Loading...

ដើមអម្ពិលបារមី ល្បីបាញ់មិនផ្ទុះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧​ | សង្គម និងជីវិត | | 0 | ម៉ោង 2:49 am

កណ្តាលៈ ដើមអម្ពិលដ៏ធំនេះ មានទីតាំងនៅកណ្តាលវាលស្រែ ដាច់ឆ្ងាយពីឈើធំៗឯទៀត ក្នុងភូមិទួលស្វាយ ឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្តាល បានក្លាយជាឈើសក្ការៈ សម្រាប់អ្នកមានជំនឿចូលទៅបន់ស្រន់។

លោកធម្មា អាយុ២៧ឆ្នាំ រស់នៅភូមិឃុំដូចខាងលើ បានឱ្យដឹងថា ដើមអម្ពិលនេះ តាំងពីលោកធំដឹងក្តីមកឃើញតែប៉ុណ្ណឹង ហើយបើតាមចាស់ៗនិយាយថា គល់អម្ពិលនេះ មិនធ្លាប់មានខ្ទមអ្នកតា ឬកប់ខ្មោចអ្វីទេ ប៉ុន្តែមិនដឹងជាមានហេតុអ្វីបែរជាបាញ់មិនចេញ ដាក់មីនមិនផ្ទុះ ក្រោយមកក៏មានអ្នកភូមិធ្វើកូនខ្ទមមួយជាប់គល់អម្ពិល ប៉ុន្តែ មិនដឹងជាគេសង់ឧទ្ទិសឱ្យអ្នកតាណាទេ ព្រោះគ្មានឈ្មោះ ទើបអ្នកស្រុកនាំគ្នាហៅថា “អម្ពិលបារមី” អីចឹងទៅ។ ដំបូកដើមអម្ពិលនេះ ពិតជាមានបារមីម្ចាស់ទឹកម្ចាស់ដី កាន់កាប់ ថែរក្សា តាំងពីបរមបុរាណមកម៉្លេះ មិនទើបតែឥឡូវនេះទេ។ កាលពីជំនាន់លន់ នល់ មានគ្រាប់ផ្លោងចេញពីបន្ទាយទាហាន មកធ្លាក់ក្បែរគល់អម្ពិល ប៉ុន្តែអត់ផ្ទុះទេ ជាពិសេសមានគ្រប់សេវ៉ែនធីណាយ(M79)មួយគ្រាប់ កាលពួកទាហានបាញ់គ្នាជាមួយពួកវៀតកុង មកធ្លាក់នៅទីនេះ អត់ផ្ទុះ ក៏មានទាហានប៉ារ៉ាម្នាក់រើសគ្រាប់មិនផ្ទុះនោះ ទៅដាក់នៅគល់អម្ពិល ទុកជាសម្គាល់រហូតមកនៅដល់សព្វថ្ងៃ ដែលក្បាលគ្រាប់នេះ មានអាយុជាង៤០ឆ្នាំហើយ។

លោកធម្មា បន្តទៀតថា ក្រោយមកក៏ល្បីថា មានកងទ័ពខ្មែរក្រហម ទមិឡអត់សាសនាស្អប់ដើមអម្ពិលនេះ ក៏យកគ្រាប់មីនទៅដាក់ ប៉ុន្តែចុចមិនផ្ទុះទៀត ហើយទោះជាលើក B40 បាញ់បំបាក់ ក៏បាញ់មិនចេញ ធ្វើឱ្យអ្នកព្យាបាទដើមអម្ពិលនោះ ក្ស័យមុនអាយុ។ លុះស្រុកទេសបានសុខសន្តិភាព ក៏ផ្អើលមនុស្សទាំងទាហាន ទាំងស៊ីវិល មកសុំដុំដី ខ្លះសុំប្ញស ឬមែកអម្ពិលទៅឆ្លាក់ព្រះ ធ្វើបន្តោងពាក់។ សព្វថ្ងៃទាំងរូបគេ ទាំងអ្នកភូមិខ្លបខ្លាច ចេស្តាបារមីដើមអម្ពិលនេះណាស់ បើម្នាក់ឯងមិនហ៊ានមកជិតទេ។

នាងអេង ដានី អាយុ៣៤ឆ្នាំ ជាអ្នកភូមិនេះដែរ បានឱ្យដឹងថា ដើមអម្ពិលនេះ ពិតជាល្បីមែន តែមិនដឹងល្បីដោយសារអ្វី ព្រោះមិនមែនជាទីតាំងអាស្រមអ្នកតា។ ឪពុកនាងក៏ធ្លាប់ប្រាប់នាងពីករណីដើមអម្ពិល នេះ មានទាហានបាញ់មិនផ្ទុះ បាញ់បំបាក់មិនចេញដែរ រហូតដល់គេខ្លាចគ្រប់គ្នា។ អ្នកខ្លះជឿមែនទែន ក៏មកសុំកើបដីត្រង់គល់អម្ពិល១កូនថង់ ទៅទុកគោរពបូជា ឬត្រាំទឹកផឹកឱ្យជារោគាព្យាធិ ខ្លះសុំកាប់មែកអម្ពិល ទៅដាក់លើហ៊ឹង ទុកថ្វាយបង្គំក៏មាន។ ចំណែកក្បាលគ្រាប់ M79 ដែលដាក់ជាប់នឹងគល់អម្ពិលនេះ គឺសល់តាំងពីសម័យលន់ នល់ ម៉្លេះ ដោយសារទាហានបាញ់មិនផ្ទុះ គឺពេលបាញ់ចេញពីកាណុងដែរ តែពេលគ្រាប់រត់មកដល់ដើមអម្ពិល ក៏គាំងស្តូក។ កាលនាងនៅតូច ក៏ធ្លាប់ឮគេប្រាប់ថា មានកងសេនាជនឃុំខ្លះចង់សាកល្បង ក៏យកកាំភ្លើងទៅបាញ់ដើមអម្ពិលលេង តែបាញ់មិនចេញ។ លុះមកទល់សព្វថ្ងៃនេះ គ្មានអ្នកក្លាហានណាហ៊ានមកសាកទៀតទេ ព្រោះខ្លាចគ្រាប់រៀលត្រូវខ្លួនឯង ឬក្ស័យមុនអាយុ ដោយចាញ់បារមី។ រូបនាងក៏បានទៅសុំដីដំបូកអម្ពិល និងជីកយកប្ញសអម្ពិល មកទុកលើផ្ទះដែរ ដើម្បីសុំសេចក្តីសុខ។ កន្លងមក នាងធ្លាប់មើលឃើញភ្លើងពណ៌បៃតង ហោះចេញចូលដើមអម្ពិលនេះ ដែលអ្នកភូមិជឿថា ជាភ្លើងព្រាយ គួរឱ្យខ្លាច ហើយយប់ខ្លះ ពេលប្តីនាងដេកក្រៅផ្ទះ ក៏មានមនុស្សចម្លែកមកដាស់ឱ្យចូលទៅដេកក្នុងផ្ទះវិញ តែមើលអ្នកមកដាស់នោះមិនឃើញទេ។

លោកផាន់ ជឿន អាយុ៣៧ឆ្នាំ បានឱ្យដឹងថា លោកមានជំនឿលើដើម អម្ពិលបារមីនេះខ្លាំងណាស់។ កន្លងមក ឪពុកនិងបងប្រុសរបស់លោក ដែលជាកងប្រដាប់អាវុធ សុទ្ធតែធ្លាប់យកកាំភ្លើងទៅបាញ់សាក តែគ្រាប់មិនផ្ទុះពិតមែន គឺបើតម្រង់ចំដើមអម្ពិល កេះកៃឮក្លឹក! តែបើងាកកាណុងទៅម្ខាងក៏ផ្ទុះក្ទាំង!។ សូម្បីតែកងទ័ពវៀតណាម ដែលមកគ្រប់គ្រងតំបន់នេះ ក៏ខ្លាចដើមអម្ពិលនេះដែរ លុះមកទល់បច្ចុប្បន្ន គ្មានអ្នកណាហ៊ានមកបាញ់សាកទៀតទេ តែគេមកសុំដីដំបូក ឬមែកអម្ពិលទៅឆ្លាក់ព្រះ ទុកជាវត្ថុស័ក្តិសិទ្ធិ។

គួរបញ្ជាក់ថា ស្ទើរតែគ្រប់ភូមិស្រុក តែងមានដើមអម្ពិលដុះនៅឆ្ងាយពីគេ គ្មានខ្ទមអ្នកតាអ្វីទេ តែអ្នកស្រុកខ្លាចរអា មិនហ៊ានទៅបេះផ្លែ ក្តិចត្រួយ ឬរកអុស។ អម្ពិលប្រភេទនេះ គេហៅថា “អម្ពិលព្រះភូមិ” បើតាមគម្ពីរសាសនាថា ជាវិមានរបស់ភុម្មទេវតា។ ភុម្មទេវតា ច្រើនតែគង់សណ្ឋិតនៅលើដំបូក កណ្តាលវាលស្រែ មានដើមអម្ពិល ដើមធ្លក ដើមច្រេស ដើមធ្មា គ្មានខ្ទមជាសម្គាល់ទេ។ ចំណែករុក្ខទេវតា ច្រើនតែគង់សណ្ឋិតក្នុងព្រៃជ្រៅ ជ្រោះជ្រលងដងអូរ ដែលទេវតាទាំង២ប្រភេទនោះ នៅក្រោមការគ្រប់គ្រងរបស់ព្រះបាទវេស្សវ័ណ ជាស្តេចចតុលោកបាល ត្រួតត្រាទិសខាងជើង នាឋានចាតុម្មហារាជិកា។ ដូច្នេះដើមអម្ពិលខាងលើនេះ អាចថាជាលំនៅរបស់ភុម្មទេវតា តែម្តង ទើបល្បីបាញ់មិនផ្ទុះបែបនេះ ហើយបើសិនជាអ្នកណាមានសំណាង រកឃើញដើមបញ្ញើក្អែកដុះលើដើមអម្ពិលនោះ សុំកាប់យកទៅធ្វើវត្ថុស័ក្តិសិទ្ធិ មានផាត់គ្រាប់ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាដើម ពិតជាស័ក្តិសិទ្ធិណាស់៕                                                                                 សុខ វណ្ណា