Loading...

សម្តេចហ៊ុន សែន ព្រមាន​រឹបអូស​ទ្រព្យ លោក​សម រង្ស៊ី សំណង​ជំងឹចិត្ត​៤ពាន់​លាន

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១៧​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 2:19 am

ភ្នំពេញ ៖ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមាន​រឹបអូសទ្រព្យសម្បត្តិ លោកសម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងទីស្នាក់ការកណ្តាលគណបក្សប្រឆាំង ផងដែរ បន្ទាប់ពីមេធាវីតំណាងដោយអាណត្តិ របស់សម្តេចបានដាក់ពាក្យប្តឹងលោកសម រង្ស៊ី ទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ហើយសំណុំរឿងនេះ តុលាការបានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលខ្លួនមកបំភ្លឺ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសម័យប្រជុំសភាជាវិសាមញ្ញ នីតិកាលទី៥ ស្តីពីការពិភាក្សា និងអនុម័តសេចក្តី វិសោធនកម្ម ប្រការ៤៨ថ្មី (បី) នៃបទបញ្ជា ផ្ទៃក្នុងរដ្ឋសភា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាង- រាស្ត្រមណ្ឌលខេត្តកណ្តាល បានព្រមានថា នឹង រឹបអូសទ្រព្យសម្បត្តិលោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ នៅពេលសាលក្រម- តុលាការចូលជាស្ថាពរ។

គួររំលឹកដែរថា កាលពីព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ លោកគី តិចមេធាវីតំណាងដោយអាណត្តិរបស់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់ពាក្យបណ្តឹង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ- ជាតិ ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” ដោយ ទាមទារសំណងជំងឺចិត្តចំនួនបួនពាន់លានរៀល (ស្មើនឹង១លានដុល្លារអាមេរិក)។

ក្នុងបណ្តឹងនោះ លោកគី តិច មេធាវី តំណាងអាណត្តិរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការលើកឡើងរបស់ លោកសម រង្ស៊ី ដែលថា សម្តេចបានសូកលុយ ១លានដុល្លារ ទៅកញ្ញាធី សុវណ្ណថា ប្រធាន អង្គការយុវជនកិច្ចការសង្គមនិងជាអតីតយុវជន គាំទ្រគណបក្សសង្គ្រោះជាតិ ជាការបំផ្លើសធ្វើ ឱ្យប៉ះពាល់ដល់កិត្តិយសរបស់សម្តេចហ៊ុន សែន។ ពោលគឺអំពើដែលឈ្មោះសម រង្ស៊ី បានប្រព្រឹត្ត ជាការអះអាងបំផ្លើស និងជាការទម្លាក់កំហុស ដោយអសុទ្ធចិត្តដោយបានចោទប្រកាន់មួល- បង្កាច់ផ្ទុយពីការពិតក្នុងចេតនាទុច្ចរិតបំភាន់សា- ធារណមតិជាតិនិងអន្តរជាតិ ដែលធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរបំផុតដល់កិត្តិយសនិងកិត្តិស័ព្ទរបស់ សម្តេចហ៊ុន សែន។

ជុំវិញករណីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមនៅថ្ងៃនោះថា នៅពេលសាលក្រមចូលជាស្ថាពរ សម្តេចនឹង ស្នើឱ្យតុលាការរឹបអូសទ្រព្យសម្បត្តិលោកសម រង្ស៊ី និងស្នើឱ្យតុលាការពិចារណាក្នុងការបង្កក ទ្រព្យទាំងអស់របស់លោកសម រង្ស៊ី។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមាន ប្រសាសន៍ថា “…ស្អីក៏នយោបាយៗ ឥឡូវអ្នកនយោបាយស្រុកខ្មែរវាច្រើន​ណាស់ ម៉េចក៏គេមិន ជាប់គុក វាគុកអីតែអាមួយរត់… អាម្នាក់រត់ ទៅក្រៅប្រទេស? ហើយថ្ងៃណាក៏វានិយាយបរិហារ អាថ្ងៃដែលយើងនិយាយនៅថ្ងៃ៧មករា វាលេង៧មករា យ៉ាងខ្លាំង។ អ៊ីចឹងបើអាមួយ ចរចា អាមួយជាន់ជើង មិនបាច់តែម្តងទៅ! ហើយ សុំអ្នកឯងកុំភ័ន្តច្រឡំខ្ញុំរង់ចាំតែឱ្យសាលក្រម ចូលស្ថាពរទេ ហ៊ឹះ!លើកនេះខ្ញុំយកហើយលុយ អត់មានយកតែមួយរៀលដូចថាក់ ឡានី ទេ។ ខ្ញុំទារមួយលានដុល្លារ។ ប៉ុន្តែសាលក្រមមុនគេ គឺសាលក្រមបងហេង សំរិន បើកាលណា សាលក្រមនេះហើយនឹងបង្កកទ្រព្យសម្បត្តិសុំដីកាការពារទ្រព្យសម្បត្តិ លក់ទ្រព្យសម្បត្តិពួកហ្នឹងចោល ឱ្យអស់ហ្មង ដើម្បីឱ្យរាង។ ឮថាស្នាក់ការគណ- បក្សដាក់ឈ្មោះសម រង្ស៊ី អ៊ីចឹងទេលក់ស្នាក់- ការគណបក្ស ហ្នឹងលក់ឡៃឡុង។ អ្នកឯងស្អី អាងរួចខ្លួន…”។

ពាក់ព័ន្ធបណ្តឹងរបស់សម្តេចហ៊ុន សែន ខាងលើនេះ បន្ទាប់ពីមានការប្តឹងរបស់មេធាវី តំណាងអាណត្តិរបស់ម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នោះ លោកសៀង សុខ តំណាងអយ្យ- ការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៧ ក៏បានចេញដីកាកោះ ហៅលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅ ក្រៅប្រទេស ឱ្យចូលបំភ្លឺនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ដីកាកោះរបស់លោកសៀង សុខ តំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន បញ្ជាក់ថា “យើងសៀង សុខ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញឈ្មោះ សម រង្ស៊ី ជាជនសង្ស័យលំនៅសព្វថ្ងៃ ផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឱ្យចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៩ៈ០០នាទីព្រឹក ដើម្បីសាកសួរបំភ្លឺពីដំណើរ រឿង ឈ្មោះគី តិច ជាមេធាវី តំណាងដោយ អាណត្តិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ កាលពីថ្ងៃទី១៤.០១.២០១៧។

សាមីខ្លួនត្រូវអញ្ជើញតាមដីកានេះ ឱ្យ ទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែល ទាក់ទងនឹងរឿងខាងលើ មកជាមួយផង ប្រសិន បើមាន”។

ក្រៅពីនេះ លោកសៀង សុខ ក៏បានចេញ លិខិតអញ្ជើញលោកសំ សុគង់ មេធាវីរបស់ លោកសម រង្ស៊ី ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានី ដើម្បីស្តាប់ការសាកសួរយក ចម្លើយលោកសម រង្ស៊ី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នោះផងដែរ។

ទោះជាយ៉ាងណា ជុំវិញបញ្ហានេះ លោក សម រង្ស៊ី ដែលលោកកំពុងស្ថិតនៅ ក្រៅប្រទេស បានសរសេរសារប្រតិកម្មក្នុងទំព័រហ្វេសប៊ុក របស់លោកនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧ ថា “ចំពោះការគំរាមកំហែងចុងក្រោយ មកលើរូបខ្ញុំការគំរាមកំហែងទាំងនេះ បង្ហាញ ពីភាពស្លន់ស្លោរបស់លោកហ៊ុន សែន នៅពេល ដែលការបោះឆ្នោតឃុំ-សង្កាត់ ក្នុងខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតរដ្ឋសភា ក្នុងខែ កក្កដា ឆ្នាំ២០១៨ កាន់តែឈានចូលមកជិត។ ដោយសារតែគាត់យល់ច្បាស់ថា គាត់មិនអាច រារាំងឆន្ទៈប្រជារាស្ត្រខ្មែរ ដែលចង់ឱ្យមានការ ផ្លាស់ប្តូរគាត់ បែរជាមករករឿងកាន់តែសាហាវ ឡើងមកលើរូបខ្ញុំ ពីព្រោះខ្ញុំជានិមិត្តរូបនៃការ តស៊ូប្រឆាំងអំណាចផ្តាច់ការ និងពុករលួយ របស់គាត់ និងក្រុមគ្រួសារគាត់។ តែការគំរាមកំហែងរបស់លោកហ៊ុន សែន នេះ មិនមាន ប្រសិទ្ធភាពទេ ហើយនឹងនាំមកនូវបរាជ័យ កាន់តែឆាប់ឡើងចំពោះគណបក្សកាន់អំណាច សព្វថ្ងៃដែលកំពុងតែជ្រួលច្របល់ពីការចាញ់ ឆ្នោតខាងមុខ។

តាំងពីយូរឆ្នាំមកហើយ លោកហ៊ុន សែន បានប្រើប្រាស់តុលាការក្រោមបញ្ជារបស់គាត់ ឱ្យផាត់ខ្ញុំចេញពីឆាកនយោបាយនៅប្រទេស កម្ពុជា ហើយគាត់ក៏បានប៉ុនប៉ងកម្ចាត់ ឬបំបែក គណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្ស សម រង្ស៊ី។ ដូច្នេះ វាគ្មានអ្វីប្លែកទេ ក្នុងការប៉ុនប៉ង ដ៏ថោកទាបរបស់លោកហ៊ុន សែន នេះ។ គាត់ នឹងទទួលបរាជ័យយ៉ាងអាម៉ាស នឹងជាស្ថាពរ ក្នុងពេលឆាប់ៗខាងមុខនេះ ពីព្រោះគណបក្ស សង្គ្រោះជាតិ នៅតែរួបរួមគ្នា ហើយកាន់តែ រឹងមាំឡើង រហូតដល់ទទួលជ័យជម្នះយ៉ាង ត្រចះត្រចង់ ក្នុងការបោះឆ្នោតនៅឆ្នាំ ២០១៧ និង២០១៨។

ខ្ញុំមានជំនឿយ៉ាងមុះមុតថា ខ្ញុំនឹងអាច វិលត្រឡប់មកប្រទេសកម្ពុជាវិញមិនយូរប៉ុន្មាន ទេ ដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិ ឆ្ពោះ ទៅជ័យជម្នះផ្តាច់ព្រាត់ នៅខែកក្កដា ឆ្នាំ ២០១៨។

ដោយឡែក អភិបាលក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ លោកសុន ឆ័យ បាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ថា រាល់ពេលមានការ បង្ហើបពីសម្តេចហ៊ុន សែន នោះ តុលាការកម្ពុជា នឹងមានចំណាត់ការតាមហើយ។

លោកសុន ឆ័យ មានប្រសាសន៍ថា “ជា ការពិសោធច្រើនដងក៏យើងធ្លាប់ដឹងផងដែរ ថា កាលណាសម្តេចនាយករដ្ឋមន្ត្រី លោកមាន បំណងយ៉ាងម៉េច តុលាការធ្វើការងារមិនសូវ ខុសគ្នាពីបំណងរបស់សម្តេចនាយករដ្ឋមន្ត្រីទេ។ ក៏ប៉ុន្តែអ្វីដែលសំខាន់ ដូចដែលបានបញ្ជាក់ដែរ ក្នុងការងារនយោបាយ មិនមែនឧបករណ៍ទេ គឺប្រជារាស្ត្រ ជាឆន្ទៈរបស់ប្រជាពលរដ្ឋ ដែល ជាអ្នកយល់ឃើញ។ អ្វីដែលជាការបារម្ភ គឺការ ធ្វើបែបនេះ វាអាចធ្វើឱ្យពលរដ្ឋគាត់មិនសប្បាយ- ចិត្ត ហើយគាំទ្របក្សសង្គ្រោះជាតិ កាន់តែច្រើន ខ្ញុំគិតអ៊ីចឹងទៅវិញទេ”។

ចំណែកលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោកនៅថ្ងៃដដែលនោះថា

“១-យើងត្រូវដឹងខ្លួនជាមុនថា ការបោះឆ្នោត កាន់តែខិតជិតមកដល់ រឿងរ៉ាវដែលគេបង្ក ឬ បង្កើតនោះកាន់តែច្រើន ហេតុនេះហើយ “យើង កុំភ្ញាក់ផ្អើល”។

២-យើងត្រូវផ្តោតលើកិច្ចការរបស់យើង ដើម្បីសម្រេចគោលដៅ ដែលជាសេចក្តីប៉ង ប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ គឺ “ដំណើរឆ្ពោះ ទៅរកការបោះឆ្នោតដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន”។

៣-ដើម្បីសម្រេចគោលដៅខាងលើនេះ “យើងត្រូវរក្សាភាពរឹងមាំរបស់យើងឱ្យបាន”។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ ដឹកនាំមូលដ្ឋានគណបក្សសង្រោះជាតិខេត្តកំពង់ចាម”៕ កុលបុត្រ