Loading...

សុខ ស្រីនាង ត្រៀមថតរឿងភាគបុរាណ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 1:43 am

បន្ទាប់ពីចេញពីសាន់ដេ មកជ្រកនៅរស្មីហង្សមាស ស្ងាត់ៗ ថ្មីៗនេះ សុខ ស្រីនាង បានចេញបទចម្រៀងថ្មីជាលើកដំបូង ប្រជែងទីផ្សារ បទ “ហត់ទេស្រលាញ់គេម្នាក់ឯង?” ដែលកំពុងទាញបានការគាំទ្រនៅតាមបណ្តាញសង្គម Youtube និង Facebook គួរឱ្យកត់សម្គាល់ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះ ថ្មីៗនេះ មានដំណឹងថា ស្រីនាង កំពុងត្រូវបានហង្សមាស លើកស្ទួយបន្ថែមទៀត ដោយគ្រោងឱ្យនាងចូលសម្តែងជាតួអង្គសំខាន់ នៅក្នុងខ្សែភាពយន្តភាគបុរាណមួយ ដែលត្រៀមចេញថតក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនោះ ក៏មានការរំពឹងថា ប្រជាប្រិយភាពរបស់ស្រីនាង នឹងស្ទុះឡើង ក្រោយពេលចូលហង្សមាស។

តាមប្រភពថា ហង្សមាស កំពុងយកចិត្តទុកដាក់លើកស្ទួយស្រីនាង ពេញទំហឹង ពោលគឺក្រៅពីសម្រុកធ្វើបទស្នាដៃថ្មី (Original Song) ឱ្យនាង ទាញសំឡេងគាំទ្រហើយនោះ ថែមទាំងឱ្យនាងគ្រងតំណែងជាតួអង្គសំខាន់មួយរូប នៅក្នុងភាពយន្តភាគបុរាណទៀតផង ដែលនៅក្នុងរឿងនោះ នាងនឹងត្រូវសម្តែងប៉ះ

ជាមួយតារាចម្រៀងនៅទ្រនំរស្មីហង្សមាស មួយចំនួន ដូចជា សុគន្ធ និសា ជាដើម។

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបំភ្លឺពីតារាចម្រៀងរូបស្រស់ សុខ ស្រីនាង និង ខាងក្រុមហ៊ុនរស្មីហង្សមាស បានទេ។

ក្រៅពីអាជីពចម្រៀង កន្លងមក សុខ ស្រីនាង ក៏ធ្លាប់ដណ្តើមបានការគាំទ្រ តាមរយៈការសម្តែងភាពយន្ត រឿង “វិញ្ញាណបិសាចជញ្ជក់ ឈាម” ផងដែរ ដែលនាងសម្តែងប៉ះជាមួយលោកខេមរៈ សិរីមន្ត។

មានការលើកឡើងថា ប្រសិនបើរស្មីហង្សមាស លើកស្ទួយនាងពេញទំហឹងនោះ កេរ្តិ៍ឈ្មោះរបស់ស្រីនាង នឹងមានឱកាសដណ្តើមបានភាពលេចធ្លោជាងនៅទ្រនំ សាន់ដេ ព្រោះក្រៅពីមានរូបសម្រស់ទាក់ទាញហើយនោះ ទឹកដមសំឡេងរបស់នាងនៅតែពីរោះក្រអួនក្រអៅ មិនចាញ់តារាចម្រៀងលំដាប់ជួរមុខមួយចំនួន។

តាមប្រភពថា ខណៈដែលយីអ៊ុនស្ទុះឡើងខ្ពស់ បានចូលច្រៀងនៅទ្រនំធំ រស្មីហង្សមាស រូបសម្រស់របស់អ្នកមេម៉ាយឈ្ងុយដូចដូងដុត សុខ ស្រីនាង ក៏កាន់តែមានមន្តស្នេហ៍ទាក់ទាញផងដែរ ដែលមានបុរសៗសម្បូរទ្រព្យមួយចំនួនកំពុងតាមថ្ពក់ស្នេហ៍ មានទាំងមន្ត្រីធំផ្កាយ២ និងថៅកែរថយន្ត ក៏តាមនាងស្អិតផងដែរ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងព័ត៌មានស្នេហា កន្លងមក សុខ ស្រីនាង តែងតែបដិសេធ និងអះអាងថា មិនទាន់មានដៃគូស្នេហាថ្មី ហើយក៏មិនទាន់គិតដែរ ពោលគឺនាងផ្តោតតែលើការពង្រឹងអាជីពចម្រៀងតែប៉ុណ្ណោះ ខណៈដែលនាងនៅតែមានអារម្មណ៍ខ្លាចរអាសម្ព័ន្ធស្នេហ៍ជាមួយអ្នកសិល្បៈដូចគ្នា ក្រោយពេលបរាជ័យចំណងអាពាហ៍ពិពាហ៍ជាមួយអតីតប្តី ស៊ី សុវត្ថិ៕