Loading...

សម្ដេច ​ហ៊ុន ​សែន​៖​ អ្នក​នយោបាយ​មិន​ខុស​ពី​អ្នក​លេង​អុក ​បើ​អុក​ស្ដេច​ប្រយ័ត្ន​គ្រោះ​​ថ្នាក់​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១៦​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 2:49 am

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៤៤ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកមិញនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានផ្ញើសារផ្ដាំទៅអ្នកនយោបាយទាំងអស់ថា  អ្នកនយោបាយមិនខុសពីអ្នកលេងអុក ហ៊ានស៊ីត្រូវហ៊ានសង តែបើហ៊ានអុកសម្តេច ប្រយ័ត្នគ្រោះថ្នាក់ ” ។

សម្ដេចនាយករដ្ឋមន្រ្ដីបានបន្ដថា “ដំបូងគេតាមអុកខ្ញុំ អុកចុះអុកឡើងមិនឈ្នះខ្ញុំ មានអី! ដល់ពេលខ្ញុំអុកវិញ ដល់តុលាការតែម្ដង ស្រាប់តែគេចង់រត់គេចខ្លួនទៅប្រទេសថៃថាទៅព្យាបាលជំងឺ ។ ខ្ញុំសូមប្រាប់ថា កុំទៅណា ប្រយ័ត្នគេចាប់ ។ មកៗសិន មកស៊ីសងគ្នាសិន ហ៊ានស៊ីត្រូវហ៊ានសង”។

គួរបញ្ជាក់ផងដែរថា ការលើកឡើងបែបនេះរបស់សម្ដេច ត្រូវបានគេចាប់អារម្មណ៍ថា សម្ដេចតេជោចង់សំដៅទៅលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ដែលបានចោទសម្ដេចថា នៅពីក្រោយខ្នងឃាតកម្មលើលោកបណ្ឌិត កែម ឡី ហើយត្រូវបានមេធាវីសម្ដេចដាក់ពាក្យប្ដឹង ហើយក៏មានព័ត៌មានលេចឭថា លោកស្រី ថាក់ ឡានី មានបំណងរត់គេចខ្លួនទៅប្រទេសថៃ មិននៅទទួលខុសត្រូវតាមផ្លូវតុលាការ ទោះបីជាសម្ដេចមិនបានថ្លែងឲ្យចំឈ្មោះក៏ដោយ ។

គួររំលឹកថា លោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន បានដាក់ពាក្យបណ្តឹងជាផ្លូវការចំពោះលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ រួចហើយ ពីបទចោទប្រកាន់សម្តេចថា បានពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី