Loading...

ប្តី​សម្លាញ់! អូន​នឹង​បង​ខ្លាំង​ណាស់​យើង​បែក​គ្នា​ជាតិ​នេះ ទាំង​មិន​អស់​អា​ល័យ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 10:44 am

ភ្នំពេញ ៖ ភរិយារបស់លោកបណ្ឌិតកែម ឡី  ខណៈដែលកំពុងស្ថិតនៅក្រៅប្រទេស និងទើប តែបានសម្រាលកូនប្រុសទី៥ បានប៉ុន្មានថ្ងៃ បាន ស្រក់ទឹកភ្នែកជាថ្មី នៅពេលឃើញរូបសំណាក ស្វាមីពីចម្ងាយ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៦ ខណៈពេលដែលអ្នកសាងសង់រូបសំណាក លោកបណ្ឌិតកែម ឡី បានប្រគល់រូបសំណាក សង់រួចរាល់ ជូនគណៈកម្មការរៀបចំបុណ្យ១០០ ថ្ងៃ សពលោកបណ្ឌិតកែម ឡី។ ជាមួយគ្នានេះ អ្នកស្រីប៊ូ រចនា ក៏បានសរសេរសារអមជាមួយ រូបភាពកាលនៅជុំប្តី (លោកកែម ឡី) ដែល មានខ្លឹមសារទាញឱ្យអ្នកបានអានទប់ទឹកភ្នែក មិនជាប់ ដូចជា “ប្តីសម្លាញ់! អូននឹកបងខ្លាំង ណាស់ហេតុអីបងដាច់ចិត្តទៅចោលអូន ទាំង មិនបានឃើញមុខកូនក្នុងផ្ទៃអូនយើងបែកគ្នា ជាតិនេះ ទាំងមនអស់អាល័យ…”

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ក្នុង ឱកាសប្រគល់រូបសំណាកលោកបណ្ឌិតកែម ឡី ដែលបានសាងសង់រួចរាល់ជាស្ថាពរ ជូនគណៈកម្មការរៀបចំបុណ្យសព ដែលមានព្រះតេជគុណប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង ជា តំណាងនោះ លោកអ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ដែលជាអ្នកផ្តួចផ្តើម សាងសង់រូបសំណាកលោកបណ្ឌិតកែម ឡី ក៏ បានទាក់ទងជួបអ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី ដែលកំពុងស្ថិតនៅឯក្រៅប្រទេស តាមប្រព័ន្ធអ៊ីនធើរណេត Skype ផងដែរ ហើយនៅពេលឃើញរូបសំណាកស្វាមីពីចម្ងាយ នោះ អ្នកស្រីប៊ូ រចនា បានស្រក់ទឹកភ្នែកនឹក សង្វេគស្រណោះអាឡោះអាល័យស្វាមីដែលរូប កាយជីវិត ត្រូវរលត់ដោយស្នាដៃជនឧក្រិដ្ឋដ៏ សាហាវព្រៃផ្សៃ ពេលនេះនៅសល់តែរូបសំណាក ស្ពាន់ គ្មានជីវិត ឥតវិញ្ញាណ ទោះបីខំយំយែក សាកសួរសាសងយ៉ាងណាក៏គ្មានវាចាតប។

អ្នកស្រីប៊ូ រចនា បានមានប្រសាសន៍ នៅពេលនោះថា “ពេលឃើញរូបសំណាកគាត់ ខ្ញុំមានអារម្មណ៍ថា និយាយរួមទៅ វាពិបាក និយាយដែរ ឆ្ងាយពីគ្នា ចង់ទៅកាន់ក៏កាន់មិន កើត។ និយាយរួមទៅ វាដូចច្រើន ថា១០០%ក៏បានដែរ ព្រោះអីធ្វើហ្នឹងដូចមែនទែន។ និយាយ រួម ពណ៌ សម្រាប់ខ្ញុំ បើទុកបានយូរវាល្អហើយ ព្រោះបានត្រូវថ្ងៃត្រូវភ្លៀង វាមានបញ្ហាប្រេះ ស្រាំអី អ៊ីចឹងពណ៌ហ្នឹងហើយវាធន់នឹងកម្តៅថ្ងៃ  ធន់នឹងភ្លៀងអីបាន អ៊ីចឹងបើទុកបានយូរឆ្នាំល្អ ព្រោះអីខ្លាចពេលយើងអត់មានអីអ៊ីចឹងទៅ វា ប៉ះពាល់ជាមួយទឹក ជាមួយថ្ងៃ វាប្រេះស្រាំ។ ខ្ញុំគ្មានអីបន្ថែមទេ ព្រោះវាល្អទៅហើយ គ្រាន់តែចង់និយាយថា យើងខកចិត្តជាមួយអាជ្ញាធរ  ដែលយើងសុំធ្វើ ហើយណាមួយ រូបសំណាកអី ហ្នឹង យើងធ្វើដោយសាររូបសំណាកគ្មានវិញ្ញាណ ពួកគាត់នាំគ្នាខ្លាចអីអ៊ីចឹង ខ្ញុំមិនដឹងថា គាត់គិត របៀបម៉េច ព្រោះធ្វើបុណ្យ វត្តធម្មតា តែងតែ យកទៅធ្វើបុណ្យធ្វើអីអ៊ីចឹង ហើយយើងសុំ អនុញ្ញាតពីគាត់ យើងមិនមែនធ្វើតាមទំនើងចិត្ត ហើយគាត់អត់ឱ្យអ៊ីចឹង គាត់បដិសេធអ៊ីចឹង ខ្ញុំ សោកស្តាយអាជ្ញាធរដែលនៅស្រុកយើង។ ខ្ញុំ ចង់ឱ្យគាត់ហ្នឹងបើកចិត្តទូលាយ បើសិនជាគាត់ ជាអាជ្ញាធរ ហើយជាសមត្ថកិច្ចដែលមានចិត្ត ស្មោះសរ ស្រលាញ់ប្រជាពលរដ្ឋ គ្រាន់តែសុំ កន្លែងធ្វើបុណ្យ មិនអនុញ្ញាតឱ្យធ្វើ ហើយចិត្ត គាត់ចង្អៀត បើសិនគាត់បើកចិត្តទូលាយជាង នេះ ប្រហែលជាពលរដ្ឋទាំងអស់ មើលឃើញ ពីទឹកចិត្តរបស់គាត់ដែលល្អ”។ 

ដោយឡែកនៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី បានបង្ហោះរូបភាពកាលនៅជុំស្វាមី ព្រមទាំងសរសេរសារនឹកអាល័យស្វាមី ដែល ឃ្លាតទៅទាំងមិនទាន់បានឃើញមុខកូនប្រុស ទី៥ក្នុងផ្ទៃ ដែលទើបសម្រាលកាលពីពេលថ្មីៗ នេះ។

អ្នកស្រីប៊ូ រចនា បានសរសេរថា “ប្តីសម្លាញ់! អូននឹកបងខ្លាំងណាស់ តាំងពីបងឃ្លាតពីអូន ទៅជិត៣ខែហើយ ហេតុអីបង ដាច់ចិត្តទៅ ចោលអូន និងកូនបែបនេះ ទៅទាំងមិនបាន ឃើញមុខកូនដែលនៅក្នុងផ្ទៃ របស់អូនផង តែ ពេលនេះអូនបានឆ្លងទន្លេកូនយើងហើយ គឺកូន ទីប្រាំ មុខមាត់របស់កូនយើងដូចបងណាស់ ហើយអូនបានដាក់ឈ្មោះគាត់ថា កែម ឡីវីរបុត្រ ព្រោះឈ្មោះនេះ មិនត្រូវបាត់បានទេ តើបង ពេញចិត្តទេ! នេះជាកូនពៅរបស់យើង សុខភាព កូនយើងល្អណាស់! អូនចងចាំជានិច្ចនូវស្នាម ញញឹមរបស់បង គ្រប់ពេលទាំងអស់ បងមិន ដែលធ្វើមុខស្រពោនទេ ទោះជាមានរឿងអ្វីក៏ ដោយ។ គឺស្នាមញញឹម និងអំពើល្អនេះ ហើយ ដែលធ្វើឱ្យអូនមិនអាចបំភ្លេចបានអស់មួយជីវិត។ យើងបែកគ្នាជាតិនេះទាំងមិនអស់អាល័យ អារម្មណ៍ អូនពេលនេះឈឺចាប់ខ្លាំងណាស់ រស់នៅក្នុង សំបុកឥតបា។

ពីអូន ប៊ូ រចនា ប្រពន្ធបង និងកូនទាំង ប្រាំនាក់ នឹកបងណាស់”។

គួរបញ្ជាក់ថា រូបសំណាករបស់លោកបណ្ឌិត កែម ឡី ត្រូវបានផ្តួចផ្តើមកសាងឡើងដោយ លោកអ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តតាកែវ ក្នុងបំណងតម្កល់នៅ ទីលានប្រជាធិបតេយ្យ ហើយរូបសំណាកនេះ ត្រូវបានសាងសង់ដោយជាងចម្លាក់សូនរូបដ៏ចំណានម្នាក់ គឺលោកសៀន កាម៉ង់ដង់។ ប៉ុន្តែនៅ ពេលរដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាត លោក អ៊ូ ច័ន្ទរ័ត្ន ក៏សម្រេចប្រគល់ឱ្យគណៈកម្មការ រៀបចំបុណ្យ១០០ថ្ងៃ សពលោកបណ្ឌិតកែម ឡី កាលពីល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ដើម្បីដង្ហែយកទៅតម្កល់ទុកនៅទីបញ្ចុះសព លោកបណ្ឌិតកែម ឡី នៅឯភូមិអង្គតាកុប ឃុំ លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកអ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ពីទិដ្ឋភាព ប្រគល់សំណាកនោះប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ថា “បាទ! ខ្ញុំបានប្រគល់ ជូនទៅគណៈកម្មការបុណ្យសពហើយៗពីល្ងាច ម្សិលនេះ ហើយមានព្រះអង្គប៊ុត ប៊ុនតិញ និង ព្រះសង្ឃ៥អង្គ និមន្តទៅទទួលយក។ ហើយ ក្នុងពេលនោះ ទិដ្ឋភាពគួររំភើប ដោយសារ គណៈកម្មការ ព្រមទាំងសមាជិកគណៈកម្មការ រួមទាំងព្រះសង្ឃគ្រប់ព្រះអង្គ មានព្រះទ័យរីករាយណាស់ លោកបានសរសើរស្នាដៃរបស់ជាង ទី១ ដូចលោកបណ្ឌិត ហើយលោកបានថ្លែង អំណរគុណរូបខ្ញុំជាអ្នកផ្តួចផ្តើម សប្បុរសជន ដែលបានចូលរួម ហើយលោកអាចនឹងហែរូប ហ្នឹងចេញពីឧដុង្គតែម្តង នៅថ្ងៃទី១៣ មុនបុណ្យ ១ថ្ងៃ។ រូបនេះនៅឧដុង្គ នៅកន្លែងសាងសង់ នោះ ហើយនៅថ្ងៃទី១៣ នោះ លោកនឹងហែ ចេញពីឧដុង្គនោះ អាចនឹងមានយុវជន ប្រជាពលរដ្ឋទៅទទួលហែរូបហ្នឹងយកមកដាក់នៅ វត្តចាស់ ដើម្បីប្រារឰពិធីបុណ្យគម្រប់១០០ថ្ងៃ ហ្នឹង រយៈ៣ថ្ងៃ បានដង្ហែបន្តទៅខេត្តតាកែវ កន្លែងផ្ទះភូមិលោកបណ្ឌិតកែម ឡី ហ្នឹង។ ហើយ ខ្ញុំបានបញ្ជាក់ជូនទឹកព្រះទ័យគ្រប់ព្រះអង្គ និង គណៈកម្មការដែរថា រូបនេះ ខ្ញុំប្រគល់គ្រប់ទាំង អស់ ដើម្បីយកទៅចាត់ចែងទៅតាមការគួរ ហើយត្រង់ទុកដាក់យ៉ាងណា នៅលើព្រះទ័យ នៅលើទឹកចិត្តរបស់គណៈកម្មការ ប៉ុន្តែគ្រាន់តែ សុំទៅគណៈកម្មការ ព្រមទាំងព្រះអង្គប៊ុត ប៊ុនតិញ ផងថា បើសិនជាស្ថានការណ៍មានការផ្លាស់ប្តូរ ធូរស្រាលជាងមុន យើងនឹងសហការគ្នា ដើម្បី សាងសង់រូបសំណាកមួយទៀត យកទៅដាក់ នៅទីលានប្រជាធិបតេយ្យដដែល ដោយសារ ជាគោលដៅ ជាទិសដៅរបស់ខ្ញុំៗនៅតែចង់បាន រូបហ្នឹងនៅទីលានប្រជាធិបតេយ្យ”។ 

ជាមួយការប្រគល់រូបសំណាកលោកបណ្ឌិត កែម ឡី ជូនគណៈកម្មការបុណ្យនៅថ្ងៃនោះ លោកអ៊ូ ច័ន្ទរ័ត្ន អះអាងថា លោកក៏បានជួប អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី តាមប្រព័ន្ធអ៊ីនធើរណេតដែរ ហើយលោកមាន អារម្មណ៍សង្វេគក្តុកក្តួលណាស់ ពេលដែលឃើញ ភរិយាលោកបណ្ឌិតកែម ឡី បង្ហាញពីអារម្មណ៍ នឹករលឹកមកដល់ស្វាមី រហូតស្រក់ទឹកភ្នែក។

លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា “ បាទ! នៅពេលដែលខ្ញុំបានទៅដល់កន្លែងរូបសំណាក ខ្ញុំបានជួបតាមរយៈអ្នកស្គាល់ អ្នកដែល ទាក់ទងលោកស្រី ហើយខ្ញុំបានជួបតាមប្រព័ន្ធ Skype ជាមួយលោកស្រីនោះ ហើយជជែកសួរសុខទុក្ខលោកស្រីមួយចំនួន ហើយជួយលើក ទឹកចិត្ត ដើម្បីធ្វើម៉េចយើងកាត់ចិត្តពីសេចក្តីទុក្ខ ប៉ុន្តែកាត់ចិត្តមិនរួចទេ ហើយឃើញទិដ្ឋភាពនេះ វាជារឿងពិបាកនឹងទប់ ក្នុងខណៈមួយដែលយើង ឃើញបានត្រឹមតែឃើញរូបសំណាក ហើយមិន បានទាំងនៅជិតរូបសំណាកហ្នឹងទៅទៀតបាន ឃើញពីចម្ងាយ។ អាហ្នឹងហើយដែលបង្ហាញថា វាជាការឈឺចាប់របស់មនុស្ស សង្គមមួយ ប្រសិន បើយើងនឹងនៅតែបន្តអ៊ីចឹងទៀតមនុស្សនឹងមាន ការឈឺចាប់ដូចអ៊ីចឹង។ យើងគិតហើយគ្រួសារ មួយដែលធ្លាប់រស់នៅស្រលាញ់គ្នាដល់កូន៤៥  ហើយមានឈ្មោះ មានយសប៉ុណ្ណឹង ហើយទីបំផុតស្លាប់ ហើយសូម្បីតែរូបសំណាកក៏អត់បាន នៅជិតដែរ អត់បានឃើញដែរ បានឃើញតាម Skype ឬ Messenger ប៉ុណ្ណឹង។ ខ្ញុំឃើញគួរ ឱ្យអាណិត គួរឱ្យអាណោចអាធ័ម ហើយពួកយើង ដែលនៅក្នុងនោះមានការក្តុកក្តួលខ្លាំង ពេល ឃើញទិដ្ឋភាពបែបហ្នឹង។ លោកស្រីមានការ ឈឺចាប់ ហើយឃើញទឹកភ្នែករហូត ហើយមិន បាននិយាយអីច្រើន គ្រាន់តែបានថ្លែងអំណរ គុណចំពោះការសាងសង់ ចំពោះគណៈកម្មការ បុណ្យ ដែលជួយរៀបចំហ្នឹង ហើយខ្ញុំក៏មានភារកិច្ចត្រឹមតែជួយសាងសង់រូបហ្នឹង ហើយនឹង ចូលរួមក្នុងបុណ្យទេ ខ្ញុំមិនមែនជាអ្នកចាត់ចែង ទេ ប៉ុន្តែគ្រាន់តែបញ្ជាក់ជូនទៅគាត់ថា សុំជឿ ទុកចិត្តទៅលើគណៈកម្មការ នឹងរៀបចំឱ្យបាន ប្រសើរ សមស្របទៅនឹងកិត្តិយស កិត្តិនាម របស់លោកបណ្ឌិតហ្នឹង។ ដូច្នេះសូមឱ្យលោកស្រីស្ងប់ចិត្ត ហើយទុកចិត្តលើគណៈកម្មការ  ដោយទទួលយកបុណ្យ យកផលដែលគេបាន ធ្វើហ្នឹងទាំងអស់គ្នា”។

លោកអ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍បន្តថា “ខ្ញុំគ្រាន់តែចង់អំពាវនាវដល់បងប្អូនជនរួមជាតិ ទាំងអ្នកនយោបាយ ទាំងសកម្មជនគ្រប់មជ្ឈដ្ឋានទាំងអស់ គួរតែយល់ថា យើងគួរបញ្ចប់របៀប បញ្ចូលការឈឺចាប់ឱ្យគ្នាទៅវិញទៅមកនេះ ទិដ្ឋភាពពេលនេះយើងមិនចង់ឃើញសម្រាប់ កូនចៅយើងបន្តទៅទៀតទេ។ វាជាទិដ្ឋភាព មួយខ្លោចផ្សា ហើយខ្ញុំធ្លាប់មានប្រវត្តិប្រហែល ស្រដៀង ឬគិតគូរអ៊ីចឹងដែរ។ ឪពុកខ្ញុំធ្លាប់មាន រូបសំណាកមួយនៅសិរីសោភ័ណពីដើម ហើយ ពេលដែលម្តាយខ្ញុំពពោះកូនប្រុសពៅមួយទៀត កូន៥ដូចគ្នាអ៊ីចឹង ហើយត្រូវបាន ខ្មែរក្រហម អូសទាញឪពុកខ្ញុំយកទៅទួលសម្តេច ហើយសម្លាប់ ចោលនៅក្នុងឆ្នាំ៧៥ហ្នឹង។ ទិដ្ឋភាពបែបហ្នឹង ធ្វើឱ្យមនុស្សឈឺចាប់ណាស់។ ដូច្នេះសុំអំពាវនាវ គួរឱ្យបញ្ចប់ ហើយត្រិះរិះពិចារណា ដើម្បីកសាង សង្គមជាតិមួយ ឱ្យមានភាពថ្លៃថ្នូរ បញ្ចប់ការ ឈឺចាប់ ដែលយើងចាក់ទៅគ្នាទៅវិញទៅមក នេះ”៕

ដោយ ៖ កុលបុត្រ