Loading...

ទេព បូព្រឹក្ស សុំលាក់សង្សារថ្មី

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 3:21 am

មុននេះបន្តិច តារាចម្រៀងកំពុងឡើងកូដរបស់រស្មីហង្សមាស កញ្ញាទេព បូព្រឹក្ស បានបង្ហើបឱ្យដឹងថា នាងបានបែកស្នេហ៍ពីនិស្សិតម្នាក់ ដែលកំពុងសិក្សានៅក្រៅប្រទេសនោះទៅហើយ បន្ទាប់ពីពិសោធចិត្តគ្នារយៈពេលជាង២ឆ្នាំ ក្រោមហេតុផលថា មិនចុះសម្រុងនឹងគ្នា ខណៈដែលនាងពុំមានពេលគ្រប់គ្រាន់សម្រាប់រឿងស្នេហា។ ប៉ុន្តែខណៈដែលបែកស្នេហ៍និស្សិតនៅក្រៅប្រទេសមិនបានប៉ុន្មានផង ទេព បូព្រឹក្ស បានសាយភាយដំណឹងមានបុរសសម្បូរទ្រព្យជាច្រើនតាមថ្ពក់ស្នេហ៍ រួមទាំងមន្ត្រីធំផ្កាយ២ និងផ្កាយ៤ផង ហើយអ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះ ស្របពេលដែលល្បីមានអ្នកធំតាមស្រលាញ់ ស្រាប់តែបូព្រឹក្ស បានបង្ហាញភាពហ៊ឺហាគួរឱ្យកត់សម្គាល់ ដែលក្រោយពេលទិញរថយន្តម៉ាក Tundra នាងបានទិញវីឡា នៅក្នុងបុរីប៉េងហួត ម្តុំបឹងស្នោ ដែលនាំឱ្យមានការសង្ស័យថា នាងទទួលបានការជ្រោមជ្រែងពីអ្នកពិសេស។

ក្នុងជំនួបផ្ទាល់ បូព្រឹក្ស បានទទួលស្គាល់ថា នាងពិតជាបានទិញរថយន្តនិងវីឡាមែន ដែលសរុបជាទឹកប្រាក់ជាង១៦ម៉ឺនដុល្លារ ប៉ុន្តែរបស់ទ្រព្យទាំងនោះ ពុំមានបុរសណាជួយជ្រោមជ្រែងនាងទេ។ ពោលគឺជាកម្លាំងញើសឈាមរបស់នាង ដែលបានសន្សំពី អាជីពចម្រៀង។

បូព្រឹក្ស បញ្ជាក់ថា “ឡាន វីឡា ខ្ញុំទិញផ្តាច់ អត់មានបង់រំលស់អីទេ ហើយក៏គ្មានបុរសណាឧបត្ថម្ភខ្ញុំដែរ គឺខ្ញុំសន្សំពីអាជីពចម្រៀង។ ជាក់ស្តែងមួយរយៈចុងក្រោយនេះ ខ្ញុំទទួលបានឱកាសចេញច្រៀងតាមបណ្តាកម្មវិធីប្រគំតន្ត្រីធំៗជាច្រើន ហើយក្នុង១កម្មវិធី ខ្ញុំទទួលបានចាប់ពី១៧០០ដុល្លារឡើងទៅ។ ក្នុង១ខែ យ៉ាងហោចណាស់ ក៏ខ្ញុំសល់ខ្ទង់៥០០០ដុល្លារដែរ ដូច្នេះអត់មាននរណាជួយខ្ញុំឱ្យទិញឡាន វីឡាទេ”។

តារាចម្រៀងពូកែខាងក្បាច់រាំរូបនេះ បានបង្ហើបឱ្យដឹងដែរថា អំឡុងពេលនេះ នាងកំពុងពិសោធស្នេហ៍ថ្មី ជាមួយបុរសនៅក្នុងស្រុកម្នាក់ តែនាងសុំលាក់អត្តសញ្ញាណសង្សារថ្មីសិន ខណៈដែលមិនទាន់ច្បាស់លាស់។

បូព្រឹក្ស បន្ថែមថា “អំឡុងពេលនេះ បើខ្ញុំប្រាប់គេថាអត់មានអ្នកស្រលាញ់ ក៏គេមិនជឿដែរ ពោលគឺ ខ្ញុំកំពុងមើលចិត្តបុរសម្នាក់ តែខ្ញុំសុំលាក់សិន ហើយពេលណាទំនាក់ទំនងខ្ញុំជាមួយបុរសម្នាក់នោះច្បាស់លាស់ ខ្ញុំនឹងបើកចំហ”។

យ៉ាងណាក៏ដោយ បូព្រឹក្ស អះអាងថា ម្ចាស់ស្នេហ៍ថ្មីរបស់នាងគ្មានចំណែកជួយជ្រោមជ្រែងឱ្យនាងទិញវីឡា និងឡាននោះទេ គឺជាញើសឈាមរបស់នាងយ៉ាងពិតប្រាកដ ហើយនាងក៏គ្មានគម្រោងសម្ពោធវីឡារបស់នាងដែរ។

ការបង្ហើបមានម្ចាស់ស្នេហ៍ថ្មីទេព បូព្រឹក្ស ច្បាស់ជាធ្វើឱ្យបុរសទ្រព្យស្តុកជាច្រើន ខកចិត្តស្តាយស្នេហ៍ ព្រោះកន្លងមក មានទាំងកូនមន្ត្រីធំ អ្នកជំនួញ មន្ត្រីធំផ្កាយ២ ផ្កាយ៤ តាមបោះនុយធំថ្ពក់ស្នេហ៍ តែមិនបានសម្រេច ហើយពេលនេះ បែរជាប្រកាសមានម្ចាស់ស្នេហ៍ថ្មី។

យ៉ាងណា បូព្រឹក្ស អះអាងថា អំឡុងពេលនេះ នាងកំពុងផ្តោត លើអាជីពចម្រៀងជាងជីវិតស្នេហា ហើយក៏មិនទាន់អាចកំណត់ថា ពេលណានាងនឹងចូលរោងការកសាងជីវិតគ្រួសារដែរ ខណៈដែលនាងត្រូវការពេលវេលាពិសោធស្នេហ៍ថ្មីបន្ថែមទៀត មុននឹងទម្លាយរឿង ស្នេហ៍ជាចំហ…៕

ទេព បូព្រឹក្ស និងលោកគួច ខេវិន