Loading...

ប្រពន្ធខ្មែរពោះធំ៤ខែ ប្តីបារាំងរត់ទៅស្រុកបាត់

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧​ | សង្គម និងជីវិត | | 0 | ម៉ោង 2:55 am

នារីមួយចំនួន បានប្តីបរទេសខាងប៉ែកអឺរ៉ុប បារាំង អាមេរិក ជាដើម តែងមានសំណាងលើកស្ទួយជីវភាពគ្រួសារ ឱ្យប្រសើរយ៉ាងឆាប់រហ័ស ប៉ុន្តែសម្រាប់នារីម្នាក់នេះវិញ ខំសាងស្នេហ៍យកប្រុសបារាំង ធ្វើប្តីលួចលាក់ អស់រយៈពេល៦ឆ្នាំ បានត្រឹមតែស៊ីមួយពោះ រស់មួយខ្លួន លុះនាងពោះធំ៦ខែ ស្រាប់តែប្តីបារាំង ទៅស្រុកវិញបាត់ សូម្បីតែប្រាក់១ដុល្លារ ក៏មិនផ្ញើឱ្យនាងចិញ្ចឹមកូនដែរ…។

កំពត ៖ នាងហង់ គីម អាយុ២៦ឆ្នាំ រស់នៅភូមិអង្គជាតិ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា នាងជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ (ស្រី៣ ប្រុស១) ដែលមានម្តាយឈ្មោះអ៊ូច ងេះ អាយុ៤៧ឆ្នាំ ឪពុកឈ្មោះហង់ ថា អាយុ៥០ឆ្នាំ។ កាលពីក្មេង នាងមិនមានសំណាងរៀនសូត្របានជ្រៅជ្រះនឹងគេទេ ពោលគឺបានត្រឹមថ្នាក់ទី៤ ក៏ឈប់ទៅ។ លុះចូលដល់វ័យជំទង់ នាងបានដើររសាត់អណ្តែត ស៊ីឈ្នួលជួលព័ទ្ធគេនៅគ្រប់ទីកន្លែង តាំងពីធ្វើជាកម្មការិនីរោងចក្រកាត់ដេរ នៅម្តុំបឹងក្រពើ ក្រុងភ្នំពេញ និងធ្វើការក្នុងសណ្ឋាគារក្រុងកំពង់សោម ទៀតផង។ តាមពិតទៅ នាងធ្វើការរោងចក្របានតែរយៈពេល១ឆ្នាំប៉ុណ្ណោះ បន្ទាប់មកចេញទៅធ្វើការក្នុងសណ្ឋាគារមួយកន្លែង នៅក្នុងក្រុងកំពង់សោម រហូតមកមានតួនាទីជាអ្នករៀបចំបន្ទប់ជូនភ្ញៀវ។ កាលនោះ នាងត្រូវបានអ្នកគ្រប់គ្រងនៅទីនោះ បានបង្ហាត់បង្រៀនភាសាអង់គ្លេស ឱ្យចេះនិយាយ អាចទំនាក់ទំនងជាមួយភ្ញៀវជាជនជាតិបរទេសបានទៀតផង។

នាងហង់ គីម បន្តថា បន្ទាប់ពីធ្វើការនៅទីនោះ អស់រយៈពេល២ឆ្នាំ នាងបានជួបស្គាល់ជាមួយបុរសម្នាក់ ឈ្មោះសីល ហ្វីត អាយុ៤៤ឆ្នាំ ជាជនជាតិបារាំង រហូតមានចិត្តប្រតិព័ទ្ធសាងស្នេហ៍ ឈានដល់ការរួមរ័កមេត្រីជាមួយគ្នា និងរស់នៅក្នុងបន្ទប់ជួលតែមួយ ក្នុងនាមជាប្តីប្រពន្ធឥតខាន់ស្លា ប៉ុន្តែប្រុសស្នេហ៍របស់នាងមិនបានរស់នៅស្រុកខ្មែរ ជាប់លាប់ទេ គេតែងត្រឡប់ទៅប្រទេសបារាំង ជារឿយៗ។ តែយ៉ាងណា ចំណងស្នេហ៍ពួកនាងមិនបានកាត់ផ្តាច់ឡើយ ដោយនៅបន្តទំនាក់ទំនងសន្ទនាគ្នា តាមរយៈរលកធាតុអាកាស ជាហូរហែ។ មិនយូរមិនឆាប់ គេតែងជិះយន្តហោះ មករកនាងសាងក្បូនស្នេហ៍ក្នុងសមរភូមិកាមគុណជាញឹកញាប់ និងនាំដើរលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានជាច្រើនកន្លែង ទៅដល់ទីណា រួមរ័កមេត្រីជាមួយគ្នានៅទីនោះ។ ហើយនាងទទួលស្គាល់ថា ប្តីបារាំងរូបនេះ មានបច្ចេកទេសខ្ពស់រឿងលើគ្រែ ប្រសប់ថ្នាក់ថ្នមមនុស្សស្រីណាស់ ធ្វើឱ្យនាងពេញចិត្តស្តូកតែម្តង។

ផ្ទះឳពុកម្តាយនាងហង់ គីម

នាងហង់ គីម បន្តឱ្យដឹងទៀតថា ក្នុងពេលសាងស្នេហ៍ ទុំមុនស្រគាលជាមួយប្រុសបារាំង អស់រយៈពេល៦ឆ្នាំ នាងបានលាក់បាំងមិនឱ្យឪពុកម្តាយដឹងឡើយ ព្រោះតែពេលនោះប្រុសស្នេហ៍មិនបានផ្តល់ប្រាក់ដុល្លារក្រាស់ក្រែល អាចលើកស្ទួយជីវភាពក្រុមគ្រួសារឱ្យប្រសើរឡើងដូចនារីផ្សេងទៀត ដែលយកប្តីជនជាតិបរទេសនោះទេ គឺបានត្រឹមតែស៊ីមួយពោះរស់មួយខ្លួនប៉ុណ្ណោះ ម៉្លោះហើយទើបនាងមិនទម្លាយរឿងរ៉ាវស្នេហាឱ្យឪពុកម្តាយដឹងការពិត។ លុះនាងសាងក្បូនស្នេហ៍ជាមួយប្តីបារាំង រហូតពោះធំ៤ខែ ស្រាប់តែប្រុសបារាំងរូបនេះ ត្រឡប់ទៅស្រុករបស់គេវិញបាត់ស្រមោល លែងត្រឡប់មករកនាងដូចមុនៗ សូម្បីតែប្រាក់ក៏មិនដែលឃើញផ្ញើមកឱ្យនាងចាយដែរ។ ពេលនោះ នាងទូរស័ព្ទប្រាប់គេថា នាងមានពោះធំ ប៉ុន្តែប្តីបារាំងឥតខាន់ស្លារូបនោះ មិនទទួលស្គាល់កូនក្នុងផ្ទៃរបស់នាងជាមួយគេឡើយ ដោយសង្ស័យនាងលួចខិលខូចជាមួយប្រុសផ្សេង ទើបមានកូនជាមួយប្រុសនោះ។ តែយ៉ាងណា ប្តីបារាំងបានប្រាប់នាងឱ្យរង់ចាំរូបគេវិលត្រឡប់មកស្រុកខ្មែរម្តងទៀត ខណៈដែលកូនក្នុងផ្ទៃរបស់នាងសម្រាលមក គេនឹងយកទៅពិនិត្យ DNA ហើយបើជាកូនរបស់គេមែននោះ ទើបគេធានាចិញ្ចឹមម្តាយកូនពួកនាង ប៉ុន្តែរហូតមកដល់ពេលនេះ កូនប្រុសរបស់នាងសម្រាលបាន១ខួបជាងហើយ មិនឃើញប្តីបារាំង មករកម្តាយកូននាងសោះ ធ្វើឱ្យនាងដេកទន្ទឹងរង់ចាំមើលផ្លូវប្តីបារាំង ដូចចាំមើលម្តាយមកពីផ្សារ។ ចំណែកឪពុកម្តាយរបស់នាងវិញ នៅពេលដឹងថា នាងជ្រុលជ្រួសដើរខុសគន្លងប្រពៃណី ជាមួយប្រុសបារាំង រហូតមានកូន១ ពួកគាត់មិនស្តីបន្ទោសឱ្យនាងឡើយ ធ្វើដូចម្តេចបើអង្ករក្លាយជាបាយទៅហើយ។

អ្នកស្រីអ៊ូច ងេះ និងលោកហង់ ថា ជាឪពុកម្តាយ បានឱ្យដឹងស្របគ្នាថា ពេលធំពេញវ័យ កូនស្រីម្នាក់នេះ មិនសូវនៅផ្ទះជាប់លាប់ប៉ុន្មានឡើយ នាងតែងទៅរកការងារធ្វើបាត់ៗ តាំងពីធ្វើការរោងចក្រ នៅទីក្រុងភ្នំពេញ ធ្លាក់ដល់ខេត្តព្រះសីហនុ។ ទោះជាយ៉ាងណា ពួកគាត់ក៏មិនដឹងថា កូនស្រីបានបង្កាត់ភ្លើងស្នេហ៍ទុំមុនស្រគាលជាមួយប្រុសឈ្មោលណាខ្លះដែរ ព្រោះនាងធ្វើការនៅឆ្ងាយពីភ្នែកច្រមុះក្រុមគ្រួសារ បើនាងមិនប្រាប់ គឺមិនដឹង។ លុះពេលកូនស្រីត្រឡប់មកផ្ទះលើកចុងក្រោយ ស្រាប់តែស្ពាយពោះប៉ុនកញ្ជើឡើងផ្ទះ ធ្វើឱ្យក្រុមគ្រួសារភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់គ្នា។ តែយ៉ាងណា ក្រោយពីស្តាប់ដំណើរដើមទងរួចរាល់ ពួកគាត់មិនស្តីបន្ទោសឱ្យកូនស្រីទេ ដោយយល់ថា អង្ករក្លាយជាបាយទៅហើយ ទោះជាប្រកាន់ខឹងជាមួយកូន ក៏គ្មានបានអ្វីមកវិញដែរ។ ពួកគាត់គិតថា បើពិតដូចសម្តីកូនស្រីថា ប្តីបារាំងរបស់នាងត្រឡប់មកធ្វើការពិនិត្យ DNA ជាមួយចៅប្រុសរបស់គាត់ និងទទួលស្គាល់ម្តាយកូនពួកគេនោះ ជាការប្រសើរណាស់ ព្រោះកូនស្រីរបស់គាត់បានអះអាងថា នាងមានប្តីជាមួយជនជាតិបារាំង តែម្នាក់គត់ មិនដែលទៅខិលខូចជាមួយប្រុសឈ្មោលណាទេ…៕                        គីម ថីសួន