Loading...

តិចនិកផាត់មុខ បែបអាជីព

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧​ | សម្រស់ | | 0 | ម៉ោង 9:39 am

បើមានតិចនិកល្អ នឹងធ្វើឱ្យការផាត់មុខ លើកសម្រស់របស់អ្នកប្លែក។ អ្នកមានអាជីពខាងផាត់មុខ មានភាពស្ទាត់ជំនាញ និងមានតិចនិកពិសេស ទើបធ្វើឱ្យការផាត់មុខរបស់ពួកគេស្អាតខ្ញង់ ប្លែកភ្នែក គួរឱ្យភ្ញាក់ផ្អើល និងទាក់ទាញ ។
-ឧបករណ៍ត្រៀមឱ្យគ្រប់ ៖ មិនចាំបាច់ត្រូវមានគ្រប់យ៉ាង ជាហឹបគ្រឿងសម្អាង ឬហិបឧបករណ៍ផាត់មុខ ដូចអ្នកអាជីពនោះទេ ប៉ុន្តែគួរមានជក់ផាត់មុខច្រើនបែបបន្តិច មានអេប៉ុងល្អៗ ដែលជួយឱ្យការផាត់ម្សៅបានរលីងស្មើសាច់។
-ម្សៅចំណាំង និងហៃឡៃត៍ ៖ ២មុខនេះ ស្ត្រីគួរមានទុកប្រើសម្រាប់ធ្វើស្រមោល ឱ្យផ្ទៃមុខមើលទៅវៀវស្តួច បង្កើនភាពទាក់ទាញ និងអាចធ្វើជាស្រមោលលើក្តោងច្រមុះ ឬយកមកគូសចិញ្ចើម ឬគូសត្រេស្រមោលលើកណ្តាលត្របកភ្នែកក៏បាន។ គួររៀនប្រើម្សៅចំណាំង (Bronzer) និងម្សៅហៃឡៃត៍ (HighLight) ឱ្យស្ទាត់​ ហាត់ផាត់ស្រមោលលើផ្ទៃមុខ ឱ្យមើលទៅដូចធម្មជាតិផង។
-កុំភ្លេចប្រើម្រាមដៃ ផាត់តិចៗក្រោយពេលធ្វើស្រមោល ៖ អ្នកខ្លះផាត់ម្សៅចំណាំងក្រាស់ពេក នាំឱ្យរលោងមិនស្មើសាច់ មិនបានមុខស្រួច (V-Shape) បែរជាឃើញក្រមៅជាំដុំៗ ដូចខ្មោចឆៅក៏មាន។ ដូច្នេះ ពេលផាត់ម្សៅចំណាំង គួរប្រើជក់ ឬ ម្រាមដៃជួយផាត់ស្រាលៗ ឱ្យស៊ីគ្នានឹងស្បែក ប៉ុន្តែកុំផាត់ជាន់លើគ្នាពេញមុខមិនល្អទេ។
-ទទួលស្គាល់ពណ៌ស្បែករបស់ខ្លួន ៖ មិនបាច់ខ្មាសអៀននឹងទទួលស្គាល់ពណ៌ស្បែករបស់ខ្លួននោះទេ។ ស្ត្រីខ្លះសម្បុរស្រអែម ផាត់មុខមិនបានស្អាត ព្រោះតែប្រើម្សៅទ្រនាប់របស់ស្ត្រីស្បែកសលាយផ្កាឈូកទៅវិញ។ តាមពិត ស្បែកសម្បុរស្រអែម ល្អស្រស់ពីធម្មជាតិមកហើយ មិនបាច់កែប្រែអ្វី ដែលមិនមែនជាធម្មជាតិរបស់ខ្លួននោះទេ បវរកញ្ញាស្បែកខ្មៅ ក៏មានច្រើននាក់មកហើយ។
-ម្សៅព្រីម័រ (Primer) ជំនួយការដ៏ល្អ ៖ ជួយឱ្យគ្រឿងសម្អាងជាប់បានយូរ មុខមិនមានខ្លាញ់រងើម និងជួយឱ្យស្បែកភ្លឺ ពេលត្រូវថតរូប។ គួរមានម្សៅព្រីម័រនេះទុកប្រើ​ សម្រាប់ការផាត់មុខដ៏ផូរផង់របស់អ្នក។
-ថែទាំស្បែកដោយផលិតផលដ៏ល្អ ៖ អាចត្រូវចំណាយទៅលើផលិតផលថែស្បែកបន្តិច មិនបាច់មានច្រើនមុខទេ ប៉ុន្តែគួរមានរបស់សំខាន់ៗ ដែលផ្តល់សំណើមដល់ស្បែក និងការពារកម្តៅថ្ងៃផង។
-កុំប្រើតែមួយពណ៌លើត្របកភ្នែក ៖ ទោះបីជាចង់បានត្របកភ្នែកពណ៌ត្នោតតែមួយមុខ ក៏ត្រូវមានពណ៌នេះ២-៣ស៊េរីដែរ សម្រាប់គល់ភ្នែក ស្នាមផ្នត់ភ្នែក និងត្រង់ចុងភ្នែកផង។
-ម្សៅហុយ បញ្ចប់ការផាត់មុខៈ គ្រឿងសម្អាង នឹងជាប់បានយូរ មើលទៅផូរផង់ ដោយសារម្សៅស្តើងៗ រួមទាំងបបូរមាត់ផង កុំលាបក្រាស់ពេក៕