Loading...

ប្រតិកម្ម​សម្តេចហ៊ុន សែន រឿង​ចរចា​គម្រោង​ជំនួប ស ខេង កឹម សុខា ឆា​ចោល

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 4:22 am

 

ភ្នំពេញ ៖ សម្តេច ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមមតិ​ភាគ​ច្រើននៅរដ្ឋសភា បានសម្រេចលើកពេលជួបពិភាក្សាការងារ ជាមួយលោកកឹម សុខា ប្រធានថ្នាក់ដឹកនាំ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជា ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា វិញភ្លាមៗ យ៉ាងទាន់ហន់ បន្ទាប់​ពីបានកំណត់កាលបរិច្ឆេទ ជួបគ្នានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅ វិមានរដ្ឋសភា។

ការសម្រេចលើកពេលជួបចរចា ឆាចោល វិញភ្លាមៗនេះបានធ្វើឡើងបន្ទាប់ពីមានប្រតិកម្ម របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ- រាជាណាចក្រកម្ពុជា និងប្រធានគណបក្សប្រ- ជាជនកម្ពុជា ស្នើធ្វើវិសោធនកម្ម​បទបញ្ជា ផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី (បី) វិលទៅប្រើ ប្រការ៤៨ថ្មី (ពីរ) វិញ ពោលគឺលុបចោល តំណែងប្រធាន​ថ្នាក់ដឹកនាំតំណាងរាស្ត្រ ឬ ប្រធានក្រុមមតិភាគតិច ឋានៈស្មើនាយករដ្ឋមន្ត្រី ដែលសព្វថ្ងៃជាតំណែងរបស់​លោក​កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ (បក្ស ប្រឆាំង) នោះឯង ដោយសារតែសម្តេចហ៊ុន សែន យល់ថា យន្តការដែលបង្កើតឡើងតាម រយៈប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុង រដ្ឋសភានោះ ពិបាកធ្វើការ ព្រោះបក្សប្រឆាំង ប៉ុនប៉ងប្រើប្រាស់យន្តការនេះ ដើម្បីសុំជួប ចរចាស្នើសុំដោះលែងអ្នកទោស ដែលជាការ បំពានដល់អំណាចតុលាការ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ លោកខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមមតិភាគច្រើននៅរដ្ឋសភា បានផ្ញើលិខិត លេខ ០០៩ សជណ.ខល ជម្រាបជូននាយក- ខុទ្ទកាល័យលោកកឹម សុខា ប្រធានថ្នាក់ដឹកនាំ តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ស្តីពី ពេលវេលា និងសមាសភាពនៃជំនួបពិភាក្សា រវាងប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា និង​ប្រធានថ្នាក់ដឹកនាំ តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ដែល មានខ្លឹមសារថា “ខ្ញុំសូមជម្រាបជូនលោក​នា- យកខុទ្ទកាល័យឯកឧត្តមកឹម សុខា ប្រធានថ្នាក់ ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ជ្រាបថា ៖ សម្តេចក្រឡាហោម ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្ស ប្រជាជនកម្ពុជា ឯកភាពទទួល​ជួបជាមួយឯក- ឧត្តមកឹម សុខា ប្រធានថ្នាក់ដឹកនាំតំណាង- រាស្ត្រនៃគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០១៧ វេលាម៉ោង៩ៈ០០នាទី ព្រឹក នៅវិមានរដ្ឋសភា។ សមាសភាពចូលរួម ក្នុងជំនួបពិភាក្សានោះ ភាគីគណបក្សប្រជាជន កម្ពុជា រួមមាន ៖

១-សម្តេច ស ខេង ប្រធានថ្នាក់ដឹកនាំ តំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា

២-ឯកឧត្តមសក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

៣-ឯកឧត្តមកើត រិទ្ធ រដ្ឋលេខាធិការក្រសួង យុត្តិធម៌ និងមន្ត្រីជំនួយការចំនួន០២រូប…”។

ប៉ុន្តែមកដល់ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៧ លោកខៀវ សុភ័គ នាយកខុទ្ទកាល័យ សម្តេច ស ខេង បាន​ផ្ញើលិខិត​លេខ០១០ សជណ/ ខល ជម្រាបជូនលោកនាយកខុទ្ទកាល័យលោក កឹម សុខា ស្តីពីការលើកពេល​វេលានៃជំនួប ពិភាក្សារវាងថ្នាកដឹកនាំតំណាងរាស្ត្រនៃគណ- បក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃ​គណបក្សសង្គ្រោះជាតិ ដែលមានខ្លឹមសារ ថា “ខ្ញុំសូមជម្រាបជូនលោកនាយកខុទ្ទកាល័យ ឯកឧត្តមកឹម សុខា ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ជ្រាបថា ៖ ជំនួប ពិភាក្សារវាងសម្តេចក្រឡា​ហោម ស ខេង ប្រធាន ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សប្រជាជន កម្ពុជា និងឯកឧត្តមកឹម សុខា ប្រធាន​ថ្នាក់​ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងជួបនាថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៧ វេលា​ម៉ោង៩ៈ០០នាទី នៅវិមានរដ្ឋ- សភានោះ នឹងត្រូវលើកទៅថ្ងៃក្រោយវិញ…”។

នាយកខុទ្ទកាល័យលោកកឹម សុខា ប្រធាន ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោកមុត ចន្ថា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ថា ក្រោយ ទទួលបានលិខិតពីខាងខុទ្ទកាល័យ​សម្តេច ស ខេង ស្តីពីការលើកពេលជួបពិភាក្សានោះ ខាងខុទ្ទកាល័យលោកកឹម សុខា មិនអាចបញ្ចោញមតិថា ទទួលយកបានឬមិនបានទេ គ្រាន់តែសង្ឃឹមថា នឹងមានការជួបគ្នាដោយពិតប្រាកដនៅពេល ក្រោយ។

លោកមុត ចន្ថា មានប្រសាសន៍ថា “តាម ពិត លិខិតហ្នឹងយើងបានទទួលពីម្សិលមិញមួយ ហើយនៅថ្ងៃនេះ (១៧ មករា) យើងបាន ទទួលលិខិតមួយទៀតថា សុំលើកពេលទៅថ្ងៃ ក្រោយវិញ។ អាហ្នឹងគឺយើងមិនបាន​ទទួលការ បកស្រាយអ្វីពីគូភាគីទេ គ្រាន់តែថា សុំលើក ពេល។ គឺយើងមិនអាចបកស្រាយថា ទទួល យកបាន​ឬមិនបានទេ គ្រាន់តែថា លិខិតបាន ទទួលអ៊ីចឹង លិខិតទី១ បានកំណត់ថ្ងៃ២៥ មករា ហើយបន្ទាប់មក សុំលើក​ថ្ងៃ២៥ មករា ទៅថ្ងៃ ក្រោយ ប៉ុន្តែអត់មានការបញ្ជាក់ថា ពេលណា នឹងត្រូវរៀបចំឡើងវិញទេ។ ដូច្នេះហើយ យើង មិនអាចធ្វើអត្ថាធិប្បាយថា ទទួលយកបានឬ មិនបាន អាហ្នឹងទុកឱ្យសាធារណជនពិនិត្យខ្លួនឯង ទៅ។ តាមពិត​យើងនៅតែបន្តទំនាក់ទំនងគ្នា ក្នុងនាមខុទ្ទកាល័យមតិភាគតិច និងមតិភាគ ច្រើន នៅតែបន្តទំនាក់​ទំនង​គ្នា ហើយយើងរង់- ចាំពេលវេលាដើម្បីជួបគ្នា ព្រោះបញ្ហាខ្មែរ យើងដោះស្រាយរវាងខ្មែរនិងខ្មែរ។ អ៊ីចឹង​ហើយ យើងសង្ឃឺមថា ពេលវេលាជួបគ្នានឹងកើត មានទៅថ្ងៃមុខ។ យើងនៅតែមានឆន្ទៈ និង គោលបំណងនឹង​ជួប ដើម្បីជជែកគ្នាពីបញ្ហា ដែលថ្នាក់ដឹកនាំបានជជែកគ្នារួចហើយនោះ ហើយយើងនៅតែបន្តប្រើប្រាស់យន្ត​ការវប្បធម៌ សន្ទនា ដើម្បីដោះស្រាយបញ្ហាខ្មែរនិងខ្មែរ”។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៧ ថ្លែងទៅកាន់ប្រជាពលរដ្ឋអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ នៅទីក្រុងប៉ារីស ប្រទេស បារាំង តាមប្រព័ន្ធ ក្សយផេ លោកកឹម សុខា បញ្ជាក់ថា ប្រធានថ្នាក់ដឹកនាំតំណាង​រាស្ត្រគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ សម្តេច ស ខេង និង រូប​លោក បានផ្ញើលិខិតឆ្លើយឆ្លងគ្នាជាថ្មី ស្តី ពីការជួបប្រជុំពិភាក្សានេះ ដោយក្នុងនោះ ក្នុង លិខិតរបស់សម្តេច ស ខេង ចុះថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០១៧ បានស្នើរបៀបវារៈ ២ចំណុច ៖

ទី១-ពិភាក្សាអំពីតួនាទីភារកិច្ចរបស់ ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសំឡេង ភាគតិច និងសំឡេងភាគ​ច្រើន។

ទី២-បញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងសិទ្ធិនឹង សមត្ថកិច្ចរបស់ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សនយោបាយទាំង​២។ ចំណែកក្នុងលិខិត របស់លោកកឹម សុខា ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ក៏បានស្នើរបៀបវារៈ២ចំណុចដែរ គឺទី១ ពិភាក្សាគ្នាការកលទ្ធភាពធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីឱ្យបងប្អូនខ្មែរ ជាពិសេសពលករនៅក្រៅ​ប្រទេស អាចមានសិទ្ធិ បោះឆ្នោតបាននៅឆ្នាំ២០១៨។ ទី២ ពិភាក្សា គ្នាអំពីបរិយាកាសនយោបាយ មុនការបោះ​ឆ្នោត។

អនុប្រធានគណៈកម្មាធិការនាយកនៃគណ- បក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ លោកអេង ឆៃអ៊ាង បានចាត់ទុក ថា ការលើកពេលជួបពិភាក្សាពីខាងថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជា​ជនកម្ពុជា នោះ គឺជាឆាកល្ខោន។

ទោះបីយ៉ាងណា នាយកខុទ្ទកាល័យសម្តេច ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោកខៀវ សុភ័គ បាន បញ្ជាក់ថា ការដែលសម្តេច ស ខេង លើក ពេលជួបពិភាក្សាជាមួយលោកកឹម សុខា ដោយ មិនកំណត់នោះ ដើម្បីទុកពេល​ឱ្យរដ្ឋសភា ធ្វើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ ៤៨ថ្មី (បី) ជាមុនសិន។

ការស្នើធ្វើវិសោធនកម្មប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា បានលើកឡើង ដោយសម្តេចនាយករដ្ឋ​មន្ត្រីហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល ដែលបានថ្លែង​ប្រាប់អ្នកសារព័ត៌មានពីប្រទេសស្វីស ខណៈ​សម្តេចអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៧ កាលពីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៧ ថា បើយន្តការ ដែលទើបបង្កើត​ឡើងតាមរយៈប្រការ៤៨ថ្មី (បី) ពិបាកធ្វើការ ដោយរួមទាំងការប៉ុនប៉ងប្រើប្រាស់វាដើម្បីស្នើសុំ​ចរចាដោះលែង​អ្នកទោស ដែលបំពានដល់អំណាចតុលាការផងនោះ គួរ ធ្វើវិសោធនកម្មប្រការ៤៨ថ្មី (បី) ហើយវិល ទៅប្រើ​ប្រការ​៤៨ថ្មី (ពីរ) នៃបទបញ្ជាផ្ទៃក្នុង រដ្ឋសភាវិញ។

សម្តេចហ៊ុន សែន បានបញ្ជាក់ថា “ប្រការ ៤៨ ថ្មី (បី) ជាគំនិតផ្តួចផ្តើមរបស់ខ្ញុំ ទើបខ្ញុំ ស្នើសុំឱ្យធ្វើការកែប្រែតាមរយៈសមាជិកសភា គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជន កម្ពុជា វិញ”។

គួរបញ្ជាក់ថាប្រការ៤៨ថ្មី (បី) នៃបទបញ្ជា ផ្ទៃក្នុងរដ្ឋសភា បានចែងថា “តំណាងរាស្ត្រនៃ គណបក្សនយោបាយដែលមានអាសនៈក្នុង រដ្ឋសភា ចាប់ពី៥ (ប្រាំ) ភាគរយឡើងទៅ ត្រូវ រៀបចំថ្នាក់ដឹកនាំតណាងរាស្ត្រនៃគណបក្ស នយោបាយ តាមគណបក្សនយោបាយនីមួយៗ។ ថ្នាក់តំណាងរាស្ត្រនៃគណបក្សនយោបាយ មាន សមាសភាពយ៉ាងច្រើន៣ (បី) រូប ដោយមាន ប្រធាន១ (មួយ) រូប។ បញ្ជីរាយនាមរបស់ ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សនយោបាយ ត្រូវផ្ញើជូនប្រធានរដ្ឋសភា។ ថ្នាក់ដឹកនាំ តំណាងរាស្ត្រនៃគណបក្សនយោបាយ មានភារកិច្ចដូចខាងក្រោម ៖

-ធ្វើការដឹកនាំតំណាងរាស្ត្ររបស់គណបក្ស ដើម្បីធ្វើឱ្យការងារពាក់ព័ន្ធទាំងឡាយ បានប្រព្រឹត្តទៅស្របតាមកម្មវិធីនយោបាយ និងគោលការណ៍នានារបស់គណបក្ស។

-ធ្វើការសម្របសម្រួលជាមួយថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សនយោបាយដែល មានអាសនៈក្នុងរដ្ឋសភា ដើម្បីធ្វើឱ្យការងារ ពាក់ព័ន្ធទាំងឡាយបានប្រព្រឹត្តទៅដោយរលូន និងធានាបាននូវផលប្រយោជន៍របស់ជាតិ និង ប្រជាពលរដ្ឋ។

រដ្ឋសភា ត្រូវផ្តល់ឱ្យថ្នាក់ដឹកនាំតំណាង- រាស្ត្រគណបក្សនយោបាយនូវមធ្យោបាយ សមស្រប ដើម្បីថ្នាក់ដឹកនាំតំណាងរាស្ត្រនៃ គណបក្សនយោបាយ បំពេញតួនាទីនិងភារកិច្ច របស់ខ្លួនបានល្អនៅក្នុងរដ្ឋសភា។ ប្រធានក្រុម តំណាងរាស្ត្រនៃគណបក្សនយោបាយក្រៅរាជ- រដ្ឋាភិបាល ដែលមានអាសនៈក្នុងរដ្ឋសភា ចាប់ ពី២៥(ម្ភៃប្រាំ) ភាគរយឡើងទៅ មានឈ្មោះ ហៅថាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។ ប្រធានក្រុមមតិភាគតិច ជាគូសន្ទនាជាមួយ ប្រមុខរាជរដ្ឋាភិបាល ទាក់ទងទៅនឹងបញ្ហា ប្រទេសជាតិ។ ប្រធានក្រុមមតិភាគតិច មាន ឋានៈស្មើនាយករដ្ឋមន្ត្រី”។

ចំណែកប្រការ ៤៨ថ្មី (ពីរ) នៃបទបញ្ជា ផ្ទៃក្នុងរដ្ឋសភា បានចែងថា “អាសនានុក្រម នៃក្រុមតំណាងរាស្ត្រ ត្រូវរៀបជាក្រុមៗតាម គណបក្សនយោបាយពីមុខទៅក្រោយ។ ក្រុម នីមួយៗ ត្រូវមានសមាជិកយ៉ាងតិចដប់រូប។ តំណាងរាស្ត្រមួយរូបអាចចូលជាសមាជិករបស់ ក្រុមតែមួយប៉ុណ្ណោះ។ ក្រុមនីមួយៗត្រូវមាន ប្រធានមួយរូប អនុប្រធានមួយរូប។ គណបក្ស នយោបាយណាមានអាសនៈតិចជាងដប់ត្រូវ ជ្រើសរើសក្រុមណាមួយដែលខ្លួនពេញចិត្តនៅ ជាមួយ។

បញ្ជីរាយនាមរបស់ក្រុមតំណាងរាស្ត្រ នៃគណបក្សនយោបាយ ត្រូវផ្ញើជូនប្រធាន រដ្ឋសភា”។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសទទួលស្គាល់លោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ ជាប្រធានថ្នាក់- ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ជា គូសន្ទនាជាមួយនាយករដ្ឋមន្ត្រី ជំនួសលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។

ទោះជាយ៉ាងណា ជុំវិញការស្នើធ្វើវិសោធន- កម្មប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការស្នើនេះ គ្រាន់តែជា យោបល់របស់ថ្នាក់ដឹកនាំបក្ស តែការសម្រេច ថាកែប្រែ ឬធ្វើវិសោធនកម្ម ឬយ៉ាងណានោះ គឺត្រូវមានការសម្រេចរបស់បក្សសិន។ ជាមួយ គ្នានេះ មជ្ឈដ្ឋានតាមដាននយោបាយមួយចំនួន យល់ថា ប្រសិនបើមានការធ្វើវិសោធនកម្ម ប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដោយវិលទៅប្រើប្រការ៤៨ថ្មី (ពីរ) វិញ ដូច ការលើកឡើងរបស់សម្តេចហ៊ុន សែន មែននោះ នឹងលែងមានតំណែងប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រ និងប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ហើយលោកកឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ដែលកន្លងមកបានបាត់បង់តំណែង អនុប្រធានទី១ រដ្ឋសភា នោះ ក៏នឹងត្រូវបាត់បង់ តំណែងប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ឋានៈស្មើនាយករដ្ឋមន្ត្រីនោះដោយស្វ័យប្រវត្តិ ដែរ៕”កុលបុត្រ