Loading...

សាន់ដេ មិនភ្ញាក់ផ្អើលខេមរៈ សិរីមន្ត បើកផលិតកម្មផ្ទាល់ខ្លួន

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 2:05 am

តារាចម្រៀងល្បីល្បាញ ខេមរៈ សិរីមន្ត កាលច្រៀងនៅផលិតកម្ម U2 ឬ CB មានកេរ្តិ៍ឈ្មោះមធ្យម ដោយត្រឹមគេស្គាល់ថា ជាអ្នកចម្រៀងធម្មតាម្នាក់ប៉ុណ្ណោះ តែតាំងពីខេមរៈ សិរីមន្ត បានស្ពាយបង្វេចចូលសាន់ដេ កាលពីឆ្នាំ២០១០នោះមក កេរ្តិ៍ឈ្មោះសិរីមន្ត ឬប៊ុនថៃ បានឈានដល់ចំណុចកំពូលនាំមុខគេ រយៈពេលជិត៧ឆ្នាំមកហើយ ព្រោះបទចម្រៀងរបស់សិរីមន្ត សឹងតែទាំងអស់នៅសាន់ដេ គឺសុទ្ធតែល្បី។ ប៉ុន្តែ ថ្មីៗនេះ មានព័ត៌មានថា ខេមរៈ សិរីមន្ត ចង់ឈប់ច្រៀងឱ្យផលិតកម្មសាន់ដេ ទៀតហើយ នៅពេលខាងមុខឆាប់ៗនេះ ព្រោះអ្នកចម្រៀងរូបនេះកំពុងត្រៀមបើកផលិតកម្មផ្ទាល់ខ្លួន ជាកម្មសិទ្ធិរបស់ត្រកូល “ខេមរៈ” វិញ ដើម្បី ឱ្យកាន់តែល្បីថែមទៀត ព្រោះពេលដែលសិរីមន្ត មានផលិតកម្មផ្ទាល់ខ្លួន គឺតារាចម្រៀងរូបនេះចង់ធ្វើបទអីច្រៀង គឺតាមចិត្តចង់ អីចឹងតារាចម្រៀងផ្សេងៗទៀត ប្រាកដជាពិបាកទប់ទល់ជាមួយសិរីមន្ត ជាមិនខាន។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ លោកខេមរៈ ភារុណ ដែលជាជំនួយការផលិតកម្មសាន់ដេ និងជាបងប្រុសបង្កើតរបស់ សិរីមន្ត បានទទួលស្គាល់ថា ដំណឹងនោះ គឺជាការពិត ហើយពេលនេះ លោកនិងសិរិមន្ត កំពុងតែសិក្សាលើទីផ្សារសិន ចាំសម្រចចិត្តតាមក្រោយ។

លោកភារុណ អះអាងថា “រឿងបើកផលិតកម្មហ្នឹង យើងកំពុងតែសិក្សាទីផ្សារហើយ យើងកំពុងតែគិតឱ្យបានច្បាស់លាស់ជាមុនសិន ចាំសម្រេចតាមក្រោយ។ ខ្ញុំអាចនិយាយបានថា យើងស្ថិតក្នុងគម្រោងនៅឡើយ មិនអាចកំណត់បានថា ពេលណាទើបអាចចេញជារូបរាងបាននោះទេ។ សិរីមន្ត និងសាន់ដេ គ្មានបញ្ហាអីជាមួយគ្នាទេ គឺនៅតែធ្វើការជាមួយគ្នា តែរឿងបើកផលិតកម្មនោះ យើងស្ថិតក្នុងគម្រោងនៅឡើយ គឺយើងសិក្សាឱ្យជាក់លាក់ជាមុនសិន”។

ខេមរៈ ភារុណ

ក្រុមអ្នកជំនាញសិល្បៈបានឱ្យដឹងថា ពេលនេះត្រកូល “ខេមរៈ” ដែលមានទ្រព្យសម្បត្តិច្រើន ហើយសិរីមន្ត មានវីឡាតម្លៃមិនក្រោម១លានដុល្លារ ជិះរថយន្ត Lexus LX570 តម្លៃជិត១០ម៉ឺនដុល្លារ និងមានអង្គរក្ស៤ទៅ៥នាក់ ការពារជាប្រចាំនោះ នឹងមិនមានបញ្ហាចំពោះថវិកាដើម្បីបើកផលិតកម្មនោះឡើយ ហើយមិនយូរទេ ផលិតកម្មដែលជាកម្មសិទ្ធិផ្ទាល់របស់ត្រកូល “ខេមរៈ” នោះ ប្រាកដជានឹងចេញជារូបរាងឡើងជាមិនខាន ប្រសិនបើពួកគេមានចិត្តចង់បង្កើតមែននោះ។

ខេមរៈ សិរីមន្ត នឹងអាចយកទីផ្សារបទចម្រៀងនៅផលិតកម្មរបស់ខ្លួនវាយលុកទីផ្សារអ្នកចម្រៀងដទៃវិញ នៅពេលដែលផលិតកម្មនោះ ស្ថិតក្នុងកណ្តាប់ដៃគេ ដែលអាចចេញបទអីក៏បានតាមចិត្តចង់ ព្រោះរយៈពេល២ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១៦-២០១៧ នេះ សិរីមន្ត បានរងនូវការខកចិត្តជាប់ៗគ្នា ដោយសារតែបទចម្រៀងវ៉ុលចូលឆ្នាំរបស់គេ មិនអាចវាយលុកទីផ្សារចម្រៀងនាំមុខបានឡើយ ព្រោះកាលពីឆ្នាំ២០១៦ អ្នកចម្រៀងងួន ចាន់ដេវីត បានវ៉ាគេតាមរយៈបទ “រាំញីកែងជើង” ចំណែកនៅឆ្នាំ២០១៧ ព្រាប សុវត្ថិ-ឱក សុគន្ធកញ្ញា ត្រូវប៉ាន់បទ “រាំអ៊ីចេះ” ស្របពេលដែលបទ “ឆ្កែរត់បុកប៉ោត” របស់ពេជ្រ សោភា គឺសុទ្ធតែមានសន្ទុះខ្លាំងជាង បទសិរីមន្ត បទ “ស្រុកខ្ញុំគេរាំតែអ៊ីចឹង” ទើបនាំឱ្យសិរីមន្ត ខកចិត្ត។

ក្រុមអ្នកជំនាញសិល្បៈបានលើកឡើងថា ប្រសិនបើសិរីមន្តបើកសម្ពោធផលិតកម្មថ្មីផ្ទាល់ខ្លួន នាពេលឆាប់ៗនេះ អាចជាក្តីកង្វល់ធំមួយរបស់សាន់ដេ ជាមិនខាន ព្រោះតែមិនត្រឹមតែបាត់បង់សំឡេងពីថាសចម្រៀងសាន់ដេ សិរីមន្ត ម្នាក់នោះទេ តែខេមរៈ ស្រីពៅ ដែលជាប្អូនបង្កើតរបស់សិរីមន្ត ដែលបាត់ខ្លួនជាង២ឆ្នាំនោះ នឹងប្រាកដជាបង្ហើរសំនៀងនៅផលិតកម្មថ្មីរបស់បងប្រុសនាងជាមិនខាន ហើយពេលនោះ អ្នកនិពន្ធល្បីលោកខេមរៈ ភារុណ ក៏នឹងឈប់សរសេរបទចម្រៀងឱ្យសាន់ដេ តទៅទៀត ព្រោះកិច្ចការតែមួយគត់ដែលពួកគេត្រូវធ្វើនោះ គឺធ្វើយ៉ាងម៉េចឱ្យផលិតកម្មត្រកូល “ខេមរៈ” ល្បីល្បាញរន្ទឺលើទីផ្សារចម្រៀងឱ្យបានឆាប់បំផុត។

លោកឡាយ សុខចំរើន ថៅកែផលិតកម្មសាន់ដេ បានឱ្យដឹងថា លោកមិនមានការភ្ញាក់ផ្អើលចំពោះការលេចឮថា ខេមរៈ សិរីមន្ត នឹងទៅបើកផលិតកម្មផ្ទាល់ខ្លួន លែងច្រៀងឱ្យសាន់ដេ នាពេលខាងមុខនេះឡើយ ព្រោះលោកគិតថា រឿងខ្លះគ្រាន់តែជាប្រភពមិនច្បាស់លាស់ ដែលគេចេះតែនិយាយតៗគ្នា។

លោកចំរើន ហៅសេង បានបញ្ជាក់ថា “ពេលខ្លះព័ត៌មានដែលគេបង្ហោះនៅលើបណ្តាញសង្គមនោះ មិនមែនជាការពិតឡើយ ព្រោះគ្មានប្រភពច្បាស់លាស់ទេ ហើយពេលនេះ សិរីមន្ត នៅតែជាតារាចម្រៀងរបស់សាន់ដេ ដដែល ហើយខ្ញុំក៏មិនដែលឮគាត់ប្រាប់ថា ចង់បើកផលិតកម្មផ្ទាល់ខ្លួនដែរ។ បទចម្រៀងសិរីមន្ត មានល្បីៗជាច្រើនបទនៅសាន់ដេ អីចឹងខ្ញុំគិតថា យើងនៅតែអាចបន្តធ្វើការជាមួយគ្នាតទៅទៀតបានយូរអង្វែង ព្រោះសិរីមន្ត ជាតារាចម្រៀងម្នាក់ដែលធ្វើការមានការហ្មត់ចត់ ច្បាស់លាស់ណាស់។ ខ្ញុំមិនមានអ្វីភ្ញាក់ផ្អើលចំពោះព័ត៌មានខ្លះលើបណ្តាញសង្គមនោះទេ គឺចាំឱ្យច្បាស់លាស់សិន ព្រោះពេលនេះ សិរីមន្ត នៅតែជាតារាសាន់ដេ ទេ ហើយរយៈពេលដែលគាត់ចូលសាន់ដេ ល្បីល្បាញយ៉ាងម៉េច គឺមហាជនបានឃើញជាក់ស្តែងទៅហើយ”។

គេចាំបានថា កាលពីឆ្នាំមុន អំឡុងពេលដែលខេមរៈ សិរីមន្ត ថត ្វំ វ៉ុលចូលឆ្នាំ នៅភ្នំរាបនោះ ឪពុកសិរីមន្ត ក៏បានបង្ហើបថា ប្រសិនបើសិរីមន្ត ឈប់ច្រៀងឱ្យសាន់ដេ គឺដាច់ខាតមិនទៅច្រៀងឱ្យផលិតកម្មណាទេ គឺបើកផលិតកម្មខ្លួនឯងតែម្តង ហើយគាត់ថា តាំងពី សិរីមន្ត ទៅសាន់ដេ គឺផលិតកម្មនេះល្បីឈ្មោះ។ ប៉ុន្តែទស្សនិកជនយល់ថា ប្រសិនបើសាន់ដេ មិនលើកសិរីមន្ត ដោយចេញបទល្អៗឱ្យជាបន្តបន្ទាប់នោះទេ សិរីមន្ត ក៏ពិបាកល្បីល្បាញដូច ពេលនេះដែរ។ ដូច្នេះទាំងសាន់ដេ និងសិរីមន្ត គឺជួយគ្នាទៅវិញទៅមក។

ប្រភពបានឱ្យដឹងថា ខេមរៈ សិរីមន្ត ចង់ដើរផ្លូវនាងមាស សុខសោភា ដែលមានផលិតកម្ម ផ្ទាល់ខ្លួនច្រៀង ដើម្បីពង្រីកទីផ្សារចម្រៀងរបស់ខ្លួន៕