Loading...

វីរបុរស មាន​ន័យ​យ៉ាង​ណា?

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦​ | បរិយាយព័ត៌មានជាតិ | | 0 | ម៉ោង 1:24 am

ភាពប្រទង់ប្រទាញក្នុងការស្នើសុំដាក់តម្កល់រូបសំណាកលោកបណ្ឌិតកែម ឡី នៅទីលានប្រជាធិបតេយ្យ ដែលភាគី ម្ខាងលើកឡើងពីគុណបំណាច់របស់សពស្មើវីរបុរស ឯភាគីម្ខាងទៀត ព្យាយាមជំទាស់នោះ បានក្លាយជាកម្មវត្ថុនៃការតាមដានពីមជ្ឈដ្ឋានមហាជន។ ធម្មតា និន្នាការ២ ក៏មិនខុសពីផ្លូវបែកជា២នោះដែរ គឺភាគីម្ខាងចង់ទៅស្តាំ ម្ខាងទៀតចង់ទៅ ឆ្វេង ដោយយកសកម្មភាពអ្នកវិភាគសង្គមដែលរងការធ្វើឃាតនោះមកជជែកគ្នា ទើប “នគរធំ” សម្រេចលើក “វីរបុរស មានន័យយ៉ាងណា?” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពាក្យថា “វីរបុរស ឬវីរជន” ជាភាសាបាលី-សំស្ក្រឹត ស្របនឹងភាសាអង់គ្លេស រៀះ ឯភាសាបារាំង រៃះសៀ មានន័យ ថា បុរសអង់អាចក្លាហានក្លៀវក្លា មោះមុតខ្លាំងពូកែ។ បើប្រើជាឥត្ថិលិង្គ គឺ “វីរនារី ឬវីរស្ត្រី” ដែលមានន័យក្លាហានអង់អាច ហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិដូចគ្នា។ ជួនកាល ពាក្យនេះមានបន្ថែម “មហា” នៅពីមុខ ដូចជា “មហាវីរបុរស មហាវីរនារី” បើជាព្រះមហាក្សត្រ ហៅថា “ព្រះមហាវីរក្សត្រ ព្រះមហាវីររាជិនី” ជាដើម។ ក្នុងក្រាំងសាវតារខ្មែរ យើងឃើញតេជោ- មាស តេជោយ៉ត ក្រឡាហោមគង់ និងបុព្វការីជនមួយចំនួនទៀត ជាប់ឈ្មោះជាវីរបុរស។ សូម្បីលោកអាចារ្យហែម ចៀវ ដែលស្លាប់នៅក្នុងគុកកោះត្រឡាច ដោយការប្រឆាំងបារាំង ដែលចង់លុបបំបាត់អក្សរសាស្ត្រខ្មែរនោះ ត្រូវបានលោកសេនា- ប្រមុខលន់ នល់ បញ្ជាឱ្យលើងសពធ្វើបុណ្យបូជា បញ្ចុះអដ្ឋិធាតុក្នុងចេតិយមួយ នាវត្តឧណ្ណាលោម និងត្រូវបានផ្តល់គោរម- ងារជា “វីរបុរសខ្មែរ”។ រីឯព្រះគោរមងារជា “ព្រះមហាវីរក្សត្រ” មានព្រះបាទជយវរ្ម័នទី៧ និងសម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សុទ្ធសឹងតែមានព្រះបរមរូបតម្កល់ទុក សម្រាប់ប្រជារាស្ត្រធ្វើសក្ការបូជា។ នៅប្រទេសគេ ក៏មានវីរបុរស ដែរ ដូចជា លោកសេនាប្រមុខចេន យី នៃប្រទេសចិន, លោកឧត្តមសេនីយ៍ ស្ហាល ដឺហ្គោល នៃប្រទេសបារាំង, លោកសេនា- ប្រមុខគីម អ៊ីលស៊ុង នៃប្រទេសកូរ៉េខាងជើង ជាដើម។ មហាវីរបុរសទាំងប៉ុន្មានរូបនេះ បានដឹកនាំចលនាតស៊ូប្រដាប់អាវុធ ខ្លាំងក្លាណាស់ ដើម្បីដណ្តើមឯករាជ្យជូនជាតិមាតុភូមិ ដោយមិនស្តាយអាយុជីវិត។ ងារវីរបុរស ផ្តល់ឱ្យមិនចំពោះតែកងទ័ព ប៉ុណ្ណោះទេ សូម្បីតក្កវិទូ តារាវិទូ ទស្សនវិទូ ក៏អាចទទួលបានងារដ៏ឧត្តុង្គឧត្តមនេះដែរ។ លោកយូរី ហ្គាហ្គារីន (Yuri Gagarin) អ្នកអវកាសសូវៀត-រុស្ស៊ី ជាមនុស្សដំបូង ដែលបានបើកបរយានអវកាសវ៉ូស្តុក (Vostok) ព័ទ្ធជុំវិញផែនដី ចូលដល់គន្លង តារាវិថី កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ ត្រូវបានក្រុមប្រឹក្សាសូវៀតជាន់ខ្ពស់ បំពាក់មេដាយកិត្តិយសខ្ពស់បំផុត និង ក្លាយជា “វីរបុរស” ដែលគ្មានគូប្រដូច។

ដូច្នេះយើងឃើញថា គោរមងារវីរបុរស វីរជន វីរនារី មិនចំពោះតែកងទ័ពបូជាជីវិតលើសមរភូមិនោះទេ សូម្បីអ្នក បើកបរយន្តហោះ ឬយានអវកាស ក៏បានទទួលងារនេះដែរ ឱ្យតែសកម្មភាពនោះគ្មានបុគ្គលណាធ្វើដូចក្នុងជំនាន់ជាមួយគ្នា ដោយមិននិយាយពីអ្នកខ្លាំងស្រករក្រោយ។ ជាទូទៅ គោរមងារនេះ ច្រើនតែផ្តល់ជូននៅពេលអ្នកខ្លាំងនោះបាត់បង់ជីវិត ឬថា ពេលគាត់នៅរស់ មិនទាន់មានឈ្មោះជាវីរបុរសទេ លុះគាត់ស្លាប់ ទើបមានការតែងតាំងជាផ្លូវការ។ ឧទាហរណ៍ ឧកញ៉ាសួគ៌ាលោកមឿង ចៅហ្វាយខេត្តពោធិ៍សាត់ ពេលលោកនៅរស់ មិនទាន់មានងារជាវីរបុរសនោះទេ លុះលោកហ៊ាន បូជាជីវិតលោតចូលរណ្តៅគ្រឿងអាវុធ ទៅកេណ្ឌទ័ពបិសាចមកជួយកងទ័ពខ្មែរ ទើបមានឈ្មោះជាវីរបុរស។ ស្ទើរតែទាំង- អស់ វីរបុរស ឬវីរនារី ភាគច្រើនស្លាប់ដោយគ្រឿងអាវុធ ឬថា ជួនកាលត្រូវគេលួចធ្វើឃាត ពុំនោះលោកធ្វើអត្តឃាត ដូចករណី “អ្នកតាឃ្លាំងមឿង” ដែលធ្វើអត្តឃាតក្នុងរណ្តៅគ្រឿងអាវុធ ក៏ដូចជា ឧកញ៉ាតេជោបុរារាជ មាស ឬតេជោមាស ដែលសម្លាប់ខ្លួនលើចង្ក្រានភ្លើង។ ដោយឡែកក្រឡាហោមគង់ ដែលស្លាប់ដោយសារបារាំង ចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់ ក៏ដូចអាចារ្យហែម ចៀវ ដែលស្លាប់ក្នុងពន្ធនាគារនោះ ចាត់ទុកថា លោកត្រូវគេធ្វើឃាត សុទ្ធតែមានងារជាវីរបុរសដូចគ្នា។ តាមជំនឿបុរាណ មនុស្សល្បីល្បាញដែលស្លាប់ដើម្បីជាតិមាតុភូមិ ព្រលឹងលោកនៅវិលវល់ ទៅកើតជា “អ្នកតា ឬអ្នកដូន” ដូចជា អ្នកតាឃ្លាំងមឿង អ្នកតាក្រហមក (តេជោមាស) អ្នកតាដំបងដែក (ពញាដែក) ជំទាវម៉ៅ ជំទាវតី ឬព្រាយ កន្ទោងខៀវ (អ្នកម្នាងខៀវ) ជាដើម។

ងាកមកស្ថានការណ៍បច្ចុប្បន្នវិញ បន្ទាប់ពីបក្សប្រឆាំង ក៏ដូចជាក្រុមគ្រួសារលោកបណ្ឌិតកែម ឡី ស្នើអាជ្ញាធររាជធានី អនុញ្ញាតតម្កល់រូបសំណាកនៃសពនៅទីលានប្រជាធិបតេយ្យ ដោយចាត់ទុកលោកកែម ឡី ស្មើ “វីរបុរស” នោះ មិនទាន់ មានចម្លើយជាផ្លូវការនោះទេ។ ទន្ទឹមនោះ សមាគមអតីតយុទ្ធជន ដែលមាននិន្នាការគាំទ្របក្សកាន់អំណាច បានជំទាស់នឹង ការសុំតម្កល់រូបសំណាកនេះ ដោយលើកឡើងថា “លោកកែម ឡី គ្មានគុណសម្បត្តិអ្វីឱ្យសមជាវីរបុរស” នោះទេ។ នាយ- ទាហានម្នាក់ ក៏បានសរសេរក្នុងហ្វេសប៊ុក លើកឡើងពីគុណសម្បត្តិរបស់កងទ័ពការពារព្រំដែនទិសប្រាសាទព្រះវិហារ ប្រាសាទ តាមាន់ ប្រាសាទតាក្របី ដែលខ្លះបានពលីជីវិត មិនបានងារជាវីរបុរសផង ចុះហេតុអ្វីលោកបណ្ឌិតកែម ឡី គ្រាន់តែជាអ្នក វិភាគសង្គមយ៉ាងសាមញ្ញ ត្រូវបានលើកតម្កើងជាវីរបុរស?

ភាពប្រទង់ប្រទាញគ្នានេះ គឺមកពីនិន្នាការនយោបាយតែម្តង ប៉ុន្តែ គួរយល់ថា ពាក្យ “ចាត់ទុក” និង “តែងតាំង” មានន័យខុសគ្នាស្រឡះ។ អ្នកគាំទ្រលោកបណ្ឌិតកែម ឡី និយាយថា “ចាត់ទុកលោកបណ្ឌិតកែម ឡី ជាវីរបុរស” គឺមិនមែន ជាវីរបុរសនោះទេ ប៉ុន្តែ បើមានការ “តែងតាំងដោយព្រះរាជក្រឹត្យ” ទើបពេញសិទ្ធិជាវីរបុរស។ ដូច្នេះ បើត្រឹមតែ “ចាត់ទុក” គ្មានអ្វីគួរឱ្យបារម្ភនោះទេ សូម្បីយុទ្ធជនដែលបានពលីជីវិតការពារប្រាសាទព្រះវិហារ ក៏មានការចាត់ទុកជាវីរបុរសដែរ។ គួរ កុំភ្លេចថា នាយទាហានហ៊្វុនស៊ិនប៉ិច ដែលស្លាប់ក្នុងព្រឹត្តិការណ៍បង្ហូរឈាម ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ មានឧត្តមសេនីយ៍ ហូ សុខ ឧត្តមសេនីយ៍ ចៅ សម្បត្តិ ជាដើម ត្រូវបានគណបក្សហ៊្វុនស៊ិនប៉ិច ចាត់ទុកជាវីរបុរសដែរ។ ផ្ទុយទៅវិញ លោកអាចារ្យ ហែម ចៀវ ដែលទទួលបាន “ក្រឹត្យប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរ” ដែលមានអាសនៈនៅអង្គការសហប្រជាជាតិ គឺ “ពិតជាវីរបុរស” មិនអាចប្រកែកបានឡើយ ព្រោះមានការតែងតាំងជាផ្លូវការ។

អាស្រ័យហេតុនេះ គួរតែអ្នកនយោបាយ អ្នកវិភាគ ក៏ដូចកងកម្លាំងប្រដាប់អាវុធ កុំស្រពេចស្រពិលនឹងពាក្យថា “វីរបុរស” ព្រោះការ “តែងតាំង” និង “ចាត់ទុក” មានន័យមិនដូចគ្នាទេ។ ចំពោះរូបសំណាកលោកបណ្ឌិតកែម ឡី ដែលស្នើតម្កល់នៅ ទីលានប្រជាធិបតេយ្យ ដោយក្រុមគ្រួសារសព និងបក្សប្រឆាំង ដោយមានការជំទាស់ពីសមាគមអតីតយុទ្ធជននោះ អាស្រ័យ លើរាជរដ្ឋាភិបាល ជាអ្នកសម្រេច។ បើសិនជាគ្មានការអនុញ្ញាតឱ្យតម្កល់នៅទីលានប្រជាធិបតេយ្យ អាចនឹងមានទំនាស់ សតិអារម្មណ៍កាន់តែធ្ងន់ ប៉ុន្តែ បើយកទៅតម្កល់នៅមុខផ្នូរសព ឯខេត្តតាកែវ អាចធ្វើឱ្យជំនឿបុរាណវិលមកវិញ។ ជំនឿ បុរាណថា មនុស្សល្បីដែលស្លាប់ដោយការធ្វើឃាត ឬអត្តឃាត តែងកើតជាអ្នកតា។ ដូច្នេះ តើយើងអាចទាយត្រូវទេ បើសិន ជាអនាគតកាល ឬ១០០ឆ្នាំខាងមុខ ផ្នូរសពលោកបណ្ឌិតកែម ឡី ក្លាយជា “អាស្រមអ្នកតាឡី” នោះ?

សរុបទៅ “វីរបុរស មានន័យយ៉ាងណា?” គ្រាន់តែជាការបកស្រាយទៅតាមប្រត្យក្សភាពសង្គមខ្មែរ និងសាកលលោក តែប៉ុណ្ណោះ។ ករណីតម្កល់រូបសំណាក ជាការសម្រេចរបស់រាជរដ្ឋាភិបាល ឯការផ្តល់គោរមងារជា “វីរបុរស” លុះត្រាតែមាន ព្រះរាជក្រឹត្យជាផ្លូវការ។ ដូច្នេះ ដើម្បីកុំឱ្យមានអរិភាពរវាងខ្មែរនិងខ្មែរ គួរតែអ្នកនយោបាយរួមគ្នាដោះស្រាយបញ្ហានេះ ប្រកបដោយសុភវិនិច្ឆ័យ ដោយមិនលម្អៀង ទើបធានាថា វិញ្ញាណក្ខន្ធនៃសព នឹងបានសុខស្ងប់ក្នុងសុគតិភព៕

ដោយ ៖ អាចារ្យថាំ