Loading...

សង្វេគខ្លាំងណាស់!!! កម្មការិនីទៅសម្រាលកូននៅមន្ទីរពេទ្យជប៉ុន ស្លាប់ទាំងម្តាយទាំងកូន

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 2:05 am

ភ្នំពេញ ៖ ​ស្រ្តីជាកម្មការិនីកាត់ដេរម្នាក់ សម្រាលកូនទី៣ នៅមន្ទីរពេទ្យគាំពារម្តាយនិងទារក (ជប៉ុន) បែរជាគ្រូពេទ្យមិនយកចិត្តទុកដាក់ បណ្តោយឲ្យស្លាប់ទាំងម្តាយទាំងកូន មិនទាន់បានសម្រាលផង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង​៧យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ តាម បណ្តោយផ្លូវ៤៧ នៅក្នុង​មន្ទីរពេទ្យជប៉ុន ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនរងគ្រោះដែលស្លាប់ពេលសម្រាលកូនមានឈ្មោះ ឈៀ សារិន ភេទស្រី អាយុ៣០ឆ្នាំ​ មុខរបរជាកម្មការីនីរោងចក្រ ស្នាក់នៅភូមិក្រាំងម្កាក់ ឃុំត្រពាំងស្វាយ ស្រុកអង្គស្នួល ខេត្តកណ្តាល។ចំណែកឯប្តីមានឈ្មោះ ជូ ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ​មុខរបរជាសហជីព ស្នាក់នៅជាមួយប្រពន្ធ។

បើតាមសំដីរបស់ឱពុកនិងប្តីរបស់ជនរងគ្រោះ បានឲ្យដឹងថា ប្រពន្ធរបស់គាត់មានកូនប្រុស២នាក់រួចមកហើយ ដែលកូនប្រុសបង អាយុ១០ឆ្នាំ និងកូនប្រុសប្អូន អាយុ​៦ឆ្នាំ និងពពោះកំណើតកូនទី៣ បានទៅពិនិត្យឃើញថាជាកូនស្រី ។ នៅ​ថ្ងៃទី២៧ ខែឧសភា ប្រពន្ធរបស់គាត់ឈឺពោះសម្រាលកូន ហើយនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ គាត់​បានដឹកប្រពន្ធរបស់គាត់ទៅ​ពិនិត្យផ្ទៃពោះ ដើម្បីសម្រាលកូននៅមន្ទីរពេទ្យជប៉ុន ព្រោះគាត់មានប័ណ្ណ ស.ស.ប។

បុរសជាប្តីបានឲ្យដឹងថា បន្ទាប់ពីគ្រូពេទ្យពិនិត្យផ្ទៃពោះ នៅថ្ងៃទី២៧ ខែឧសភា ហើយបាន ប្រាប់ថា ជិតដល់ពេលសម្រាលកូនហើយ ឲ្យសម្រាកមន្ទីរពេទ្យដើម្បីតាមដាន ហើយរូបគាត់ និងប្រពន្ធបានសម្រាកនៅក្នុងមន្ទីរពេទ្យបានមួយយប់ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែ ឧសភា ស្រាប់តែប្រពន្ធរបស់គាត់ចាប់ផ្តើមឈឺពោះម្តងទៀត គាត់បានទៅប្រាប់គ្រូពេទ្យ  ​យកទៅពិនិត្យប្រាប់ថា ជិតដល់ពេលសម្រាលកូនហើយ ភ្លាមៗនោះ គាត់បានទូរស័ព្ទប្រាប់ឪពុកថាប្រពន្ធឈឺពោះសម្រាលកូនហើយ ។ ចំណែកប្រពន្ធរបស់គាត់ត្រូវបានគ្រូពេទ្យរុញដាក់លើប្រង់កាយកចូលទៅក្នុងបន្ទប់សម្រាលកូន ដែលនៅក្នុងនោះ បន្ទប់សម្រាលកូន​នោះមានពេទ្យស្រី៤ទៅ៥នាក់ ដែលជាក្មេងៗ សង្ស័យថា ជាពេទ្យស្តា ជាអ្នកចាំបង្កើតកូន​របស់គាត់ ម្យ៉ាងទៀតនៅក្នុងបន្ទប់នោះ មិនមានឧបករណ៍គ្រប់គ្រាន់ទេ ឃើញតែគ្រូពេទ្យ​បន្តិចរត់ទៅយកនេះរត់ទៅយកនោះ និងមានគ្រូពេទ្យ​ពាក់ស្រោមដៃ​លូកបង្កើតកូន​ប៉ះចំស្បូន បង្កឲ្យបែកទឹកភ្លោះហូរឈាមចេញមកដាច់ខ្យល់ស្លាប់ភ្លាមៗ ទាំងម្តាយទាំងកូន​មិនទាន់សម្រាលផង ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឃើញប្រពន្ធរបស់គាត់ស្លាប់ទាំងមិនទាន់បានសម្រាលកូនផងនោះ ក្រុមគ្រូពេទ្យដែលជាអ្នកសម្រាលកូនរបស់គាត់នោះ បាននាំគ្នាគេចខ្លួនអស់ មិនមានគ្រូពេទ្យណាម្នាក់ ចេញមុខមកបកស្រាយប្រាប់ពួកគាត់ដែលជាសាច់ញាតិជនរងគ្រោះទេ ដោយសារតែគាត់ក្រីក្រ គ្មានលុយ គ្មានអំណាច និងតទល់ជាមួយ ទើបមកសម្រាលនៅម្ទីរពេទ្យដែលមានបច្ចេកវិទ្យាទំនើប ហើយគ្រូមពេទ្យមានជំនាញច្បាស់លាស់ ទីបំផុតបែរស្លាប់វេទនាជាងបង្កើតពេទ្យឆ្មបតាមផ្ទះទៅវិញ ។

បុរសជាប្តីនិងសាច់ញាតិស្រ្តីរងគ្រោះ សូមអំពាវនាវដល់ក្រសួងសុខាភិបាល មេត្តាជួយរកយុត្តិធម៌ដល់គ្រួសារពួកគាត់ផង កុំឲ្យអ្នកក្រស្លាប់ដូចខ្មោចសត្វធាតុបែបនេះបន្តទៀត ។

​ក្រោយពេលកើតហេតុសពជនរងគ្រោះ ត្រូវបានសាច់ញាតិបងប្អូន រួមទាំងប្តីយកទៅធ្វើបុណ្យនៅស្រុកកំណើតទៅតាមប្រពៃណី ទាំងហួសចិត្ត ដោយសារតែគាត់ក្រគ្មានលុយឲ្យពេទ្យ ទើបគ្រូពេទ្យមិនបានយកចិត្តទុកដាក់ក្នុងការបង្កើតកូនរបស់គាត់ ទុកឲ្យប្រពន្ធនិងកូន ស្លាប់ទំាងពីរនាក់ទាំងមិនអស់ចិត្ត ៕