Loading...

ជន​ជាតិ​កូរ៉េ២​នាក់ វ៉ៃ​អ្នក​បើករ​ថយន្ត​តាក់ស៊ីម៉ែត្រ បែក​មុខ​​​របួស​ធ្ងន់

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:43 am

បុរសម្នាក់ជាអ្នកបើករថយន្តតាក់ស៊ីម៉ែត្រពណ៌ក្រហមដឹកបុរសជនជាតិកូរ៉េ២​នាក់ចេញពីសណ្ឋាគារណាហ្គាវើរខឹង​តៃកុងរថយន្តតាក់ស៊ីបើកច្រឡំផ្លូវវ៉ៃ​ហើមមុខហើមភ្នែករងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនបង្កជាជនជាតិកូរ៉េទាំង២នាក់​យកទៅសួរនាំបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង១១និង៤០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសុរាម្រិត នៅក្បែររង្វង់មូលសម្តេចជួនណាត ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះ វង់ បូរិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើករថយន្តតាក់ស៊ីម៉ែត្រ​ពណ៌ក្រហម ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

តាមសម្តីរបស់អ្នកបើករថយន្ត​តាក់ស៊ីម៉ែត្រពណ៌ក្រហមបានអោយដឹងថា មុនពេលកើតហេតុគាត់បានដឹកភ្ញៀវបុរស២នាក់ជាជនជាតិកូរ៉េទើបតែចេញមកពីសណ្ឋាគារណាហ្គាវើរ​គោលបំណងទៅរង្វង់មូលកាំកូស៊ីធី ខណៈពេលគាត់បើករថយន្តដឹកជនជាតិកូរ៉េទាំង២​នាក់ហួសរង្វង់មូលសម្តេចជួនណាតបានបន្តិច មិនដឹងថាជនជាតិកូរ៉េមួម៉ៅរឿងអីទេ ​ បាននាំគ្នាព្រួតវាយរូបគាត់ជាអ្នកបើករថយន្តបណ្តាលឲ្យបែកមុខខាងស្តាំហើមមុខមួយចំហៀងនិងហើមភ្នែក ភ្លាមៗនោះអ្នកបើករថយន្តតាក់ស៊ីម៉ែត្របានទូរស័ព្ទហៅគ្នីគ្នាដែលជាអ្នករត់តាក់ស៊ីដូចគ្នាមកជួយទើបឃាត់បានជនបង្កជាជនជាតិ កូរ៉េទាំង២នាក់នោះយកទៅប្រគល់អោយនគរបាលប៉ុស្តិ៍ចតុមុខ ចំណែក​ជនរងគ្រោះត្រូវអ្នករត់តាក់ស៊ីដូចគ្នាដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

តាមរយៈនគរបាលប៉ុស្តិ៍ចតុមុខបានឲ្យដឹងថា តាមការសាកសួរជនបង្កបានឲ្យដឹងថា មុន ពេលកើតហេតុគាត់បានហៅរថយន្តតាក់ស៊ីម៉ែត្រខាងលើជិះទៅរង្វង់មូលកាំកូស៊ីធី ហើយ​គាត់ស្ថិតក្នុងស្ថានភាពស្រវឹងស្រាផងនោះបានឃើញអ្នកបើករថយន្តតាក់ស៊ីម៉ែត្របើក​ច្រឡំផ្លូវធ្វើឲ្យគាត់ខឹងបានវាយតៃកុងរថយន្តមួយដៃស្រាប់តែតៃកុងរថយន្តតដៃប្រតាយ ប្រតប់វិញទើបរូបគាត់នាំគ្នាព្រួតវាយធ្វើឲ្យរងរបួសទាំងសងខាង ដោយជនជាតិកូរ៉េម្នាក់រង របួសបានទៅដេររបួស ។ ក្រោយពេលកើតហេតុភាគីទាំងសងខាងបានដាក់ពាក្យបណ្តឹង ប្តឹងគ្នាទៅវិញទៅមក

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរចតុមុខដើម្បីចាត់ការទៅតាមនីតិវិធី ។ ដោយសារតែមានក្រុមអ្នករត់រ៉ឺម៉កម៉ូតូទៅចោមរោមច្រើន ពេកសមត្ថកិច្ចខ្លាចកើតមានអំពើហិង្សាដល់ជនបង្កក៏បានបិទទ្វារប៉ុស្តិ៍មិនឲ្យអ្នកដែលពាក់ ព័ន្ធចូលទៅក្នុងប៉ុស្តិ៍ទេ ធ្វើឲ្យក្រុមអ្នករត់តាក់ស៊ីម៉ែត្រផ្ទុះកំហឹង ។

បច្ចុប្បន្ននគរបាលប៉ុស្តិ៍ចតុមុខបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌដូន
ពេញ ៕