Loading...

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បារម្ភ​សុវត្ថិ​ភាព ពេល​ជន​ដៃ​ដល់​វាយ​ដំ រួច​ពី​គុក

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 10:33 am

ភ្នំពេញ ៖ តំណាងរាស្ត្របក្សប្រឆាំង ដែល រងការវាយប្រហារ កាលពីឆ្នាំមុន បានសម្តែង ការសោកស្តាយ ព្រួយបារម្ភ និងប្រកាសប្តឹង សើរើសំណុំរឿងឡើងវិញ ក្រោយពេលជនដៃដល់៣នាក់ ដែលប្រប្រឹត្តអំពើវាយដំតំណាងរាស្ត្រ កាលពីឆ្នាំមុន ត្រូវបានដោះលែងចេញពីពន្ធនាគារ។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ គឺជាខួប១ឆ្នាំ នៃការវាយប្រហារ ប្រើអំពើហិង្សាលើអ្នកតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ ពីររូប គឺលោកគង់ សភា និងលោក ញ៉យ ចំរើន នៅមុខវិមានរដ្ឋសភា ក្នុងពេលមាន បាតុកម្មទម្លាក់លោកកឹម សុខា ពីតំណែងអនុប្រធានទីរដ្ឋសភា។ ជនដៃដល់៣រូប រួមមាន ឈ្មោះចាយ សារិទ្ធ អាយុ៣៣ឆ្នាំ, ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និងសុត វណ្ណនី ៤៥ឆ្នាំ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០១៥ ចេញសាលក្រមផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ។ ប៉ុន្តែ ក្រោយមក តុលាការតម្រូវឱ្យជនជាប់ចោទ ទាំង៣នាក់ ទទួលទោសតែមួយឆ្នាំ សល់៣ឆ្នាំ ទៀតព្យួរ បន្ទាប់ពីពួកគេបានសារភាពថា ពិត ជាបានព្រួតគ្នាវ៉ៃតំណាងរាស្ត្រគណបក្សប្រឆាំង  ទាំង២រូបនោះមែន។

រហូតមកដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ពិរុទ្ធជនទាំង៣នាក់ខាងលើ ត្រូវបានអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចេញលិខិត ទៅខាងពន្ធនាគារព្រៃស បង្គាប់ឱ្យដោះលែងវិញ ដោយសារការអនុវត្តទោសរបស់ទណ្ឌិតទាំង នោះ បានបញ្ចប់ក្នុងរយៈពេល១ឆ្នាំគត់ គិតដល់ ពេលនេះ។

ទាក់ទងរឿងនេះ តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ ដែលរងគ្រោះដោយការវាយដំ នោះ នៅតែចោទប្រកាន់ថា ការដាក់ទោសទណ្ឌ លើជនដៃដល់ទាំង៣ ពីសាលាដំបូងរាជធានីភ្នំពេញ ហាក់ដូចជាស្រាលពេក។ ដូច្នេះនៅតែ មានបំណងប្តឹងទៅសាលាឧទ្ធរណ៍ ប្រឆាំងការ សម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។

chhon

លោកគង់ សភា តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ ដែលជាជនរងគ្រោះម្នាក់ បាន សរសេរនៅក្នុងហ្វេសប៊ុករបស់លោក កាលពី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “ខ្ញុំមានការ ខកចិត្តយ៉ាងខ្លាំង ដែលអាជ្ញាធរ និងតុលាការ មិនយកចិត្តទុកដាក់ និងបន្តនីតិវិធីដើម្បីស្វែង រកចាប់ខ្លួនជនដៃដល់បន្ថែមទៀត អំពីករណី វាយអ្នកតំណាងរាស្ត្រ។ ហើយថ្ងៃនេះ ជនដៃដល់បីនាក់ ដែលចូលសារភាព ត្រូវបានដោះលែងមានសេរីភាព ខ្ញុំមានការព្រួយបារម្ភយ៉ាង ខ្លាំងអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពអ្នកតំណាងរាស្ត្រផ្សេងៗទៀត ដោយការដាក់ទោស ទៅលើជនដៃដល់មានលក្ខណៈធូរស្រាល អាច ធ្វើឱ្យជនខិលខូចផ្សេងទៀត យកគំរូតាម និង ធ្វើឱ្យខូចតម្លៃនៃស្ថាប័នរដ្ឋសភាជាតិទាំងមូល។ ខ្ញុំសូមប្រកាសឱ្យសាធារណជនដឹងថា នៅពេល ដែលមានរដ្ឋាភិបាលថ្មី ដឹកនាំធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ត្រឹមត្រូវមានជំនឿចិត្តពីប្រជា- ពលរដ្ឋ ខ្ញុំនឹងធ្វើការប្តឹងសើរើលើសំណុំរឿង ប៉ុនប៉ងវាយសម្លាប់មកលើយើងទាំងពីរនាក់ ឡើងវិញ ដើម្បីទទួលបានយុត្តិធម៌ដោយពិតប្រាកដ”។

បន្ថែមលើសំណេរតាមហ្វសប៊ុកនេះ លោក គង់ សភា បញ្ជាក់ថា ការសម្រេចក្តីរបស់តុលាការ មានស្តង់ដាពីរ ព្រោះអ្នកគាំទ្រអ្នកមានអំណាច វាយតំណាងរាស្ត្រ ស្ទើនឹងបាត់បង់ជីវិត ត្រូវ បានផ្តន្ទាទោសតែមួយឆ្នាំ។ ចំណែកមន្ត្រីបក្ស- ប្រឆាំង គ្រាន់តែកាន់ក្បាលមីក្រូបញ្ចោញមតិ ដោយសន្តិវិធី ដូចជាលោកមាជ សុវណ្ណារ៉ា ជា ដើម ត្រូវបានតុលាការផ្តន្ទាទោសដល់ទៅ២០ ឆ្នាំ។

ចំណែកលោកញ៉យ ចំរើន តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ជាជនរងគ្រោះម្នាក់ទៀត មិនអាចទាក់សុំយោបល់ការបញ្ជាក់បន្ថែមបាន ទេ។

លោកមេធាវីសំ សុគង់ មេធាវីការពារក្តី តំណាងរាស្ត្ររងគ្រោះទាំង២រូប បានមានប្រសាសន៍ថា ក្រុមមេធាវីរបស់លោក បានដាក់ ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ប្រឆាំងការសម្រេច របស់សាលាដំបូងរាជធានី លើសំណុំរឿងវាយ តំណាងរាស្ត្របក្សប្រឆាំង ចាប់តាំងពីអំឡុងខែ មិថុនា មកម៉្លេះ ប៉ុន្តែគិតមកដល់ពេលនេះ ជិត ប្រាំខែមកហើយ ដែលសាលាឧទ្ធរណ៍មិនទាន់ ចាត់ការលើបណ្តឹងនៅឡើយទេ។ ដូច្នេះប្រសិន បើសាលាឧទ្ធរណ៍ នៅមិនទាន់ចាត់ការលើបណ្តឹង របស់ក្រុមមេធាវី លោកនឹងប្តឹងទៅក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឱ្យពិនិត្យ លើសាលាឧទ្ធរណ៍។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះ មិន អាចទាក់ទងសុំមតិយោបល់ពីមន្ត្រីរាជរដ្ឋាភិបាល និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានទេ កាល ពីម្សិលមិញ៕

ដោយ ៖ កុលបុត្រ