Loading...

ចំណុចល្អ និងអាក្រក់នៃការពត់ធ្មេញ

​ សោម សុភា​​ | ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧​ | សម្រស់ | | 0 | ម៉ោង 8:02 am

ដោយសារតែធម្មជាតិនៃធ្មេញរបស់មនុស្សម្នាក់ៗមិនបានស្អាតដូចដែលខ្លួនចង់បាន ទើបតម្រូវឱ្យមានការរៀបចំធ្មេញឡើងវិញ ដោយពឹងផ្អែកលើបច្ចេកទេសពត់ធ្មេញរបស់ទន្តពេទ្យ ដើម្បីឱ្យធ្មេញរបស់ខ្លួនមើលទៅស្អាតបាត មានរបៀប និងតម្រៀបគ្នាជាជួរបានល្អ ។ ប៉ុន្តែក៏មានចំណុចល្អ និងចំណុចមិនល្អដែរ ដែលអ្នកត្រូវដឹងជាមុន មុននឹងសម្រេចចិត្តចំណាយប្រាក់កាសដ៏ច្រើនក្នុងការពត់ធ្មេញនោះ។
*ចំណុចល្អ ៖
-ដើម្បីភាពស្អាតបាត និងបុគ្គលិកលក្ខណៈល្អ ៖ ធ្មេញមើលទៅស្អាតបាត ញញឹមស្រស់ អ្នកដែលមានបុគ្គលិកលក្ខណៈល្អស្អាត តែងតែជាជម្រើសទី១ សម្រាប់ការងារ និងមានឱកាសបានទទួលការជ្រើសរើសមុនគេ។ ការមានស្នាមញញឹមស្អាត នឹងធ្វើឱ្យសាមីខ្លួនមានបុគ្គលិកលក្ខណៈល្អ មានការជឿជាក់លើខ្លួនឯង ហ៊ានសម្តែង ចេញ និងមានមន្តស្នេហ៍ ធ្វើឱ្យឈ្នះការប្រកួតប្រជែងក្នុងសង្គមការងារបានយ៉ាងមានគុណភាព។ ហេតុនេះ ការពត់ធ្មេញ ជាជម្រើសនៃការបោះទុនដ៏ល្អដើម្បីអនាគតរបស់អ្នក។
-ដើម្បីឱ្យធ្មេញធ្វើតួនាទីរបស់ខ្លួនបានល្អយ៉ាងមានប្រសិទ្ធភាព ៖ ធ្មេញត្រូវគ្នាទាំងខាងលើ និងខាងក្រោម និងទំពាអាហារបានល្អជាងមុន។
-ដើម្បីសុខភាពដ៏ល្អនៃប្រអប់មាត់ ៖ ព្រោះបើមានបញ្ហាធ្មេញច្រពើស ធ្មេញពយទៅមុខ៘ នាំឱ្យការសម្អាតធ្មេញធ្វើមិនបានសព្វ និងតែងមានបញ្ហាពុកធ្មេញតាមក្រោយមិនខាន។ បើពត់ធ្មេញឱ្យមានរបៀប មានសណ្តាប់ធ្នាប់ត្រឹមត្រូវហើយ ការសម្អាតធ្មេញក៏មានប្រសិទ្ធភាពជាងមុនដែរ និងអាចជួយបន្ថយការពុកធ្មេញ ឬរលាកអញ្ចាញបាន។
-ជួយបន្ថយក្លិនមាត់ ៖ ដោយសារតែការសម្អាតធ្មេញមិនបានស្អាត ជាពិសេសចំពោះអ្នកដែលមានធ្មេញ តម្រៀបគ្នាមិនបានល្អ ការពត់ធ្មេញអាចជួយបន្ថយបញ្ហានេះបាន។
-នាំឱ្យមានទម្លាប់ល្អ ៖ អ្នកខ្លះពត់ធ្មេញហើយ ឃើញធ្មេញរបស់ខ្លួនមានរបៀបល្អ ក៏កើតចិត្តស្រឡាញ់ធ្មេញរបស់ ខ្លួន ដោយឧស្សាហ៍សម្អាតធ្មេញ ក្លាយជាទម្លាប់ដ៏ល្អមួយ។
-នាំឱ្យមានទម្រង់មុខល្អ ៖ អ្នកខ្លះពត់ធ្មេញហើយ ឆ្អឹងមុខមានទម្រង់ល្អជាងមុន ឬមុខស្តួចស្អាតជាងមុន។
-ជាម៉ូដធ្មេញពេញនិយម ៖ ការពត់ធ្មេញជាម៉ូដធ្មេញម៉្យាង ដែលមិនអាក្រក់មើលនោះទេ មើលទៅគួរឱ្យស្រឡាញ់ច្រើនជាង និងជួយបង្កើនចំណុចលេចធ្លោ ឱ្យអ្នកដទៃចំណាំអ្នកឆាប់បានទៀតផង។
-ជួយផ្តាច់ទម្លាប់ការពិសាចំណីកំដរមាត់ ៖ ព្រោះក្នុងអំឡុងពេលពត់ធ្មេញ ពុំមែននឹកចង់ពិសាអ្វី ក៏ពិសាភ្លាមៗដូចមុនបាននោះទេ។
-ជួយឱ្យការបញ្ចោញសំឡេងច្បាស់ជាងមុន ៖ ចំពោះអ្នកដែលមានធ្មេញឃ្លាតគ្នា ឬធ្មេញមុខពយ (ខាំសរសៃគុយទាវមិនដាច់ ) បន្ទាប់ពីពត់ធ្មេញហើយ នឹងជួយឱ្យការបញ្ចោញសំឡេងគ្រាន់បើជាងមុន មានសំឡេងច្បាស់ជាងមុន។


*ចំណុចមិនល្អ ៖
១-ការពត់ធ្មេញ ទោះជាប្រភេទថោកឬថ្លៃ ក៏នៅតែតម្លៃខ្ពស់ ត្រូវអស់ប្រាក់កាសច្រើន។
២-អ្នកខ្លះ តម្រូវឱ្យដកធ្មេញចេញខ្លះទៀតផង។
៣-មាត់កំពុងជាមុន ព្រោះត្រូវបៀមដែកក្នុងមាត់រហូត អាចតិចឬច្រើន ទៅតាមទម្រង់មាត់របស់មនុស្សម្នាក់ៗ។
៤-ឈឺតិចឬច្រើន អាស្រ័យលើវិធីពត់ធ្មេញដែលអ្នកជ្រើសរើស ប៉ុន្តែក៏នៅតែឈឺ ជាពិសេសពេលដកធ្មេញ ពេលទាញដែក ឬដែកមុតមាត់ អាស្រ័យលើករណីនីមួយៗ។
៥-ប្រើពេលយូរ ទម្រាំធ្មេញចូលតម្រៀបគ្នាឱ្យមានរបៀប ត្រូវប្រើពេលយ៉ាងតិច២ឆ្នាំ។
៦-ក្នុងអំឡុងពេលពត់ធ្មេញ ធ្វើឱ្យពិបាកសម្អាតធ្មេញ អាចប្រឈមនឹងពុកធ្មេញ បើសម្អាតមិនបានដិតដល់។
៧-អាហារអាចជាប់នឹងដែកជាញយៗ ចំពោះស្ត្រីគួរដាក់កូនកញ្ចក់តូចមួយតាមខ្លួន ទុកឆ្លុះមើលផង ក្រែងមានអាហារជាប់នឹងដែក នាំឱ្យអាក្រក់មើល ខូចបុគ្គលិកលក្ខណៈរបស់ខ្លួន។
៨-អាចនិយាយមិនសូវច្បាស់ខ្លះៗ ក្នុងអំឡុងពេលដំបូងៗនៃការពត់ធ្មេញ។
៩-ករណីពត់ធ្មេញខាងក្រៅធម្មតា បន្ទាប់ពីដកយកដែកពត់ចេញ ផ្ទៃក្រៅរបស់ធ្មេញ អាចមិនរាបស្មើ។
១០-ពេលដាក់ឧបករណ៍តម្រង់ធ្មេញ រីថេនណឺរ៍ (ត្រោនិរេ) ជារឿងគួរឱ្យធុញទ្រាន់បំផុតសម្រាប់អ្នកខ្លះ បើមិនដាក់យូរថ្ងៃ ក៏មិនបានដែរ។ ព្រោះធ្មេញនឹងរំកិល ឃ្លាត មិនរឹងមាំ។ គ្រាន់តែមិនបានដាក់ត្រឹម២-៣ថ្ងៃ ពេលមកដាក់ម្តងទៀត ឈឺណាស់ទៅហើយ អ្នកខ្លះដល់ថ្នាក់ពត់ធ្មេញម្តងទៀតក៏មាន។
១១-បាត់បង់មន្តស្នេហ៍ធ្មេញច្រពើស អ្នកខ្លះមុនពត់ធ្មេញ មានធ្មេញច្រពើស គួរឱ្យចំណាំ លុះពត់ធ្មេញរួច ធ្មេញលែងច្រពើស អ្នកដទៃលែងចំណាំបានក៏មាន។
១២-អ្នកខ្លះមានអារម្មណ៍ថា ធ្មេញទន់ខ្សោយជាងមុន ទំពាអ្វីរឹងៗ មិនបានល្អដូចមុន។
១៣-អ្នកខ្លះពត់ធ្មេញហើយ ទម្រង់មុខទៅជាផតទៅវិញ។
១៤-បាត់បង់ពេលវេលាធ្វើការ ឬប្រកបមុខរបរ ព្រោះត្រូវទៅជួបគ្រូពេទ្យធ្មេញ ជាប្រចាំរឿយៗ៕​