បៈនេះ ពួកយើងក៏មិនដែលបានជួបគ្នាដែរ គឺទើបតែថ្មីៗនេះទេ ខ្ញុំបានជួបអាណូ ដោយចៃដន្យនៅថៃ ហើយពួកយើង និយាយគ្នាពីការធ្វើ MV ថ្មីនេះ អាណូ គាត់ថា អត់អីទេ គាត់អាចសម្តែងបាន ព្រោះគាត់នៅតែស្រលាញ់សិល្បៈ ហើយចង់ត្រឡប់ មកចូលវិញ ខ្ញុំក៏ជំរុញតែម្តងទៅ ដែល MV នោះ នឹងត្រៀមថតឆាប់ៗនេះហើយ”។
ជុំវិញការបាត់ខ្លួន ជិត១ទសវត្សរ៍របស់ VJ អាណូ នេះធ្វើឱ្យលេចឮ ពាក្យចចាមអារ៉ាម ជាច្រើនបោកបក់លើ អាណូ ដូចជាអ្នកខ្លះថា អាណូ កំពុងរស់នៅហឺុហាលើគំនរទ្រព្យ មានស្វាមីជាមន្ត្រីធំ ហើយអាណូ មានកូនជាដើម តែរាល់ព័ត៌មានទាំងឡាយ អាណូ មិនដែលចេញមុខ បកស្រាយទេ ទើបតែពេលនេះស្ងាត់ៗ បែរជាលេចមុខអាណូ ប្រកាសថា វិលត្រឡប់មកចាប់ អាជីពសិល្បៈសាជាថ្មីតែម្តង។
VJ អាណូ បន្ថែមថា “ខ្ញុំមិនចង់បកស្រាយ អីច្រើនទេ ព្រោះយើងមានអ្នកស្អប់ អ្នកស្រលាញ់ តែខ្ញុំសួរថា បើអ្វីៗដូចការនិយាយរបស់គេមែន ខ្ញុំចាំបាច់ត្រូវវិល ចូលសិល្បៈធ្វើអី? ម៉្លេះចាំតែចាយលុ យទៅហើយ។ រយៈពេលដែលខ្ញុំមិនបានចេញមុខរយៈពេលយូរនេះ ព្រោះខ្ញុំចេញចូល ក្រៅប្រទេសច្រើន ទាក់ទងការរកស៊ី របស់ខ្ញុំ តែខ្ញុំនៅតែស្រលាញ់សិល្បៈតើ! ហើយគិតថា ត្រូវតែត្រឡប់មកវិញ ពិសេសគឺអាជីព ពិធីការិនីពីមុន ហើយបើទោះជាពេលនេះ  ខ្ញុំឈប់មួយរយៈមែន តែខ្ញុំគិតថា ខ្ញុំនៅតែអាចធ្វើបាន ប្រសិនបើមាន ពុកម៉ែបងប្អូនគាំទ្រ”។
ទស្សនិកជនរង់ចាំមើលថា តើ VJ អាណូ ពិតជាត្រូវប្រឡូកសិល្បៈ យ៉ាងពេញទំហឹង ដូចមុនមែន ឬក៏គ្រាន់តែជាការសាកល្បងមួយប្រាវ ដូចវ៉ាង ស្រីណូ ខៀវ សុខារ៉ាវី ឌុច សុភា ហើយក៏បាត់មុខទៅវិញ? តែយ៉ាងណា គេជឿថា VJ អាណូ នៅតែមានការគាំទ្រ ពីមហាជន ព្រោះនាងជាអតីត ពិធីការិនីល្បីឈ្មោះម្នាក់៕ ហ៊ឹម វិចិត្រ

A NO1

A NO2