Loading...

មន្ត្រី​ទូត មិន​និយាយ​ហួស​ពី​បទ​បញ្ជា

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០១៦​ | បរិយាយព័ត៌មានជាតិ | | 0 | ម៉ោង 1:31 am

តាំងពីបរមបុរាណមក មន្ត្រីទូត តែងបំពេញបេសកកម្មឆ្លងប្រទេសមួយ ទៅប្រទេសមួយ ដោយមិននិយាយ ឬចរចា កិច្ចការស្នូលឱ្យហួសពីបទបញ្ជារបស់រដ្ឋាភិបាលខ្លួននោះឡើយ។ ទោះបីជាទូត និយាយលើសលស់ប៉ះពាល់ដល់ប្រទេសដែល ខ្លួនចូលទៅដល់នោះ ក៏មន្ត្រីសាមីប្រទេសមិនត្រូវធ្វើទុក្ខបុកម្នេញ ឬរិះគន់វាយប្រហារមន្ត្រីទូតនោះដែរ។ សូម្បីនៅក្នុងគម្ពីរ “ស្រីហិតោបទេស” ភាគទី៣ ស្តីពី “សង្គ្រាម” ត្រង់កថាខណ្ឌទី៦២ ក៏បានចារទុកថា “ទូត សូម្បីជាអនារ្យជននិយាយពាក្យ មិនគប្បី ក៏មិនត្រូវសម្លាប់ដែរ ព្រោះគេជាមាត់នៃព្រះរាជា ទោះនៅកណ្តាលអាវុធច្រូងច្រាងភ្លឺស្ងាច ទូតមិនចរចាអ្វីក្រៅពី ពាក្យបង្គាប់” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពាក្យថា “ទូត” មានន័យថា អ្នកដែលគេបញ្ជូន ដែលគេប្រើទៅ អ្នកនាំសារ នាំដំណឹងពីម្ខាងទៅម្ខាង ឬមន្ត្រីស័ក្តិធំ ដែលរាជការចាត់ទៅជាតំណាង ដើម្បីទៅនិយាយការផ្ទាល់នឹងរដ្ឋបាលប្រទេសដទៃ នេះបើតាមការពន្យល់លម្អិតក្នុងវចនា- នុក្រមខ្មែរ សម្តេចព្រះសង្ឃរាជជួន ណាត។ ទូត មានច្រើនប្រភេទ ដូចជា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត សូម្បីប្រេសិត កុងស៊ុល ជាតំណាងប្រទេស ក៏ចាត់ទុកជាទូតដែរ។ កាលពីព្រេងនាយ ព្រះមហាក្សត្រខ្មែរ តែងត្រាស់បង្គាប់រាជទូត ឱ្យនាំព្រះរាជសារ ទៅថ្វាយស្តេចក្រុងចិន ស្តេចសៀម ស្តេចយួន ភ្ជាប់ជាមួយរាជបណ្ណាការជាស្ពានមានមេត្រីផង។ ចំណែកស្តេចប្រទេសទាំង នោះ ក៏បានបញ្ជូនរាជទូតចូលគាល់ព្រះមហាក្សត្រខ្មែរ ដែរ ដោយមានតង្វាយផ្សេងៗទុកជាព្រះរាជមេត្រី។ ក្នុងកាលៈទេសៈ ស្រុកកើតសង្គ្រាម ការបញ្ជូនមន្ត្រីទូតទៅវិញទៅមក ភ្ជាប់ព្រះរាជសារកាន់តែញឹកញាប់ ដូចនៅសម័យលង្វែក មន្ត្រីទូតខ្មែរ មានជាន់ថ្នាក់ គឺ “ទូត” មានបុណ្យស័ក្តិខ្ពស់ជាងគេ ដោយមានសហការីធ្វើការអម៣នាក់ រួមមាន “ឧបទូត ទោទូត និងត្រីទូត” មានស័ក្តិយសតាមលំដាប់។ ទូត ភាគច្រើនពាក់ស័ក្តិថ្នាក់ “ហ្លួង” ស័ក្តិ៥ហ៊ូពាន់, ឧបទូត ថ្នាក់ “ឃុន” ស័ក្តិ៤ហ៊ូពាន់, ទោទូត ថ្នាក់ “ឧកម៉ឺន” ស័ក្តិ៣ហ៊ូពាន់, ត្រីទូត ថ្នាក់ “ចះម៉ឺន” ស័ក្តិ២ហ៊ូពាន់។ តំណាងប្រទេសទាំង៤រូបនេះ នៅមានបរិវារហែហម យ៉ាងតិច១កងអនុសេនាតូច ឬប្រហែល៣០នាក់ ត្រូវជិះសេះ ដំរី ឬទូកសំពៅ នាំព្រះរាជសារ និងគ្រឿងបណ្ណាការឆ្លងកាត់ ព្រំប្រទល់។ ក្នុងកាលៈទេសៈណាក៏ដោយ មន្ត្រីទូត និងបេសកកម្មទូត ទោះជានិយាយស្តីខុសលើសលស់យ៉ាងណា ក៏មន្ត្រី សាមីប្រទេសដែលទូតទៅដល់នោះ មិនត្រូវសម្លាប់គេ ឬធ្វើទុក្ខបុកម្នេញបានឡើយ ចាំបាច់ត្រូវតែរៀបចំបដិសណ្ឋារកិច្ច ត្រឹមត្រូវ ជាពិសេសថែរក្សាសន្តិសុខឱ្យគេដាច់ខាត។

ដូច្នេះយើងឃើញថា មន្ត្រីទូតជំនាន់ដើម គ្រាន់តែទទួលបេសកកម្មម្តងម្កាលប៉ុណ្ណោះ ឧទាហរណ៍ ព្រះបាទអង្គឌួង ដោយ អត់ទ្រាំពុំបាននឹងអំពើរំលោភទន្ទ្រានយកទឹកដីពីសំណាក់ជនជាតិយួន និងសៀម ព្រះអង្គបានចាត់បព្វជិតជនជាតិបារាំង ម្នាក់ ឱ្យធ្វើជារាជទូត នាំព្រះរាជសារទៅថ្វាយព្រះចៅណាប៉ូឡេអុងទី៣ នៃប្រទេសបារាំង ដើម្បីសុំអន្តរាគមន៍ ដូចឯកសារមហា- បុរសខ្មែរ សរសេរថា “ទ្រង់ប្រជុំសេនាបតីរដ្ឋមន្ត្រី ព្រមទាំងម៉ុងសែងញ័រមីស ថា “សូមម៉ុងសែងញ័រ (Monseigneur = សម្តេច) នាំព្រះរាជសារទៅសុំកងទ័ពបារាំងសែស មកវាយក្រុងព្រៃនគរ បើវាយបានសម្រេចថ្ងៃណា រាជការក្រុងកម្ពុជា នឹងចេញតម្លៃប្រាក់៥០០ណែន សែនថ្វាយរាជការក្រុងបារាំងសែស…” មានន័យថា សម្តេចមីស (Miche) ដែលចូលមក ផ្សាយគ្រិស្តសាសនា នៅក្រុងឧដុង្គ បានក្លាយជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងប្រទេសកម្ពុជា ព្រោះ លោកចេះភាសាខ្មែរយ៉ាងស្ទាត់ ជាទីទុកចិត្តរបស់ព្រះមហាក្សត្រ ប៉ុន្តែបេសកកម្មរបស់លោកតែម្តងម្កាលទេ ពុំមែនទៅឈរ តំណាងប្រទេសរាប់ឆ្នាំនោះឡើយ។

ធម្មតា ទូត តែងតែចរចានូវអ្វីដែលថ្នាក់ដឹកនាំប្រទេសបង្គាប់មក សូម្បីទូតនោះជាមនុស្សគ្មានអារ្យធម៌ ឬ “អនារ្យជន” ដូចចារទុកក្នុងសៀវភៅ “ស្រីហិតោបទេស” ក៏មិនត្រូវធ្វើបាបគេដែរ។ ការធ្វើទុក្ខបុកម្នេញដល់ មន្ត្រីទូត បានត្រឹមនាំមក នូវអរិភាពរវាងប្រទេសខ្លួន នឹងប្រទេសមួយតែប៉ុណ្ណោះ។ នៅក្នុងរឿង “រាមកេរ្តិ៍” បានតំណាលពីព្រះរាម បានចាត់ហនុមាន ជាសេនាដៃស្តាំ ឱ្យធ្វើទូត ទៅសួរសុខទុក្ខព្រះនាងសិតា ដែលយក្សក្រុងរាពណ៍ចាប់ទៅ។ ពេលទៅដល់ ក្រុងរាពណ៍ មិនស្វាគមន៍ ទូតព្រះរាមនោះទេ បែរជាបង្គាប់សេនាយក្សឱ្យចាប់ហនុមាន សម្លាប់ ដូចជាកាប់ ឬដំក្បាលនឹងអង្រែដែក ជាដើម រហូត ដល់យកសំពត់ជ្រលក់ប្រេង រុំខ្លួនទូតនោះ រួចដុតទាំងរស់ ក៏ត្រូវហនុមានហោះទៅលើអាកាសរលាស់ជជុះភ្លើងឱ្យឆេះក្រុងលង្កា។ សម័យសង្គ្រាមស្តេចកន នឹងព្រះចន្ទរាជា ក៏មានអ្នកបញ្ជូនសារទៅវិញទៅមក ដែលជួនកាលអ្នកនាំសារនោះត្រូវ គេលួចសម្លាប់ ធ្វើឱ្យបែកធ្លាយការសម្ងាត់ ផ្ទុះជាជម្លោះធ្ងន់ទៅៗ។

ក្រឡេកមើលសម័យកាលបច្ចុប្បន្នវិញ មន្ត្រីទូត ប្រេសិត កុងស៊ុល មានតួនាទីទៅប្រចាំការតំណាងប្រទេស មាន អាណត្តិ៣ឆ្នាំ ពុំមែនចេញបំពេញបេសកកម្មម្តងម្កាល ដូចជំនាន់បុរាណនោះឡើយ។ នៅកម្ពុជា យើងឃើញបណ្តាប្រទេស នានា ទាំងប្លុកលោកសេរី និងប្លុកកុម្មុយនិស្ត បានដាក់អង្គទូតរបស់ខ្លួនឱ្យនៅប្រចាំការជាភ្នែកច្រមុះរដ្ឋាភិបាលគេ។ មន្ត្រី ទូតទាំងនោះមានអភ័យឯកសិទ្ធិ ដែលយើងមិនអាចប៉ះពាល់បាន ទោះបីជាគេរិះគន់យើងក្នុងន័យកែលម្អ ក៏មិនគួរវាយ បកទៅគេធ្ងន់ៗនោះឡើយ ព្រោះវានាំឱ្យមានអរិភាព។ ធម្មតាមន្ត្រីទូត ក៏មាននិន្នាការនយោបាយដែរ ទោះបីជាគេគ្មាន សិទ្ធិលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ក៏គេអាចបញ្ចោញឥរិយាបថគាំទ្រគណបក្សណាដែលគេពេញចិត្ត។ ជាក់ស្តែង មន្ត្រីទូត អាមេរិក សហភាពអឺរ៉ុប បង្ហាញឥរិយាបថគាំទ្របក្សប្រឆាំង ខណៈដែលមន្ត្រីទូតចិន រុស្ស៊ី វៀតណាម គាំទ្របក្សកាន់- អំណាច ប៉ុន្តែ ទូតចិន រុស្ស៊ី មិនដែលមានប្រតិកម្មអ្វីប៉ះពាល់ដល់បក្សប្រឆាំងនោះទេ ដោយសារលោកសម រង្ស៊ី កឹម សុខា ដើរនយោបាយចាក់ខ្សែដូចអាប៉ោង ដោយគាំទ្រចិន និងរុស្ស៊ី ដែរ។ ផ្ទុយទៅវិញ ការដែលមន្ត្រីទូតអាមេរិក បារាំង អាល្លឺម៉ង់ បានចូលទៅសួរសុខទុក្ខលោកកឹម សុខា ដល់ទីស្នាក់ការកណ្តាលគណបក្សចាក់ង្រែលើ នោះ ធ្វើឱ្យមន្ត្រីរាជរដ្ឋាភិបាលខ្លះមិន ពេញចិត្ត បានបញ្ចោញប្រតិកម្មរិះគន់មន្ត្រីទូតទាំងនោះថា មានភាពលម្អៀង។ ដូច្នេះ បើមន្ត្រីរដ្ឋាភិបាលកម្ពុជា វាយបកមន្ត្រី ទូតនោះ ឈ្មោះថា វាយរដ្ឋាភិបាលប្រទេសនោះ ព្រោះថា “ទូត សូម្បីជាអនារ្យជន និយាយពាក្យមិនគប្បី ក៏មិនត្រូវសម្លាប់ ដែរ ព្រោះគេជាមាត់នៃព្រះរាជា ទោះនៅកណ្តាលអាវុធច្រូងច្រាងភ្លឺស្ងាច ទូតមិនចរចាអ្វីក្រៅពីពាក្យបង្គាប់” មានន័យថា អង្គទូតប្រចាំការវិសាមញ្ញក្តី ទូតប្រយោលក្តី ទោះជាការនិយាយនោះគ្មានអារ្យធម៌ ក៏មន្ត្រីរដ្ឋាភិបាលប្រទេសសាមី ត្រូវ មានភាពអត់ធ្មត់ឱ្យដល់កម្រិត ឬថា បើចង់ប្រតិកម្មតបវិញ លុះត្រាតែជាប្រតិកម្មត្រជាក់ ពាក្យសម្តីសុភាពរាបសា ដើម្បី បញ្ចៀសអរិភាព។ ការធ្វើខ្លាំងពេកបានត្រឹមនាំផលវិបាកតែប៉ុណ្ណោះ ដូចករណីខ្លះនៅពេលប្រទេសដែលដាក់ទូតនោះខឹង សម្បា ក៏កោះហៅទូតរបស់គេទៅវិញ។ ឧទាហរណ៍ អតីតនាយករដ្ឋមន្ត្រីថៃ លោកអៈភិស៊ីត វេឆាឈីវ៉ៈ បានកោះហៅ ទូតថៃ ទៅវិញ នៅពេលរដ្ឋាភិបាលកម្ពុជា តែងតាំងលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ជាឧត្តមទីប្រឹក្សា រាជរដ្ឋាភិបាល។ រីឯរដ្ឋាភិបាលអូស្ត្រាលី ក៏បានកោះហៅទូតរបស់ខ្លួនចេញពីឥណ្ឌូនេស៊ី ដោយខឹងសម្បានឹងការប្រហារជីវិត ជនជាតិអូស្ត្រាលី២នាក់ ពាក់ព័ន្ធគ្រឿងញៀន។

សរុបទៅ “មន្ត្រីទូត មិននិយាយហួសពីបទបញ្ជា” គឺមានន័យយ៉ាងនេះឯង។ ហេតុនេះ ដើម្បីរឹតចំណងមិត្តភាពរវាង កម្ពុជា និងបណ្តាប្រទេសនានាដែលដាក់ទូត ឬអង្គការនានានៅកម្ពុជា ទោះគេនិយាយលើសលស់យ៉ាងណា ក៏គួរយើងអនុគ្រោះ ដោយព្យាយាមធត់ធ្មត់ឱ្យដល់កម្រិត ដើម្បីលើកកិត្តិយស ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលើកតម្កើងប្រជាជាតិ ខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា៕

ដោយ ៖ អាចារ្យថាំ