Loading...

បង​សម្លាញ់! បេះ​ដូង​អូន​ខ្ទេច​ខ្ទាំ​ទ្រាំ​ឈឺ​ចាប់​មិន​បាន​ឳប​រូប​ចុង​ក្រោយ កូនពៅ​​កើត​ហើយ​មិន​ឃើញ​មុខ​ប៉ា

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 2:04 am

ភ្នំពេញ ៖ ស្របពេលដែលពិធីបុណ្យគម្រប់ ១០០ថ្ងៃ សពលោកបណ្ឌិតកែម ឡី ត្រូវបាន គណៈកម្មការបុណ្យនិងសាច់ញាតិសពប្រារឰធ្វើ នៅវត្តចាស់នោះ ភរិយាលោកបណ្ឌិតកែម ឡី ដែលកំពុងស្ថិតនៅឯក្រៅប្រទេស មិនបានមក ចូលរួមបុណ្យសពប្តី ដោយសារទើបតែសម្រាល កូនខ្ចីនោះបានបញ្ចោញសារតាមបណ្តាញសង្គម ហ្វេសប៊ុក បញ្ជាក់ពីការឈឺចាប់បេះដូងខ្ទេចខ្ទាំ ហើយពេលនេះ មិនមានឱកាសបានឱបរូបប្តី ពិសេសស្តាយពេលវេលាជួបគ្នាបានតិចពេក ប្តី ត្រូវគេសម្លាប់ទៅមិនបាននៅមើលមុខកូនប្រុស ពៅ ដែលកើតមកមិនបានឃើញមុខឪពុក។

អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី បានសរសេរសារឈឺចាប់ នៅក្នុងបណ្តាញ សង្គមហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៦ ដែលជាថ្ងៃទី១ នៃការរៀបចំ បុណ្យគម្រប់១០០ថ្ងៃសពស្វាមីអ្នកស្រីនៅវត្ត ពោធិយារាម ហៅវត្តចាស់ អមដោយរូបថត កូនប្រុស ទើបនឹងកើត និងរូបសំណាកលោក បណ្ឌិតកែម ឡី ថា “បងសម្លាញ់! តើបងដឹង អត់ថា នៅក្នុងពេលនេះ បេះដូងអូនខ្ទេចខ្ទីដល់ កម្រិតណា? អូនទ្រាំនឹងការឈឺចាប់គ្រប់បែប យ៉ាង អូនស៊ូលំបាកម្នាក់ឯង ហើយអ្វីដែលអូន ឈឺចាប់ គឺនៅពេលនេះអូនមិនបានទៅនៅក្បែរ បង ឈរជិតបង បានឱបរូបបងជាលើកចុងក្រោយ ទេ និងនិយាយលេងជាមួយបងយូរខែមកហើយ អូនគ្មានបងនៅក្បែរ ដើម្បីពិភាក្សាររឿងកូនយើង រៀនសូត្រទៀតទេ! ចាប់ពីពេលនេះតទៅ គឺអូន គិតតែម្នាក់ឯង ហើយកូនយើងទាំង៥នាក់ គឺជា ម្រាមដៃរបស់បង អូនថែរក្សាឱ្យបានល្អ។ អូន ស្តាយណាស់ ស្តាយពេលវេលាប្តីប្រពន្ធ យើងជួប គ្នាបានតិចពេក! ហេតុអីមិនអនុញ្ញាតឱ្យប្តីខ្ញុំបាន មើលមុខកូនពៅ ខ្ញុំកើតហើយសិន ហើយឱ្យ កូនពៅបានឃើញមុខប៉ាគេផង?”

kem-lay5

គួរបញ្ជាក់ថា អ្នកស្រីប៊ូ រចនា បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបានធ្វើបុណ្យ និងហែសព ប្តីទៅបញ្ចុះនៅឯស្រុកកំណើតខេត្តតាកែវ រួច ក្រោយពេលដែលលោកបណ្ឌិតកែម ឡី ត្រូវ ឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រុមគ្រួសារលោកបណ្ឌិតកែម ឡី បានផ្ទេរសិទ្ធិឱ្យគណៈកម្មការបុណ្យរៀបចំធ្វើ បុណ្យគម្រប់ខួប១០០ថ្ងៃ ជូនអ្នកវិភាគល្បីឈ្មោះ រូបនេះ។ ប៉ុន្តែទាំងគណៈកម្មការបុណ្យ អ្នកចូល រួម និងសាច់ញាតិខាងលោកបណ្ឌិតកែម ឡី ក៏ បានសម្តែងការសោកស្តាយ ដែលភរិយា និងកូន លោកបណ្ឌិតកែម ឡី មិនបានចូលរួមក្នុងពិធី នេះ។ លើសពីនេះ មជ្ឈដ្ឋានទាំងនោះ ទទួល អារម្មណ៍សង្វេគក្តុកក្តួលជៅពន់ពេកនៅពេល បានអានសារឈឺចាប់របស់ភរិយាលោកបណ្ឌិត កែម ឡី ខាងលើនេះ។

ការផ្ញើសារឈឺចាប់ពីក្រៅប្រទេសរបស់ ភរិយាលោកបណ្ឌិតកែម ឡី នៅពេលនោះ បាន ធ្វើឡើងស្របពេលដែលម្តាយបង្កើតរបស់លោកបណ្ឌិតកែម ឡី ដែលបានចូលរួមពីធីបុណ្យ គម្រប់១០០ថ្ងៃ សពកូនប្រុស នៅឯវត្តចាស់ បានបង្ហាញអារម្មណ៍សោកសង្រេង យំនឹកអាណិត ទៅដល់កូនប្រុសជាថ្មី នៅពេលបានឃើញរូបថត រូបគំនូរ និងរូបសំណាកកូនប្រុស ដាក់តាំងក្នុង រោងបុណ្យនោះ។ ទិដ្ខភាពនោះ ហើយបានធ្វើ ឱ្យអ្នកចូលរួម និងអ្នកតាមដានសង្គម បានចូល រួមក្តុកក្តួល និងរហូតដល់ស្រក់ទឹកភ្នែកផងដែរ ព្រោះតែនឹកអាណិតក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ដែលព្រាត់ប្រាសគ្នា។

សមាជិកគណៈកម្មការបុណ្យ លោកមឿន  តុលា បានបញ្ជាក់នៅពេលនោះថា លោកទទួល ស្គាល់ថា មកដល់ពេលនេះ អ្នកម្តាយ និងជាពិសេស ភរិយារបស់លោកបណ្ឌិតកែម ឡី ពិត ជាមិនទាន់ស្បើយពីសចក្តីទុក្ខនៃការបាតបង់កូន ប្រុស និងស្វាមីដ៏ស្រស់ញញឹមនៅឡើយ គឺនៅ តែផ្ញើសារនឹករលឹក សោកសង្រេងឈឺចាប់ ព្រោះ ការការព្រាត់ស្លាប់កូនប្តី និងឪពុកមិនងាយនឹង កាត់ចិត្តបានភ្លាមៗ។ ម្លោះហើយ ពេលឃើញ ទិដ្ឋភាពនេះ សម្រាប់មិត្តភក្តិ បងប្អូន មានតែចូល រួមក្តុកក្តួល និងព្យាយាមលួងលោមឱ្យកាត់ចិត្ត។

សមាជិកគណៈកម្មការបុណ្យម្នាក់ទៀត គឺ លោកសៅ កុសល ក៏បានបញ្ជាក់ដែរថា ដោយសារតែមានការស្រណោះលោកបណ្ឌិតកែម ឡី និងនឹកអាណិតទៅដល់ភរិយានិងកូនលោកបណ្ឌិត កែម ឡី នោះ ទើបប្រជាពលរដ្ឋជាច្រើន បាន មកចូលរួមបុណ្យគម្រប់១០០ថ្ងៃនៃសពលោកបណ្ឌិតកែម ឡី យ៉ាងច្រើនកុះករពិសេសនៅថ្ងៃ ទី១៥ ខែតុលា មានពិធីរាប់បាត្រព្រះសង្ឃ៥០០ អង្គ មានមហាជនមកចូលរួមច្រើន។

លោកសៅ កុសល មានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ថា “បាទ! យើងឃើញថា ប្រជាពលរដ្ឋថ្ងៃនេះ ចូល រួមបានកុះករច្រើនណាស់ តាំងពីព្រឹកមក ម៉ោង ៨មក គឺពេញរោងរហូត ហើយចេញចូលៗ ប្រហែល ២ម៉ឺន ទៅ ៣ម៉ឺននាក់ប្លាយហើយ ឃើញថា ទិដ្ឋភាពនេះ គាត់នៅតែគាំទ្រចំពោះការថ្កោលទោស ការសម្លាប់ និងការស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិតនេះ។ ប្រជាពលរដ្ឋគាត់មិនចង់ឃើញនូវ អំពើអយុត្តិធម៌នេះ អំពើឃាតកម្មនេះកើតមាន នៅព្រះរាជាណាចក្រកម្ពុជាយើងតទៅមុខទៀត ទេ។ ដូច្នេះគាំទ្រធ្វើយ៉ាងម៉េចលុបបំបាត់នូវឃាតកម្មដ៏ឃោរឃៅនេះ ចេញពីប្រជាពលរដ្ឋកម្ពុជា ជាពិសេស ប្រជាពលរដ្ឋដែលស្លូត្រង់ ដែលតែងតែ ទទួលការគំរាមកំហែង និងសម្លាប់ជាបន្តបន្ទាប់ ដែលយើងឃើញហើយ សូម្បីតែសម្លាប់អ្នកដែល ធ្វើការរកយុត្តិធម៌ជូនសង្គមផ្សេងៗ តែងតែស្លាប់ ដូចលោកឈុត វុទ្ធី លោកជា វិជ្ជា អីផ្សេងៗ ហើយឥឡូវហ្នឹងដល់លោកបណ្ឌិតទៀត យើង ឃើញថា យុត្តិធម៌អត់ទាន់មានសម្រាប៉អ្នកស្មោះត្រង់ចំពោះជាតិមាតុភូមិ ចំពោះប្រជាពលរដ្ឋ ចំពោះអីផ្សេងៗទេ។  ដូច្នេះយើងឃើញថា ការ ចូលរួមថ្ងៃនេះ ជាសញ្ញាមួយបង្ហាញថា ប្រជាពលរដ្ឋអត់ពេញចិត្តចំពោះអំពើឃាតកម្មទាំងអស់ នេះទេ”។

បុណ្យគម្រប់ខួប១០០ថ្ងៃរបស់លោកកែម ឡី ធ្វើរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ ទី១៧ ខែតុលា។ ចាប់ពីថ្ងៃទី១៤និង១៥ បុណ្យ ធ្វើនៅវត្តចាស់ ក្នុងរាជធានីភ្នំពេញ។ ចំណែក នៅថ្ងៃទី១៦ ហែរូបសំណាកលោកកែម ឡី ទៅ កាន់ខេត្តតាកែវ ហើយនៅថ្ងៃទី១៧ ធ្វើបុណ្យ នៅទីនោះមួយព្រឹកទៀត

ដោយ ៖ កុលបុត្រ