Loading...

ក្រមុំសៅកែ បោកប្រុសស្នេហ៍យកកូនប្រើ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៧​ | សង្គម និងជីវិត | | 0 | ម៉ោង 3:40 am

តាកែវៈ នាងនន ស្រីម៉ៅ អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា នាងជាកូនបន្ទាប់ពៅ ក្នុងចំណោមបងប្អូន៦នាក់ (ប្រុស៣ ស្រី៣) ដែលម្តាយឈ្មោះង៉ែត ពៅ អាយុ៥៥ឆ្នាំ ឪពុកឈ្មោះនៅ សេរីសួ អាយុស្មើគ្នា ជាកសិករ។ កាលពីក្មេង នាងមានវាសនាចូលសាលារៀនសូត្របានតិចតួចណាស់ មិនចប់ថ្នាក់បឋមសិក្សាផង ក៏ឈប់ទៅ ស្គាល់តែការងារស្រែចម្ការ និងដើររសាត់អណ្តែតស៊ីឈ្នួលជួលព័ទ្ធគេគ្មានទំនេរ ដៃ គ្រប់ទីកន្លែងទាំងក្នុងប្រទេស និងក្រៅប្រទេស។ នាងបានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុននាំពលករចេញទៅក្រៅប្រទេសស្របច្បាប់មួយ រហូតដល់ទៅ៣អាណត្តិឯណោះ មិនតិចឆ្នាំឡើយ ព្រោះតែជួបថៅកែជាម្ចាស់ផ្ទះ មានចិត្តធម៌ មិនវាយធ្វើបាប ព្រមទាំងអាណិតស្រលាញ់នាង ដូចជា ក្រុមគ្រួសារតែមួយអ៊ីចឹង ទើបនាងតែងមកបំពេញបែបបទ ទៅធ្វើការនៅស្រុកគេជាបន្តបន្ទាប់។

នារីរូបនេះ បន្តឱ្យដឹងទៀតថា ក្នុងរយៈពេលដែលនាងចេញទៅធ្វើជាពលករនៅស្រុកគេ គឺស្របពេលដែលនាងកំពុង ពេញវ័យក្រមុំ ប៉ុន្តែគ្មានឱកាសបានសាងចំណងស្នេហ៍ជាមួយប្រុសណាម្នាក់ឡើយ ព្រោះរស់នៅស្រុកគេរហូត។ លុះនាងត្រឡប់មកស្រុក ឈប់ចេញទៅធ្វើជាពលករ នៅប្រទេសម៉ាឡេស៊ី នោះ គឺនាងមានវ័យជ្រេ ក្លាយជាក្រមុំសៅកែប្រចាំភូមិ គ្មានប្រុសណាម្នាក់ហ៊ានមកក្បែរចូលស្តីដណ្តឹង យកធ្វើជាគូជីវិតឡើយ។ លុះពេលដែលនាងចេញទៅធ្វើការឱ្យក្រុមហ៊ុនឯកជនមួយ នៅម្តុំតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ ក៏បានស្គាល់ជាមួយបុរសម្នាក់ ឈ្មោះជ្រឺន អាយុ៤០ឆ្នាំ ជាជនជាតិវៀតណាម មកធ្វើការនៅទីនោះដែរ។ មុនដំបូង រវាងនាង និងបុរសជនជាតិវៀតណាមម្នាក់នោះ ស្គាល់គ្នាជាធម្មតាប៉ុណ្ណោះ តែក្នុងចិត្តនាង មិនចង់និយាយរកជាមួយគេនោះទេ ប៉ុន្តែលោកជ្រីន ចេះតែព្យាយាមមកក្បែរ និយាយលែបខាយបង្កប់ន័យស្នេហា ដាក់នាងជារឿយៗ តែនាងមិនសូវជាចាប់អារម្មណ៍យកចិត្តទុកដាក់ទេ ដោយយល់ថា មនុស្សប្រុសមានអាយុ៤០ឆ្នាំទៅហើយ មិននៅកំលោះទេ ប្រាកដជាមានប្រពន្ធកូនរួចទៅហើយ នៅឯប្រទេសកំណើតរបស់គេ។ គេមករស់នៅក្នុងស្រុកខ្មែរ ដើម្បីរកប្រាក់យកទៅចិញ្ចឹមប្រពន្ធកូនរបស់គេតែប៉ុណ្ណោះ។

ផ្ទះ និងនាងនង ស្រីម៉ៅ កំពូងបីកូន

នាងស្រីម៉ៅ បន្តទៀតថា ក្រោយមក ដោយសាររូបនាងមានអាយុកាន់តែច្រើន ជិតអស់រដូវលែងមានកូនទៅហើយ ម៉្យាងទៀតប្រុសៗជនជាតិខ្មែរដូចគ្នា មិនមាននរណាម្នាក់ស្រលាញ់នាងផង ទើបនាងព្រមបើកប្រអប់ បេះដូងទទួលយកសេចក្តីស្រលាញ់ពីប្រុសវៀតណាម ម្នាក់នេះ។ តែក្នុងចិត្តរបស់នាងបានគិតរួចជាស្រេចទៅហើយ នាងមិនចង់ឱ្យប្រុសវៀតណាម រូបនេះ ស្រលាញ់នាងអស់មួយជីវិតទេ សំខាន់ឱ្យតែនាងរួមរស់ជាមួយគេបង្កើតបានកូនម្នាក់ សម្រាប់តពូជ និងមើលថែខ្លួនពេលចាស់ជរា ធ្វើការលែងកើត ទោះជាប្រុសស្នេហ៍បោះបង់នាងចោលត្រឡប់ទៅស្រុកកំណើតរបស់គេវិញ ក៏នាងមិនឈឺចិត្តស្អិតទ្រូង ឬស្រក់ទឹកភ្នែកមួយតំណក់ឡើយ ព្រោះនាងដាក់ចិត្តស្រលាញ់គេ បំណងតែបោកគេយកកូនប្រើតែប៉ុណ្ណាះ។ បន្ទាប់ពីនាងប្រគល់ខ្លួនប្រាណឱ្យប្រុសស្នេហ៍កន្លងពោះធំ បាន៤ខែ នាងក៏ត្រឡប់មកស្រុកកំណើតវិញ បំណងរត់គេចពីប្រុសវៀតណាម តែមានឯណា! លោកជ្រីន ស្រលាញ់នាងស្មគ្រ័ស្មោះ តាមនាងដូចជាស្រមោលអន្ទោលតាមប្រាណ ដោយបានធ្វើដំណើរមកដល់ស្រុកកំណើតនាង​ និងទាមទាររៀបចំពិធីសែនព្រេន មួយព្រឹក យកនាងធ្វើជាប្រពន្ធពេញច្បាប់ រួមរស់ជាមួយគ្នាដោយបើកចំហ មកដល់សព្វថ្ងៃ។ តែយ៉ាងណា នាងនៅតែត្រៀមចិត្តត្រៀមកាយរួចជាស្រេចហើយ ទោះជាប្តីរូបនេះរត់ចោលនាង ក៏នាងមិនឈឺចាប់ ស្រក់ទឹកភ្នែកមួយតំណក់ឡើយ អ្វីដែលសំខាន់នោះ ឱ្យតែនាងបោកប្តីរូបនេះ យកកូនប្រើឱ្យសមដូចបំណងសិន។

ដោយឡែក លោកជ្រីន អាយុ៤០ឆ្នាំ ជាជនជាតិវៀតណាម ត្រូវជាប្តីនាងនន ស្រីម៉ៅ អ្នកយកព័ត៌មានយើងមិន អាចទាក់ទងសុំការបកស្រាយបន្ថែមបានទេ ព្រោះលោកចេញទៅធ្វើការនៅទីកន្លែងឆ្ងាយ។ តែយើងនឹងរង់ចាំការបំភ្លឺពីលោកគ្រប់ពេលជានិច្ច។

អ្នកស្រីង៉ែត ពៅ ជាម្តាយ បានឱ្យដឹងថា គ្រាន់តែធំពេញក្រមុំភ្លាម កូនស្រីម្នាក់នេះ មិនសូវរស់នៅជួបជុំគ្រួសារឡើយ នាងបានពលីកម្មខ្លួនចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី អស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ក្រមុំសៅកែមានអាយុ៣០ឆ្នាំ មិនទាន់មានប្តីទៀត ព្រោះតែប្រុសៗនៅក្នុងភូមិ គ្មានអ្នកណាម្នាក់ ចាប់ចិត្តស្រលាញ់ ឬចូលស្តីដណ្តឹងកូនស្រីគាត់រៀបការយកធ្វើជាប្រពន្ធ។ លុះក្រោយពីនាងឈប់ទៅ ធ្វើការជាពលករនៅប្រទេសម៉ាឡេស៊ី និងទៅធ្វើការនៅទីក្រុងភ្នំពេញ ក៏បានជួបស្នេហ៍ជាមួយប្តីវៀតណាម រូបនេះតែម្តង ក្នុងបំណងបោកយកកូនប្រើ។

អ្នកស្រីង៉ែត ពៅ

ស្ត្រីជាម្តាយរូបនេះ បន្តទៀតថា នៅពេលកូនស្រីបង្កាត់ភ្លើងស្នេហ៍ទុំមុនស្រគាលជាមួយប្តីរូបនេះ គាត់ក៏ដូចជាក្រុមគ្រួសារមិនដឹងឡើយ រហូតដល់នាងថ្លោះធ្លោយដើរហួសគន្លងប្រពៃណី ពោះធំ៤ខែ ទើបនាំប្រុសស្នេហ៍មកស្រុកឱ្យក្រុមគ្រួសារស្គាល់មុខ។ ចំណែកពួកគាត់វិញ ដោយយល់ថា អង្ករក្លាយជាបាយទៅហើយ ទោះបីជាប្រុសស្នេហ៍របស់កូនស្រី ជាជនជាតិវៀតណាម ក្តី ក៏គាត់មិនប្រកាន់វណ្ណៈ រើសអើងពូជអម្បូរដែរ ដោយបានរៀបចំសែនព្រេនឱ្យពួកគេមួយព្រឹក បំពេញភ្នែកញាតិឱ្យពួកគេក្លាយជាប្តីប្រពន្ធមកដល់សព្វថ្ងៃ។ ពេលនេះ កូនស្រីរបស់គាត់ពោះធំ៧ខែហើយ កំពុងតែត្រៀមខ្លួនសម្រាលកូននៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។ នាងប្រាប់ថា ទោះជាថ្ងៃក្រោយប្តីរត់ចោល ក៏មិនស្តាយក្រោយដែរ ឱ្យតែបានកូនប្រើ…៕                 គីម ថីសួន