Loading...

កំលោះស្វិតជើងទាំង២ ស្ម័គ្រយកនារីស្លាប់មួយចំហៀងខ្លួន ធ្វើប្រពន្ធ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧​ | សង្គម និងជីវិត | | 0 | ម៉ោង 9:12 am

“គូព្រេងមិនព្រាត់ អាយុមិនអស់មិនស្លាប់” គឺជាទ្រឹស្តីពុទ្ធនិយម ចង់បង្ហាញពីគូស្នេហ៍ ទោះពិកល្យពិការយ៉ាងណា ក៏គង់តែបានជួបគ្នា ហើយទោះជាជួបគ្រោះថ្នាក់យ៉ាងណា ក៏មិនស្លាប់។ ដោយឡែក ទំនងជាដើរស្របទ្រឹស្តីចាស់នេះ ទើបកំលោះស្វិតជើងទាំងពីរ ស្មគ្រ័យកនារីស្លាប់មួយចំហៀងខ្លួនធ្វើប្រពន្ធ ទោះជាម៉ែឪបំបែកយ៉ាងណា ក៏មិនអាចទៅរួចឡើយ…។

គូស្វាមីភរិយាពិកល្យពិការដូចគ្នានេះ ប្តីឈ្មោះផា បញ្ញា អាយុ២៥ឆ្នាំ ស្រុកកំណើតនៅភូមិសំឡក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ឯភាគីប្រពន្ធឈ្មោះជឹម បុប្ផា អាយុ២៦ឆ្នាំ ស្រុកកំណើតភូមិត្រពាំងបឹង ឃុំទ្រមែង ស្រុកឈូក ខេត្តកំពត ដោយបង្កើតបានកូនស្រី១ ជាចំណងនិស្ស័យ ដែលសព្វថ្ងៃ ពួកគេមករស់នៅស្រុកកំណើតខាងប្រពន្ធ។ ពេលនេះ ដោយជាប់រវល់ចេញ ទៅចូលរួមមង្គលការបងប្អូនខាងប្តីនៅខេត្តកណ្តាល ទើបប្តីប្រពន្ធពិការដូចគ្នានេះ ពុំអាចផ្តល់បទសម្ភាសន៍ដោយ តទល់បាន តែបានផ្ញើរលកសំឡេងតាមទូរស័ព្ទឱ្យអ្នកយកព័ត៌មានយើងកត់ត្រា។

លោកផា បញ្ញា ជាប្តី បានរៀបរាប់ដោយរលកសំឡេងច្បាស់ៗ តាមរលកធាតុអាកាសថា រូបគេតាំងពីកើតធំដឹងក្តីមក មានកាយសម្បទាធម្មតាដូចក្មេងប្រុសឯទៀតដែរ តែជាអកុសល នៅពេលមានអាយុ៨ឆ្នាំ គេរៀនជិះកង់ដួលបាក់ជើងខាងស្តាំ (បាក់ភ្លៅ) ត្រូវបានឪពុកម្តាយដឹកបញ្ជូនទៅមន្ទីរពេទ្យព្យាបាលបានជាសះស្បើយ អាចដើរបានតិចៗ ព្រោះឆ្អឹងបាក់នោះ មិនទាន់ស៊ីជាប់គ្នាល្អ។ ពេលឪពុកម្តាយមិននៅផ្ទះ គេចុះពីលើគ្រែហាត់ដើរតេះតះ និងឡើងអង្គុ លើកង់លេង ក៏ដួលបាក់ភ្លៅនោះជាលើកទី២ និងគ្រេចជើងឆ្វេងទៀត។ ពេលនោះ ដោយសារឪពុកម្តាយទីទាល់ក្រគ្មានលទ្ធភាពដឹកទៅមន្ទីរពេទ្យដូចមុន ក៏នៅតែផ្ទះ ព្យាបាលដោយឱសថបុរាណ រកគ្រូមន្តអាគមស្តោះផ្លុំ ក៏បានជាសះស្បើយខ្លះៗ។ ទំនងជាកម្មក្រាស់ពេក គេដើរដួលជាលើកទី៣ បណ្តាលឱ្យស្វិតសរសៃត្រឹមត្រគាកចុះមកក្រោម ឯជើងបាក់នោះ ក៏មិនបានជាប់ដូចដើមដែរ វារឡិករឡាក់បាក់ជាកង់ៗ ដើរលែងរួច បានត្រឹមកិលដោយគូទ ប្រើដៃជួយដោល។

បុរសពិការឱ្យដឹងទៀតថា ក្រោយមក ម្តាយបានទិញរទេះរុញមួយឱ្យជិះ គ្រាន់អាចធ្វើដំណើរទៅទីឆ្ងាយៗបានខ្លះដែរ ដោយបង្វិលកង់ខ្លួនឯង ឬមានអ្នករុញពីក្រោយ។ គេធ្លាប់ចូលរៀនបានត្រឹមថ្នាក់ទី២ នៅស្រុកកំណើត ក្រោយមក ឪពុកម្តាយក៏យកទៅផ្ញើសាលាយេស៊ូគ្រិស្ត ឱ្យបានបន្តការសិក្សាទៀត បន្ទាប់ខាងសមាគមសាសនាគ្រិស្តបានបញ្ជូនរូបគេឱ្យទៅរៀនមុខជំនាញនៅសាលាឡាវ៉ាឡា ឯព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះបានដល់កន្លែងថ្មី ក៏បានជួបនាងក្រមុំម្នាក់ ឈ្មោះជឹម បុប្ផា ជាស្រីពិការដូចគ្នា ក៏មានទំនាក់ទំនងស្នេហា រហូតបានរៀបការជាមួយគ្នាទៅ ទោះបីជាម្តាយខាងស្រីរារាំងយ៉ាងណា ក៏មិនឈ្នះទឹកចិត្តដ៏បរិសុទ្ធ។

ដោយឡែក នាងជឹម បុប្ផា ជាប្រពន្ធ បានឱ្យដឹងថា នាងមានបងប្អូន៣នាក់ ឪពុកស្លាប់ នៅតែម្តាយ ឈ្មោះចាយ វួច អាយុ៦៣ឆ្នាំ។ នាងក៏ជាប់រវល់មកការបងប្អូននៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែរ តែនាងមិនលាក់លៀមទេ ក៏ឆ្លើយឆ្លងតាមទូរស័ព្ទឱ្យអស់សង្ស័យ។ តាមពិត កាលកើតពោះម៉ែមកនោះ នាងមានកាយសម្បទាគ្រប់គ្រាន់ដូចគេឯងដែរ តែជាអកុសល នៅពេលចូលរៀនដល់ថ្នាក់ទី២ នាងក៏ធ្លាក់ខ្លួនឈឺរហូត។ ជំងឺរបស់នាងធ្វើទុក្ខពេញខ្លួន ចេះតែក្តៅក្នុង ទោះជាម្តាយយកទៅព្យាបាលដល់ណាក៏មិនជាសះស្បើយដែរ ទីបំផុតក៏ស្លាប់មួយចំហៀងខ្លួន រហូតមកទល់ពេលនេះ។ បន្ទាប់ពីធ្លាក់ខ្លួនពិការមក ម្តាយក៏យកនាងទៅផ្ញើសាលាព្រះយេស៊ូ និងបញ្ជូនឱ្យទៅបន្តរៀនមុខជំនាញនៅសាលាឡាវ៉ាឡា ព្រែកហូរ ក៏បានជួបលោកបញ្ញា ដែលជាជនពិការ ជិះលើរទេះរុញដូចគ្នា។ សេចក្តីស្នេហាក៏ចាប់ផ្តើមឡើង ដោយពួកនាងស្នើខាងសាលាឱ្យជួយផ្ចុងផ្តើមធ្វើយ៉ាងណាឱ្យបានក្លាយជាគូស្វាមីភរិយាស្របច្បាប់ ដែលខាងសាលាមិនជំទាស់ទេ ប៉ុន្តែម្តាយរបស់នាងប្រឆាំងដាច់ខាត ដោយគាត់លើកឡើងថា បើប្តីប្រពន្ធពិកល្យពិការដូចគ្នាយ៉ាងនេះ បានអ្នកណារកស៊ីចិញ្ចឹម។

នាងជឹម បុប្ផា បន្តទៀតថា ទោះជាម្តាយនាងជំទាស់យ៉ាងណា ក៏មិនឈ្នះការតាំងចិត្តរវាងនាង និងសង្សារនោះដែរ ព្រោះពួកនាងពិការតែជើង ចំណែកកន្លែងបន្តពូជនោះមានពិការឯណា? ទីបំផុត ដោយមិនអាចយកឈ្នះទឹកចិត្តកូនៗបាន ចាស់ៗក៏ឯកភាពគ្នារៀបការឱ្យទៅ បន្ទាប់មក នាងនិងប្តីបានមកកវែក កឆ្នាំង នៅស្រុកឈូក ខេត្តកំពត។

លោកយាយចាយ វុច អាយុ៦៣ឆ្នាំ ជាម្តាយខាងស្រី, លោកវួយ ហ៊ុយ អាយុ៥៣ឆ្នាំ និងអ្នកស្រី សុន ឡាត់ ជាបងប្អូន បានឱ្យដឹងស្របគ្នាថា ដោយមិនអាចរារាំងបាន ពួកគាត់ក៏ចាត់ចែងរៀបការឱ្យទៅ កាលពីខែតុលា ឆ្នាំ២០១៣ ហើយមកទល់ពេលនេះ ប្តីប្រពន្ធពិការដូចគ្នានេះ បង្កើតបានកូនស្រីម្នាក់ អាយុជាង១ខួបហើយ មានកាយសម្បទាល្អណាស់ មិនពិការដូចម៉ែឪទេ។ កន្លងមក គាត់ជាម្តាយពិតជាធ្លាប់ជំទាស់ មិនចង់ឱ្យកូនស្រីយកប្តីពិការដូចគ្នាទេ ព្រោះបារម្ភគ្មានអ្នករកស៊ីចិញ្ចឹម ប៉ុន្តែបំបែកមិនបាន ក៏ចាត់ចែងឱ្យយកគ្នាទៅ និងសង្កេតឃើញថា តាំងពីរៀបការរួចមក ពួកគេស្រលាញ់គ្នាល្អូកល្អិន មានការងារជំនាញស្រាលៗ អាចរកកម្រៃបានគ្រាន់ចិញ្ចឹមជីវិតដែរ៕