Loading...

កម្លាំង​មនុស្ស​៨​ប្រ​ភេទ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១៦​ | បរិយាយព័ត៌មានជាតិ | | 0 | ម៉ោង 1:42 am

គម្ពីរ “ស្រីហិតោបទេស” និពន្ធដោយអ្នកប្រាជ្ញឥណ្ឌា ឈ្មោះ “នារាយណបណ្ឌិត” និងបានបកប្រែពីភាសាសំស្ក្រឹត ដោយ ព្រះភិក្ខុវីរិយបណ្ឌិតតោប៉ាង ខាត់ អ្នកប្រាជ្ញសង្ឃដ៏ល្បី មានកថាខណ្ឌមួយនិយាយពី “កម្លាំងមនុស្ស៨ប្រភេទ” គឺព្រះរាជា, បណ្ឌិត, ជនពាល, ពហុស្សូត, សមណព្រាហ្មណ៍, ស្ត្រី, ទារក និងចោរ។ មនុស្សទាំង៨ប្រភេទនេះ មាន “កម្លាំងជំរុញ” ធ្វើឱ្យ ឈ្នះគេ ឬចាញ់គេ សូម្បីអ្នកនយោបាយ ក៏ចៀសមិនផុតពីបុគ្គលិកលក្ខណៈនេះដែរ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កថាខណ្ឌស្រីហិតោបទេស បានសរសេរជាអាទិ៍ថា “ព្រះរាជា មាន “ឥស្សរិយយស” ជាកម្លាំង។ បណ្ឌិត មាន “ការមិន រករឿងគេ” ជាកម្លាំង។ ជនពាល មាន “ការរករឿងគេ” ជាកម្លាំង។ ពហុស្សូតមាន “ការពិចារណា” ជាកម្លាំង។ សមណព្រាហ្មណ៍ មាន “ខន្តី” ជាកម្លាំង។ ទារក មាន “យំ” ជាកម្លាំង។ ស្ត្រី មាន “ក្រោធ” ជាកម្លាំង។ ចោរ មាន “គ្រឿងអាវុធ” ជាកម្លាំង។ បុគ្គលទាំង៨ប្រភេទនេះ យើងឃើញរស់នៅក្នុងសង្គម ឬរបប ទោះនៅប្រទេសណាក៏មានដែរ គ្រាន់តែព្រះមហាក្សត្រ មាន នៅក្នុងរបបរាជានិយម ខណៈដែលសាធារណរដ្ឋនិយម មានប្រធានាធិបតី ដែលមាន “ឥស្សរិយយស” ឬបុព្វសិទ្ធិស្មើព្រះមហាក្សត្រ។ យើងសុំមិននិយាយពីព្រះមហាក្សត្រ នោះទេ តែចង់លើកឡើងពី បណ្ឌិត, ជនពាល, ពហុស្សូត, សមណព្រហ្មណ៍, ស្ត្រី, ទារក និងចោរ តើ “កម្លាំងជំរុញ” នោះមានប្រសិទ្ធភាពយ៉ាងណា?

-បណ្ឌិត មាន “ការមិនរករឿងគេ” ជាកម្លាំង ៖ ពាក្យថា បណ្ឌិត សំដៅដល់អ្នកចេះដឹងជ្រៅជ្រះ មានសញ្ញាបត្រជាគ្រឿងសម្គាល់ សូម្បីព្រះសង្ឃបួសរៀនច្រើនវស្សា ពេលលាចាកសិក្ខាបទ ក៏មានឈ្មោះថាជាបណ្ឌិត ដែរ។ ធម្មតា បណ្ឌិតពិតប្រាកដ មិនចេះរករឿងគេទេ ឬថា នៅសុខៗទៅបង្កហេតុនាំឱ្យមានជម្លោះជាមួយគេនោះ មិនសមលក្ខណៈជាបណ្ឌិតនោះឡើយ។ ឧទាហរណ៍ ព្រះមហោសថ ឬធនញ្ជ័យ លោកមិនដែលទៅរករឿងអ្នកណាទេ គ្រាន់តែមានមធ្យោបាយការពារខ្លួនប៉ុណ្ណោះ ក្នុងករណីមាននាហ្មឺនមន្ត្រីខ្លះញុះញង់រករឿង ក៏ប្រើល្បិចប្រកបដោយសន្តិវិធីទប់ទល់ដោយមិនប្រើហិង្សា។

-ជនពាល មាន “ការរករឿងគេ” ជាកម្លាំង ៖ សំដៅដល់មនុស្សអាក្រក់ អយុត្តិធម៌ ជិះជាន់សង្កត់សង្កិនគេ តែងបង្កហេតុជាមួយជនស្លូតត្រង់ជានិច្ច។ ឧទាហរណ៍ដូចអាចារ្យកេវដ្តព្រាហ្មណ៍ និងមន្ត្រីវាំង ក្នុងរឿង “មហោសថជាតក” និងរឿង “ធនញ្ជ័យ” តែងរករឿងតួអង្គពោធិសត្វ ដែលជាបណ្ឌិត តែទោះបីជាជនពាលប្រឹងសន្សំរឿងយ៉ាងណាក៏មិនឈ្នះបណ្ឌិត។

-ពហុស្សូត មាន “ការពិចារណា” ជាកម្លាំង ៖ សំដៅដល់អ្នកចេះប្រើមុខវិជ្ជា អាចសូត្ររត់មាត់ ដូចជា ព្រះសង្ឃចាក់ធ្លុះ ព្រះត្រៃបិដក តែងមានការពិចារណាចំពោះមុខវិជ្ជានីមួយៗ ជាពិសេសមុននឹងជឿអ្វី លោកត្រូវពិចារណាវែងឆ្ងាយណាស់ ចៀសវាងការប្រតិបត្តិខុស។

-សមណព្រាហ្មណ៍ មាន “ខន្តី” ជាកម្លាំង ៖ សំដៅដល់ព្រះសង្ឃ ឬតាបសឥសី សីលវន្ត សីលវតី នេះឯង ទោះជាសាសនា ណាក៏មានអ្នកកាន់សីលដែរ ចាំបាច់ត្រូវតែមានខន្តី ឬចេះអត់ធ្មត់ឱ្យដល់កម្រិត។ ឧទាហរណ៍ ព្រះមហាសារីបុត្រ ជាអគ្គសាវ័កស្តាំ របស់ព្រះពុទ្ធបរមគ្រូ ត្រូវយក្សយង់សាមាន្យ ដកដើមត្នោតវាយព្រះសិរ (ក្បាល) របស់ព្រះអង្គ ក្នុងពេលចូលនិរោធ សមាបត្តិ លាន់ឮដូចផ្គរលាន់ តែមិនមានស្លាកស្នាមអ្វីនោះ ព្រះអង្គមិនខឹងទេ ព្រោះមានធម៌ខន្តី ចងជាប់ព្រះទ័យ។

-ស្ត្រី មាន “ក្រោធ” ជាកម្លាំង ៖ ធម្មតាស្ត្រី ឬនារីភេទ តំណាងឱ្យភាពទន់ភ្លន់ និងសោភណភាព ប៉ុន្តែ បើនាងខឹងខ្លាំង ទោះជាមានឧបសគ្គរាំងមុខយ៉ាងណាក៏លែងខ្លាចស្លាប់។ ឧទាហរណ៍ ស្ត្រីបឹងកក់ បុរីកីឡា ថ្មគោល ព្រោះតែកំហឹង ឬក្រោធ នេះឯង បានជានាំគ្នាតវ៉ា ឬយកបាតុកម្ម កូដកម្ម ថ្ងៃចន្ទពណ៌ខ្មៅ ធ្វើអាជីព ទោះជាសមត្ថកិច្ចបង្ក្រាបយ៉ាងណាក៏នៅតែខឹង ទៅៗ មិនដឹងថ្ងៃណាត្រជាក់។

-ទារក មាន “យំ” ជាកម្លាំង ៖ ធម្មតាទារក ទារិកា បើមិនយំ គេមិនដឹងថា វាឃ្លានទឹកដោះនោះទេ ជួនកាល ការមិន ស្រែកយំ ឬយំមិនឮ អាចជាសញ្ញាថា “គ” ពីកំណើត។ ដូច្នេះ ការយំរបស់ទារក ជំរុញម្តាយឱ្យលើកបំបៅ ដូចកំណាព្យលោក កេង វ៉ាន់សាក់ ថា“កើតតាមយំ ធំតាមឃ្លាន មានតាមក្រ…”

-ចោរ មាន “គ្រឿងអាវុធ” ជាកម្លាំង ៖ ធម្មតាចោរ មិនសូវប្រើដៃទទេក្នុងការលួចប្លន់នោះឡើយ ឬថា បើគ្មានដាវ លំពែង កាំបិត ពូថៅ កាំភ្លើងកាន់ជាប់ដៃ ចោរមិនអាចធ្វើសកម្មភាពបានឡើយ។ ចោរអង្គុលីមាល៍ដ៏ខ្លាំងពូកែ បានកាន់ដាវ ដ៏មានមុខសស្ងាច ដេញកាប់ព្រះពុទ្ធបរមគ្រូ លើចម្ងាយផ្លូវ៣យោជន៍ តែមិនអាចយកឈ្នះ “ធម៌ខន្តី”។

ដូច្នេះ យើងឃើញថា កម្លាំងមនុស្ស ដូចលើកឡើងខាងលើនេះ គឺជាបុគ្គលិកលក្ខណៈសម្រាប់វាស់ស្ទង់ចរិយាសម្បត្តិ របស់អ្នកនយោបាយតែម្តង។ បើជាអ្នកនយោបាយ “ជាតិនិយម” មានគុណធម៌ ច្បាស់ជាគាត់ជ្រើសយកកម្លាំងបណ្ឌិត, ពហុស្សូត និងសមណព្រាហ្មណ៍ មិនខានឡើយ។ ផ្ទុយទៅវិញ បើជាអ្នកនយោបាយប្រជាភិថុតិ ខ្វះគុណធម៌ ច្បាស់ជាគាត់ ជ្រើសយកកម្លាំងជនពាល, ស្ត្រី, ទារក និងចោរ។ តើសព្វថ្ងៃនៅកម្ពុជា មានអ្នកនយោបាយប្រភេទណាខ្លះ? យើងអាច ឆ្លើយបានថា មានលាយចម្រុះពណ៌សម្បុរគ្រប់ប្រភេទ ព្រោះតែគណបក្សច្រើនពេក ប៉ុន្តែគេអាចវាស់ស្ទង់ដឹងថា អ្នកនយោ- បាយមានលក្ខណៈដូចម្តេច មិនច្រឡំឡើយ នៅពេលគាត់និយាយចេញមកជាសាធារណៈ ព្រោះ “ពាក្យសម្តីជាគ្រឿង សម្គាល់ចិត្ត”។ មានន័យថា បើអ្នកនយោបាយនោះជាប្រភេទ “បណ្ឌិត” គាត់មិនចេះរករឿងគេទេ ឯខ្លឹមសារឃ្លាប្រយោគ ក្នុងសុន្ទរកថា ឬសំណេរក្នុងហ្វេសប៊ុក មានន័យអប់រំសង្គម លើកឡើងពីកំហុសរបស់ខ្លួនធំជាងកំហុសគេ។ បើគាត់ជាអ្នកនយោបាយប្រភេទ “ជនពាល” ហាឡើងម៉ាត់ណាមិនដែលភ្លេចការបង្ករឿង ទម្លាក់កំហុសលើគេ ឯកំហុសខ្លួនឯងមើលមិន ឃើញ។ បើគាត់ជាអ្នកនយោបាយ ប្រភេទ “ពហុស្សូត និងសមណព្រាហ្មណ៍” ច្បាស់ជាសុន្ទរកថា ឬបាឋកថារបស់គាត់ បង្កប់ធម៌ខន្តី ចេះពិចារណាវែងឆ្ងាយ។ បើអ្នកនយោបាយនោះជាប្រភេទ “ស្ត្រី ទារក និងចោរ” ច្បាស់ណាស់ថា សកម្មភាព អ្វីដែលគាត់សម្តែងចេញមក បង្កប់ភាពក្រេវក្រោធ អាងកម្លាំងបាយ ឬចេះយំសម្រក់ទឹកភ្នែក ធ្វើឱ្យអ្នកស្តាប់អាណិតអាសូរ។

អ្វីដែលប្រជាពលរដ្ឋ ក៏ដូចជា “នគរធំ” ចង់បាននោះ គឺអ្នកនយោបាយ៣ប្រភេទ រួមមាន បណ្ឌិត ពហុស្សូត និងសមណព្រាហ្មណ៍នេះឯង ព្រោះអ្នកនយោបាយទាំងនេះ មានកម្លាំងជំរុញ នាំជាតិមាតុភូមិឱ្យមានវឌ្ឍនភាព និងសន្តិភាព។ ប៉ុន្តែអ្វី ដែលមនុស្សមួយនគរមិនចង់បាននោះ គឺអ្នកនយោបាយ “ពាល, ស្ត្រី, ទារក និងចោរព្រោះថា បើសង្គមណា ប្រទេសណា ប៉ះអ្នកនយោបាយចូលចិត្តបង្ករឿង ពូកែខឹងក្រេវក្រោធ អាងកម្លាំងបាយ ចេះយំដូចទារកទារទឹកដោះនោះ ច្បាស់ជារក ការរីកចម្រើនមិនឃើញទេ។

ទោះជាគាថា “ស្រីហិតោបទេស” ចារទុកយ៉ាងនេះក្តី ក៏មានបដិបក្ខមតិ ឬមតិផ្ទុយលើកឡើងថា “អ្នកនយោបាយខ្លាំង លុះត្រាតែចេះខឹង ចេះល្បិចបង្កហេតុ ចេះគំរាមកំហែង ចេះធ្វើប្រជាភិថុតិ ចេះធ្វើកម្សត់ស្រក់ទឹកភ្នែកខ្លះ ទើបយកប្រៀប លើគូប្រជែងបាន តែបើធ្វើស្លូតៗនោះ ចាំតែចាញ់គេទៅ”។ មតិផ្ទុយគ្នានេះ អាចទទួលយកបានដូចគ្នា ក្នុងសង្គមមួយដែល មានការប្រកួតប្រជែងលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាយុទ្ធសាស្ត្រសម្រាប់អ្នកនយោបាយយកទៅពិចារណា។

សរុបទៅ “កម្លាំងមនុស្ស៨ប្រភេទ” គ្រាន់តែជាការបកស្រាយគំនិតអ្នកប្រាជ្ញតែប៉ុណ្ណោះ ដើម្បីបំភ្លឺផ្លូវបុគ្គលទាំងឡាយ ណា ដែលចង់យកឈ្នះគេក្នុងការបោះឆ្នោតខាងមុខ។ ហេតុនេះ តើអ្នកនយោបាយដែលមានដល់ទៅជាង៦០គណបក្សនោះ ជ្រើសយកមួយណា ក្នុងចំណោមកម្លាំងជំរុញទាំង៨នេះ? តែបើចង់ជ្រើសយកទាំងអស់ ដោយចេះដើរតួស្លូតផង កាចផង កាន់ធម៌ផង កាប់ចាក់ផងនោះ ក្រែងវ័ណ្ឌកដោយសារម្ចាស់សន្លឹកឆ្នោតទម្លាក់ពិន្ទុ៕

ដោយ ៖ អាចារ្យថាំ