Loading...

ភេ​លង់​ទឹក

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១៦​ | បរិយាយ | | 0 | ម៉ោង 7:36 am

មនុស្សមិនធ្លាប់ស្គាល់សត្វភេ ពេលឃើញវាមុជទឹកបាត់ ស្មានថាវាលង់ទឹកហើយ លុះបានមួយស្របក់ ក៏ឃើញវាងើប មកវិញ ទើបដឹងថា ភេ ជាសត្វក្នុងពូជមច្ឆជាតិ ឬមានលក្ខណៈដូចត្រី។ យ៉ាងណាមិញ អ្នកនយោបាយជាន់ខ្ពស់ ក៏មិនខុសពី សត្វភេនោះទេ ពេលឃើញគាត់លិចបាត់ ដោយសារហេតុផលអ្វីមួយ ស្មានថាគាត់លិចលង់ ដឹងអី! ស្រាប់តែងើបធ្លោមកវិញ ដូចករណីលោកកឹម សុខា ដែលបានទទួលការលើកលែងទោសពីព្រះមហាក្សត្រ ដែល “នគរធំ” សូមលើករឿង “ភេលង់ទឹក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ភេ” ជាសត្វចតុប្បាទមួយប្រភេទ រាងតូចស្តឺតខាងមុខ កន្ទ្រលខាងក្រោយ កម្ពស់ប្រហែលនឹងឆ្មា រោមខ្លី សម្បុរក្រមៅ រលើប វារស់នៅអាស្រ័យតាមទីក្បែរមាត់ទឹក ចេះហែលនិងមុជទឹកយ៉ាងស្ទាត់ មានមច្ឆជាតិជាអាហារ។ តាំងពីបរមបុរាណមក គេមិនដែលឮថា សត្វភេលង់ទឹកងាប់នោះទេ ទោះជាមានទឹកជំនន់ហូរហៀរយ៉ាងណាក៏ដោយ ព្រោះវាអាចមុជទៅក្នុងទឹក ដេញចាប់ត្រីបានយ៉ាងងាយ រួចពាំយកទៅស៊ីនៅមាត់ច្រាំងទន្លេ ឬបឹងធំៗ ដែលវារស់នៅ។ ចុះហេតុអ្វីបានជាមានសុភាសិតថា “ភេលង់ទឹក”? សំណួរនេះ យើងអាចឆ្លើយបានថា វាជា “បដិបក្ខមតិ” ឬ “សំយោគវិធី” បំប្លែងនិយមន័យឱ្យមានលក្ខណៈ បញ្ច្រាស ដូចពាក្យ “ឃ្លោកលិច” តើឃ្លោកឯណាវាលិច? “អំបែងអណ្តែត” តើអំបែងឯណាអណ្តែតទឹក? ជាដើម។ សុភាសិត បែបនេះ មានន័យជ្រៅណាស់ បើយកទៅប្រៀបធៀបនឹងអ្នកនយោបាយ ដែលកំពុងដើរយុទ្ធសាស្ត្រប្រជែងយកអំណាច ដឹកនាំប្រទេស។

រួចមកហើយយើងដឹងថា លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀល ពាក់ព័ន្ធនឹងករណី “បដិសេធការចូលខ្លួន”។ លុះឡើងដល់ សាលាឧទ្ធរណ៍ ក៏ជាប់អំណាចសាលដីកាព្រហ្មទណ្ឌ រើខ្លួនមិនរួច ក៏ស្រាប់តែមានព្រះរាជក្រឹត្យលើកលែងទោស បន្ទាប់ពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយធ្វើអន្តរាគមន៍។ មុននឹងមានការលើកលែងទោសនេះ លោកកឹម សុខា ត្រូវរងព្យុះ បោកបក់ពីគ្រប់ទិសទី ពាក់ព័ន្ធនឹងខ្សែអាត់សំឡេងសាសងស្នេហា និងរងការប្តឹងផ្តល់ពីស្រីមុំ ធ្វើឱ្យផ្អើលដល់ពិភពលោក។

តាំងពីខែឧសភា មក លោកកឹម សុខា លែងហ៊ានចេញពីទីស្នាក់ការគណបក្ស ព្រោះតែខ្លាចការចាប់ខ្លួន ដែលអ្នកវិភាគខ្លះ ថា លោកកឹម សុខា អាចត្រូវបញ្ចប់ជីវិតនយោបាយ ប៉ុន្តែ “នគរធំ” ធ្លាប់លើកឡើងរួចមកហើយ ពី “អ្នកនយោបាយកើតជំងឺ អារឹស បើមានគ្រូខ្លាំងពូកែ ស្តោះតែ១ផែត! ជាហោង”។ យើងក៏ធ្លាប់ប្រៀបធៀបអ្នកនយោបាយជាន់ខ្ពស់ ទៅនឹងសត្វភេដែរ ទោះជាឃើញភេលិចបាត់ទៅក្នុងទឹក កុំស្មានថាភេលង់ទឹក។

ឥឡូវអ្វីៗដូចការបញ្ចោញទស្សនៈពីមុនមិនខុសមែន ខណៈដែលលោកកឹម សុខា ដែលវ័ណ្ឌកព្រោះរឿងកន្ទុយក្បិន ត្រូវ បានប្រមុខរាជរដ្ឋាភិបាល ជួយធ្វើអន្តរាគមន៍ទូលថ្វាយស្នើសុំព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រោសព្រះរាជទានការលើកលែង ទោស។ ភេកឹម សុខា ដែលមុជទឹកទៅបាតបឹងនោះ ក៏ងើបធ្លោមកវិញ ធ្វើឱ្យអ្នកវិភាគយល់ខុសថា លោកកឹម សុខា អាចត្រូវ បញ្ចប់ជីវិតនយោបាយនោះ ស្រឡាំងកាំងគ្រប់គ្នា។ ទើបតែពេលនេះទេ ដែលអ្នកវិភាគខុសយល់ថា អ្នកនយោបាយធំៗមិនងាយ លិចលង់នោះឡើយ មិនខុសពីភេមុជទឹក កុំនឹកស្មានថា “ភេលង់ទឹក”។

បន្ទាប់ពីលោកកឹម សុខា រួចផុតពីទោសទណ្ឌ ក៏មានមតិមហាជនលើកឡើងពីករណីលោកសម រង្ស៊ី ម្នាក់ទៀត ដែលមាន ពិរុទ្ធភាពច្រើនជាងលោកកឹម សុខា។ អ្នកខ្លះថា “ប្រធានបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសនោះ នឹងបានចូល ស្រុកវិញ មុនការបោះឆ្នោតឆ្នាំ២០១៧” អ្នកខ្លះទៀតថា “នឹងអាចចូលស្រុកបាន លុះត្រាតែនាយករដ្ឋមន្ត្រី បើកភ្លើងខៀវ តែបើកយ៉ាងម៉េចកើត បើសម្តេច សន្យាកាត់ដៃចោល បើចុះហត្ថលេខាសុំលើកលែងទោសឱ្យមេបក្សប្រឆាំង”។ ទោះយ៉ាងណា បើសិនជាលោកសម រង្ស៊ី ជា “អ្នកនយោបាយភេ” ឬ “ភេលង់ទឹក” ទោះជាទឹកឡើងល្ហាចល្ហឹមយ៉ាងណា ក៏ភេនៅតែអាច ចាប់ត្រីស៊ីបាន។

ការលើកលែងទោសឱ្យលោកកឹម សុខា ក៏ត្រូវបានអ្នកវិភាគខ្លះថា បក្សកាន់អំណាច បានចំណេញនយោបាយ ត្រង់ធ្វើឱ្យ អ្នករួចទោសនោះជំពាក់គុណ ឬដឹងគុណអ្នកជួយ លែងសូវប្រឆាំងធ្ងន់ៗដូចមុន។ បើលែងសូវប្រឆាំង អាចធ្វើឱ្យមនុស្សដែល មាននិន្នាការប្រឆាំងខ្លាំង ដកសេចក្តីទុកចិត្ត ងាកទៅគាំទ្រគណបក្សថ្មីទៀត ដែល “ប្រឆាំងខ្លាំង”។ ករណីនេះ យើងសុំមិននិយាយ វែងឆ្ងាយទេ ព្រោះខុសប្រធានបទ ដោយចង់លើកឡើងពីរឿង “ភេលង់ទឹក” ឯណោះ ខណៈដែលភេធំ២ក្បាល រួចមួយ នៅសល់មួយ និងមានកូនភេជាង១០ទៀត កំពុងជាប់ពន្ធនាគារ។ កូនភេទាំងនោះ ជាប់ចោទពីបទ “សូកប៉ាន់សាក្សី” ដូចជា លោកមេឃុំ ស៊ាង ចែត ជាដើម ពាក់ព័ន្ធនឹងលុយ៥០០ដុល្លារ ក៏ក្លាយជាទណ្ឌិត អស់សិទ្ធិក្នុងការបោះឆ្នោត។ កូនភេប៉ុន្មាន ដែលវ័ណ្ឌក ឬ “សាច់មិនបានស៊ី យកឆ្អឹងព្យួរក” មានដើមចមពីរឿងស្រីមុំ នោះ ក៏ចេះហែលទឹកស្ទាត់មិនចាញ់ភេធំទាំងពីរ នោះទេ គង់តែងើបពីទឹកមកវិញ។

តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មកទល់ពេលនេះ ឃើញបាន៥អាណត្តិហើយ ទន្ទឹមនោះ អ្នកនយោបាយជាន់ខ្ពស់ដាក់វេនគ្នាទទួលទោសជាបន្តបន្ទាប់ ដូចជាសម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ អតីត នាយករដ្ឋមន្ត្រីទី១ ក៏ធ្លាប់រងការចោទប្រកាន់ពីតុលាការ ពីបទនាំគ្រឿងសព្វាវុធចូលប្រទេសខុសច្បាប់ដែរ ប៉ុន្តែ ព្រះអង្គ ជាអ្នក- នយោបាយពូកែមុជទឹករហ័សជាងភេទៅទៀត ក៏នៅរក្សាបានព្រះឋានៈជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដដែល។ លោកសម រង្ស៊ី មេបក្សប្រឆាំងដ៏ស្រួចស្រាល់ គ្រាន់តែតុលាការកាត់ទោសរាប់ភ្លេចទៅហើយ តែមិនដែលឃើញគាត់ដើរចូលពន្ធនាគារ ដល់ម្តងណាឡើយ ពោលគឺបើតុលាការបង្គាប់ឱ្យចាប់ ភេសម រង្ស៊ី ក៏មុជទឹកទៅបាត់ លុះមិនបានប៉ុន្មានក៏ងើបមកវិញ ពាំទាំងត្រី ធំមកផង។ ចំណែកភេកឹម សុខា ធ្លាប់ជាប់គុកព្រៃសម្តងដែរ ពាក់ព័ន្ធរឿងព្រំដែន ប៉ុន្តែ ជាប់មិនបាន២០ថ្ងៃផង ក៏រួចមកវិញ ចេញមុខធ្វើនយោបាយកាន់តែខ្លាំង។ ឥឡូវភេនេះ ងើបពីទឹកទៀតហើយ ដោយបានផ្ញើលិខិតថ្លែងអំណរព្រះគុណចំពោះអង្គ ព្រះមហាក្សត្រ ជាពិសេសថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានលើកលែងទោសដល់គាត់។ អ្នកនាំពាក្យ- ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានលើកឡើងថា “ការលើកលែងទោសនេះ ជាការបង្ហាញនូវគុណធម៌ និងសីលធម៌របស់សម្តេចនាយក- រដ្ឋមន្ត្រី ក្នុងការអនុគ្រោះដល់ជនជាប់ទោស ដែលទទួលស្គាល់កំហុសរបស់ខ្លួន…”។

ដូច្នេះយើងឃើញថា “ភេលង់ទឹក” គ្រាន់តែជាការមុជទឹកប៉ុណ្ណោះ បន្ទាប់ពីលិចមក ក៏ងើបមកវិញ ធ្វើសកម្មភាពដដែល។ ភេធំៗ ដែលផ្អើលហ្វូងមនុស្ស គ្រាន់តែសំងំយកសុខ លុះស្ងប់ស្ថានការណ៍ ក៏ពាំត្រីមកស៊ីលើមាត់ច្រាំង ជួបជុំហ្វូងហ្វាយ។ អ្នកនយោបាយភេ ឆ្លាតត្រង់ចេះសម្របសម្រួលជាមួយបក្សកាន់អំណាច ដើម្បីបានឱកាសងើបពីទឹក ដូចករណីលោកសម រង្ស៊ី មានទស្សនៈស្របជាមួយរាជរដ្ឋាភិបាលពាក់ព័ន្ធការបំប្លែងផែនទី ពីខ្នាត១លើ១០០ពាន់ មកខ្នាត១លើ៥០ពាន់ ជាដើម។ លោកកឹម សុខា ក៏ចេះសម្របសម្រួលបន្ទន់ឥរិយាបថដែរ ទើបបានរួចពីទឹកហ្នឹង ប៉ុន្តែ តើអ្នកណាអាចទាយត្រូវថា ភេធំៗទាំង២នេះ មិនធ្វើសកម្មភាព ខ្លាំងដូចមុន? សកម្មភាពខ្លាំងត្រង់ពូកែចាប់ត្រីបានដល់ទៅ៥៥ ខណៈដែលខ្លួនមុជងើបៗស្មានថាលង់ទឹក

សរុបទៅ “ភេលង់ទឹក” មានអត្ថន័យជ្រាលជ្រៅណាស់ សំដៅដល់អ្នកនយោបាយប្រឆាំង ដែលពូកែមុជទឹក នៅពេលមាន គំនាបពីតុលាការនេះឯង។ ធម្មតាតុលាការ តែងប្រើច្បាប់ “ព្រហ្មទណ្ឌ” ដែលមានន័យថា “ដំបងព្រះព្រហ្ម” ចោលសំដៅសត្វភេ ឱ្យមុជទៅក្នុងទឹកបាត់អស់ មិនបានប៉ុន្មានក៏ងើបច្រូងមកវិញ។ សារជាតិរបស់សត្វភេ វាពូកែចាប់ត្រីណាស់ ហើយបើជា “អ្នកនយោបាយភេ” បើរួចផុតពីទោសទណ្ឌ ច្បាស់ជាមានយុទ្ធសាស្ត្រកៀងគររកសំឡេងឆ្នោតទៀតហើយ ខណៈដែលភេសម រង្ស៊ី បានអួតអាងថា សំឡេងឆ្នោតបក្សប្រឆាំង នឹងឈ្នះបក្សកាន់អំណាច យ៉ាងតិច២លាន ក្នុងការបោះឆ្នោត នាពេលខាងមុខ ដែលបក្សកាន់អំណាចត្រូវប្រុងប្រយ័ត្ន៕

ដោយ ៖ អាចារ្យថាំ