Loading...

ប្តីចាស់វាយដំពេក ប្រពន្ធរត់ទៅយកប្តីក្មេង

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៧​ | សង្គម និងជីវិត | | 0 | ម៉ោង 8:21 am

កំពតៈ នាងអ៊ិន ផល្លី ហៅខ្លី អាយុ២៩ឆ្នាំ រស់នៅភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា នាងជាកូនកសិករ រៀនសូត្រមិនបានជ្រៅជ្រះទេ កាលពីក្រមុំ ម្តាយទុកឪពុកដាក់ផ្សំផ្គុំឱ្យនាងរៀបការជាមួយប្តី​ឈ្មោះញ៉េន ខៀន អាយុបងនាង៦ឆ្នាំ។ នៅពេលរៀបការហើយ ប្តីប្រពន្ធថ្មីថ្មោង ពួកនាងស្រលាញ់ផ្អែមល្ហែមនឹងគ្នាណាស់ ព្រោះពេលនោះប្តីមិនចេះ ផឹកស្រា ឬប្រើកម្លាំងបាយលើរូបរាងកាយប្រពន្ធទេ ពោលគឺប្តីស្រលាញ់ថ្នាក់ថ្នមប្រពន្ធណាស់ ដែលកាលនោះធ្វើឱ្យជីវិតនាង រស់នៅមានសេចក្តីសុខសុភមង្គលជាខ្លាំង ប៉ុន្តែក្រោយពីបង្កើតបានកូនម្នាក់ ស្រាប់តែប្តីដ៏ល្អរបស់នាងមានការប្រែប្រួល ចេះមានបនភឿនដើរផឹកស៊ីស្រវឹង​ ធ្លាក់ភ្នែករាល់ថ្ងៃ លុះចូលដល់ផ្ទះ តែងរករឿងបង្កជម្លោះក្នុងគ្រួសារ ឈានដល់ការប្រើអំពើហិង្សា វាយតប់លើរូបរាងកាយប្រពន្ធទៀត ធ្វើឱ្យនាងឈឺសាច់ជាំមុខ ខៀវភ្នែក និងមានពេលខ្លះ ត្រូវចូលដេកមន្ទីរពេទ្យក៏មានដែរ ប៉ុន្តែ ដោយសារមុជមិនជ្រៅទៅមិនឆ្ងាយ និងសង្ឃឹមថា ថ្ងៃណាមួយ ប្តីកែខ្លួនស្រលាញ់ថ្នាក់ថ្នមប្រពន្ធ ដូចកាលពីបានគ្នាដំបូង ទើបនាងចេះ តខាំមាត់សង្កត់ចិត្ត រួមរស់លេបក្រួសលេបថ្ម រហូតបង្កើតបានកូន៣នាក់ (ប្រុស២ ស្រី១) ជាចំណងដៃនិស្ស័យស្នេហ៍។

នាងផល្លី បន្តឱ្យដឹងទៀតថា តាំងពីកូន១ ដល់កូនទី៣ នាងត្រូវប្តីវាយធ្វើបាបរាល់ថ្ងៃ ឱ្យរស់នៅជាមួយទឹកភ្នែកឥតស្បើយ រហូតធ្លាក់ខ្លួនស្គមរីងរៃ ធ្វើឱ្យនាងទ្រាំនឹងទង្វើរបស់ប្តីកំណាចរូបនេះតទៅទៀតលែងបាន ម៉្យាងទៀត ដោយមិនរំពឹងថា ប្តីរូបនេះកែខ្លួនផង នាងក៏សម្រេចចិត្តវេចបង្វេចនាំកូនរត់មករស់នៅផ្ទះជាមួយម្តាយបង្កើត ដើម្បីរំដោះខ្លួនចេញពីកណ្តាប់ដៃប្តីកំណាចនោះ ពុំនោះទេ នាងច្បាស់ជាត្រូវប្តីវាយធ្វើបាបរហូតដល់ស្លាប់ជាមិនខាន។ ក្រោយពីចុះចេញពីផ្ទះបានមួយរយៈ មិនទាន់លែងលះប្តីដាច់ស្រេចផង នាងបានបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសក្មេងម្នាក់​ ឈ្មោះប៊ុន រដ្ឋ អាយុប្អូននាង៨ឆ្នាំ យ៉ាងផ្អែមល្ហែម រួចក៏នាំគ្នាទៅធ្វើការសំណង់នៅក្នុងទីក្រុងភ្នំពេញ បានមួយរយៈ លុះពេលត្រឡប់មកស្រុកវិញ ក៏ស្មគ្រ័យកគ្នាជាប្តីប្រពន្ធដោយបើកចំហតែម្តង។ កន្លងមក ប្តីដើមធ្លាប់មកអង្វរនាងឱ្យត្រឡប់ទៅរួមរស់ជាមួយគ្នាវិញដែរ ប៉ុន្តែនាងមិនព្រម ព្រោះនាងអស់និស្ស័យស្នេហ៍ជាមួយប្តីកំណាចរូបនោះទៅហើយ។ នាងមករួមរស់ជាមួយប្តីក្មេងទី២នេះ គឺមកតែខ្លួនទទេប៉ុណ្ណោះ ផ្ទះសម្បែងនិងទ្រព្យសម្បត្តិដែលមានទាំងប៉ុន្មាន ប្រគល់ឱ្យប្តីចាស់ទាំងអស់ ហើយនាងសុំយកកូនតែម្នាក់ មកចិញ្ចឹមតែប៉ុណ្ណោះ។ ពេលនេះនាងរួមរស់ជាមួយប្តីក្មេងនេះ បានរយៈពេល១ឆ្នាំមកហើយ និងកំពុងពោះធំ៣ខែ ហើយប្តីក្មេងរូបនេះស្រលាញ់ថ្នាក់ថ្នមប្រពន្ធណាស់ មិនដែលហ៊ានលើកដៃគោះនាងមួយប៉ូក ឱ្យឈឺសាច់ម្តងណាឡើយ បើប្រៀបធៀបជាមួយប្តីចាស់ទី១មុន ខុសគ្នាឆ្ងាយដូចមេឃនិងដីអីចឹង នាងសង្ឃឹមថា រួមរស់ជាមួយប្តីក្មេងរូបនេះ មិនស្គាល់ទឹកភ្នែកទៀតឡើយ។

លោកប៊ុន រដ្ឋ និងអ្នកស្រី អិុន ផល្លី

លោកប៊ុន រដ្ឋ អាយុ២១ឆ្នាំ ជាប្តីក្មេងទី២ របស់នាងអ៊ិន ផល្លី បានរៀបរាប់ឱ្យដឹងថា រូបលោកជាកូនពៅ ក្នុងចំណោមបងប្អូន ៣នាក់ (ប្រុស១ ស្រី២) ដែលម្តាយមានឈ្មោះច្រឹប អាយុ៦២ឆ្នាំ ឪពុកស្លាប់ លោករៀនសូត្របានតិចតួចណាស់ ត្រឹមចប់ថ្នាក់បឋមសិក្សាក៏ឈប់ទៅ។ លុះពេលធំពេញកំលោះ លោកមិនដែលស្រលាញ់ស្រី ឬមានទំនាក់ទំនងស្នេហាជាមួយនារីណាម្នាក់ឡើយ ពោលគឺ បេះដូងនិងរូបកាយនៅកំលោះបរិសុទ្ធ។ តែក្រោយពីប្រពន្ធរូបនេះ ឱបបង្វេចរត់ចោលប្តីចាស់ មករស់នៅជាមួយម្តាយនាងវិញ ធ្វើឱ្យលោកមានចិត្តអាណិតនាងធំជាងស្រលាញ់ រួមផ្សំទាំងប្រពន្ធរូបនេះ មានរូបសម្រស់ស្រស់ស្អាត ដើមទ្រូងទ្រលុកទ្រលន់គួរឱ្យគ្រឺតក្នាញ់ ទ្រាំមិនបាន ក៏ប្រថ្រុយលួងលោមប្រលោមស្នេហ៍ រហូតនាងទន់ចិត្តឆ្លើយអូខេ! ប្រគល់ខ្លួនប្រាណ ឱ្យលោកនែបនិត្យតែម្តង។

បុរសជាប្តីរូបនេះបន្តថា តាមពិតលោកក៏ដឹងថា ប្រពន្ធរូបនេះមិនទាន់លែងលះជាមួយប្តីដើមដាច់ស្រេច ហើយក៏ដឹងថា ប្តីដើមនោះប្រើអំពើហិង្សាដាក់ប្រពន្ធដែរ ប៉ុន្តែដោយសារប្រពន្ធរូបនេះ សម្រេចចិត្តចុះចោលប្តីចាស់ នាងមិនព្រមដើរត្រឡប់ក្រោយទៅរួមរស់ជាមួយប្តីដើមវិញ ទើបលោកប្រថុយយកខ្លួនធ្វើជាអ្នកស្អំរបួសបេះដូងប្រពន្ធរូបនេះតែម្តងទៅ។ ក្នុងពេលសាងស្នេហ៍ជាមួយគ្នាដំបូង ប្តីដើមរបស់នាងក៏តាមមករករឿងគូស្នេហ៍ពួកលោកជាញឹកញាប់ដែរ ប៉ុន្តែប្រពន្ធរបស់លោកមិនខ្លាចញញើតជាមួយប្តីចាស់រូបនេះឡើយ ដោយហ៊ានចេញមុខតតាំងវិញ ទើបធ្វើឱ្យប្តីចាស់នោះ លែងមកតាមឆាឆៅប្តីប្រពន្ធលោក រហូតមកដល់សព្វថ្ងៃ ហើយលោកអះអាងថា នឹងខំប្រឹងធ្វើខ្លួនជាប្តីល្អ ប៉ះប៉ូវផ្លូវចិត្តផ្លូវកាយប្រពន្ធដែលត្រូវប្តីដើមធ្វើបាបកន្លងមក ដើម្បីឱ្យនាងលុបបំបាត់ការឈឺចាប់ទាំងនេះចោលពីជីវិត។

ដោយឡែក លោកញ៉េន ខឿន អាយុ៣៥ឆ្នាំ ជាប្តីដើមរបស់នាងអ៊ិន ផល្លី អាយុ៣៥ឆ្នាំ អ្នកយកព័ត៌មានយើងមិនអាចទាក់ទង សុំការបកស្រាយបានឡើយ ព្រោះលោកចេញទៅធ្វើការសំណង់នៅទីក្រុងភ្នំពេញ ឯណោះ តែយ៉ាងណា យើងនឹងរង់ចាំលោកមកបំភ្លឺជានិច្ច។

អ្នកស្រីសំ ណាល់ អាយុ៥៨ឆ្នាំ ជាម្តាយបានឱ្យដឹងថា គាត់អាណិតកូនស្រីម្នាក់នេះ ខ្លាំងណាស់ ខំរៀបការយកប្តីតាម ម្តាយទុកឪពុកដាក់ បែរជាជួបប្តីកំណាចចូលចិត្តវាយដំលើរូបរាងកាយប្រពន្ធទៅវិញ ធ្វើឱ្យនាងរស់នៅជាមួយ ទឹកភ្នែករាល់ថ្ងៃ ដូចធ្លាក់នរកអវិចីអ៊ីចឹង។ គាត់ក៏មានចំណែកកំហុសឆ្គងក្នុងរឿងនេះដែរ ដែលមានភ្នែកស្អុយ មើលមនុស្សខុសលើកកូនស្រីឱ្យរៀបការជាមួយប្រុសគ្មានចិត្តធម៌បែបនេះ។ ចំពោះការសម្រេចចិត្ត របស់កូនស្រី រត់ចោលប្តីដើម និងមកសាងស្នេហ៍ជាមួយប្តីក្មេង ក្រោយនេះ គាត់មិនហាមឃាត់ ឬរារាំងកូនស្រីឡើយ គាត់ទុកសិទ្ធិឱ្យនាងជាអ្នកជ្រើសរើសផ្លូវជីវិតដើរដោយខ្លួនឯងចុះ ព្រោះគាត់ មិនចង់នាំផ្លូវឱ្យកូនស្រីខុសម្តងទៀតឡើយ…៕                                គីម ថីសួន