Loading...

រត់ចោលប្តីពិការ និងកូនស្រី ប៉ះប្រុសថ្មីបោកផ្ងារជើង

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 8:53 am

ពាក្យចាស់ថា “ចោលសាច់ស្រវាឆ្អឹង” ឬ “ចាក់អង្ករយកអង្កាម” ពិតជាមិនខុសទេ ខណៈដែលស្ត្រីម្នាក់នេះ បានរត់ចោលប្តីពិការគ្មានអាល័យ ទៅយកប្តីថ្មីទៀត ប៉ះប្រុសបោកប្រាស់។ បើនាងទ្រាំតស៊ូរស់នៅជាមួយប្តីដើម ប្រហែលជាមិនវេទនាចិត្តពេកទេ តែរឿងចាញ់បោកប្រុសថ្មីនោះ វាឈានដល់ដំណាក់កាលត្រីរ៉ស់ក៏រួចទន្សាយក៏រួច…។

ផ្ទះខ្ទមលោកផាន់ សុគន្ធ រស់នៅជាមួយកូនស្រីសព្វថ្ងៃ

លោកផាន់ សុគន្ធ អាយុ45ឆ្នាំ រស់នៅភូមិត្រពាំងគិន ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា លោកមានឪពុកឈ្មោះផាន់ យុំ (ស្លាប់) ម្តាយឈ្មោះសន ពីវ (មានប្តីក្រោយទៀត)។ លោកពិការជើងពីកំណើត រស់នៅក្រោមបន្ទុកជីដូន ព្រោះម្តាយមានប្តីទៀតនោះ មានកូន5នាក់ទៀត មិនសូវយកចិត្តទុកដាក់នឹងរូបលោកជាកូនមុននោះទេ។ ទោះជាពិកល្យពិការយ៉ាងណា ក៏លោកអាចរកស៊ីចិញ្ចឹមជីវិតបានដែរ និងទ្រាំនៅកំលោះចាស់រហូត ដល់អាយុ35ឆ្នាំ ទើបចាស់ទុំគិតគូររកប្រពន្ធឱ្យ ដោយបានទៅស្តីដណ្តឹងនាងក្រមុំម្នាក់ ឈ្មោះពេជ្រ ប៉េន សព្វថ្ងៃអាយុ37ឆ្នាំ ឱ្យបានជាគូរួមវាសនា។ លោកនិងភរិយានេះ រួមរស់ជាមួយគ្នា បង្កើតបានកូន2នាក់ (ប្រុស1 ស្រី1) ដោយប្រកបមុខរបរធ្វើស្រែ ជួនកាលទៅស៊ីឈ្នួលកាប់អំពៅឱ្យគេ និងធ្លាប់នាំគ្នាទៅស៊ីឈ្នួលចាំចម្ការឱ្យគេជាច្រើនឆ្នាំ ដើម្បីរកកម្រៃទប់ទល់ជីវភាព។ កាលរស់នៅក្នុងចម្ការស្វាយ រយៈពេល2-3ឆ្នាំនោះ លោកនិងប្រពន្ធ ទទួលបានសុភមង្គលណាស់ ព្រោះលុយកាក់ចាយគ្រប់គ្រាន់ ម្ហូបអាហារមិនខ្វះ តែជាអកុសល លោកធ្លាក់ខ្លួនឈឺ ក៏នាំប្រពន្ធនិងកូនទាំង2វិលមកស្រុកវិញ។

ផ្ទះម្តាយក្មេកលោកផាន់ សុគន្ធ (ផ្ទះក្បឿងខ្ពស់) ចាក់សោទុកចោល និងផ្ទះខ្ទមរបស់លោកផាន់ សុគន្ធ

លោកសុគន្ធ បន្តទៀតថា ក្រោយមក ជំងឺក្នុងខ្លួនលោកកាន់តែធ្ងន់ទៅៗ រកស៊ីអ្វីក៏លែងកើត បម្រើតណ្ហាប្រពន្ធក៏មិនបានដិតដល់ ជាហេតុនាំឱ្យនាងបែកចិត្ត។ លុះក្រោយមក ស្រាប់តែប្រពន្ធដាច់ចិត្តឱបបង្វេចរត់ចោលប្តី ដោយយកកូនប្រុសប្អូន ទើបមានអាយុ4ឆ្នាំ ទៅជាមួយ ដោយទុកកូនស្រីច្បងឱ្យលោកចិញ្ចឹម។ លោកយល់ថា នេះជាកម្មពៀររបស់ខ្លួនដែលកើតជាជនពិការ បានជាប្រពន្ធរត់ចោលបែបនេះ ប៉ុន្តែតើកូនស្រីច្បងមានកំហុសអ្វី បានជាម្តាយរត់ចោលដែរ? បន្ទាប់ពីបាត់ប្រពន្ធជាង1ឆ្នាំ ទើបលោកបានទទួលដំណឹងពីឪពុកក្មេក ឈ្មោះពេជ្រ ពឿន ថាប្រពន្ធរបស់លោក (នាងពេជ្រ ប៉េន) បានទៅរស់នៅឯស្រុកសំឡូត ខេត្តបាត់ដំបង ដោយយកប្តីម្នាក់ទៀត បង្កើតបានកូន1 តែប្តីនោះប្រមូលខ្ទេច បោកយកតែខ្លួននាង រួចបោលក្បាលចោលនាងបាត់ទៅហើយ។ ដំណឹងនេះធ្វើឱ្យលោកអាណិតនាងដែរ តែក៏មិនអាចវិលទៅរកភាពផ្អែមល្ហែមវិញ បានដែរ លោកសុខចិត្តរស់ពោះម៉ាយរហូតដល់ស្លាប់ ប្រសើរជាងយកប្រពន្ធផិត។

អ្នកជិតខាងយកអំណោយជូនលោកលោកផាន់ សុគន្ធ

ដោយឡែក នាងពេជ្រ ប៉េន អាយុ37ឆ្នាំ ជាប្រពន្ធបានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា មូលហេតុដែលជំរុញឱ្យនាងរត់ចោលប្តីពិការជើងនេះ ពុំមែនអស់និស្ស័យ ឬបំភ្លេចអនុស្សាវរីយ៍ផ្អែមល្ហែមនោះទេ គឺដោយសារឪពុកបង្កើតរបស់នាង បង្ខំនាងឱ្យចេញទៅរកស៊ីជាមួយគាត់ នៅទឹកដីស្រុកសំឡូត។ ម៉្យាងទៀត ដោយសារប្តីរបស់នាង ធ្លាក់ខ្លួនឈឺបាត់បង់សមត្ថភាពផ្លូវភេទ រហូត70° មិនអាចបម្រើតណ្ហានាងបាន ទើបនាងសម្រេចចិត្តដើរចេញ ដោយយកតែកូនប្រុសប្អូនទៅជាមួយ។ នាងទៅរកស៊ីបានជិត1ឆ្នាំ ក៏មានបុរសម្នាក់ អាយុស្របាលនាងដែរ តែងព្យាយាមលួងលោមសុំស្នេហ៍ពីនាង ទោះជានាងប្រាប់ថា មានប្តីនិងកូន2នាក់ ក៏បុរសនោះមិនលះបង់ការតស៊ូ ដោយគេសន្យាថា ទោះជានាងមានប្តីជាជនពិការ និងកូន2នាក់ ក៏គេនៅតែស្រលាញ់ និងយកធ្វើប្រពន្ធពេញច្បាប់ ធានារកស៊ីចិញ្ចឹមមិនឱ្យនាងព្រួយចិត្តទៀតទេ។ ហេតុតែចាញ់ការលួងលោមរបស់គេ នាងក៏យល់ព្រមប្រគល់ខ្លួនប្រាណឱ្យគេផ្តេកផ្តិតនែបនិត្យ ដោយមិនបានរៀបការអ្វីឡើយ។

កុមារីកម្សត់ដែលម្តាយទុកឲ្យរស់នៅជាមួយឳពុក រួចរត់ទៅមានប្រុសថ្មី

 

នាងពេជ្រ ប៉េន ប្រាប់តាមទូរស័ព្ទទៀតថា មិនយូរប៉ុន្មាន រូបនាងក៏មានផ្ទៃពោះជាមួយប្តីទី2 អត់ខាន់ស្លានោះ ហើយនៅពេលនាងកំពុងពពោះចាញ់កូន មិនអាចបម្រើតណ្ហាគេបាន ស្រាប់តែគេឱបបង្វេចរត់ចោលនាងបាត់ទៅ។ សព្វថ្ងៃនាងប្រសូតបានកូនប្រុសទី3 ជាឈាមប្តីបោកប្រាស់នោះ និងស្តាយក្រោយខ្លាំងណាស់ មិនគួរខ្វះការពិចារណាចោលសាច់ស្រវាឆ្អឹងយ៉ាងនេះ ព្រោះការរួមរស់ជាមួយប្តីទី1 ទោះជាគេពិការជើង ក៏អាចរកស៊ីបាន និងជួយបម្រើតណ្ហានាងបានដែរ បើនាងខំព្យាបាលគេឱ្យជា កុំរត់ចោល ប្រហែលមិនជួបការបោកប្រាស់យ៉ាងនេះទេ តែនាងក៏មិនហ៊ានទៅជួបប្តីដើមនោះដែរ ព្រោះខ្មាសគេណាស់។

លោកហួ ទូច

 

លោកហួ ទូច អាយុ 35ឆ្នាំ និងយុវជនរិន ចាន់នី ជាញាតិ និងជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ស្រីៗសម័យនេះ មិនអាចទុកចិត្តបានទេ ព្រោះគេត្រូវការលុយ បើប្តីពិការរកលុយឱ្យមិនបាន និងមិនផ្តល់សេចក្តីសុខខាងផ្លូវភេទឱ្យគេ ច្បាស់ជាស្រីត្រូវការលុយបោលក្បាលចោលមិនខាន។ ពួកគាត់អាណិតអាសូរបុរសពិការ ដែលត្រូវប្រពន្ធរត់ចោលនេះណាស់ តែងតែជួយផ្គត់ផ្គង់លុយកាក់ឱ្យកូនស្រីរបស់គេបានទៅរៀនសូត្រ មិនមើលនឹងភ្នែកនោះទេ។

យុវជនរិន ចាន់នី

គួរបញ្ជាក់ថា ស្ត្រីជាប្រពន្ធមិនសុទ្ធតែរត់ចោលប្តីពិការទាំងអស់នោះទេ គឺមានស្ត្រីខ្លះស្មោះត្រង់នឹងប្តីណាស់ សុខចិត្តចេញទៅរកស៊ីរកលុយចិញ្ចឹមប្តីដែលអង្គុយតែលើរទេះរុញ នៅតែផ្ទះយោលអង្រឹងកូន។ ទោះយ៉ាងណា បើប្តីពិការមានជំនាញខាងខ្ចៅខ្ចង ជួសជុលវិទ្យុ ម៉ាញ៉េ ទូរស័ព្ទ រថយន្ត ម៉ូតូ រកលុយបាន ទាំងដៃៗនោះគ្មានប្រពន្ធណារត់ចោលទេ តែបើពិការខ្វះមុខជំនាញ រស់ដោយសារប្រពន្ធ អាចធ្វើឱ្យមានបញ្ហាយ៉ាងនេះទៅ៕