Loading...

គួរឲ្យអាណិតណាស់!!! គ្រាន់តែកើតបានកូនស្រីសោះ ប្តីខឹងរត់ចោលបាត់

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 8:26 am

ជារឿងគួរឱ្យហួសចិត្ត ខណៈដែលបុរសម្នាក់នេះ ស្រលាញ់តែកូនប្រុស លុះដឹងថា ប្រពន្ធឆ្លងទន្លេបានកូនស្រី ក៏ចុះចោលគ្មានមេត្តា។ មនុស្សប្រភេទនេះ រកមិនសូវបានទេ ព្រោះឪពុកតែងស្រលាញ់កូនស្មើៗគ្នា ទោះជាប្រុសឬស្រីក៏ដោយចុះ តែបើប្រកាន់បែបនេះ អាចដើរជាន់គន្លងស្តេចក្របីទូភី ឱ្យតែមេក្របីណាកើតបាន កូនឈ្មោល ក៏វ័ធសម្លាប់ចោលទាំងអស់ ដោយទុកតែកូនញីធ្វើប្រពន្ធ ឬដូចសេដ្ឋី ដែលយកកូនស្រី១២នាក់ ទៅបំបរបង់…។

នាងពៅ ជូរី ពេលផ្តល់សម្ភាសន៍

នាងពៅ ជូរី អាយុ៣៤ឆ្នាំ រស់នៅភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទើបនឹងសម្រាលកូនបានកូនស្រី បានរៀបរាប់ទាំងក្តុកក្តួលថា រូបនាងជាកូនទី៩ ក្នុងចំណោមបងប្អូន១២នាក់ ឪពុកឈ្មោះរស់ ពៅ អាយុ៧៨ឆ្នាំ ម្តាយបង្កើតស្លាប់ ប៉ុន្តែ ឪពុកយកប្រពន្ធក្រោយឈ្មោះញឹម រី អាយុ៤៨ឆ្នាំ។ នាងរៀនសូត្របានតិចតួចស្តួចស្តើងណាស់ ដោយសារជីវភាពត្រដាបត្រដួសពេក លុះចូលវ័យក្រមុំ នាងបានចេញពីស្រុកទៅធ្វើជាបុគ្គលិកកាស៊ីណូ នៅប៉ោយប៉ែត។ កាលនោះ នាងទើបមានអាយុ១៩ឆ្នាំប៉ុណ្ណោះ ក៏មានទំនាក់ទំនងស្នេហាជាមួយកំលោះម្នាក់ ឈ្មោះឡេង ហ៊ាង អាយុស្របាលគ្នា ស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងបម្រើការងារក្នុងកាស៊ីណូដូចគ្នា។ ពួកនាងក៏បានសែនព្រេនយកគ្នាជាប្តីប្រពន្ធទៅ និងរួមរស់បានជាង១ឆ្នាំ បង្កើតបានកូនស្រី១ ក៏ជួបភាពរកាំរកូសលែងលះគ្នាទៅ។ នាងទំនេរខ្លួនបានមួយរយៈ ក៏សម្រេចចិត្តយកប្តីទី២ ឈ្មោះឈួយ ឆ័យ អាយុស្របាលគ្នា ជាជនជាតិភាគតិចកួយ មកពីខេត្តព្រះវិហារ ដោយគ្រាន់តែសែនព្រេនឱ្យ១ព្រឹកប៉ុណ្ណោះ។ ប្តីទី២នេះ ជាមនុស្សស្លូតបូតសុភាពរាបសា ស្រលាញ់នាងណាស់ បានរួមរស់ជាមួយគ្នា បង្កើតបានកូន៤នាក់ទៀត (ស្លាប់១) ដោយប្រកបមុខរបរធ្វើស្រែចម្ការ ប៉ុន្តែជាអកុសល ប្តីកួយនោះមានជំងឺធ្ងន់ព្យាបាលមិនជា ក៏ទទួលមរណភាពចោលនាងទៅ។

នាងពៅ ជូរី កំពុងបំបៅដោះកូនស្រី ដែលប្តីរត់ចោល

នាងពៅ ជូរី បន្តទៀតថា អស់ពីប្តីទី២ទៅ នាងទទួលស្គាល់ថា ពិបាកទ្រាំរស់ណាស់ ក្នុងស្ថានភាពជាស្រីមេម៉ាយបែបនោះ។ នាងធ្លាប់មានប្តីជាបង្អែកជួយរ៉ាប់រងការងារគ្រប់បែបយ៉ាង ដូច្នេះចាំបាច់ត្រូវតែរកប្តីទៀត មកកំដរឆាកជីវិតដ៏អភ័ព្វរបស់នាង។ ក្រោយមក នាងក៏ចាប់ផ្តើមប្រើទូរស័ព្ទផ្សងស្នេហ៍ម្តង លុះមិនយូរប៉ុន្មាន ក៏ទាក់បានកំលោះម្នាក់ឈ្មោះសាន់ ហេង អាយុ២៨ឆ្នាំ គេមានស្រុកកំណើតនៅខេត្តបាត់ដំបង។ ប្តីនេះមានមុខរបរបើកឡានដឹកដីឱ្យក្រុមហ៊ុនមួយ បន្ទាប់ពីត្រូវរ៉ូវគ្នាតាមទូរស័ព្ទមក បានមករួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខ។ នៅពេលនាងមានផ្ទៃពោះ ប្តីកាន់តែស្រលាញ់ថ្នាក់ថ្នមនាង ដោយគេទន្ទេញមិនដាច់ពីមាត់ថា ចង់បានកូនប្រុសណាស់។ គេបានទាំងប្រាប់នាងថា កូនប្រុសមានក្រឡាលោតបានឆ្ងាយ ចំណែកកូនស្រីលោតមិនឆ្ងាយទេ ឬបង្វិលចង្ក្រានមិនជុំ។

កូនទាំងអស់របស់នាងពៅ ជូរី

 

នាងពៅ ជូរី បន្តទាំងតូចចិត្តថា ពេលកំពុងពពោះនោះ នាងបានទៅមន្ទីរពេទ្យពិនិត្យពោះដែរ តែគ្រូពេទ្យប្រចាំការកាន់អេកូ ប្រាប់ថា ឆ្លុះមើលឃើញមិនច្បាស់ទេ ពុំដឹងជាកូនស្រីឬប្រុស ព្រោះនាងធ្វើការធ្ងន់ពេក ទើបកូនប្រែប្រួលខុសពីធម្មតា។ នាងទៅពិនិត្យពោះ២ដងឯណោះ តាំងពី៥ខែរហូត៧ខែ ក៏គ្រូពេទ្យប្រាប់ថា មិនដឹងជាកូនប្រុសឬស្រី ឬមួយគ្រូពេទ្យនោះខ្វះឯកទេស ក៏មិនដឹង ព្រោះនាងមិនហ៊ានដេញដោល។ លុះគ្រប់ខែឆ្លងទន្លេ ប្តីរង់ចាំថែរក្សារហូត លុះដឹងថា កើតបានកូនស្រី ស្រាប់តែប្តីធ្វើមុខក្រញូវ មិននិយាយស្តីអ្វីឡើយ។ លុះគ្រប់១សប្តាហ៍ នាងមិនទាន់ចុះពីគ្រែសម្រាលបានស្រួលបួលផង ស្រាប់តែប្តីប្រាប់ថា គេសុំទៅបើកលុយពីថៅកែ ក៏ទៅបាត់រហូតជាច្រើនខែមកហើយ មិនឃើញវិលត្រឡប់។ មានអ្នកជិតខាងខ្លះប្រាប់នាងថា ប្តីទី៣នោះ តូចចិត្តមិនបានកូនប្រុស ទើបគេចុះចោលនាង និងកូនគ្មានអាល័យយ៉ាងនេះ ទុកឱ្យនាងរស់វេទនា គ្មានលុយទិញថ្នាំលេប ឬថ្នាំចាក់អ្វីឡើយ។ ទោះយ៉ាងណា ក៏នាងទន្ទឹងរង់ចាំប្តីជានិច្ច ដោយជឿជាក់ថា រូបនាងនៅក្មេង អាចបង្កើតកូនបានទៀត ហើយកូនក្រោយអាចនឹងមានភេទប្រុស ឱ្យតែប្តីនៅស្រលាញ់ ហើយនាងក៏សូមផ្តាំឱ្យគេវិលវិញកុំខាន អ្វីៗមិនទាន់ហួសពេលទេ។

ផ្ទះរបស់នាងពៅ ជូរី

 

អ្នកស្រីញឹម រី អាយុ៤៨ឆ្នាំ ជាម្តាយចុង និងលោកណឹម ចន្ថា អាយុ៥២ឆ្នាំ ជាញាតិខាងស្រី បានឱ្យដឹងស្របគ្នាថា ពួកគាត់អាណិតអាសូរនាងជូរី ខ្លាំងណាស់ ដែលមានប្តី៣នាក់ទៅហើយ មិនគង់ប្តីណាមួយសោះ នេះមកពីកម្មពៀររបស់នាងក៏មិនដឹង។ ឥឡូវប្តីទី៣នោះ រត់ចោល ខណៈដែលនាងនៅសរសៃខ្ចី គ្រាន់តែអន់ចិត្តមិនបានកូនប្រុសប៉ុណ្ណោះ គួរឱ្យហួសចិត្តណាស់។ ទោះយ៉ាងណា ក៏ពួកគាត់ជួយមើលថែនាងដែរ ទម្រាំនាងអាចធ្វើការរកស៊ីបានវិញ និងសូមផ្តែផ្តាំឱ្យឈ្មោះសាន់ ហេង ជាប្តីទី៣នោះ វិលមកវិញកុំខាន។

អ្នកស្រីញឹម រី

រីឯអ្នកស្រុកមួយចំនួនបានឱ្យដឹងស្របគ្នាថា បុរសសាន់ ហេង ចំជាឆោតមែន បើយកកូនប្រុសមិនទាន់បាន ចេះតែខំទៀតទៅគង់តែបានទេ ព្រោះប្រពន្ធមេម៉ាយនេះ ទើបមានអាយុ៣៤ឆ្នាំ អាចនៅបង្កើតកូនបានច្រើនទៀត។ ទោះបីបុរសនេះចង់បានកូនតែ១ និងស្រលាញ់តែកូនប្រុស បើយើងបង្កើតបានកូនស្រីទៅហើយ ត្រូវតែស្រលាញ់និងផ្តល់ព្រហ្មវិហារធម៌ទៅលើកូនឱ្យស្មើៗគ្នា ទើបសមជាឪពុក។ បើអាងបោលចោលយ៉ាងនេះ មិនសមជាមនុស្សទេ ព្រោះសូម្បីសត្វក៏ស្រលាញ់កូនវាដែរ ដូចមេឆ្កែ ទោះជាកូនញី ឬឈ្មោលក៏វាស្រលាញ់ ឯឆ្កែឈ្មោលជាបា ក៏មិនខាំកូនតូចៗរបស់វាដែរ។

លោកណឹម ចន្ថា

គួរបញ្ជាក់ថា នៅក្នុងរឿង “ប្ញទ្ធិសែននាងកង្រី” បានតំណាលពីសេដ្ឋី បង្កើតបានកូនស្រី១២នាក់ ខឹងស៊ីចាយទ្រព្យសម្បត្តិអស់ ក៏យកកូនទៅបំបរបង់ចោលក្នុងព្រៃ។ ក្រោយមក នាងពីរដណ្តប់បានក្លាយជាមហេសីស្តេច ប្រឈមនឹងកម្មពៀរ ត្រូវនាងសន្ធមារយក្ខិនីបង្គាប់ឱ្យខ្វេះគ្រាប់ភ្នែក៘ ដូច្នេះ ទោះជាកូនស្រីក៏មានសំណាងដែរ មិនចាំតែកូនប្រុសនោះទេ ដែលឪពុកត្រូវស្រលាញ់ឱ្យស្មើកូនប្រុស មិនគួរតាំងចិត្តដូចបុរសខាងលើនេះទេ៕