Loading...

ឃាត់ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី​២​នាក់ ដក​ហូត​ថ្នាំ​ញៀន​ចំនួន​៥៣​កញ្ចប់​តូច​ធំ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 2:08 am

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែងដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ និងដកហូតថ្នាំញៀនចំនួន ៥៣កញ្ចប់តូចធំកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ដែលស្ថិតនៅចំណុចបន្ទប់ជួលលេខ១៣ ផ្លូវលេខ៩០៧ ក្រុមទី៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យដែលឃាត់ខ្លួននោះទី១-ឈ្មោះ មាស សុភា ភេទប្រុស អាយុ ១៩ឆ្នាំ មានមុខរបរ សន្តិសុខដឺប្រេស និងទី២-ឈ្មោះ ឯក សំណាង ភេទស្រី អាយុ១៧ឆ្នាំមានមុខរបរមិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង២នាក់ស្នាក់នៅបន្ទប់ជួលលេខ១៣ ក្រុមទី៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថានៅក្នុងបង្ក្រាបនេះសមត្ថកិច្ចយើងបានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែនិងមានការសម្របសម្រួលពីលោក អ៊ុំ សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញហើយសមត្ថកិច្ចយើងបានចុះបង្ក្រាបទីតាំងផ្ទះជួលមួយកន្លែងដែលសង្ស័យថាជាទីតាំងជួញដូរនិងចែកចាយគ្រឿងញៀន។ក្រោយពេលកម្លាំងសមត្ថកិច្ចយើងចុះបង្ក្រាបនោះគឺបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ដោយបានដកហូតនៅម្សៅក្រាមពណ៌សថ្លាចំនួន៥៣កញ្ចប់តូចធំដោយក្នុងនោះមាន២កញ្ចប់ធំជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១,ថ្លង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿងសេរីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1AJ-1053ហើយសមត្ថកិច្ចយើងបានធ្វើការនាំខ្លួនជនសង្ស័យខាងលើទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ២នាក់ខាងលើរួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕កែវឈីម