Loading...

កូនក្រមុំអស់ព្រហ្មចារី ម៉ែឱ្យចាប់ប្រុសស្នេហ៍ធ្វើប្តី

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧​ | សង្គម និងជីវិត | | 0 | ម៉ោង 2:38 am

នាងរស់ ចន្ថា អាយុ១៩ ឆ្នាំ មានស្រុកកំណើតនៅភូមិអូរកន្ធរខាងត្បូង ឃុំអូរកន្ធរ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ តែសព្វថ្ងៃរស់នៅជាមួយប្តីក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា នាងជាកូនច្បង ក្នុងចំណោមបងប្អូន៨នាក់ (ប្រុស៤ ស្រី៤) ដែលម្តាយមានឈ្មោះឡាម ធី អាយុ៤៦ឆ្នាំ ឪពុកឈ្មោះសៀន រស់ អាយុ៥២ឆ្នាំ ជាកសិករ។ កាលពីក្មេង នាងបានរៀនចប់ថ្នាក់ទី៩ នៃអនុវិទ្យាល័យព្រែកស្បូវ ដែរ តែដោយសារក្រុមគ្រួសារមានជីវភាពក្រីក្រ ទើបនាងសម្រេចចិត្តបោះបង់ការសិក្សាត្រឹមនោះតែម្តង។ បន្ទាប់មក នាងបានដើររសាត់អណ្តែតចេញទៅធ្វើការនៅស្រុកគេ យកប្រាក់កម្រៃ ផ្ញើឱ្យម្តាយដោះស្រាយជីវភាពគ្រួសារ រហូតដល់អាយុ១៥ឆ្នាំ មិនទាន់ធំពេញក្រមុំស្រួលបួលផង នាងបានបង្កាត់ភ្លើងស្នេហ៍ជាមួយប្តីសព្វថ្ងៃនេះ ឈ្មោះហង់ សុភា អាយុ២៥ឆ្នាំ ដែលកាលនោះ នាងចេញទៅស៊ីឈ្នួលបេះផ្លែម្រេចឱ្យគេ ក្នុងខេត្តមណ្ឌលគិរី ហើយប្តីក៏ទៅធ្វើការនៅទីនោះដែរ។

នាងចន្ថា បន្តឱ្យដឹងទៀតថា កាលដើមឡើយ ទំនាក់ទ់នំងពួកនាងត្រឹមតែរាប់អានគ្នា ក្នុងនាមជាមិត្តភាពប៉ុណ្ណោះ ប៉ុន្តែក្រោយពីធ្វើការបានឃើញមុខ និងសាសងសម្តីជាមួយគ្នាព្រឹកល្ងាច បណ្តាលឱ្យទំនាក់ទំនង មិត្តភាពពួកនាងបានរីកដុះដាលចេញជាពន្លកស្នេហ៍ ធ្វើឱ្យបេះដូងកំលោះក្រមុំពួកនាងនៅកាលនោះ វេញត្របាញ់ចូលគ្នាជាធ្លុងមួយ ហើយឱ្យតែល្ងាចឡើង សម្រាកពីការងារ គូសង្សារពួកនាងតែងស្កាត់ជួបគ្នាអង្គុយសាសង ក្នុងពេលរាត្រី ដែលធ្វើឱ្យភ្លើងស្នេហ៍ពួកនាងកាន់តែឆេះក្តៅងំ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់ប្រព្រឹត្តខុសគន្លងប្រពៃណីទៀតផង ដោយទទួលស្គាល់ថា ស្នេហាគ្រាដំបូង របស់នាងពិតជាមានរសជាតិផ្អែមដូចទឹកឃ្មុំខែចេត្រអីចឹង ហើយក្រោយៗមក គូស្នេហ៍ពួកនាងតែងញៀនញ៉ាម ស្កាត់ជួបគ្នាប្រឡែងលេងនឹងល្បែងស្នេហ៍ក្តៅរោលរាលជាបន្តបន្ទាប់ ដោយមិនខ្លាចខ្មោចមេបាប្រកាន់ខឹងឡើយ។

នាងចន្ថា បញ្ជាក់ថា  ក្នុងពេលនាងបង្កាត់ភ្លើងស្នេហ៍ទុំមុនស្រគាលជាមួយប្រុសថ្លើមថ្លៃដំបូង នាងមិនបានប្រាប់ម្តាយឱ្យដឹងឡើយ លុះក្រោយមក ទើបនាងដាច់ចិត្តទូរស័ព្ទប្រាប់ម្តាយឱ្យដឹង ហើយពេលនោះ មិនត្រឹមតែគាត់ស្តីបន្ទោសឱ្យនាងទេ ថែមទាំងពន្យុះឱ្យនាងតាមយកប្រុសស្នេហ៍ធ្វើប្តីឱ្យខាងតែបាន មិនត្រូវបាត់បង់ព្រហ្មចារីដោយឥតប្រយោជន៍។ ជាពិសេស បើមានឱកាសនាំកូនប្រសាឥតខាន់ស្លារូបនេះ ទៅលេងផ្ទះ ឱ្យគាត់បានស្គាល់មុខផង។ ដោយទទួលបានភ្លើងខៀវពីម្តាយបែបនេះ គូស្នេហ៍ពួកនាងក៏រួមរស់ជាប្តីប្រពន្ធឥតខាន់ស្លាតែម្តង បើគិតមកដល់ពេលនេះ មានរយៈពេល៣ឆ្នាំមកហើយ និងបង្កើតបានកូនស្រីម្នាក់ជាចំណងស្នេហ៍ និងមានគម្រោងរៀបការក្នុងពេលខាងមុខឆាប់ៗនេះ ដើម្បីផ្តាច់ព្រលឹងខ្មោចមេបា ព្រោះកន្លងមក ព្រលឹងខ្មោចមេបាតាមកាច់ឱ្យបងប្អូនរបស់នាង ឈឺ២នាក់ទៅហើយ លុះនាំគ្នាសែនព្រេនសុំខមាលទោសរួចរាល់ ទើបបានជាសះស្បើយវិញ។

លោកហង់ សុភា អាយុ២៥ឆ្នាំជាប្តី បានឱ្យដឹងថា លោកជាកូនកសិករ រៀនសូត្រមិនបានជ្រៅជ្រះទេ ស្គាល់តែការងារស្រែចម្ការ និងដើរស៊ីឈ្នួលជួលព័ទ្ធគេគ្មានទំនេរដៃ។ តាំងពីធំពេញកំលោះពេលណាមក លោកមិនចេះស្រលាញ់ស្រីណាឡើយ លុះពេលទៅស៊ីឈ្នួលបេះផ្លែម្រេច ឱ្យគេនៅខេត្តមណ្ឌលគិរី និងបានជួបប្រពន្ធសព្វថ្ងៃនេះ ទើបធ្វើឱ្យលោកចេះស្រលាញ់ស្រី និងបាក់ចិត្តលង់ស្នេហ៍នាង ដកចិត្តមិនរួច។ លុះទ្រាំមិនបាន លោកក៏ប្រថុយលួងលោមអង្វរសុំស្នេហ៍ រហូតនាងទន់ចិត្ត ប្រគល់ប្រាណឱ្យលោកនែបនិត្យតាមចិត្តចង់ និងស្ម័គ្ររួមរស់ជាប្តីប្រពន្ធឥតខាន់ស្លា មកដល់សព្វថ្ងៃនេះ។ តាមពិតទៅ ប្តីប្រពន្ធលោកមិនចង់រស់នៅឥតខាន់ស្លា របៀបនេះឡើយ វាមិនសមនឹងភ្នែកញាតិ ប៉ុន្តែលោកមិនចង់សែនព្រេនទេ ទើបចេះតែពន្យារពេលមកដល់សព្វថ្ងៃ ដើម្បីខំប្រឹងធ្វើការសន្សំប្រាក់ទុករៀបការ ឱ្យបានគគ្រឹកគគ្រេងនឹងគេ។ លោកគិតថា យ៉ាងយូរណាស់ រដូវច្រូតកាត់ឆ្នាំនេះរួចរាល់ គូស្នេហ៍លោកនឹងដឹកដៃគ្នាចូលរោងការតាមប្រពៃណី ធ្វើជាកូនកំលោះកូនក្រមុំឱ្យផ្អើលភូមិម្តង។

លោកសូ វុទ្ធី និងលោកកែវ ពៅ

លោកសូ វុទ្ធី អាយុ៥១ឆ្នាំ និងលោកកែវ ពៅ អាយុ៣៣ឆ្នាំ ជាពូ បានឱ្យដឹងស្របគ្នាថា ចាប់តាំងពីប្តីប្រពន្ធក្មួយប្រុសជួបប្រសព្វគ្នាឃើញថា ពួកគេស្រលាញ់ល្អូកល្អិនជាមួយគ្នាណាស់ ដូចស្រមោចនិងស្ករ ដ្បិតពួកគេមិនទាន់មានខាន់ស្លាត្រឹមត្រូវមែន។ ពួកលោកចង់ឱ្យប្តីប្រពន្ធពូកគេរៀបការ មានខាន់ស្លាត្រឹមត្រូវណាស់ ប៉ុន្តែដោយសារជីវភាពក្រីក្រ ម៉្យាងទៀតក្មួយប្រុសពួកលោកតាំងចិត្តថា កើតមកមួយជាតិ ត្រូវតែរៀបការឱ្យបានគគ្រឹកគគ្រេងនឹងគេ មិនចង់ សែនព្រេន ទើបត្រូវអូសបន្លាយពេលមកដល់សព្វថ្ងៃ រង់ចាំបានប្រាក់គ្រប់គ្រាន់សិន។ តែប្រសិនក្មួយប្រុស មានគម្រោងចូលរោងការ ក្រោយរដូវប្រមូលផល ស្រូវច្រូតកាត់ហើយ គឺជាការល្អប្រសើរណាស់។ ពួកលោកត្រៀមខ្លួនជានិច្ចក្នុងការជួយជ្រោមជ្រែងនៅក្នុងពីធីនោះ ឱ្យដំណើរការយ៉ាងរលូន៕ គីម ថីសួន