Loading...

ប្តីជឿសម្តីម៉ែ បណ្តេញប្រពន្ធចេញពីផ្ទះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧​ | សង្គម និងជីវិត | | 0 | ម៉ោង 7:30 am

នាងខុម សុគា អាយុ១៨ឆ្នាំ រស់នៅភូមិពង្រ ឃុំអំបិល ស្រុកអំបិល ខេត្តឧត្តរមានជ័យ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ (ប្រុស២ ស្រី១) ដែលម្តាយមានឈ្មោះកេត គាយ អាយុ៣៩ឆ្នាំ ឪពុកឈ្មោះហម ខុម អាយុ៤១ឆ្នាំ ជាមន្ត្រីបម្រើការនៅក្នុងអង្គភាពស៊ីម៉ាក។ ប៉ុន្តែនៅពេលបំពេញបេសកកម្មនៅខេត្តបាត់ដំបង ក៏ក្បត់ចិត្តម្តាយកូនពួកនាង ទៅយកប្រពន្ធចុងនៅទីនោះតែម្តង តាំងពីនាងនៅក្មេងម៉្លេះ។ បន្ទាប់ពពីឳពូកនាងវេចបង្វេចទៅតាមប្រពន្ធចុងរួចមក មិនយូរប៉ុន្មាន ស្រាប់តែផ្ទះរបស់ម្តាយកូនពួកនាងកំពុងជ្រកកោនរាល់ថ្ងៃ ក៏ត្រូវភ្លើងឆេះអស់ទៀត ដែលកាលនោះ ជីវិតម្តាយកូនពួកនាងជួបការលំបាកវេទនាជាពន់ពេក ផ្ទះក៏គ្មាននៅ ថែមទាំងជំពាក់បំណុលគេពេញភូមិទៀត ដែលជាហេតុធ្វើឱ្យម្តាយកូនពួកនាងត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ឆ្លងដែនទៅប្រទេសថៃ ដើម្បីស៊ីឈ្នួលជួលព័ទ្ធគេ យកប្រាក់ចិញ្ចឹមជីវិត។ ហេតុនេះហើយ ទើបនាងមិនដែលស្គាល់កាន់ក្តារសៀវភៅទៅសាលារៀនលេខអក្សរ ដូចក្មេងដទៃម្តងណាឡើយ។ លុះចូលដល់ឆ្នាំ២០១៤ មិនទាន់នឹងធំពេញក្រមុំស្រួលបួលផង នាងមានសម្រស់ស្រស់ស្អាត មិនចាញ់ក្រមុំក្រុងបាងកក ឡើយ ធ្វើឱ្យកំលោះមិនតិចនាក់ទេ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍នាង ដោយតាមលួងលោមអង្វរសុំស្នេហ៍ ស្និទ្ធស្អិតដូចសត្វតុកកែ ប្រាថ្នាយកនាងធ្វើជាគូជីវិត តែនាងមិនយកភ្នែកមើលឡើយ ព្រោះមិនទាន់ចង់បានប្តីសីទេ ដោយជួយធ្វើការរកប្រាក់ដោះបំណុលម្តាយបន្តិចសិន។

នារីរូបស្រស់បន្តទៀតថា ក្រោយមកមិនយូរប៉ុន្មាន ខណៈដែលនាងកំពុងធ្វើការសំណង់ជាមួយម្តាយ ក្នុងប្រទេសថៃ ស្រាប់តែមានកំលោះម្នាក់ ឈ្មោះរីករាយ អាយុបងនាង៦ឆ្នាំ មានស្រុកកំណើតនៅភូមិបុស្បូវ ឃុំសំរោង ខេត្តជាមួយគ្នា ដែលបានទៅធ្វើការជួបនាងនៅក្នុងទឹកដីថៃ បាននាំចាស់ទុំរបស់គេចូលស្តីដណ្តឹងនាង ដល់មេបា រីឯម្តាយរបស់នាងក៏ព្រមលើកនាងឱ្យរៀបការជាមួយគេ ដោយបង្គាប់ថ្លៃបណ្ណាការចំនួន៥ម៉ឺនបាត (ប្រាក់ថៃ) ដែលកាលនោះ នាងក៏មិនជំទាស់នឹងបំណងរបស់ម្តាយដែរ ដោយព្រមចូលរោងការយកប្តី តាំងពីអាយុ១៦ឆ្នាំ បំណងយកប្រាក់បណ្ណាការទាំងនោះ មកសងបំណុលជំនួសម្តាយ។ ពេលរៀបការហើយ ប្តីប្រពន្ធថ្មីថ្មោងពួកនាងបានចាប់របរធ្វើការសំណង់ទាំងពីរនាក់ ដើម្បីសាងជីវិតគ្រួសារថ្មី។ តែជីវិតនាងទទួលបានការថ្នាក់ថ្នមបមបីពីប្តីតិចតួចបំផុត ព្រោះប្តីជាមនុស្សប្រើប្រាស់គ្រឿងញៀន គិតតែពីដើរផឹកស៊ីជាមួយបនភឿនបាត់ៗ និងក្បត់ចិត្តប្រពន្ធ ទៅមានស្រីញីនៅខាងក្រៅទៀតផង។

នាងខុម សុគា​និងលោក រីករាយ (ក្នុងថ្ងៃរៀបការ)

នាងសុខគា បន្តទាំងតូចចិត្តថា ប្រាក់ខែដែលប្តីបើកមកទាំងប៉ុន្មាន មិនដែលឱ្យប្រពន្ធចាយមួយកាក់មួយសេនឡើយ គឺប្តីទុកចាយវាយសប្បាយហ៊ឺហាតែម្នាក់ឯងប៉ុណ្ណោះ ហើយថែមទាំងមានត្រចៀកស ជឿតាមសម្តីម្តាយ និងបងប្អូន របស់គេណាស់ ដែលផ្លុំច្រចៀកគេឱ្យស្អប់នាងជាប្រពន្ធ ព្រោះតែក្រុមគ្រួសារខាងប្តី មិនសូវជាស្រលាញ់ពេញចិត្តនាងជាមនុស្សក្រីក្រ។ ទីបំផុត ប្តីក៏ដាច់ចិត្តវេចបង្វេចចុះចោលប្រពន្ធ កំពុងតែពោះធំ៦ខែ ធ្វើឱ្យនាងរងទុក្ខសម្រាលកូនខ្ចីតែម្នាក់ឯង យ៉ាងលំបាកវេទនា កុំតែបានក្រុមគ្រួសារជួយយកអាសា មិនដឹងជាវេទនា យ៉ាងណា? រហូតនាងសម្រាលកូនបាន៥ខែ រឹងសរសៃសរសូង ទើបឃើញប្តី អើតក្បាលត្រឡប់មកវិញឱ្យក្រឡឺម សុំនាងជានាគ្នាវិញ។ ដោយគិតថា មិនចង់ធ្លាក់ខ្លួនជាស្រីមេម៉ាយដូចម្តាយ នាងក៏ព្រមទទួល យកប្តីរួមរស់ជាមួយគ្នាវិញទៅ។

 

នាងខុម សុគា បន្តទាំងអួលដើមកថា ពេលត្រូវរ៉ូវគ្នាសាជាថ្មីម្តងទៀត ប្តីបាននាំម្តាយកូនពួកនាងទៅរស់នៅស្រុកកំណើតខាងប្តី ប៉ុន្តែពេលទៅដល់ ក្រុមគ្រួសារខាងប្តី ជាពិសេសម៉ែក្មេកមិនពេញចិត្តនាងឡើយ ដោយបានព្យាយាមនិយាយអុជអាលឱ្យប្តីប្រពន្ធ នាងបែកបាក់គ្នា រួមផ្សំទាំងប្តីរបស់នាងជាមនុស្ស ត្រចៀកសស្រាប់ផង ក៏ជឿសម្តីក្រុមគ្រួសារគេទាំង ស្រុង រហូតហ៊ានជេរបណ្តេញប្រពន្ធឱ្យចុះចេញពីផ្ទះ ទៀតផង កាលពីអំឡុងខែមេសា ឆ្នាំ២០១៦ នេះ ធ្វើឱ្យ នាងយំឱបកូនត្រឡប់មកផ្ទះ រត់ឱ្យម្តាយជួយទាំង ទឹកភ្នែកហូររហាម ឈឺចាប់ក្នុងឱរាពើតផ្សា មិននឹក ស្មានថា ប្តីហ៊ានធ្វើបែបនេះដាក់នាងសោះ។ ហើយ អ្វីដែលធ្វើឱ្យនាងតក់ស្លុតបំផុតនោះ គឺកូនប្រុសតែម្នាក់ ដែលនាងស្រលាញ់ស្មើកែវភ្នែក ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកស្លាប់ចោលនាងទៀត។

អ្នកស្រីកេត គាយ ជាម្តាយបានឱ្យដឹងថា គាត់អាណិតកូនស្រីនេះណាស់ មិនគួរណាត្រូវធ្លាក់ខ្លួន ជាស្រីមេម៉ាយទាំងវ័យក្មេង ដូចគាត់ជាម្តាយបែបនេះឡើយ ហើយគាត់ក៏មិននឹកស្មានថា កូនប្រសាហេងស៊យរូបនោះ ព្រោះតែជឿសម្តីម៉ែគេ ហ៊ានបណ្តេញប្រពន្ធកូនឱ្យចុះចេញពីផ្ទះដូច្នេះដែរ។ តែយ៉ាងណា រឿងរ៉ាវទាំងអស់នេះ ចាត់ទុកជាកម្មកូនស្រីរបស់គាត់ បន្សល់ទុកកាលពីជាតិមុនមកទៅចុះ សង្ឃឹមថា ទៅថ្ងៃខាងមុខ មិនអភ័ព្វរឿងប្តីធ្វើបាបទៀតទេ។

ជុំវិញរឿងរ៉ាវដែលបានលើកឡើងខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងលោករីករាយ ជាប្តី និងក្រុមគ្រួសារបកស្រាយបានទេ តែយ៉ាងណា យើងនឹងរង់ចាំគ្រប់ភាគីពាក់ព័ន្ធបំភ្លឺជានិច្ច៕

អ្នកស្រីកេត គាយ
ផ្ទះដែលអ្នកស្រីកេត គាយ និងកូនស្រី រស់នៅសព្វថ្ងៃ