Loading...

ការលើកលែងពន្ធគ្រឿងសម្អាងនាំចូល ប៉ះពាល់សហគ្រាសតូច-មធ្យមថៃ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧​ | សម្រស់ | | 0 | ម៉ោង 6:55 am

យោងតាមរបាយការណ៍ថ្មីមួយពីកាសែតថៃ បានចុះផ្សាយថា សមាគមក្រុមហ៊ុនផលិតគ្រឿងសម្អាងថៃ TCMA (Thai Cement Manufacturers Association) បានអំពាវនាវដល់ក្រសួងហិរញ្ញវត្ថុរបស់ថៃ ឱ្យដោះស្រាយលើផែនការលើកលែងពន្ធនាំចូលលើគ្រឿងសម្អាង សម្រាប់ខែដំបូងនៃឆ្នាំ២០១៧នេះ។

ការលើកលែងពន្ធគ្រឿងសម្អាងនាំចូល មានន័យថា ជាការរួមចំណែកក្នុងការជំរុញការចំណាយរបស់អតិថិជនក្នុងខែមករា និងកុម្ភៈ ប៉ុន្តែ សមាគម TCMA បានឱ្យដឹងថា វានឹងធ្វើឱ្យមានផលវិបាកដល់អ្នកផលិតគ្រឿងសម្អាងក្នុងស្រុក។

បើតាមនាយកសមាគម TCMA បានឱ្យដឹងថា “ពួកយើងមិនយល់ព្រមជាមួយផែនការនេះឡើយ ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់សហគ្រាសផលិតគ្រឿងសម្អាងធុនតូច និងមធ្យម។ ឧស្សាហកម្មគ្រឿងសម្អាង ចូលរួមចំណែកច្រើនដល់ផលិតផលសរុប ក្នុងប្រទេស។ ដូច្នេះ រដ្ឋាភិបាលគួរប្រឹងប្រែងជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមរបស់ខ្លួន”។

អត្រាការលក់គ្រឿងសម្អាងបរទេស រំពឹងថា កើនឡើង ៣០% ក្នុងឆ្នាំនេះ គឺកើន ២០% ធៀបនឹងឆ្នាំ២០១៥។ ជារួម ឧស្សាហកម្មគ្រឿងសម្អាងថៃ មានចំនួនទឹកប្រាក់២៦០ពាន់លានបាត ដោយប្រទេសមានសហគ្រាស និងក្រុមហ៊ុនផលិតក្នុងស្រុក ប្រមាណ៧០០០កន្លែង៕