Loading...

ប៉ែន ចំរ៉ុង ធ្វើឲ្យអតីតឪពុកក្មេក ប្រឈមខាតទុនច្រើនម៉ឺនដុល្លារ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 7:35 am

មានការទម្លាយឲ្យដឹងថា ភាពយន្តខ្នាតធំរឿង ”អាមោកលក់ម៉ាំ” ដែលតួឯកប្រុសសម្ដែងដោយលោកប៉ែន ចំរ៉ុង កំពុងដាក់បញ្ចាំងតាមរោងភាពយន្តនានានោះ មិនសូវទទួលបានការគាំទ្រចូលទស្សនា ដែលធ្វើឲ្យថៅកែផលិតកម្មមហាហង្ស លោកអ៊ិន សុភិន ដែលជាអតីតឪពុកក្មេករបស់លោក កំពុងប្រឈមខាតទុនច្រើនម៉ឺនដុល្លារ។

 

យោងតាមប្រភពពីខាងរោងកុន បានឲ្យដឹងថា រឿង ”អាមោកលក់ម៉ាំ” ដែលកំពុងដាក់បញ្ចាំងមានអ្នកចូលទស្សនាតិចតួចបំផុត ដោយក្នុងមួយថ្ងៃ មានអ្នកចូលទស្សនាខ្ទង់១ពាន់នាក់ប៉ុណ្ណោះ នៅគ្រប់បណ្ដារោងកុនទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ដែលធ្វើឲ្យក្រុមអ្នកទទួលចែកចាយរឿងនេះ មានការខកចិត្តជាខ្លាំង ក៏ព្រោះតែសាច់រឿងមានគុណភាពល្អ និងល្អមើល តែតួលេខអ្នកចូលទស្សនា បែរជាធ្លាក់ចុះគួរឲ្យកត់សម្គាល់ទៅវិញ។ ទន្ទឹមនឹងនោះមានការចោទថា ការដែលរឿងនេះមិនសូវមានអ្នកចូលទស្សនាដោយសារតែតួសម្ដែងក្នុងរឿងសម្ដែងដោយលោកប៉ែន ចំរ៉ុង ដែលត្រូវមហាជនរិះគន់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាជាមួយភិន សុដាលីស ដែលនាងសុខចិត្តរត់ចេញពីផ្ទះទៅរស់នៅជាមួយ តែទីបំផុត ចំរ៉ុង បានបោះបង់នាងចោល ខណៈពេលនាងកំពុងមានផ្ទៃពោះ។ ប៉ុន្តែអ្នកខ្លះទៀត ទម្លាក់កំហុសទៅលើមហាហង្ស ដែលផ្ដល់សិទ្ធិចែកចាយទៅឲ្យក្រុមហ៊ុនមួយ ដែលមិនជួយបំផុសឲ្យមានការចាប់អារម្មណ៍មុនពេលដាក់បញ្ចាំង។ ពោលគឺភាពយន្តនេះកំពុងធ្វើឲ្យថៅកែផលិតកម្ម ដែលជាអតីតឪពុកក្មេកលោកប៉ែន ចំរ៉ុង ប្រឈមខាតទុនជាម៉ឺនដុល្លារ។

លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែងឲ្យដឹងថា បើទោះបីលោកមិនចូលចិត្តលោកប៉ែន ចំរ៉ុង ប៉ុន្តែលោកបានប្រឹងប្រែងជាខ្លាំងក្នុងការផ្សព្វផ្សាយ Trailer តាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានអ្នកចុចចូលមើលខ្ទង់លាននាក់​ នឹងបានប្រគល់សិទ្ធឲ្យខាងក្រុមហ៊ុនពូព្រហ្ម ជួយចែកចាយនឹងផ្សព្វផ្សាយបន្ត។ លោកថារឿងនេះលោកបានចំណាយទុនផលិតជាង៥ម៉ឺនដុល្លារ ទាំងការសម្រិតសម្រាំងតួសម្ដែងល្បីៗនិងធ្វើដោយផ្ដោតលើគុណភាព គឺលោកបានយកចិត្តទុកដាក់បំផុត ទាំងការផលិតនិងការផ្សព្វផ្សាយ ហើយរាល់ទស្សនិកជនដែលបានចូលរួមទស្សនា សុទ្ធតែបានលើកសរសើរពីគុណភាពសាច់រឿងថាល្អមើល។ ប៉ុន្តែអ្នកចូលរួមទស្សនាបែរជាមានចំនួនតិចតួច ហួសការស្មានដែលនឹងអាចធ្វើឲ្យលោកប្រឈមខាតទុនលើរឿងនេះជាច្រើនម៉ឺនដុល្លារ។

យ៉ាងណាលោកអ៊ិន សុភិន មានក្ដីរំពឹងថា នឹងមានអ្នកចូលរួមទស្សនាច្រើន នៅមុនពេលទម្លាក់ចេញពីរោងដោយហេតុថា រឿងនេះល្អមើលនិងមានគុណភាពល្អមិនចាញ់រឿងមុនៗ។ ទន្ទឹមនឹងនោះ លោកក៏ទទួចកុំឲ្យទស្សនិកជនប្រកាន់ថា ទាល់តែរឿងនេះ តួនេះ ទើបមើល តួនោះមិនមើល គឺគួរតែផ្ដោតលើសាច់រឿងនិងគុណភាពរឿងវិញ៕