Loading...

គូស្នេហ៍កម្សត់!!! ម៉ែបំបែកស្នេហ៍ កូនក្រមុំឱបបង្វេចរត់តាមសង្សារ ដេកក្នុងខ្ទម

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧​ | សង្គម និងជីវិត | | 0 | ម៉ោង 9:49 am

នាងឈុំ សែ អាយុ១៨ឆ្នាំ សព្វថ្ងៃកំពុងរស់នៅក្នុងកូនខ្ទមរយីករយាកមួយ ក្នុងភូមិអូរក្រសា ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៥នាក់ (ប្រុស៣ ស្រី២) ដែលម្តាយឈ្មោះសាង រ៉ន អាយុ៤១ឆ្នាំ ឪពុកឈ្មោះឈុំ ឆុន អាយុ៤៣ឆ្នាំ មានផ្ទះនៅឯស្រុកឧដុង្គ និងមានប្តីឥតខាន់ស្លា ឈ្មោះជា សុវណ្ណារ៉ា អាយុបងនាង២ឆ្នាំ។ តាមពិត ចំណងស្នេហ៍ប្តីប្រពន្ធនាងបានកើតឡើង ជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីពួកនាងរៀនថ្នាក់អនុវិទ្យាល័យ ជាមួយគ្នាមកម៉្លេះ ខណៈដែលឪពុកម្តាយឱ្យទៅរៀន តែពួកនាងមិនចូលសាលាឡើយ ដោយតែងឆ្លៀតបណ្តើរគ្នាដើរលេង សាងអនុស្សាវរីយ៍ផ្អែមល្ហែមរួមគ្នារាប់មិនអស់។ លុះពេលឪពុកម្តាយដឹងពីទំនាក់ទំនងស្នេហ៍នេះ ពួកគាត់ខឹងសម្បាជាខ្លាំង ព្រមទាំងឧស្សាហ៍ហៅនាងមកស្តីប្រដៅ អប់រំ និងមានពេលខ្លះ ឈានដល់ទាញរំពាត់មកវាយនាង ទុកជាការព្រមានទៀតផង ប៉ុន្តែដោយសារចិត្តស្រលាញ់ប្រុសស្នេហ៍ពេញបេះដូង ទោះជាឪពុកម្តាយស្តីប្រដៅយ៉ាងណា ក៏នាងមិនដែលយកត្រចៀកស្តាប់ឡើយ ដោយតែងស្កាត់ជួបគ្នា ប្តូរសាច់ប្តូរឈាមគ្នាជាបន្តបន្ទាប់ រហូតត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សា ចូលធ្វើការងាររោងចក្រ យកប្រាក់ដើរលេងស៊ីចាយ មិនដែលផ្ញើលុយឱ្យអ្នកមានគុណ ដោយរស់នៅម្ចាស់ការខ្លួនឯង ដើម្បីឱ្យមានសិទ្ធិសេរីភាពក្នុងការដើរហើរ ឬជ្រើសរើសគូជីវិត ប៉ុន្តែអ្វីដែលជាក្តីស្រមៃរបស់នាង មិនបានដូចបំណងឡើយ ត្រូវអ្នកមានគុណហៅនាងឱ្យត្រឡប់មកផ្ទះវិញ និងចាប់បង្ខាំងទុកក្នុងបន្ទប់ មិនឱ្យចេញក្រៅ មកជួបមុខប្រុសស្នេហ៍ ឬនិយាយទូរស័ព្ទសាសងសម្តីគ្នាឡើយ។ នៅពេលនោះ នាងរស់នៅតែក្នុងបន្ទប់ មិនដែលបានជួបមុខប្រុសសំណព្វចិត្ត ដោយមានអារម្មណ៍ថា មួយថ្ងៃយូរដូចជាមួយឆ្នាំអ៊ីចឹង ទើបនាងសរសេរសំបុត្រ ពឹងពាក់បងប្អូនយកទៅឱ្យប្រុសស្នេហ៍ ដើម្បីធ្វើការណាត់ជួបគ្នា រួចក៏ឱបបង្វេចពង្រត់គ្នា មកសំងំរួមរស់សាងស្នេហ៍នៅទីនេះ រហូតមកដល់សព្វថ្ងៃ និងបង្កើតបានកូនប្រុសម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។

នាងឈុំ សែ បន្តទៀតថា តាមពិត នាងក៏ដឹងដែរថា ស្រីក្រមុំដែលឱបបង្វេចចុះចោលផ្ទះ រត់តាមប្រុសស្នេហ៍ មិនមែនជារឿងត្រឹមត្រូវឡើយ ហើយក៏មិនសមធ្វើបែបនេះ ចំពោះអ្នកមានគុណដែរ ព្រោះធ្វើឱ្យអាប់ឱន កិត្តិយសក្រុមគ្រួសារ មានឈ្មោះអាស្រូវ ស្អុយសាយភាយបញ្ច្រាសខ្យល់ ប៉ុន្តែនាងគ្មានមធ្យោបាយឡើយ ហើយក៏មិនអាចរស់នៅ ដោយគ្មានប្រុសស្នេហ៍នៅក្បែរបានដែរ។ ពេលនេះ ក្រោយពីផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតរួច នាងបារម្ភខ្លាចឪពុកម្តាយ មកតាមបំបែកស្នេហ៍ទៀត។ តែយ៉ាងណា ប្តីប្រពន្ធពួកនាង ត្បិតតែមិនទាន់មានខាន់ស្លាត្រឹមត្រូវមែន ប៉ុន្តែបានស្បថសច្ចា មិនបោះបង់ចោលគ្នាត្រឹមពាក់កណ្តាលទីឡើយ ទោះជាឪពុកម្តាយតាមបំបែកស្នេហ៍ ក៏ពួកនាងនៅតែរកឱកាសរត់មករួមរស់ជាមួយគ្នាដដែល។ តែយ៉ាងណា នាងក៏សូមទោសពីចម្ងាយចំពោះអ្នកមានគុណដែរ ដែលនាងបានធ្វើអំពើមិនគប្បីដល់អ្នកមានគុណ ហើយមិនយូរទេ នៅថ្ងៃណានាងរឹងសរសៃសរសូង នឹងបីចៅទៅលុតជង្គង់ ក្រាបសំពះសុំ ទោសលោកទាំងពីរនៅចំពោះមុខ។

លោកជា សុវណ្ណារ៉ា អាយុ២០ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកជាកូនទី២ ក្នុងចំណោមបងប្អូន៥នាក់ (ស្រី២ ប្រុស៣) ដែលឪពុកឈ្មោះជា សុគន់ អាយុ៤៥ឆ្នាំ ម្តាយឈ្មោះជុំ ចន្ថា អាយុ ៤២ឆ្នាំ ប៉ុន្តែឪពុកម្តាយបានកាត់កាល់លោកចោល ចាប់តាំងពី លោកបានបង្កាត់ភ្លើងស្នេហ៍ជាមួយប្រពន្ធនេះមកម៉្លេះ។ ឪពុកម្តាយលោក និងខាងប្រពន្ធ សុទ្ធតែមិនពេញចិត្ត និងតាមបំបែកស្នេហ៍ពួកលោក មិនឱ្យរួមរស់ជាមួយគ្នាបានឡើយ ហើយលោកក៏ធ្លាប់ត្រូវឪពុកម្តាយ ចាប់បង្ខាំងក្នុងបន្ទប់ដូចប្រពន្ធដែរ។ តែទោះជាយ៉ាងណា ក៏មិនអាចមករារាំងគូស្នេហ៍ពួកលោក មិនឱ្យរស់នៅជាមួយគ្នាបានដែរ។

បុរសជាប្តីរូបនេះបញ្ជាក់ថា ប្រវត្តិស្នេហ៍របស់លោក ពិតជាកម្សត់កម្រ និងតស៊ូពុះពារម៉ែឪតាមបំបែកស្នេហ៍ តែសំណាងណាស់ ដែលពួកលោកស្រលាញ់គ្នាស្មោះស្មគ្រ័ចិត្តមួយថ្លើមមួយ បានពង្រត់គ្នាមកសំងំរស់នៅ សាងស្នេហ៍នៅទីកន្លែងនេះ។ លោកអះអាងថា ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ លោកមិន បោះបង់ប្រពន្ធកូនចោល ឬឱ្យរស់នៅលំបាកវេទនា អត់បាយក្រហាយទឹកឡើយ។ ដរាបណាលោកនៅ មានជីវិត លោកនឹងខំប្រឹងធ្វើការរកប្រាក់មើលថែផ្តល់ ភាពកក់ក្តៅឱ្យប្រពន្ធអស់ពីចិត្តពីថ្លើម ឥតប្រួល ប្រែរហូតដល់ដង្ហើមចុងក្រោយ។

អ្នកស្រីឡេង ម៉ាប់ អាយុ៤៤ឆ្នាំ ជាម្ចាស់ដី និងខ្ទម ដែលឱ្យប្តីប្រពន្ធកម្សត់មួយគូនេះ អាស្រ័យនៅ បានឱ្យដឹងថា គាត់មិនជាប់សាច់ឈាម និងមិនស្គាល់ប្តីប្រពន្ធវ័យក្មេងមួយគូនេះ ពីមុនមកឡើយ។ តែមាន ល្ងាចមួយ ស្រាប់តែគូស្នេហ៍មួយគូនេះ ស្ពាយបង្វេច មកសុំស្នាក់នៅក្រោមផ្ទះគាត់មួយយប់។ ដោយមើល ទៅអាណិត កូនគេកូនយើង គាត់ក៏ឱ្យពួកគេស្នាក់នៅ ហើយក្នុងយប់នោះ ពេលគាត់សួរនាំទៅ ទើបដឹងថា ពួកគេជាគូស្នេហ៍នឹងគ្នាដែលពង្រត់គ្នា ដើម្បីរត់គេចពីការតាមបំបែកស្នេហ៍របស់ឪពុកម្តាយទាំងសងខាង។ គាត់ក៏បានណែនាំឱ្យពួកគេត្រឡប់ទៅផ្ទះវិញដែរ តែពួកគេមិនព្រម លុះព្រឹកឡើង ស្រាប់តែពួកគេលើកដៃសំពះសុំស្នាក់អាស្រ័យកូនខ្ទម ដែលគាត់ទុកចោលមួយរយៈសិន។ ដោយឃើញខាងស្រីពោះធំផង គាត់ក៏អនុញ្ញាតឱ្យប្តីប្រពន្ធពួកគេរស់នៅរហូតមកដល់សព្វថ្ងៃ។ គាត់ សង្កេតឃើញថា ប្តីប្រពន្ធពួកគេពិតជាស្រលាញ់គ្នាមែន ជាពិសេស ភាគីខាងប្តីជាក្មេងស្លូតបូតណាស់ និង ឧស្សាហ៍ក្នុងរឿងការងារ រកប្រាក់ចិញ្ចឹមកូន និងរកត្រីសាច់ ដាក់ទ្រូ ជីកអន្លង់ រកក្តាម ខ្យង ជាដើម ៕ សុខ វណ្ណា

អ្នកស្រីឡេង ម៉ាប់ ម្ចាស់ដី និងខ្ទម ដែលគូស្នេហ៍កម្សត់ស្នាក់នៅ