Loading...

ពេជ្រ សោភា លេងក្បាច់រាំថ្មី ផ្អើលក្រុមហ៊ុន OPPO

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 1:58 am

តារាចម្រៀងល្បីរបស់ផលិតកម្មរស្មីហង្សមាស នាងពេជ្រ សោភា ដែលជាអគ្គរាជទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ OPPO នោះ បានលេចមុខក្នុងកម្មវិធីសម្ពោធទូរស័ព្ទ២ម៉ូឌែល នៅសណ្ឋាគាសុខាភ្នំពេញ នោះគឺ Oppo F3 និង Oppo F3 Plus ដែលប្រារព្ធកាលពីរាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។

ពេជ្រ សោភាបានបញ្ចេញបទចម្រៀងថ្មី៣បទ គឺបទ ”Step and Step”, ”Xscape” និងបទ ”Super Lady” នៅក្នុងកម្មវិធីសម្ពោធផលិតផលថ្មីរបស់ OPPO នោះ នៅចំពោះអតិថិជននិងអ្នកលក់របស់ OPPO ជាច្រើននាក់ដែលទស្សនាការសម្ដែងរបស់នាង ជាមួយក្បាច់រាំកាន់តែសាហាវទៅៗ ដែលនាំឲ្យអ្នកទស្សនាខ្លះព្រឺព្រួច ប្រហោងពោះជំនួសសោភា ពេលដែលនាងត្រូវក្រុមរាំលើកឡើងលើច្រៀងក្បាលចុះមកក្រោមនោះ។

គ្រាន់តែចុះមកដល់លើឆាកភ្លាម តារាចម្រៀងពេជ្រ សោភា ត្រូវបានអ្នកដែលគាំទ្ររនាងព័ទ្ធឡើងជុំជិត ថតរូប Selfie ជាមួយការប្រើប្រាស់ទូរស័ព្ទ Oppo F3 និង Oppo F3 plus នាំឲ្យអ្នកចម្រៀងរូបនេះញញឹមបឹទមាត់មិនជិតឡើយ។

ពេជ្រ សោភា ដែលធ្លាប់តែផ្សព្វផ្សាយពីបទចម្រៀងថ្មីៗរបស់នាង នៅលើឆាកតន្ដ្រីនោះ ប្រែទៅធ្វើអ្នកឃោសនាឲ្យក្រុមហ៊ុន Oppo វិញម្ដង ដោយនាងបានលើកឡើងថា ”ទូរស័ព្ទទាំង២ម៉ូឌែល នេះជាម៉ូឌែលចុងក្រោយ ដែលវិវឌ្ឍមួយកម្រិតទៅលើការថតរូប Selfie ហើយពួកវានឹងធ្វើឲ្យអ្នកប្រើប្រាស់ទាំងអស់ អស់ក្ដីបារម្ភចំពោះការថតរូប Selfie បានផ្ទៃ Backgroud តូច ឬការថតរូបក្រុមមិនបានជាប់មនុស្សទាំងអស់គ្នាទៀតហើយ។នេះអាចនឹងធ្វើឲ្យក្រុមហ៊ុនទូរស័ព្ទមួយនេះ មានភាពឈានមុខគេក្នុងការបង្កើតថ្មី នៃកាមេរ៉ា Selfie។ អស់រយៈពេល១០ឆ្នាំមកនេះ ក្រុមហ៊ុន Oppo បានបន្ដយកចិត្តទុកដាក់ក្នុងការផលិតនូវទូរស័ព្ទកាមេរ៉ា (Camera Phone) ហើយព្រមទាំងធ្វើការវិវឌ្ឍទៅលើទៅលើបច្ចេកវិទ្យារូបថត។

ក្នុងឆ្នាំ២០១៥ និង២០១៦ ក្រុមហ៊ុនOppo ទទួលបានចំណាត់ថ្នាក់លេខ៤ នៅក្នុងទីផ្សារស្មាតហ្វូនទូទាំងពិភពលោក ពីឆ្នាំជាប់គ្នា ចំណែកឯនៅតំបន់អាស៊ីអាគ្នេយ៍ វិញទីផ្សាររបស់ Oppo បានជាប់ចំណាត់ថ្នាក់លេខ២”។

អ្នកតំណាងឲ្យក្រុមហ៊ុន Oppo បានឲ្យដឹងថា ក្រុមហ៊ុនរីករាយដែលមានតារាចម្រៀងល្បីពេជ្រ សោភា ជាអគ្គរាជទូតសុឆន្ទៈ ហើយម៉ូឌែល F3 និង F3 Plus នឹងចាប់ផ្ដើមកម្មវិធី Pre Order ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែឧសភា ឆ្នាំ២០១៧នេះហើយ។ សម្រាប់កាដូ Pre Order ម៉ូឌែល F3 នឹងទទួលបានកាសមួយ និងថ្មសាក Power Bank 10000mAh មួយ។ ចំពោះកាដូដែល F3 plus វិញ មាន Bluetooth Headphone មួយ និងដង Selfie មួយ។ ចំពោះតម្លៃវិញ គឺ F3 តម្លៃ319ដុល្លារ ហើយ F3 Plus តម្លៃ៤៨៩ដុល្លារ។

ពេជ្រ សោភា មិនបានបញ្ជាក់ប្រាប់ពីតម្លៃខ្លួនដែលនាងចុះកុងត្រាជាមួយក្រុមហ៊ុន Oppo ឡើយ តែនាងថាពិតជារំភើបក្រៃលែងដែលរូបនាង ត្រូវបានក្រុមហ៊ុនលំដាប់ពិភពលោក ជ្រើសយកនាងជា BA នៅពេលនេះ ហើយនាងជឿជាក់ថា ប្រជាជនកម្ពុជានឹងនិយមប្រើប្រាស់ទូរស័ព្ទទាំង២ម៉ូឌែលនេះជាមិនខាន ព្រោះតម្លៃសមរម្យ ហើយកំពូល Selfie តែម្ដង។

ក្រៅពីពេជ្រ សោភា ដែលជាអ្នកតំណាងឲ្យ Oppo នៅប្រទេសកម្ពុជា នោះតារាចម្រៀងល្បីមួយទៀត ក៍កំពុងឃោសនាឲ្យបណ្ដាញក្រុមហ៊ុនទូរស័ព្ទដែរ ដូចជា  ឱក សុគន្ធកញ្ញា ជា BA របស់ Samsung ចំណែកមាស សុខសោភា ជា BA របស់ Huawei ផងដែរ។ គេជឿថា ពេជ្រ សោភា នឹងកាន់តែមានភាពលេចធ្លោថែមទៀតជាមិនខាន នៅពេលដែលផ្ទាំង Banner ជាច្រើនរបស់នាងដែលឃោសនាឲ្យ Oppo នោះនឹងត្រូវគេដាក់តាំងឃោសនានៅទូទាំងប្រទេសកម្ពុជា ហើយច្បាស់ណាស់ថា ពេលនេះ សោភា ត្រូវប៉ាន់ទាំងការកើបលុយពីបទចម្រៀងដែលកំពុងតែមានទីផ្សារល្អ និងត្រូវប៉ាន់ខាងស្ពតពាណិជ្ជកម្មនេះ ដោយក្រៅពីជា BA របស់ Oppo នោះ សោភា មានបណ្ដាក្រុមហ៊ុនធំៗមួយចំនួនទៀត ដែលកំពុងចរចាហៅនាងថតស្ពតថ្មីដែរ៕