Loading...

លោកសម រង្ស៊ី លាលែងពីប្រធានបក្សប្រឆាំង

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 3:31 am

ភ្នំពេញៈ  លោក សម រង្ស៊ី នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ខណៈដែលលោកកំពុងបន្តនិរទ្ទេសខ្លួននៅក្រៅប្រទេស ។

ក្នុង​លិខិត​ផ្ញើពី​ទីក្រុង​ប៉ារីស ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះជាតិ  លោក សម រង្ស៊ី បានបញ្ជាក់ថា លោក​លា​លែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស និង​ពី​សមាជិកភាព​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ជាមួយនឹងមូលហេតុផ្ទាល់ខ្លួន ។

ក្រោយប្រកាសលាលែងរបស់លោកសម រង្ស៊ី   គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួបប្រជុំគ្នា​ នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៧ ដើម្បីពិភាក្សាពីបញ្ហានេះ ។

ការប្រកាសលាលែងពីប្រធានបក្សប្រឆាំង តាមរយៈលិខិតជាផ្លូវការរបស់លោកសម រង្ស៊ី បានធ្វើឡើងក្រោយប៉ុន្មានម៉ោង ដែលនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃដដែលនោះ លោកបានហៅរដ្ឋសភាគណបក្សប្រជាជនកម្ពុជា ជារដ្ឋសភាទីងមោង ដែលកំពុងតែគិតគូររៀបចំច្បាប់ថ្មីមួយ មានបំណងចង់រំលាយគណបក្សសង្គ្រោះជាតិ ដោយយករូបលោកធ្វើជាលេស។

លោកសម រង្ស៊ី បានបញ្ជាក់់នៅក្នុងហ្វេសប៊ុកនោះថា ” ច្បាប់នេះនឹងរៀបចំឲ្យមានប្រព័ន្ធបក្សតែមួយឡើងវិញ ដូចកាលពីសម័យកុម្មុយនិស្ត។ គេកំពុង តែតុបតែងច្បាប់នេះ ដោយសំដៅមកលើរូបខ្ញុំ ក្នុងឋានៈខ្ញុំជាប្រធានគណ បក្សសង្គ្រោះជាតិ ដោយសារតែគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងតែមួយគត់ ដែលមានតំណាងរាស្ត្រជាប់ឆ្នោតក្នុងរដ្ឋសភា ហើយដែលជាគណ បក្សតែមួយគត់ ដែលអាចប្រកួតឈ្នះគណបក្សប្រជាជនកម្ពុជា បើមានការបោះឆ្នោតត្រឹមត្រូវ ។ តែច្បាប់តុបតែងឡើង ដើម្បីគ្រាន់តែដកហូតតួនា ទីពីសម រង្សីុ នេះ នឹងមិនមានឥទ្ធិពលអ្វីទេ ក្នុងឆាកនយោបាយនៃប្រទេសកម្ពុជា ។ ទោះជាខ្ញុំលះបង់រាល់តួនាទីរបស់ខ្ញុំ ក្នុងជួរគណបក្សក៏ដោយ ក៏ខ្ញុំនៅតែជានិមិត្តរូប តំណាងឲ្យទឹកចិត្តប្រជារាស្ត្រ ដែលប្រឆាំង របបផ្តាច់ការ និងពុករលួយសព្វថ្ងៃ ។ ចំណុចនេះហើយ ដែលមានសារសំខាន់ ក្នុងការកំណត់ទិសនយោបាយ ក្នុងចិត្តរបស់ប្រជារាស្ត្រខ្មែរ ” ។

តំណាងរាស្រ្តជាច្រើន របស់គណបក្សសង្រ្គោះជាតិ បានសម្ដែងការភ្ញាក់ផ្អើល សោកស្ដាយ និងបញ្ចេញនូវអារម្មណ៍ពិតរៀងៗខ្លួន តាមបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញការលាលែងរបស់លោកសម រង្ស៊ី ពីប្រធានបក្សនេះ ។

ក្នុងនោះ លោកគង់ សភា តំណាងរាស្រ្តមណ្ឌលខេត្តស្វាងរៀង បានសរសេរថា ” ខ្ញុំអង្គុុយយំ ហើយសោកស្តាយមេដឹកនាំស្នេហាជាតិ តែខ្ញុំមិនតក់ស្លុត ក្នុងការផ្លាស់ប្ដូរឡើយ រាស្ត្រខ្មែរ មានឆន្ទៈក្នុងការនៅផ្លាស់ប្តួរ  ” ។

លោកគង់ បូរ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានសរសេរថា ” វីរភាព និងឧត្តមគតិជាតិរបស់លោកប្រធាន សម រង្សុី ស្ថិតក្នុងបេះដូងខ្មែរស្នេហាជាតិជានិច្ច ការលាលែងបង្ហាញថា លោកប្រធាន មិនកើតជំងឺ ” តួឯក ” ដូចមេដឹកនាំផ្តាច់ការនៅកម្ពុជាសព្វថ្ងៃនេះទេ ?? ” ។

លោកអេង ឆៃអ៊ាង តំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល បានសរសេរថា “ទោះលោកប្រធាន សម រង្សុី អស់ងារជាប្រធានគណបក្សសង្គ្រោះជាតិក៏ដោយ តែនៅក្នុងបេះដូងកូនខ្មែរ លោកប្រធាន នៅតែជាប្រធានគណបក្សសង្គ្រោះជាតិដដែល ” ៕