Loading...

សំផឹង​នយោ​បាយ មាន​ន័យ​ដូច​ម្តេច?

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១៦​ | បរិយាយព័ត៌មានជាតិ | | 0 | ម៉ោង 6:23 am

នេះជាលើកទី១ ដែលអ្នកតាមដាននយោបាយ បានឃើញពាក្យ “សំផឹងនយោបាយ” និង “ស្នំនយោបាយ” លេចឡើង ក្នុងហ្វេសប៊ុក របស់ប្រធានគណបក្សម្នាក់ដែលទើបបង្កើតថ្មី ចាប់ផ្តើមប្រើវោហារសាស្ត្រប្រឡូកក្នុងឆាកនយោបាយ។ ការ ប្រើពាក្យ ”សំផឹង” សម្រាប់វាក្យស័ព្ទខ្មែរ ដូចជាធ្ងន់បន្តិច ក៏ប៉ុន្តែ ម្ចាស់សំណេរហ៊ានធានាខុសត្រូវ ធ្វើឱ្យមជ្ឈដ្ឋានមហាជន ចាប់អារម្មណ៍ខ្លាំង ព្រោះថាពាក្យពេចន៍អ្វីដែលធ្ងន់ឬជ្រុល ធ្វើឱ្យគេចង់ដឹងនិងតាមដាន ទើប “នគរធំ” សម្រេចលើករឿង “សំផឹងនយោបាយ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ ឆ្លើយតបទៅនឹងការចង់ដឹងរបស់មហាជន…។

កាលពីពេលថ្មីៗនេះ លោកសួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា “អ្នកនយោបាយកាកសំណល់ដែលសល់ពីឆ្នាំ១៩៩៣ និងដែលរត់ចេញពីគណបក្សផ្សេងៗ ទៅសុំជ្រកជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីបានតំណែងនោះ គឺជាក្រុម “សំផឹងនយោបាយ” ដែលអស់សាច់…”។ សម្រាប់អ្នកចេះដឹងភាគច្រើន បានចាត់ ទុកសំណេរនេះថា មិនខុសអីទេ ព្រោះវាជា “ឧបមានវិធី” ប្រៀបធៀបមនុស្សគោចរចេញពីទ្រនំមួយ ចូលទ្រនំមួយ ដើម្បីលាភសក្ការៈ។ សូម្បីសុភាសិតខ្មែរ ក៏មានពាក្យសំផឹងនេះដែរ ដូចជា “សូវយកប្រពន្ធសំផឹង កុំតែយកសំផឹងធ្វើប្រពន្ធ” គឺ មានន័យថា នារីក្រីក្រចាញ់បោកគេធ្លាក់ខ្លួនជាសំផឹង ឬមួយក៏នាងហ៊ានធ្វើពលិកម្មបូជារូបកាយ ដើម្បីស្រោចស្រង់ឪពុក ម្តាយដែលមានជំងឺ ហើយបើបុរសណាបានជួយយឹតយោងនាងចេញពីរណ្តៅនរកលោកិយ ឬលោះនាងចេញផុតពីផ្ទះបន យកទៅធ្វើប្រពន្ធ នាងប្រពន្ធនោះនឹងកែខ្លួន ប្រែក្លាយជាឧត្តមភរិយា។ ផ្ទុយទៅវិញ បើបុរសណាយកប្រពន្ធប្រកបរបរ រកសីុផ្លូវភេទ ច្បាស់ជាវេទនាចិត្តមិនខាន ដោយសារប្រពន្ធនោះត្រូវការតែប្រាក់ ហើយបើប្តីអត់លុយឱ្យនាង ច្បាស់ជានាងគេចទៅលក់ខ្លួនឱ្យប្រុស…។

“សំផឹង” ជាពាក្យខ្មែរសុទ្ធ មានន័យថា ស្រីប្រកបរបរលក់ខ្លួន ឬបម្រើផ្លូវភេទដើម្បីបានកម្រៃឈ្នួលទៅចិញ្ចឹមជីវិត។ វេវចនសព្ទរបស់ពាក្យសំផឹង មានច្រើន ដូចជា ពេស្យា, ផ្កាមាស, សោភិនី, វណ្ណទាសី, ដកទង ជាដើម ដែលនិយាយរួម ទោះជាហៅ សោភិនី ឬវណ្ណទាសី ក៏ជាស្រីលក់ខ្លួនដូចគ្នា។ ស្រីពេស្យា ផ្កាមាស មានជាន់ថ្នាក់ ហើយសម័យណាក៏មានដែរ ដូចពីជំនាន់ពុទ្ធកាល មានស្រីផ្កាមាសម្នាក់ឈ្មោះនាង “អម្ពបាលី” ជាស្រីមានរូបសម្បត្តិថ្នាក់បវរកញ្ញា ប៉ុន្តែ នាងមិនព្រមយកប្តីត្រឹមត្រូវដូចគេទេ ដោយសារជាប់កម្មពៀរ ក៏ប្រកបរបរលក់ខ្លួន។ បើបុរសណាចង់ដេកជាមួយនាង១យប់ លុះត្រាតែបង់ប្រាក់ឱ្យនាង១០០០កហាបណៈ ដែលទឹកប្រាក់ដ៏សន្ធឹកសន្ធាប់នេះមានតែសេដ្ឋី គហបតី ទើបមានលទ្ធភាពជួលនាង ឱ្យបម្រើកាមគុណបាន។ នាងអម្ពបាលី ប្រកបរបរនេះសល់ទ្រព្យសម្បត្តិដីធ្លីច្រើនណាស់ លុះក្រោយមក នាងមានការភ្ញាក់រលឹកដាក់ខ្លួនដាក់កាយជាឧបាសិកា បានទាំងយកចម្ការស្វាយមួយកន្លែង កសាងបាន “វត្តអម្ពបាលីវ័ន” វេរប្រគេនដល់ព្រះពុទ្ធជាម្ចាស់ទៀតផង។ ដោយឡែក “ឃោសិតសេដ្ឋី” ក៏ជាកូនរបស់ស្រីផ្កាមាសដែរ គឺកាលនៅជាទារក ត្រូវម្តាយយក ទៅបោះចោលលើគំនរសំរាម និងបានសេដ្ឋីម្នាក់រើសទារកនោះទៅចិញ្ចឹម។ ហេតុតែសម្ពាយបុណ្យ ទារកជាកូនរបស់ស្រីផ្កាមាសនោះ ក៏ក្លាយជាសេដ្ឋី ស្នងតំណែងឪពុកចិញ្ចឹម ដែលរឿងជាតកនេះ ពុទ្ធបរិស័ទសឹងបានជ្រាបស្ទើរគ្រប់គ្នា។

ងាកមករឿងនយោបាយវិញ តើពាក្យថា “សំផឹងនយោបាយ” មានន័យដូចម្តេច? បើពិចារណាឱ្យដិតដល់ទៅ គឺសំដៅដល់អ្នកនយោបាយរាយរង ដែលចេញពីបក្សមួយទៅបម្រើបក្សមួយ ដូចអ្វីដែលលោកសួន សេរីរដ្ឋា បានលើកឡើងរួចមក ហើយ។ ធម្មតាសំផឹង គឺជាស្រីដែលគេជួលដាច់ថ្លៃ យកទៅនែបនិត្យបំពេញកាមតណ្ហា រួចឱ្យលុយតាមការព្រមព្រៀងគ្នា ប៉ុន្តែបើនាងនោះប្រសប់ថ្នមប្រុស ជួនកាលគេថែមលុយឱ្យទៀត។ អ្នកនយោបាយរត់ចោលជួរ ត្រូវដើរជើងបីជើងបួនរហូត និងស្តាប់បង្គាប់អ្នកថ្មីនោះ គ្មានហ៊ានប្រកែក ប៉ុន្តែ អាចប្រឈមនឹងការចងគំនុំ ខឹងសម្បាពីអ្នកចាស់ដែលធ្លាប់ស៊ីអត់ស៊ីឃ្លាន ជាមួយគ្នា។ ឧទាហរណ៍ លោកសីុវ ហេង ជាអតីតខ្មែរយៀកមិញ ជាស្ថាបនិកបក្សកុម្មុយនិស្តកម្ពុជា ធ្លាប់តស៊ូប្រឆាំងសក្តិភូមិ នាយទុនយ៉ាងស្រួចស្រាល់ ប៉ុន្តែ ទីបំផុត គាត់រត់ចោលជួរខ្មែរក្រហម ទៅចុះចូលខាងលន់ នល់។ គាត់ត្រូវបានបំពាក់ឋានន្តរស័ក្តិ ជាវរសេនីយ៍ឯក (ស័ក្តិ៥) និងផ្តល់ជម្រកដ៏ស្តុកស្តម្ភនៅទីរួមខេត្តបាត់ដំបង ធ្វើការបម្រើរបបលន់ នល់។ ការចុះចូលនោះ ធ្វើឱ្យនួន ជា ដែលត្រូវជាក្មួយសាច់ថ្លៃ ខឹងសម្បាយ៉ាងខ្លាំង លុះខ្មែរក្រហមវាយរំលំរបបសាធារណរដ្ឋខ្មែរបាន នួន ជា ក៏ប្រើបរិវារឱ្យទៅចាប់សីុ ហេង ជាឪពុកមា កាត់ក្បាលយកទៅបង្ហាញដល់គាត់ដែលក្តាប់មជ្ឈិមបក្ស ឬជាបងធំទី២ បន្ទាប់ប៉ុល ពត នេះបើយោងតាមឯកសារបន្សល់ទុក ពាក់ព័ន្ធដល់ប្រវត្តិសីុវ ហេង។

ការប្រើពាក្យ “សំផឹង” មានន័យអាសអាភាសបន្តិច ចៀសមិនផុតពីការអាក់អន់ស្រពន់ចិត្តពីសំណាក់មន្ត្រីពាក់ព័ន្ធដល់ ការចុះចូល ប៉ុន្តែ ជួនកាលការប្រើពាក្យអាសអាភាស អាចជួយខ្លួនឱ្យបានសម្រេចបំណងខ្លះដែរ ដូចរឿង “ធនញ្ជ័យ” ដែល មិនបានចូលវាំង ក៏ផ្លែផ្កាឱ្យសម្តេចព្រះសង្ឃរាជ ថា “មើលទៅមុខលោកដូចត្រពោកខ្ញុំ” សម្តីនេះធ្វើឱ្យសម្តេចសង្ឃខ្ញាល់ ក៏ទៅទូលស្តេចៗក៏ត្រាស់បង្គាប់ឱ្យធនញ្ជ័យ ចូលវាំងបានសម្រេចដូចចិត្តមែន។ ឯរឿងធនញ្ជ័យ ជេរស្រីស្នំថា “មីចោរដកទង បានសីុក៏ព្រោះគូទ មិនបានសីុក៏ព្រោះគូទ” គឺជាល្បិចនាំគាត់ឱ្យផុតពីការងារបោសសម្បុកពីងពាងក្រោមព្រះដំណាក់ស្តេច ត្រូវស្រីៗដើរទន្ទ្រាំក្តារពីលើក្បាលគាត់រាល់ថ្ងៃនេះឯង។

ករណីមេបក្សអំណាចខ្មែរ ប្រើពាក្យ “សំផឹងនយោបាយ” នោះ យើងមិនបាច់ឆ្ងល់ពេកទេ គឺសំដៅដល់មន្ត្រីចុះចូលពីបក្សមួយ ទៅបក្សមួយ ចាំបាច់ត្រូវតែធ្វើអ្វីៗតាមការបង្គាប់របស់ម្ចាស់ថ្មី។ សូម្បីតែអ្នកគាំទ្រនយោបាយ ឬបម្រើនយោបាយ ចុះចូល ក៏ត្រូវតែយកភាពស្មោះត្រង់ទៅជូនបក្សថ្មីដែរ ពុំមែនចូលលេងៗលឹបលៗដូចកណ្តុរខ្លាចឆ្មាបានឡើយ។ ការប្រើ ពាក្យ “សំផឹងនយោបាយ” ប៉ះពាល់ដល់អ្នកនយោបាយឯទៀតនោះ ទោះជាមិនដាក់ចំឈ្មោះបុគ្គល ក៏អាចធ្វើឱ្យមានអរិភាព រវាងគ្នានិងគ្នា។ ប៉ុន្តែ ដូចអ្វីដែល “នគរធំ” បានបរិយាយពី “បក្សអារឹស” កាលពីលេខមុនរួចមកហើយថា បក្សអំណាចខ្មែរ របស់លោកសួន សេរីរដ្ឋា ទោះជាហ៊ានថា ឬរិះគន់រដ្ឋាភិបាលកប់ៗមាត់យ៉ាងណា ក៏អារក្សមិនធ្វើដែរ ឬគ្មានអ្នកណាប្តឹងផ្តល់អ្វីទេ ផ្ទុយពីមន្ត្រីបក្សសង្គ្រោះជាតិ បើហ៊ានថាអ្វីលើសលស់បន្តិច ច្បាស់ជារងការប្តឹងផ្តល់មិនខាន ព្រោះតែបក្សប្រឆាំងធំជាងគេនេះ មាន “ជំងឺអារឹស”។

ដូច្នេះយើងឃើញថា ករណីមេបក្សអំណាចខ្មែរ បានសរសេរក្នុងហ្វេសប៊ុក និងផ្តល់បទសម្ភាសន៍ដល់ “នគរធំ” អំពី “សំផឹងនយោបាយ” នោះ លោកហ៊ានថា ហ៊ានទទួលខុសត្រូវ និងលើកឡើងថា អ្នកនយោបាយចុះចូលទាំងនោះ “ផ្កាប់ខួរ” ក៏ជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ លោកមេបក្សរូបនេះបញ្ជាក់ថា ពាក្យ “សំផឹងនយោបាយ” មិនមែនជាពាក្យធ្ងន់ធ្ងរទេ សម្រាប់អ្នកនយោបាយដូចគ្នា ហើយលោកហ៊ានទទួលខុសត្រូវនូវអ្វីដែលលោកបាននិយាយ។ លោកចង់ប្រៀបធៀប ដើម្បីឱ្យពលរដ្ឋខ្មែរយល់… មើលឃើញជាក់ថា តើអ្នកនយោបាយនៅប្រទេសខ្មែរសព្វថ្ងៃហ្នឹង មានសារជាតិ ឬលក្ខណៈ យ៉ាងម៉េច?…។

សរុបទៅ “សំផឹងនយោបាយ” គឺមានន័យផ្តោតទៅលើអ្នកនយោបាយរាយរងដែលចេញពីបក្សមួយ ទៅចូលបក្សមួយ នេះឯង។ ជួនកាលការចុះចូលនោះ មកពីគាត់ឃើញបក្សដែលត្រូវសំចតនោះមានគោលការណ៍ជាតិនិយម ជួនកាលសម្លឹង ឃើញបុណ្យស័ក្តិ លាភសក្ការៈ។ បើចូលបម្រើបក្សថ្មី ដើម្បីផលប្រយោជន៍ជាតិ ជារឿងល្អណាស់ ប៉ុន្តែ បើចូលបម្រើ ដើម្បីលុយនោះ ច្បាស់ជាមិនខុសពី “សំផឹងនយោបាយ” ដូចអ្វីដែលមេបក្សអំណាចខ្មែរ បានសរសេរក្នុងហ្វេសប៊ុក ធ្វើឱ្យផ្អើលមហាជននោះទេ៕

ដោយ ៖ អាចារ្យថាំ