Loading...

ត្រឹក​ពល​ដ្បិត​បាយ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦​ | បរិយាយព័ត៌មានជាតិ | | 0 | ម៉ោង 1:38 am

ច្បាប់រាជនេតិ ឬច្បាប់ព្រះរាជសម្ភារ ១ល្បះថា “ទាហានថ្កើងដ្បិតសឹក ធ្វើស្រែដ្បិតទឹក ត្រឹកពលដ្បិតបាយ សិស្សប្រាជ្ញ ដ្បិតគ្រូ ជេរពោលដំវាយ ពលជាដ្បិតកាយ ហ្វឹកឹហ្វឺនខះខំ” ជារាជមរតកសាសន៍ មានអត្ថន័យជ្រាលជ្រៅណាស់ សម្រាប់ បង្ហាញផ្លូវអ្នកដឹកនាំប្រទេស អ្នកដឹកនាំបក្ស ប្រមុខ ប្រធាន នាយក មេ ឱ្យយកទៅអនុវត្ត។ យុទ្ធសាស្ត្រនយោបាយដើម្បី ឈ្នះ តម្រូវឱ្យមេដឹកនាំដើរជើងបីជើងបួនរហូត ពុំមែននៅអង្គុយស្ងៀមឈ្នះគេនោះទេ ជាពិសេស ត្រូវចេះ “ត្រឹកពលដ្បិត បាយ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ឃ្លាល្បះព្រះរាជបណ្តាំអតីតព្រះមហាក្សត្រខ្មែរ ខាងលើនេះ យើងមិនបកស្រាយទាំងអស់ទេ ដោយចុចយកតែឃ្លា “ត្រឹក- ពលដ្បិតបាយ” មកបរិយាយលម្អិត ឱ្យស្របទៅតាមស្ថានការណ៍នយោបាយបច្ចុប្បន្ន ដែលកំពុងមានភាពចម្រូងចម្រាស។ “ត្រឹក” ជាពាក្យខ្មែរសុទ្ធ មានន័យថា ទាញខ្សែញាក់បំបែរ ឬដាស់តឿនក្រើនរំព្ញករឿយៗ ដោយទាញតម្រង់ផ្លូវមនុស្សឱ្យ ដើរស្រួល។ ឯពាក្យ “ពល” មានន័យថា កម្លាំង សេនា ទាហាន ឬពួកជនរស់នៅក្នុងប្រទេសមួយ ដែលវេវចនសព្ទពាក្យនេះ ហៅបានច្រើនយ៉ាង ដោយមានសន្តានពាក្យខុសៗគ្នា ដូចជា ពលរដ្ឋ ពលរេហ៍ ពលសេនា ពលទាហាន ពលព្រិន្ទ ពលព្រះ (ឈ្មោះវណ្ណៈខ្ញុំគេ)។ បើបូកបញ្ចូល “ត្រឹកពលដ្បិតបាយ” មានន័យថា ការញាក់បំបែរទាញមនុស្សដោយប្រើបាយ ឬថា លុះត្រាតែមានបាយឆ្អែត ទើបពលរដ្ឋ ពលរេហ៍ដើរតាមអ្នកដឹកនាំបានដោយស្រួល។ ពាក្យ “បាយ” ក្នុងព្រះរាជបណ្តាំនេះ ក៏ស្រប នឹងពុទ្ធភាសិតថា “ការឱ្យទាននូវបាយ គឺជាការឱ្យទានដ៏ឧត្តម” ប៉ុន្តែ សម័យនេះ គេប្រើរូបិយវត្ថុ ឬលុយកាក់ ក៏ដូចជាការ ឱ្យបាយដែរ ឬថា ឱ្យតែមានលុយក្នុងហោប៉ៅ នឹងមានបាយទទួលទាន។

យ៉ាងណាមិញ យុទ្ធសាស្ត្រនយោបាយ ចាំបាច់ត្រូវតែយកខ្លឹមសារ “ត្រឹកពលដ្បិតបាយ” មកអនុវត្តក្នុងការអូសទាញ ប្រជាពលរដ្ឋឱ្យគាំទ្រគណបក្ស។ អ្នកនយោបាយណាដែលនៅតែស្ងៀម មិនយកបាយទៅប្រើ ពិបាកយកឈ្នះគេណាស់ ព្រោះប្រជាពលរដ្ឋក្រីក្រត្រូវការបាយជាចាំបាច់។ ជួនកាលគេប្រើស្នៀតទប់ស្កាត់ភាគីម្ខាងមិនឱ្យយកបាយទៅចែកអ្នកអត់- ឃ្លានបានឡើយ ដោយរ៉ាប់រងការងារនេះតែឯង ដើម្បីទាក់ទាញការគាំទ្រ។ យុទ្ធសាស្ត្រនេះ គេធ្វើដោយភាពប៉ិនប្រសប់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបានសន្លឹកឆ្នោតគាំទ្រច្រើន ដោយសារអ្នកបានទទួលបាយ មិនភ្លេចគុណអ្នកឱ្យបាយ។

រួចមកហើយយើងឃើញថា ឆ្លៀតពេលមេបក្សប្រឆាំង ក្លាយទៅជាពិរុទ្ធជន មិនអាចធ្វើសកម្មភាពឃោសនា ឬមិន អាចចុះតាមមូលដ្ឋានបាននោះ ជាឱកាសដ៏ល្អបំផុតសម្រាប់មេបក្សកាន់អំណាចដើរ “ចែកបាយ” ដល់ពលរដ្ឋនៅតាមជន- បទ។ យុទ្ធនាការចុះមូលដ្ឋានទាំង២៥រាជធានី-ខេត្ត ដែលរាជរដ្ឋាភិបាលកំពុងធ្វើនោះ នឹងបានទទួលផ្លែផ្កានៅឆ្នាំ២០១៧-២០១៨ ខាងមុខនេះហើយ បើសិនជាបក្សប្រឆាំង រើខ្លួនមិនរួចពីសំណាញ់ច្បាប់ទេនោះ។ បក្សកាន់អំណាច មានពេលវេលា គ្រប់គ្រាន់ ដោយគ្មានគូប្រជែងក្នុងការ “ត្រឹកពលដ្បិតបាយ” ពោលគឺតំបន់ណាខ្វះទឹក ក៏ដោះស្រាយបញ្ហាទឹក ឬដឹកទឹកចែក តំបន់ណាស្វិតសន្ទូង ក៏ចាត់ឱ្យយកម៉ាស៊ីនបូមទឹកទៅធ្វើអន្តរាគមន៍។

សូម្បីតែការឱ្យសាលារៀន ឱ្យស្ពានថ្នល់ ឱ្យមន្ទីរពេទ្យ ក៏មានឈ្មោះថា ឱ្យនូវបាយដែរ ព្រោះបើកាលណាមានសាលា- រៀន ធ្វើឱ្យកូនចៅអ្នកស្រុកគេចផុតពីគ្រោះអវិជ្ជា ក្លាយជាទំពាំងស្នងប្ញស្សី នឹងមានបាយទទួលទាន ហើយបើមានស្ពានថ្នល់ ដឹកជញ្ជូនកសិផល ជាពិសេសបើមានមន្ទីរពេទ្យព្យាបាលរោគ អ្នកស្រុកមិនសូវឈឺ អាចរកស៊ីចិញ្ចឹមជីវិតបានស្រួល ឈ្មោះ ថា មានបាយឆ្អែត។ យុទ្ធសាស្ត្រ “ត្រឹកពលដ្បិតបាយ” នេះ គេយកទៅធ្វើឱ្យទូលំទូលាយ ដោយឱ្យមិនរើសមុខ ពោលគឺ ឱ្យ តែពលរដ្ឋ ទោះនៅក្នុងគណបក្សណាក៏ចែកឱ្យដែរ តែបើឱ្យរបៀបរើសអើងគណបក្ស មិនបានផលអ្វីទេ។

សព្វថ្ងៃ យើងកត់សម្គាល់ឃើញថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រឹងប្រែងខ្លាំងណាស់ ក្នុងការអនុវត្តយុទ្ធនាការ ចុះមូលដ្ឋានទាំង២៥រាជធានី-ខេត្ត ដោយចេញពីខេត្តមួយ ចូលខេត្តមួយ ស្ទើរតែគ្មានពេលឈប់សម្រាក។ បើជួបរាស្ត្រក្រីក្រ ខ្លាំង ក៏ឱ្យលុយ ឬសង់ផ្ទះទេវតាជូន បើកន្លែងណាខ្វះសាលារៀន ក៏ឱ្យសាលារៀន។ យុទ្ធសាស្ត្រនេះ សូម្បីសម្តេចឪ ព្រះ- បរមរតនកោដ្ឋ ក៏ព្រះអង្គតែងយកមកអនុវត្តដែរ។ ជាក់ស្តែង កាលពីសម័យសង្គមរាស្ត្រនិយម ខ្សត់សម្លៀកបំពាក់ ព្រះអង្គ បានត្រាស់បង្គាប់ឱ្យរោងចក្រតម្បាញ ផលិត “ក្រណាត់សង្គម” យកទៅចែកជូនប្រជារាស្ត្រ ដែលជំនាន់នោះ រាស្ត្រណាទទួល បានក្រណាត់សម្តេចឪ១ដុំ យកទៅកាត់អាវពាក់ មានតម្លៃដូចបានមាស១តម្លឹង។ យុទ្ធសាស្ត្រ “ត្រីកពលដ្បិតបាយ” ផ្តល់ អានិសង្សបានយូរអង្វែងណាស់ តួយ៉ាងសម្តេចឪ ទោះជាសោយព្រះទិវង្គត ក៏រាស្ត្រនៅតែគោរពស្រឡាញ់ មិនអាចបំភ្លេច ព្រះគុណូបការៈបានឡើយ។ ផ្ទុយទៅវិញ ប៉ុល ពត មិនចេះប្រើយុទ្ធសាស្ត្រនេះទេ គាត់ជាអ្នកដឹកនាំកំណាញ់ស្វិត បង្អត់បាយ ប្រជាពលរដ្ឋ កំណត់ឱ្យហូបបបររាវកក្លូក ទើបទីបំផុត គាត់កាន់អំណាចបានតែជាង៣ឆ្នាំ ក៏ដួលរលំទៅ។

ធម្មតាអ្នកទទួលអំណោយ មិនដែលសួរអ្នកឱ្យថា លុយកាក់នោះបានមកពីប្រភពណាឡើយ បើគាត់ទទួលហើយ នឹង ជូនពរជ័យអ្នកឱ្យយ៉ាងពីរោះ មិនដែលប្រទេចផ្តាសានោះទេ។ កាលជំនាន់ប៉ុល ពត អង្គការបានកំណត់យកថ្ងៃទី៣០ ខែកញ្ញា ថ្ងៃបង្កើតបក្សកុម្មុយនិស្តកម្ពុជា ចាត់ទុកជាថ្ងៃភ្ជុំ។ កាលនោះ នៅតាមសហករណ៍ខ្លះ មានវេចនំអន្សមចែកឱ្យប្រជាពលរដ្ឋ ម្នាក់១ដើម ហើយក៏គ្មានការជូនពរអ្វីដែរ ដែលអ្នកបានទទួលនំអន្សមខ្លះ នាំគ្នាដាក់បណ្តាសាអង្គការឱ្យរលត់រលាយ ព្រោះ- តែពួកគាត់ខំធ្វើស្រែបានស្រូវពេញឃ្លាំង បែរជាថ្ងៃជប់លៀង បានតែចំណែកនំអន្សម១ដើម ហូបមិនឆ្អែត។

រដូវបោះឆ្នោត កាន់តែកៀកណាស់ហើយ យើងឃើញបក្សកាន់អំណាច កាន់តែមានប្រៀបលើបក្សប្រឆាំង តាមរយៈ យុទ្ធសាស្ត្រ “ត្រឹកពលដ្បិតបាយ”។ សមាជិកបក្សកាន់អំណាច តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម កាន់តែចុះកៀកប្រជាពលរដ្ឋ ខណៈដែលបក្សប្រឆាំង រើខ្លួនមិនរួច។ លោកសម រង្ស៊ី កំពុងរស់នៅនិរទេស គ្មានឱកាសចុះជួបប្រជារាស្ត្រ ខណៈដែលលោក កឹម សុខា កំពុងប្រឈមនឹងសាលក្រមតុលាការ ធ្វើឱ្យពួកលោកកាន់តែនៅឆ្ងាយពីប្រជាពលរដ្ឋ។ ទោះបីជាអ្នកវិភាគខ្លះថា “ដួលមិនបាច់ច្រាន បានមិនបាច់ខំ” ក៏បក្សកាន់អំណាច មិនងាយដួលទេ ឯបក្សប្រឆាំង ក៏មិនងាយបានដែរ បើខ្វះយុទ្ធសាស្ត្រ “ត្រឹកពលដ្បិតបាយ”។

ទោះយ៉ាងណា បើមេដឹកនាំប្រឹងធ្វើល្អ ឯកូនចៅខ្លះប្រព្រឹត្តអំពើអាក្រក់ ក៏អាចធ្វើឱ្យយុទ្ធសាស្ត្រ “ត្រឹកពលដ្បិតបាយ” មិនបានទទួលជោគជ័យដែរ។ យ៉ាងណាមិញ បុគ្គលពុករលួយ បក្ខពួក គ្រួសារនិយម កិបកេងទ្រព្យសម្បត្តិសាធារណៈ កាប់ បំផ្លាញព្រៃឈើ រំលោភដីធ្លីរាស្ត្រក្រីក្រនោះ គឺជាពួក “មិនជួយចូកចែវ បែរជាយកជើងរាទឹក” ប៉ះពាល់ដល់មុខមាត់ថ្នាក់- ដឹកនាំ ដែលអាចស្របនឹងសុភាសិតថា “ធ្វើគុណ១០០សំពៅ ទោស១ចូលទៅ រលាយគុណអស់”។ បើកាលណាថ្នាក់ក្រោម ធ្វើឱ្យខូចនយោបាយថ្នាក់លើ ធ្វើឱ្យប្រជាពលរដ្ឋមានភាពថ្នាំងថ្នាក់ ពិចារណាដល់ការគូសសន្លឹកឆ្នោត ដោយហេតុថា រាស្ត្រ ខ្មែរសម័យកុំព្យូទ័រនេះ ចេះពិចារណាវែងឆ្ងាយណាស់ បើធ្វើឱ្យពួកគាត់អាក់អន់ស្រពន់ចិត្ត នឹងថយការគាំទ្រមិនខាន។

សរុបទៅ ព្រះរាជបណ្តាំអតីតព្រះមហាក្សត្រខ្មែរ ថា “ត្រឹកពលដ្បិតបាយ” គឺជាយុទ្ធសាស្ត្រនយោបាយដ៏មានឥទ្ធិពល សម្រាប់អ្នកនយោបាយយកទៅអនុវត្ត។ យុទ្ធសាស្ត្រនេះ គេធ្វើស្មើដៃគ្នាតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម តែបើថ្នាក់លើប្រឹង ដើរចែកបាយ ឯថ្នាក់ក្រោមដើរចែកក្រួសថ្ម រំលោភបំពានជនក្រីក្រនោះ អាចធ្វើឱ្យអ្នកអង្គុយស្ងៀម បានមិនបាច់ខំ។ ទោះ- យ៉ាងណា យុទ្ធនាការចុះមូលដ្ឋានរបស់ប្រមុខរាជរដ្ឋាភិបាល មិនអាចភ្លាត់ស្នៀតឱ្យថ្នាក់ក្រោមធ្វើឱ្យខូចយុទ្ធនាការនេះបាន ឡើយ ដោយមានការកែទម្រង់ច្បាស់លាស់ ដើម្បីទាក់ទាញប្រជាប្រិយភាព៕

ដោយ ៖ អាចារ្យថាំ