Loading...

បាតុ​កម្ម និង​ឧទ្ទាម​កម្ម

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦​ | បរិយាយព័ត៌មានជាតិ | | 0 | ម៉ោង 1:31 am

ការផ្លោងសម្តីដាក់គ្នា រវាងមន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីបក្សប្រឆាំង ពាក់ព័ន្ធដល់រឿងបាតុកម្មនោះ បានធ្វើឱ្យប្រជា- ពលរដ្ឋខ្មែរ សម្តែងការព្រួយបារម្ភគ្រប់គ្នា។ សម្រាប់មនុស្សចាស់ដែលធ្លាប់ឆ្លងកាត់របបសង្គមជាច្រើនជំនាន់ ធ្លាប់ភ្លក្សរសជាតិ បាតុកម្ម កូដកម្ម កុបកម្ម និងសង្គ្រាមឆ្អែតឆ្អន់មើលឃើញថា ចលនាទាំងអស់នេះ វាគ្មានខ្មែរណាឈ្នះនោះទេ គឺវាចំណេញ បរទេសឯណោះ ទើប “នគរធំ” សូមលើកពី “បាតុកម្ម និងឧទ្ទាមកម្ម” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ ក្នុងន័យពញ្ញាក់ ស្មារតីអ្នកបម្រើនយោបាយស្រករក្រោយនេះ ឱ្យមានការប្រុងប្រយ័ត្ន…។

រដ្ឋធម្មនុញ្ញ ជំពូកទី៣ ស្តីពី “សិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ” មាត្រា៣៧ បានសរសេរថា “សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តក្នុងក្របខ័ណ្ឌនៃច្បាប់”។ រីឯមាត្រា៣៨ សរសេរថា “ច្បាប់រ៉ាប់រងមិនឱ្យ មានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ។ ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជា- ពលរដ្ឋ…”។ “បាតុកម្ម” មានន័យថា អំពើជាក់ស្តែង ការធ្វើឱ្យដឹងឮឃើញប្រាកដ ការលើកគ្នាដង្ហែជាក្បួន ដើម្បីសម្តែង សេចក្តីមិនពេញចិត្តចំពោះអំពើអ្វីមួយ…។ ឯពាក្យថា “កូដកម្ម” មានន័យថា អំពើព្រហើនកោងកាច មានពុតត្បុតប្រឆាំង ប៉ុន្តែ តាមនិយមន័យកូដកម្ម សំដៅដល់ការប្រឆាំងជារបៀបធ្វើបាបខ្លួនឯង ដូចជាការបង្អត់អាហារជាដើម ដើម្បីតវ៉ារឿង អ្វីមួយ។ ចំណែកពាក្យថា “កុបកម្ម” មានន័យថា អំពើជ្រួលជ្រើម ការបះបោរបង្កចលាចលតាមបែបហិង្សា។ ដូច្នេះ បាតុកម្ម កូដកម្ម កុបកម្ម មានរបៀបធ្វើប្រហាក់ប្រហែលគ្នា ដោយប្រឆាំងដូចគ្នាទាំងអស់ ប៉ុន្តែ អ្វីដែលយើងចង់បរិយាយនៅពេល នេះ គឺបាតុកម្ម ខណៈដែលមេដឹកនាំបក្សប្រឆាំង បានប្រកូកប្រកាសកៀងគរមនុស្សគ្រប់ស្រុកភូមិទូទាំងប្រទេស ក្រោក ឡើងធ្វើមហាបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។

កាលពីពេលថ្មីៗនេះ លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានបើកសម័យ ប្រជុំគណៈកម្មាធិការបក្សសម្រេចរៀបចំគម្រោងធ្វើមហាបាតុកម្ម ដូចអ្វីដែលលោកសម រង្ស៊ី បានលើកឡើងថា “បើយើង ហ៊ានងើបទាំងអស់គ្នា ងើបគ្រប់ខេត្ត បាតុកម្មគ្រប់សាលាឃុំ បាតុកម្មគ្រប់សាលាស្រុក បាតុកម្មរាជធានីភ្នំពេញ ទន្ទឹមគ្នា តើពួកហ្នឹងមានកម្លាំងឯណាទៅបង្ក្រាបប្រជារាស្ត្រ បើប្រជារាស្ត្រងើបទូទាំងប្រទេស ដោយសន្តិវិធី?”។ ដោយឡែក លោក កឹម សុខា បានប្រកាសថា “បើគ្មានដំណោះស្រាយនយោបាយណាមួយទេ គណបក្សសង្គ្រោះជាតិ នឹងប្រើសិទ្ធិដឹកនាំធ្វើមហា- បាតុកម្មទូទាំងប្រទេស”។

ស្របពេលដែលមេបក្សប្រឆាំងទាំងពីររូបប្រកូកប្រកាសបែបនេះ មន្ត្រីរាជរដ្ឋាភិបាល ក៏វាយបកវិញធ្ងន់ៗ ជាពិសេស លោកផៃ ស៊ីផាន បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា “ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ចលនាមហាជនក្រៅច្បាប់ ដែលត្រៀមរៀបចំដឹកនាំដោយកឹម សុខា នេះ គឺមិនស្ថិតនៅក្នុងបរិបទសេរីភាពបញ្ចោញយោបល់នោះទេ ប៉ុន្តែ វាជាចលនា បះបោរនៃឧទ្ទាមកម្មមួយ ដែលច្បាប់រដ្ឋមិនអនុញ្ញាតជាដាច់ខាត”…។ ចំណែកសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន បញ្ជាដល់កម្លាំងមានសមត្ថកិច្ច ត្រៀមខ្លួនកម្ចាត់ចោលនូវរាល់សកម្មភាពខុសច្បាប់ ដោយព្រមានថា “មេដឹកនាំបាតុកម្ម កុំ អាងលើសិទ្ធិបញ្ចោញមតិ ហើយភ្លេចគិតដល់សិទ្ធិរបស់អ្នកដទៃ រាប់ទាំងសិទ្ធិរបស់រាជរដ្ឋាភិបាលផងដែរ។ ឧទ្ទាមកម្មក្នុង ទីក្រុងដើម្បីបិទបាំងជនដែលតុលាការកាត់ទោស មិនត្រូវបានអនុញ្ញាតទេ។ សុំអស់លោក លោកស្រី កុំញ៉ាម និងអាងលើ បាតុកម្ម។ វាយពស់ ត្រូវវាយក្បាលមុន បើមិនជឿ សុំសាកមើល…”។

យោងតាមការឆ្លើយឆ្លងផ្លោងសំឡេងដាក់គ្នានេះ “នគរធំ” មានការព្រួយបារម្ភជាពន់ពេក ចំពោះជោគវាសនាជាតិ មាតុភូមិ ដែលមើលមិនឃើញអនាគត បើសិនជាអ្នកនយោបាយខ្វះភាពអត់ធ្មត់ ដោយយកកំហឹងទល់កំហល់។ គួរយល់ថា ពាក្យ “ឧទ្ទាមកម្ម” គឺសំដៅដល់ចលនាបះបោរ ដែលបុរាណហៅថា “ថ្លើងបះ”។ បើពន្យល់ឱ្យច្បាស់ជាងនេះ ឧទ្ទាម មាន- ន័យថា ដែលទូន្មានមិនបាន ដែលឡើងចាងមិនស្តាប់បង្គាប់ ដែលបង្វឹកមិនកើត។ ប្រទេសណាដែលមានកម្លាំងឧទ្ទាមកម្ម រកសេចក្តីសុខមិនឃើញទេ ដោយបន្តិចឮថា ផ្ទុះគ្រាប់បែក បន្តិចឮថាមានការពួនស្ទាក់បាញ់ប្រហារ ដូចនៅហ៊្វីលីពីន និង ប្រទេសថៃ ភាគខាងត្បូងជាដើម ដោយមិននិយាយពីប្រទេសស៊ីរី ដែលកំពុងផ្ទុះសង្គ្រាមនោះទេ។ ជាទូទៅ ពួកឧទ្ទាម តែងពឹងផ្អែកលើព្រៃភ្នំ សម្រាប់លាក់ខ្លួនពួនអាត្មា ប៉ុន្តែ មានកម្លាំងបង្កប់ក្នុងក្រុង ដើម្បីធ្វើវិទ្ធង្សនាផ្សេងៗ ដូចកាលខ្មែរ- ក្រហមរស់ក្នុងព្រៃ ធ្វើសកម្មប្រឆាំងរដ្ឋាភិបាល ប៉ុន្តែ នៅទីក្រុងភ្នំពេញ នាដើមទសវត្សឆ្នាំ១៩៧០ ឧស្សាហ៍ផ្ទុះគ្រាប់បែក ជារឿយៗ។ បើមានឈ្មោះថាឧទ្ទាម គឺសំដៅដល់កម្លាំងក្រៅច្បាប់ហើយ ដូច្នេះ បើមានមហាបាតុកម្មកើតឡើង ដូចអ្វីដែល មេបក្សប្រឆាំង បានប្រកូកប្រកាស ខណៈដែលរាជរដ្ឋាភិបាល ចាត់ទុកជាឧទ្ទាមកម្ម ហើយព្រមានប្រើកម្លាំងប្រដាប់អាវុធ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សង្គម ច្បាស់ណាស់ថា គ្រោះថ្នាក់កាន់តែខិតជិតមកដល់ហើយ។

ចលនាឧទ្ទាមកម្ម គឺជាសត្រូវប្តូរផ្តាច់របស់រដ្ឋាភិបាល មិនថាប្រទេសណា ជាប្រទេសណានោះទេ គឺកងកម្លាំងរដ្ឋាភិបាល ត្រូវតែបង្ក្រាបពួកឧទ្ទាម។ ជួនកាល ប្រទេសខ្លះ ពួកឧទ្ទាមឡើងកាន់អំណាច រុញរដ្ឋាភិបាលឱ្យក្លាយជាឧទ្ទាមវិញ ក៏មាន ឬថា ផ្លាស់វេនគ្នាដឹកនាំប្រទេស ដូចករណីប្រទេសអាហ្វហ្គានីស្ថាន យើងឃើញពួកតាលីបង់ ធ្លាប់វាយដណ្តើមអំណាចបាន និងកាន់កាប់បានតែប៉ុន្មានឆ្នាំ ក៏ត្រូវកងកម្លាំងលោកហាមីដ កាហ្សៃ ដណ្តើមអំណាចបានវិញ ដែលសព្វថ្ងៃ ពួកតាលីបង់ ក្លាយ- ជាឧទ្ទាមវិញដដែល។ តាមការកត់សម្គាល់ ឧទ្ទាមមិនងាយឈ្នះកងកម្លាំងរដ្ឋាភិបាលទេ ប៉ុន្តែ រដ្ឋាភិបាលក៏មិនអាចបោស- សម្អាតពួកឧទ្ទាមឱ្យផុតពូជបានដែរ គឺបានត្រឹមជំរុញជាតិមាតុភូមិ ឱ្យខ្ទេចខ្ទាំតែប៉ុណ្ណោះ។

ដូច្នេះយើងឃើញថា “បាតុកម្ម និងឧទ្ទាមកម្ម” បើកើតឡើងហើយពិបាកគ្រប់គ្រងណាស់ បើសិនជាបាតុកម្មនោះ ប្រែក្លាយពីអហិង្សាទៅជាហិង្សា។ ទោះយ៉ាងណា បើធ្វើបាតុកម្មស្របច្បាប់ ប្រកបដោយសន្តិវិធីនោះ វាគ្មានបញ្ហាអ្វីទេ ព្រោះរដ្ឋធម្មនុញ្ញ មិនបានហាមឃាត់សិទ្ធិពលរដ្ឋក្នុងការដង្ហែក្បួនតវ៉ារឿងអ្វីមួយនោះទេ ប៉ុន្តែ បើរដ្ឋាភិបាលមិនឱ្យធ្វើ បែរ- ជាបក្សប្រឆាំងជម្នះធ្វើនោះ នឹងជួបបញ្ហាមិនខាន។ ប្រទេសណាក៏ដូចប្រទេសណាដែរ កម្រឃើញរដ្ឋាភិបាល អនុញ្ញាត ឱ្យបក្សប្រឆាំង កៀងគរមនុស្សធ្វើបាតុកម្មដោយស្រួលនោះឡើយ ព្រោះបាតុកម្ម មានន័យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ ប្រទេស។ ការបង្ក្រាបបាតុករ ដំណាក់កាលដំបូង គេប្រើរថយន្តបាញ់ទឹក បាញ់គ្រាប់បែកផ្សែងបង្ហៀរទឹកភ្នែកជាដើម ប៉ុន្តែ បើដល់ដំណាក់កាលទុំជោរ អាចនឹងប្រើគ្រប់វិធានការចាំបាច់។ រវាងបាតុករ និងអ្នកបង្ក្រាប សុទ្ធតែមានអាងដូចគ្នា ស្រប តាមពាក្យស្លោកបុរាណខ្មែរថា “ប្រាជ្ញអាងប្រាជ្ញា រមាសអាងបន្លា ខ្លាអាងព្រៃ ដំរីអាងរនាម ត្រីអាងទឹក ទាហានអាងសឹក ប្រមឹកអាងពែង” គឺព្រោះតែភាគីម្ខាងៗ អាងយ៉ាងនេះហើយ ទើបវានាំឱ្យកើតគ្រោះមហន្តរាយដល់ជាតិមាតុភូមិ។

តើអ្នកនយោបាយខ្មែរ ជ្រើសយកវិធីណា ដើម្បីថែរក្សាសុខុមាលភាពសង្គម និងបន្តការអភិវឌ្ឍ? បើបក្សប្រឆាំងប្រកូក- ប្រកាសធ្វើមហាបាតុកម្ម ខណៈដែលបក្សកាន់អំណាច ត្រៀមកម្លាំងប្រដាប់អាវុធ និងចោទប្រកាន់បាតុករថា ជាក្រុមឧទ្ទាម- កម្មនោះ? គួរយល់ថា “មិនដែលមានផ្សែងអត់ភ្លើងនោះទេ” ដូច្នេះ បើភ្លើងឆេះពីផ្សែង ត្រូវតែរកវិធីកុំឱ្យមានផ្សែងហុយ ទាន់។ ស្ថានការណ៍ពេលនេះ មានលក្ខណៈធ្ងន់ធ្ងរជាងឆ្នាំ១៩៩៧ ទៅទៀត ដោយហេតុថា ជំនាន់នោះ កងកម្លាំងស្មោះត្រង់ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ និងកងកម្លាំងស្មោះត្រង់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ សុទ្ធតែមានកាំភ្លើងកាន់គ្រប់ដៃ អាចវាយប្រហារគ្នាបាន ព្រោះជា “សេនានាគ” ដូចគ្នា។ ប៉ុន្តែ ពេលនេះ បក្សប្រឆាំង ដៃទទេ ប្រៀបបាននឹង “សេនាកណ្តុរ” ដែលយើងបរិយាយរួចមកហើយ ដោយពិបាកបំផុតក្នុងការផ្តួលគ្នាដោយអាវុធ។ ហេតុនេះ គួរតែអ្នកបម្រើនយោបាយ ពិចារណាឱ្យមែនទែន មុននឹងប្រមូលផ្តុំគ្នាតាមការអំពាវនាវរបស់មេបក្សប្រឆាំង។ ចំណែកកង- ប្រដាប់អាវុធ ក៏គួរពិចារណាដែរ បើមានការប៉ះទង្គិចគ្នាកើតឡើងរវាងខ្មែររួមលោហិត។

សរុបទៅ “បាតុកម្ម និងឧទ្ទាមកម្ម” នឹងអាចកើតឡើងបាន ឬថា បាតុករក្លាយទៅជាឧទ្ទាម បើសិនជាអ្នកនយោបាយ យកកំហឹងទល់កំហល់ បង្កើតឱ្យមានឡើង។ កាលបើបាតុកម្ម ក្លាយជាឧទ្ទាមកម្ម គ្មានខ្មែរណាម្នាក់បានចំណេញទេ ព្រោះ សង្គ្រាមឈាមដាបធរណី វាផ្តើមចេញពីបាតុកម្ម និងឧទ្ទាមកម្មនេះឯង គឺអ្នកឈ្នះក៏ខាត អ្នកចាញ់ក៏បង់។ ដូច្នេះ មានតែ ការបន្ទន់ឥរិយាបថ ស្រុះស្រួលចាប់ដៃចរចារកគ្នាទេ ទើបជាផ្លូវនាំទៅរកភាពសុខស្ងប់ ស្របតាមមាគ៌ាពុទ្ធនិយម៕

ដោយ ៖ អាចារ្យថាំ